កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ ពង្រឹង និងពង្រីក​ជំនឿ​ទុកចិត្តរវាងវៀតណាម និងសហរដ្ឋអាមេរិក

(VOVWORLD) -វៀតណាមនិងសហរដ្ឋអាមេរិកធ្លាប់ឆ្លងកាត់សង្គ្រាម ជាមួយនឹងផលវិបាកដ៏ធ្ងន់ធ្ងរ។ មនុស្សរាប់លាននាក់ត្រូវបាត់បប់ជីវិត ហើយយុវជនវៀតណាមជាច្រើនជំនាន់ត្រូវទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរ។
កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ ពង្រឹង និងពង្រីក​ជំនឿ​ទុកចិត្តរវាងវៀតណាម និងសហរដ្ឋអាមេរិក - ảnh 1វៀតណាមនិងសហរដ្ឋអាមេរិកជំនះពុះពារលើផលវិបាកដោយសង្គ្រាម (រូបថត៖ vnanet.vn)

សិក្ខាសាលាស្តីពី “ការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ កំណាត់ផ្លូវផ្សះផ្សានិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាមនិងសហរដ្ឋអាមេរិក” នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ខែមិនានៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ អស់រយៈពេលជិត ៤៤ ឆ្នាំមកហើយ ចាប់តាំងពីរពេលបញ្ចប់សង្គ្រាម និង ២៥ ឆ្នាំ ប្រក្រតីភាពទំនាក់ទំនងមក វៀតណាម និងសហរដ្ឋអាមេរិកទទួលបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅវៀតណាម។ ព្រឹត្តិការណ៍នេះ បានអះអាងសារជាថ្មីនូវការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ សំដៅកសាងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងសហរដ្ឋអាមេរិក។

វៀតណាមនិងសហរដ្ឋអាមេរិកធ្លាប់ឆ្លងកាត់សង្គ្រាម ជាមួយនឹងផលវិបាកដ៏ធ្ងន់ធ្ងរ។ មនុស្សរាប់លាននាក់ត្រូវបាត់បប់ជីវិត ហើយយុវជនវៀតណាមជាច្រើនជំនាន់ត្រូវទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ចាប់តាំងពីពេលប្រទេសទាំងពីរ ប្រក្រតីភាពទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ននេះ ការងារជំនះពុះពារលើផលវិបាកដោយសង្គ្រាម ដូចជាការស្វែងរកទាហានដែលបាត់ខ្លួន បោសសម្អាតគ្រាប់បែកមីន និងជាតិគីមីពុល dioxin ត្រូវបានចាត់ទុកជាអាទិភាពចម្បងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

ចំណុចភ្លឺស្វាងសម្រាប់ទំនាក់ទំនងមិត្តភាព

ចាប់តាំងពីពេលបញ្ចប់សង្គ្រាមវៀតណាមមកភាគីវៀតណាមបានប្រគល់ អដ្ឋិធាតិទាហានអាមេរិកជាង ៧០០ ដែលបាត់ខ្លួនជូនសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការអតីតយុទ្ធជននានាបានរួមសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីផ្តល់ព័ត៌មានអំពីកងទ័ពវៀតណាមដែល
បាត់ខ្លួន។ នេះគឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែង មិនចេះនឿយហត់ សំដៅផ្សះផ្សា និងជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិងរួមចំណែកកសាងជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ នេះគឺជាចំណុចភ្លឺស្វាង និងជាការចាប់ផ្តើមដ៏ល្អមួយក្នុងដំណើរការប្រែក្លាយ "អតីតសត្រូវ" ទៅជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដូចបច្ចប្បន្ននេះ។

នាពេលថ្មីៗនេះ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានប្រគល់ឌីសឌីវីឌីជាខ្សែភាពយន្តឯកសារដែលដំណាលអំពីដំណើរការស្វែងរកអដ្ឋិធាតុទាហានអាមេរិកមួយរូប ដែលបាត់ខ្លួននៅវៀតណាមជូនលោកស្រី  Ann Griffths ប្រធានសហព័ន្ធជាតិទទួលបន្ទុកក្រុមគ្រួសាររបស់ឈ្លើយសឹក និងអ្នកបាត់ខ្លួនអាមេរិក។ ទាហានដែលបាត់ខ្លួនខាងលើគឺជាបងប្រុសរបស់លោកស្រី Ann Griffths។ លោកស្រី Ann Griffths បានឲ្យដឹងថាលោកស្រីពិតជាមានអារម្មណ៍រំភើបចិត្ត និងសប្បាយរីយរាយណាស់នៅពេលរកឃើញអដ្ឋិធាតុរបស់បងប្រុសបង្កើត ក្រោយរយៈពេល ២៤ ឆ្នាំស្វះស្វែងមក។

“ថ្វីបើមានក្តីសង្ឃឹមតិចតួចក៏ដោយក៏គ្រួសារនិងឪពុកម្ដាយខ្ញុំមិនដែលគិតថារឿងនេះអាចកើតឡើងបាននោះឡើយ។ ខ្ញុំមានអារម្មណ៍សុភមង្គលណាស់ នៅពេលបានដឹងព័ត៌មាននេះ។ អារម្មណ៍នេះពិតជាអស្ចារ្យណាស់ជាពិសេសនៅពេលនាងខ្ញុំដឹងថាអ្វីដែលបានកើតឡើងចំពោះបងប្រុសរបស់នាងខ្ញុំ។ ខ្ញុំគិតថានេះជាអារម្មណ៍របស់គ្រួសារអាមេរិកដែលបានបាត់ខ្លូនសាច់ញាតិ។ នេះគឺជាសក្ខីភាពចំពោះពិភពលោកថាពីអតីតសត្រូវទាំងពីរនោះ សហរដ្ឋអាមេរិកនិងវៀតណាមអាចសហប្រតិបត្តិការជាមួយគ្នាហើយនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ”។

អារម្មណ៍រំជួលចិត្តរបស់លោកស្រី Ann Griffths ក៏ជាអារម្មណ៍ទូទៅរបស់ប្រជាជនសហរដ្ឋអាមេរិកជាច្រើនគ្រួសារ ដែលរកឃើញសាច់ញាតិ តាមរយៈកិច្ចសហប្រតិបត្តិការ និងគោលនយោបាយមនុស្សធម៌របស់វៀតណាម។ ដើម្បីទទួលបានលទ្ធផលទាំងនេះ ភាគីទាំងពីរបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមានជំនឿជាក់យ៉ាងខ្លាំងក្លាអំពីអនាគតដ៏ភ្លឺស្វាងនៃប្រទេសជាតិ និងប្រជាជាតិនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក  Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារជាតិវៀតណាមបានធ្លាប់ចែករំលែកថា៖

“ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់យើងជាមួយសហរដ្ឋអាមេរិកអំពីការស្វែងរកពលរដ្ឋអាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាម។ យើងអាចមានមោទនភាពអំពីកិច្ចសហប្រតិបត្តិការនេះ។ យើងបានបំពេញការងារ ដើម្បីទឹកចិត្តមនុស្សធម៌ ក៏ដូចជាកសាងជំនឿទុកចិត្ត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកផងដែរ”។

ចារឹកទំព័រប្រវត្តិសាស្ត្រអនាគតវៀតណាមនិងសហរដ្ឋអាមេរិក

នាបច្ចុប្បន្ននេះ ការងារជំនះពុះពារលើផលវិបាកនៃសង្គ្រាមគឺជាខ្លឹមសារសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិង
សហរដ្ឋអាមេរិក។ នាពេលកន្លងទៅ ភាគីទាំងពីរបានអនុវត្តន៍ការងារ សម្អាតជាតិពុលនៅព្រលានយន្តហោះ  Bien Hoa  និង Dong Nai។ ទាំងភាគីវៀតណាម និងសហរដ្ឋអាមេរិកសុទ្ធតែបានឯកភាពគ្នាហើយចាត់ទុកថានេះគឺជាខ្លឹមសារសហប្រតិបត្តិការ ដែលនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ រួមជាមួយអាទិភាពផ្សេងទៀតដូចជា៖ ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសន្តិសុខ បញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតិ។

សិក្ខាសាលាស្តីពី "ការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ កំណាត់ផ្លូវផ្សះផ្សានិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាមនិងសហរដ្ឋអាមេរិក នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ខែមិនានៅរដ្ឋធានីវ៉ាស៊ីនតោន នៃ សហរដ្ឋអាមេរិក គឺជាការបោះជំហានជាបន្ត សំដៅកសាងជំនឿទុកចិត្ត និងទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក ដែលកំពុងរីកចម្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ