ស្តារឡើងវិញមុខរបរត្បាញចរបាប់របស់ជនជាតិ Van Kieu - Pa Co

(VOVWORLD) - របរតម្បាញចរបាប់បានផ្សាភ្ជាប់នឹងជីវ ភាពរស់នៅរបស់ប្រជាជន ជនជាតិ Van Kieu-Pa Co នៅស្រុកព្រៃភ្នំ Dakrong ខេត្ត Quang Tri ជាច្រើនជំនាន់មកហើយ។ មានពេលខ្លះ មុខរបរនេះសឹងតែសាបសូន្យទៅហើយ ដោយសារការពេញនិយមនូវម៉ូដសម្លៀកបំពាក់ទាន់សម័យ។ 
ស្តារឡើងវិញមុខរបរត្បាញចរបាប់របស់ជនជាតិ Van Kieu - Pa Co - ảnh 1សម្លៀកបំពាក់ចរបាប់ត្រូវបានប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Van Kieu- Pa Co (រូបថតៈ VOV)

ថ្វីត្បិតតែដូច្នេះក៏ដោយ ប៉ុន្តែ បច្ចុប្បន្ននេះ មុខរបរតម្បាញចរបាប់ប្រពៃណីកំពុងត្រូវបានស្ដារឡើងវិញជាបណ្តើរៗ។ ពោលគឺ សំលៀកបំពាក់ធ្វើពីចរបាប់ប្រពៃណីមានលក្ខណៈពិសេសដោយឡែក ដែលមិនត្រឹមតែមានវត្តមានក្នុងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងមានវត្តមានតាមកន្លែងធ្វើការឬនៅពេលមានពិធីបុណ្យទាននៃតំបន់នីមួយៗទៀតផង។

ឃុំ A Bung ជាកន្លែងដែលមានរបរតម្បាញក្រណាត់ចរបាប់រីកលូតលាស់បំផុតនៅស្រុក Dakrong ខេត្ត Quang Tri។ តំបន់នេះបានបង្កើតក្រុមផលិតកម្មចំនួន ៤ ជាមួយនឹងកម្មករ ចំនួន ២៥ នាក់ ដែលមានឯកទេសក្នុងការត្បាញក្រណាត់ចរបាប់របស់ជនជាតិ Pa Co។ ដើម្បីត្បាញឡើងនូវក្រណាត់ស្រស់ស្អាត គឺត្រូវការចំណាយពេលតម្បាញពី ៣ ទៅ ៥ ថ្ងៃ នឹងពី ២ ដល់ ៣ ថ្ងៃទៀត សម្រាប់កាត់ដេរ ទើបសម្រេចបាននូវសំលៀកបំពាក់ជាទីគាប់ចិត្ត។ លោកស្រី Doan Thi Nga នៅឃុំ A Bung ស្រុក Dakrong បានអោយដឹងថា: សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Van Kieu – Pa Co  បង្ហាញពីភាពស្អាតស្អំ ទោះបីជាមានលក្ខណៈសាមញ្ញក្តី ប៉ុន្តែក៏ពោរពេញទៅដោយអត្ថន័យនៃជីវិត។ របរតម្បាញក្រណាត់ចរបាប់ប្រពៃណីបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារ បំពេញតាមចំណង់ចំណូលចិត្ត និងរក្សាបាននូវកេរមរតក៌សម្រាប់ជំនាន់ក្រោយៗ។

ស្តារឡើងវិញមុខរបរត្បាញចរបាប់របស់ជនជាតិ Van Kieu - Pa Co - ảnh 2 ផលិតផលចរបាប់

យោងតាមលោកស្រី Doan Thi Nga របរត្បាញក្រណាត់ចរបាប់មិនត្រឹមតែជាការត្បាញឡើងនូវក្រណាត់ដ៏ស្រស់ស្អាតដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវព្រលឹងនៃជន ជាតិ Pa Co ជាច្រើនជំនាន់ទៀតផង។ លោកស្រី Doan Thi Nga បានសំណេះសំណាលថា៖ “នេះគឺជារបរប្រពៃណីរបស់ជនជាតិដើម ដែលបានមរតក៌មកពីជីដូនជីតា។  ខ្ញុំចង់ស្តាររបរនេះឡើងវិញ ពីព្រោះថា ខ្ញុំខ្លាចបាត់បង់ប្រពៃណីរបស់ជនជាតិខ្លួន ហើយជាពិសេស នេះគឺជាអាជីពផងនិងជាចំណង់ចំណូលចិត្តរបស់ខ្ញុំផង”។

សូមជម្រាបថា  បច្ចុប្បន្ននេះ ស្រុក Dakrong មានឃុំចំនួនពីរ ដែលប្រកបមុខរបរត្បាញសំលៀកបំពាក់ប្រពៃណី របស់ជនជាតិ Van Kieu។  នាឆ្នាំមុន ពោលគឺឆ្នាំ ២០១៨ កម្មាភិបាលទាំងអស់នៃឃុំ A Bung ស្រុក Dakrong បានកាត់សម្លៀកបំពាក់ ឯកសណ្ឋាន សម្រាប់ពាក់នៅថ្ងៃច័ន្ទដែលជាថ្ងៃដំបូងនៃសប្ដាហ៍ ក្នុងម៉ោងធ្វើការ។ ប្រការនេះ បានរួមចំណែកដល់ការបង្កើតទីផ្សារសម្រាប់ផលិតផល និងជំរុញឧស្សាហកម្មវាយនភ័ណ្ឌប្រពៃណីអោយមានការអភិវឌ្ឍ។ លោក Ho Van Hien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ A Bung ស្រុក Dakrong បានអោយដឹងថា សំលៀកបំពាក់បែបប្រពៃណីមិនត្រឹមតែបានបង្ហាញឡើងនៅក្នុងពិធីបុណ្យនានារបស់អ្នកភូមិ  ដូចជាពិធីបុណ្យ A Rieu Ping; ពិធីអំណរបាយថ្មី និងពិធីអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ។ បច្ចុប្បន្ននេះផលិតផលវាយនភ័ណ្ឌចរបាប់ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងជីវភាពប្រចាំថ្ងៃរបស់សហគមន៍ទៀតផង។ លោក Ho Van Hien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ A Bung ស្រុក Dakrong បានអោយដឹងថា៖ “ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការធ្វើស្រែចំការមក នៅពេលទំនេរ ស្ត្រីក្នុងភូមិតែងតែនាំគ្នាត្បាញដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ ឃុំបានលើកទឹកចិត្តដល់កម្មាភិបាល ប្រជាជន សិស្សានុសិស្ស និងគ្រូបង្រៀនអោយកាត់ដេរនិងស្លៀកសម្លៀកបំពាក់ចរបាប់ប្រពៃណីនៅក្នុងពិធីបុណ្យទាននិងជារៀងរាល់ថ្ងៃចន្ទនៅការិយាល័យរដ្ឋបាលតែម្តង”។

ស្តារឡើងវិញមុខរបរត្បាញចរបាប់របស់ជនជាតិ Van Kieu - Pa Co - ảnh 3ត្រូវបានចំណាយពេលជាច្រើនដើម្បីត្បាញឡើងក្រណាត់ចរបាប់

លោកស្រី Ho Thi Kim Cuc អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dakrong ខេត្ត Quang Tri បានអោយដឹងថា: ការជួយឧបត្ថម្ភរបស់អង្គភាពនិងអង្គការនានាជួយបង្កលក្ខណៈងាយស្រួលសម្រាប់ស្តារឡើងវិញ សិប្បកម្មប្រពៃណីក្នុងតំបន់ក្នុងនោះមានតម្បាញក្រណាត់ចរបាប់ផងដែរ។ លោកស្រី Ho Thi Kim Cuc បានសំណេះសំណាលថា៖ “នាប៉ុន្មានឆ្នាំមុន មុខរបរត្បាញក្រណាត់ចរបាប់ ហាក់ដូចជាត្រូវគេបំភ្លេចទៅហើយ។ ប៉ុន្តែ ដើម្បីបន្តអនុវត្តការអភិរក្សវប្បធ៌មដែលពោរពេញទៅដោយអត្តសញ្ញាណជាតិនេះ  ស្រុក Dakrong បានអំពាវនាវអោយអង្គការនានាគាំទ្រនិងធ្វើអាជីវកម្មពីអត្ថប្រយោជន៍និងសក្តានុពលទាំងនេះ ដើម្បីអោយអ្នកភូមិគេបន្តអភិវឌ្ឍន៍មុខរបរត្បាញក្រណាត់ចរបាប់ផងដែរ”។

យោងទៅតាមលោកស្រី Ho Thi Kim Cuc ការស្តារឡើងវិញនូវមុខរបរត្បាញចរបាប់បាននាំមកនូវប្រាក់ចំណូលសម្រាប់ប្រជាជន Pa Co-Van Kieu។ យ៉ាងណាមិញ តំបន់កំពុងខិតខំប្រឹងប្រែង រក្សានិងទុកជាមរតក៌ទៅជំនាន់ក្រោយៗ ដើម្បីអោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិនេះមិនសាបសូន្យបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ