វៀតណាមនិងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព

(VOVWORLD) -  នាយប់ថ្ងៃទី២០ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីលាងសោយភោជជូនចំពោះប្រធានាធិបតីសាធារណរដ្ឋអាហ្សង់ទីន លោក Mauricio Macri និងលោកជំទាវ។

វៀតណាមនិងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trọng និងប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានជូនពរនូវសមិទ្ធិដែលអាហ្សង់ទីនទទួលបាននាពេលកន្លងទៅ ដែលបានក្លាយទៅជាប្រទេសមានខឿនសេដ្ឋកិច្ចធំទី៣នៅអាមេរិកឡាទីន ដោយមានតួនាទីសំខាន់ក្នុងតំបន់និងលើពិភពលោក។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម ការដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៥ខែតុលា ឆ្នាំ១៩៧៣ រួមជាមួយសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ក៏ជាគ្រឹះស្ថាន សម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាហ្សង់ទីនប្រកបដោយ ចីរភាព។

លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “លទ្ធផលនៃកំណាត់ផ្លូវរយៈពេលជាង ៤៥ ឆ្នាំកន្លងមកនេះ បាននាំមកនូវអត្ថន័យជាច្រើនដល់ប្រជា ជននៃប្រទេសយើងទាំងពីរ។ យើងបានបង្កើតនិងអភិវឌ្ឍភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនិងរក្សានូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅបណ្ដាអង្គការអន្តរជាតិនិងវេទិកាពហុភាគីនានា។ ទំហុំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ រហូតទទួលបាន ២,៩  ពាន់លានដុល្លារ នៅឆ្នាំ ២០១៨ ពោលគឺកើនឡើងជាង ២ ដង បើប្រៀប ធៀបទៅនឹងឆ្នាំ ២០១៣”។

អញ្ជើញឆ្លើយតបវិញ ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បានអះ អាងថា វៀតណាមជាដៃគូពាណិជ្ជកម្មធំទី២របស់អាហ្សង់ទីននៅក្នុងតំបន់អាស៊ី ហើយកម្រិតផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៨ ទទួលបាន៣ពាន់លានដុល្លារអាមេរិក គឺត្រឹមតែជាជំហានដំបូងតែប៉ុណ្ណោះ។ លោកសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ