ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -  មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ១៨៣ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤០ នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ១២ របស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាវត្ក Huong ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីវៀតណាម 

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយ មិត្តអ្នកស្តាប់ឈ្មោះ វីទូម៉េងកំពុងសិក្សានៅមហាវិទ្យាល័យស្ថាបត្យកម្មហាណូយ បានផ្ញើសំបុត្រដោយសំដែងនូវការយកចិត្តទុកដាក់ចំពោះនាទីបទយកការណ៍ថ្ងៃសៅរិ៍នៃវិទ្យុសម្លេងវៀតណាម។ ក្នុងសំបុត្រ មិត្ត វីទូម៉េង បានឲ្យដឹងថា៖  « ដោយសារនិយាយភាសាខុសៗគ្នា ហេតុដូច្នេះហើយ មុនពេលទៅសិក្សារៀនសូត្រនៅវៀតណាម ខ្ញុំបានខិតខំប្រឹងប្រែងស្វែងរកឲ្យបានគេហទំព័រអេឡិចត្រូនិចវៀតណាម ដែលប្រើភាសាខ្មែរ ដើម្បីអាចស្វែងយល់អំពីវប្បធម៌ មនុស្ស និងទំនៀមទំលាប់របស់ប្រជាជនវៀតណាម។ ពិតជាសំណាងណាស់ តាមរយៈបណ្តាញអ៊ីនធើណែត ខ្ញុំស្វែងរកបានកាសែតអេឡិចត្រូនិចជាភាសាកម្ពុជានៃវិទ្យុសម្លេងវៀតណាម។ ក្រោយរយៈពេលតាមដានជាទៀងទាត់ ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនាទីបទយក  ការណ៍ថ្ងៃសៅរិ៍ ទោះបីជាបទយកការណ៍ថ្ងៃសៅរិ៍មានតែអត្ថបទមួយក្នុងមួយ    សប្តាហ៍ក្តី ក៏ប៉ុន្តែខ្លឹមសារនៃនាទីនេះបានសរឲ្យឃើញច្បាស់អំពីវិស័យជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ក៏ដូចជា វិស័យវប្បធម៌-សង្គម គោលដៅទេសចរណ៍ ភូមិរបរប្រពៃណី ម្ហូបអាហារពិសេសប្រចាំតំបន់ ព្រមទាំងបណ្តារឿងរ៉ាវគួរឲ្យរំជួលចិត្តអំពីចំណងមិត្តភាពយ៉ាងស្អិតរមួតរវាងវៀតណាមនិងកម្ពុជានៅគ្រប់សម័យកាលផងដែរ»។ មិត្ត វីទូម៉េង ជាទីមេត្រី! ជំនួសមុខអ្នកធ្វើការក្នុងកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់មិត្ត ហើយសង្ឃឹមថាមិត្តនឹងជាអ្នកគាំទ្រយ៉ាងស្មោះត្រង់របស់យើងខ្ញុំនាពេលអនាគត ដោយចាត់ទុកថានេះគឺជាកម្លាំងចលករសំរាប់យើងខ្ញុំបន្តសរសេរអត្ថបទដ៏មានគុណភាពជាច្រើនថែមទៀតជូនដល់មិត្តអ្នកស្តាប់ទាំងអស់នៅក្នុងនិងក្រៅប្រទេស។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 គ្រួសារមួយដែលកំពុងធ្វើនំអន្សមនៅភូមិ Bo Dau នៅខេត្ត Thai Nguyen

ពីខេត្តតាកែវប្រទេសកម្ពុជា មិត្តអ្នកស្តាប់ឈ្មោះ កែវ ចរណៃ មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីភូមរបរធ្វើនំអន្សម “Bo Dau” នៅខេត្ត Thai Nguyen។ មិត្តអ្នកស្ដាប់ជាទីមេត្រី! «នំអន្សមស្ងោរជាមួយ «អណ្តូងទឹកពិសិដ្ឋ» ដ៏ឈ្ងុយឆ្ងាញ់បំផុត (ឬហៅថាជាទឹកយកមកពីប្រភពទឹកភ្នំនៅភូមិ Bo Dau ) ដែលមានលក្ខណៈពិសេស មានតែ មួយគ្មានពីរនៅភូមិធ្វើនំអន្សម “Bo Dau” ឃុំ Co Lung ស្រុក Phu Luong ទីក្រុង Thai Nguyen។ ភូមិធ្វើនំអន្សម “Bo Dau” មានប្រវត្តិសាស្ត្រអស់រយៈពេលជាង ៥០ ឆ្នាំ ហើយត្រូវបានទទួលស្គាល់ជាពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះផងដែរ។ ខុសប្លែកជាមួយនឹងកន្លែងធ្វើនំអន្សមផ្សេងៗ ប្រជាជនភូមិនំអន្សម “Bo Dau” ដោយប្រើដៃទទេ ១០០% ដើម្បីវេចអន្សម។ អង្ករដំណើបប្រើសំរាប់វេចនំ សុទ្ធសឹងតែទិញពីតំបន់ព្រៃភ្នំ Dinh Hoa ហើយសណ្តែកបាយធ្វើស្នូលនំ ត្រូវទាមទារឲ្យមានសំបកស្តើង មានពណ៌លឿងស្រស់ ទន់ស្អិតនិងមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ ស្នូលនំត្រូវបានធ្វើពីសាច់ជ្រូក ៣ ជាន់ស្រស់ឆ្ងាញ់ ហើយត្រូវប្រឡាក់ជាមួយម្រេចពិសេស និងវេចខ្ចប់ដោយស្លឹក Dong ដ៏ខៀវស្រងាត់ ដែលនាំមកពីតំបន់ព្រៃភ្នំ  Na Ri ស្រុក Don ខេត្ត Bac Kan។ បន្ទាប់ពីវេចខ្ចប់រួចរាល់ជាស្រេចហើយ នំអន្សមត្រូវបានត្រាំក្នុងទឹកក្នុងរយៈពេល ៣០ នាទី ហើយដាក់ចូលក្នុងឆ្នាំងខ្នាតធំ ដើម្បីស្ងោររហូតដល់ពេលនំបានឆ្អិនផងដែរ។ ជាពិតណាស់ថា  នំអន្សម “Bo Dau” បានបង្កើតឡើងរសជាតិដ៏ឆ្ងាញ់ពិសេស និងពោរពេញទៅដោយភាពបរិសុទ្ធ ក៏ដូចជា ភាពផ្អែមល្ហែមក្នុងពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3 សេវាកម្ម Homestay “ផ្ទះលើដើមឈើ” នៅវៀតណាម

ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ឈ្មោះ ឃីម រតនា បានសំដែងនូវបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីសេវាកម្ម Homestay “ផ្ទះលើដើមឈើ” នៅវៀតណាម។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! សេវាកម្ម “ផ្ទះលើដើមឈើ” ប្រហែលជានៅតែមានភាពចម្លែកសំរាប់មនុស្សច្រើននាក់ ប៉ុន្តែនាពេលបច្ចុប្បន្ន នេះគឺជាទម្រង់សាកល្បងបទពិសោធន៍គួរឲ្យចាប់អារម្មណ៍មែនទែនសំរាប់មិត្តវ័យក្មេង ដែលមានបំណង់ចង់រស់នៅក្នុងភាពសុខដុមជាមួយធម្មជាតិ។ «ផ្ទះលើដើមឈើ» មិនត្រឹមតែបានរចនាឡើងដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនយើងបរិយាកាសដ៏ស្រឡះត្រជាក់ពីធម្មជាតិទៀតផង។ តំបន់ផ្ទះលើដើមឈើ Dao Anh Khanh ស្ថិតនៅស្រុក Gia Lam  ជាយទីក្រុងហាណូយ  ដែលជាតំបន់ចម្រុះ រួមមាន ដើមឈើគ្រប់ប្រភេទខុសៗគ្នា ព្រមទាំងមានលំហរខ្យល់អាកាសដ៏សុខសាន្តត្រាណ និងជិតស្និទ្ធជាមួយធម្មជាតិផងដែរ។ តំបន់នេះត្រូវបានបង្កើតឡើងចាប់តាំងពី ឆ្នាំ១៩៩៥ មកម៉្លេះ លើទីលានមានផ្ទៃដីចំនួន ២៥០០ ម៉ែត្រ ហើយដើម្បីតភ្ជាប់ផ្ទះដើមឈើនិមួយៗទាំងនោះ          ស្ថាបត្យករបានប្រើប្រាស់ប្រព័ន្ធស្ពានយោង  Sky Bridge ដោយមានកម្ពស់ ៣ ម៉ែត្រ ផុតពីដី។ ម្យ៉ាងវិញទៀត ផ្ទះដើមឈើនិមួយៗក្នុងចំណោម ១០ ខ្នង នៅទីនេះ សុទ្ធសឹងតែបានរចនាឡើងដោយឡែកពីគ្នា ដែលនាំមកនូវជម្រើសគួរឲ្យចាប់អារម្មណ៍ជាច្រើនសំរាប់ភ្ញៀវទេសចរផងដែរ។ ក្រៅពីការរចនាយ៉ាងផ្ចិតផ្ចង់នេះ «ផ្ទះដើមឈើ» នៅទីនេះមិនត្រឹមតែត្រូវបានដាក់សង្ហារឹមដ៏ស្រស់ស្អាត ដើម្បីនាំមកនូវផាសុភាពនិងភាពងាយស្រួលសំរាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាលំហរអាកាសមួយដ៏វិសេសវិសាលពិតប្រាកដចំពោះរាល់ដំណើរកំសាន្តចុងសប្តាហ៍របស់មនុស្សគ្រប់រូបដែលស្រឡាញ់ទេសចរណ៍ទៀតផង។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ