ព័ត៌មានលម្អិតអំពីការផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា

(VOVWORLD) -  ប៉ូលិសស្រីលង្កា នាថ្ងៃទី២១ខែមេសា បានឲ្យដឹងថា មុខសញ្ញា ១៣ នាក់ ត្រូវបានចាប់ខ្លួន ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកមុននេះ  ដែលបណ្តាលឲ្យមនុស្ស ២២៨ នាក់ត្រូវសម្លាប់ និង ៤៥០នាក់ទៀតរងរបួស។ ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានមកដល់កន្លែងកើតហេតុ។ លោក Ranil Wickremesinghe បានឲ្យដឹងថា មុខសញ្ញាដែលត្រូវបានចាប់ខ្លួន គឺសុទ្ធតែជាពលរដ្ឋស្រីលង្កា ហើយយុទ្ធនាការដេញចាប់ខ្លួននៅតែកំពុងដំណើរការ ដើម្បីរកឱ្យឃើញជនសង្ស័យដទៃទៀត។ គណៈកម្មាធិការពិសេសមួយ ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតរឿងហេតុនេះ។

ព័ត៌មានលម្អិតអំពីការផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា - ảnh 1 បុគ្គលិកពេទ្យកំពុងផ្ទេរសាកសពរបស់ជនរងគ្រោះដោយការបំផ្ទូះគ្រាប់បែកនៅក្រុង Batticaloa នៃប្រទេសស្រីលង្កា នាថ្ងៃទី ២១ខែមេសា ឆ្នាំ 2019 ( រូបថត AFP /TTXVN)

នាព្រឹកថ្ងៃទី ២១ ខែមេសា ការផ្ទុះគ្រាប់បែកចំនួន ៦ បានកើតមានឡើងស្ទើរតែបន្តបន្ទាប់គ្នានៅឯព្រះវិហារចំនួន ៣ និងសណ្ឋាគារប្រណីតចំនួន ៣ នៅក្នុងទីក្រុង Colombo;  ទីរួមស្រុក Batticalao និង Negombo។ នៅរសៀលថ្ងៃដដែលនោះ ការផ្ទុះគ្រាប់បែកពីរផ្សេងទៀត បានកើតមានឡើងនៅជាយក្រុងរដ្ឋធានី Dehiwela និង Dematagoda។ ប៉ូលិសបានកំណត់ថា  មានការបំផ្ទុះគ្រាប់បែកអត្តឃាតពីរក្នុងចំណោមការបំផ្ទុះគ្រាប់បែកទាំង ៨ ករណីពោលខាងលើ។ ក្នុងចំណោមជនរងគ្រោះដែលត្រូវស្លាប់ នៅក្នុងការផ្ទុះនៅប្រទេសស្រីលង្កា មានជនបរទេសជាង ៣០ នាក់ ដែលក្នុងនោះមានជនជាតិអង់គ្លេស ជនជាតិអាមេរិក ហូឡង់និងជនជាតិឥណ្ឌា។ នេះគឺជាអំពើហិង្សាយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសស្រីលង្កា ចាប់តាំងពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសបានបញ្ចប់កាលពី ១ ទស្សនវត្តន៍មុននេះ។ មកទល់នឹងពេលនេះ រដ្ឋាភិបាលស្រីលង្កាបានប្រកាសបម្រាមគោចរមួយនៅរដ្ឋធានី Colombo  ព្រមទាំងហ៊ុំព័ត្របណ្តាញសង្គមនិងកម្មវិធីផ្ញើសារដូចជា Facebook និង WhatsApp ដើម្បីជៀសវាងនូវព័ត៌មានមិនត្រឹមត្រូវ។

នាថ្ងៃទី ២១ ខែមេសា ថ្នាក់ដឹកនាំជាច្រើនលើទូទាំងពិភពលោក បានថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់ពោលខាងលើ។ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean Claude Juncker បានសម្តែងនូវក្តីទុក្ខព្រួយចំពោះព័ត៌មានថា មានការវាយប្រហារជាបន្តបន្ទាប់មួយនៅប្រទេសស្រីលង្កា។ លោក Jean Claude Juncker បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយឧបត្ថម្ភដល់ប្រទេសស្រីលង្កា។

នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានចេញសេចក្តីប្រកាសមួយដោយសង្កត់ធ្ងន់ទៅលើអំពើហឹង្សាយ៉ាងកក្រីកដែលតម្រង់ទៅលើព្រះវិហារនិងសណ្ឋា គាររបស់ប្រទេសស្រីលង្កា។ លោកស្រីបានសម្តែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយជនរងគ្រោះដោយសោកនាដកម្មនេះ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោសចំពោះការវាយប្រហារដ៏សាហាវព្រៃផ្សៃបំផុត នៅក្នុងប្រទេសស្រីលង្កា។ ក្នុងសារទូរលេខចូលរួមរំលែកទុក្ខដែលបានផ្ញើទៅសមភាគីស្រីលង្កា លោកប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា រុស្ស៊ីគឺជាដៃគូ គួរឱ្យទុកចិត្តរបស់ស្រីលង្កា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយប្រជាជនរុស្ស៊ីសូមចូលរួមចែករំលែកនូវការបាត់បង់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ និងជូនពរឲ្យអ្នកទាំងអស់ឆាប់ជាសះស្បើយ។

ប្រទេសអាល្លឺម៉ង់ អូទ្រីស នូវែលសេឡង់ បារ៉ែន កាតា និងអារ៉ាប់អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ម៉ាឡេស៊ី សិង្ហបុរី ... បន្តថ្កោលទោសចំពោះរាល់ការវាយប្រហារនិងសម្តែងការសោកស្តាយចំពោះប្រទេសស្រីលង្កា។

ក៏នៅថ្ងៃទី ២១ ខែមេសា នេះ អគ្គលេខាធិការនៃអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) លោក Jurgen Stock បានថ្កោលទោសការវាយប្រហារបង្ហូរឈាមនៅ ស្រីលង្កានិងបានបញ្ជាក់ថា អង្គការនេះត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអាជ្ញាធរស្រីលង្កាស៊ើបអង្កេតលើរឿងហេតុទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ