អនុស្សាវរីយ៍ស្ថិតស្ថេជានិរន្ត

(VOVWORLD) -នាពេលថ្មីៗនេះ នៅទីស្នាក់ការមជ្ឈឹមសមាគមមិត្តភាពវៀតណាម ក្នុងទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីជួបសំណេះសំណាលរវាងគណៈប្រតិភូកម្មាភិបាលសារមន្ទីរ Kaysone Phomvihan ជាមួយជនដែលធ្លាប់ធ្វើសកម្មភាព និងបម្រើថ្នាក់ដឹកនាំឡាវ។
អនុស្សាវរីយ៍ស្ថិតស្ថេជានិរន្ត - ảnh 1 ទិដ្ឋភាពនៃពិធីជួបសំណេះសំណាលរវាងគណៈប្រតិភូកម្មាភិបាលសារមន្ទីរ Kaysone Phomvihan ជាមួយជនដែលធ្លាប់ធ្វើសកម្មភាព និងបម្រើថ្នាក់ដឹកនាំឡាវ (រូបថត៖ VOV 5)

ពិធីជួបសំណេះសំណាលនេះបានផ្ដោតសំខាន់លើការប្រមូលព័ត៌មានអំពីដំណើរការធ្វើសកម្មភាពបដិវត្តន៍របល់លោកប្រធាន Kaysone Phomvihan និងលោកប្រធាន Souphanuvong នៅវៀតណាម ចាប់ពីឆ្នាំ ១៩៥០ មក។ តាមរយៈនេះ ជួយកសាង និងបំពេញឯកសារប្រវត្តិសាស្ត្រ ដើម្បីរួមចំណែកពង្រីក និងកសាងសារមន្ទីរ Kaysone Phomvihan ក៏ដូចជាសារមន្ទីរផ្សេងៗជាច្រើនទៀតរបស់ប្រទេសឡាវផងដែរ។

នៅក្នុងជំនួបនេះ មានវត្តមានរបស់អតីតកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញវៀតណាមនៅឡាវ រួមជាមួយកម្មាភិបាលចំនួន ៩ នាក់ទៀត ដែលកំពុងធ្វើការនៅគណៈកម្មាធិការទទួលបន្ទុកសារមន្ទីរ Kaysone Phomvihan ។ លោក Thongvanh Thongdy ប្រធានគណប្រតិភូកម្មាភិបាលសារមន្ទីរ Kaysone Phomvihan បានសំណេះសំណាលថា៖

“យើងខ្ញុំជាជួរកម្មាភិបាលវ័យក្មេង ហើយ នៅតែខ្វះព័ត៌មានជាច្រើន ដើម្បីបំពេញតម្រូវ ការនៃការងារ។ យើងខ្ញុំពិតជាមានកិត្តយស និងសប្បាយរីករាយខ្លាំងណាស់ ដោយបានជួបជាមួយអ៊ំៗ ហើយមានបំណងចង់ទទួលបានព័ត៌មានអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំបដិវត្តន៍ឡាវ ជាពិសេសគឺលោកប្រធាន Kaysone Phomvihan និងលោកប្រធាន Souphanuvong”។

នឹករលឹកអំពីអនុស្សាវរីយ៍គួរឲ្យចាប់អារម្មណ៍ជាមួយលោកប្រធាន Souphanuvong នោះ ឧត្តមសេនីយ៍ត្រី Huynh Dac Huong ប្រធានក្រុមអ្នកជំនាញយោធាវៀតណាមជួយប្រទេសឡាវបានសំណេះសំណាលថា លោកពិតជាមានលាភសំណាងណាស់ ដោយបានជួបជាមួយលោកប្រធាន Souphanuvong តាំងពីរឆ្នាំ១៩៤០ នៅទីក្រុង Nha Trang។ លោកបានសំណេះសំណាលថា៖

“សមមិត្ត Souphanuvong ជាមនុស្សដ៏អស្ចារ្យមួយរូបរបស់ប្រជាជនឡាវ។ ចំពោះអ្នកជំនាញ និងអ្នកស្ម័គ្រចិត្តដូចយើងខ្ញុំ គឺជានិច្ចកាលមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ ទោះបីជាដឹងថាជួបប្រទះនឹងការលំបាកក៏ដោយ ប៉ុន្តែសមមិត្ត Souphanuvong នៅតែស្ម័គ្រចិត្តធ្វើបដិវត្តន៍។ យើងខ្ញុំពិតជាគោរពចំពោះកាយវិការនេះណាស់ ពីព្រោះយើងខ្ញុំគិតថា យើងខ្ញុំធ្វើបដិវត្តន៍គឺផ្ដើមចេញពីភាពក្រីក្រ និងទាសករ ប៉ុន្តែសមមិត្ត Souphanuvong ជា រាជវង្សានុវង្ស។ សមមិត្ត Souphanuvong គឺជាអ្នកបានចាក់គ្រឹះទំនាក់ទំនងជាមួយវៀតណាម ហើយជាមនុស្សដំបូងបង្អស់ដែលនាំមកនូវជីវភាពរស់នៅថ្មីសម្រាប់ប្រជាជនឡាវ”។

ចំណែកឯលោក Ha Minh Tan មានអាយុ ៩០ ឆ្នាំ ជាកម្មភិបាលមួយរូប ដែលត្រូវបានបញ្ជូនទៅជួយប្រទេសឡាវនាឆ្នាំ ១៩៥៤ កំពុងសញ្ចឹងនឹករលឹកអនុស្សាវរីយ៍នៅពេលធ្វើជាទីប្រឹក្សាយោធាជូនលោក ប្រធាន Kaysone Phomvihan បានសំណេះសំណាលថា៖

“សមមិត្ត Kaysone Phomvihan បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ ជាច្រើន។ ខ្ញុំចាត់ទុកលោកជាមគ្គុទេសក៏ដ៏ឆ្នើមមួយរូប ហើយខ្ញុំបាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា មេរៀនមួយចំនួន និងទិសដៅថ្មីរបស់បដិវត្តន៍ឡាវ។ លោក Kaysone Phomvihan បានសរសើរស្នាដៃនេះរបស់ខ្ញុំ ហើយជូនសៀវភៅ ឲ្យខ្ញុំវិញ ដោយចារថា “ជូនសមមិត្ត Ha Minh Tan ទុកជាអនុស្សាវរីយ៍”។ នេះគឺជាអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ”។

ដោយត្រូវបានជ្រាបអំពីរឿងរ៉ាវ និងអនុស្សាវរីយ៍ពីសំណាក់សាក្សីរស់ទាំងនេះ លោកស្រី Sutta Khathamuonbun អនុប្រធានការិយាល័យឃោសនា និង អធិប្បាយ នៃសារមន្ទីរ Kaysone Phomvihan បានសំណេះសំណាលថា៖

“យើងខ្ញុំសប្បាយរីយរាយខ្លាំងណាស់ដែរ ដោយបានជួបសំណេះសំណាលជាមួយអ្នកបដិវត្តន៍ជើងចាស់វៀតណាម ដែលធ្លាប់បានធ្វើការជាមួយថ្នាក់ដឹកនាំឡាវ។ យើងខ្ញុំក៏មានមោទនភាពណាស់ នៅពេលបានស្ដាប់ព័ត៌មាន និងសកម្មភាពបដិវត្តន៍របស់ថ្នាក់ដឹកនាំឡាវនៅវៀតណាម ក៏ដូចជានៅឡាវផងដែរ”។

ក្នុងឱកាសនេះដែរ តំណាងភាគីឡាវបានប្រគល់អំណោយជូនសមមិត្តវៀតណាម ដើម្បីកត់ត្រាចារចំណាំនូវការបូជារបស់អ្នកជំនាញយោធាវៀតណាមក្នុងបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យជាតិ ឯកភាពប្រទេសជាតិរបស់ប្រជាជនឡាវ ក៏ដូចជា
រួមចំណែកពូនជ្រំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិវៀតណាម និងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ