កម្រិតនៃផលប៉ះពាល់ដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបណ្ដាលឡើង

(VOVWORLD) - នាសប្ដាហ៍កន្លងទៅ អាមេរិកនិងចិនបានបំផ្ទុះជាផ្លូវការសង្គ្រាមពាណិជ្ជកម្ម ហើយមានលទ្ធភាពជាច្រើនដែលនឹងអូសបន្លាយដ៏យូរអង្វែងព្រោះថា មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះសុទ្ធតែបង្ហាញនូវការប្ដេជា្ញចិត្តប្រយុទ្ធគ្នា រហូតដល់ទីបញ្ចប់។ សង្គ្រាមនេះត្រូវបានចាត់ទុកថា នឹងនាំទៅផលវិបាកគ្រោះ ថ្នាក់ជាច្រើន មិនត្រឹមតែចំពោះខឿនសេដ្ឋកិច្ចទាំងពីរនេះប៉ុណ្ណោះទេ ថែមទាំង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើពាណិជ្ជកម្មអន្តរជាតិទៀតផង។
កម្រិតនៃផលប៉ះពាល់ដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបណ្ដាលឡើង - ảnh 1 សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើពាណិជ្ជកម្មសកល

  សកម្មភាពតបតគ្នាទៅវិញទៅមក

        នាថ្ងៃទី៦ កក្កដា សង្គ្រាមពាណិជ្ជកម្មធំបំផុតក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចសកលបានផ្ទុះឡើង នាពេលដែលវ៉ាស៊ីនតោនដំឡើងកម្រិតពន្ធឡើងដល់២៥%ទៅលើកញ្ចប់ទំនិញនាំចូលពីប៉េកាំងក្នុងតំលៃ៣៤ពាន់លានដុល្លាអាមេរិក។ ជាភ្លាមមួយរំពេច ចិនក៏ដាក់ឲ្យអនុវត្តន៍វិធានការតបតវិញតម្រង់ទៅលើអាមេរិកដែរ។ ប្រការគួរឲ្យកត់សម្គាល់គឺ មុខទំនិញដែលត្រូវដំឡើងពន្ធទាំងអស់នេះសុទ្ធតែជាផលិតផលមុខព្រួញនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនេះ។

        លើសពីនេះទៅទៀត ក្នុងរយៈពេល២សប្ដាហ៍ខាងមុខ អាមេរិកនឹងបន្តដំឡើងពន្ធបំពេញបន្ថែមទៅលើកញ្ចប់ទំនិញរបស់ចិនក្នុងតំលៃ១៦ពាន់លានដុល្លាអាមេរិក។ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ព្រមានថា វ៉ាស៊ីនតោនអាចដំឡើងពន្ធបន្ថែម១០%ទៀតទៅលើទំនិញរបស់ចិនក្នុងតំលៃពី២០០ដល់៣០០ពាន់លានដុល្លាអាមេរិក បង្កើនតំលៃកញ្ចប់ទំនិញចិនដែលត្រូវដំឡើងពន្ធដោយអាមេរិកឡើងដល់ទៅ៥៥០ពាន់លានដុល្លាអាមេរិក។ ក្រសួងពាណិជ្ជកម្មអាមេរិកបានរិះគន់ទង្វើនេះរបស់អាមេរិកគឺជាការគាបសង្កត់ខាងពាណិជ្ជកម្ម ព្រមទាំងប្រកាសថា បានដាក់ពាក្យបណ្ដឹងតវ៉ាអាមេរិកជូនឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

        ការដែលប្រធានាធិបតីលោក Donald Trump សម្រេចដំឡើងពន្ធទៅលើទំនិញនាំចូលពីចិននោះ មិនមែនជាបម្រែបម្រួលគួរឲ្យភ្ញាក់ផ្អើលទេ។ ចាប់តាំងពីពេលដំណើរការយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោក Trump បានបញ្ជាក់ថាការដំឡើងពន្ធនេះគឺចាំបាច់សំដៅការពារទ្រព្យសម្បត្តិតខាងបញ្ញានិងបច្ចេកវិទ្យារបស់អាមេរិក ហើយកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងអាមេរិកជាមួយចិនផងដែរ។

        ប៉ុន្តែ មូលហេតុស្នូលហាក់ដូចជាមិនមែនដូច្នេះទេ។ តាមមជ្ឈដ្ឋានអ្នកវិភាគឲ្យដឹងថា ទង្វើតបតគ្នាទៅវិញទៅមកខាងពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងនូវការប្រកួតប្រជែងកាន់តែតានតឹងឡើងៗរវាងប្រទេសទាំងពីរនេះក្នុងវិស័យសេដ្ឋកិច្ច យោធា សំដៅដណ្ដើមបានឥទ្ធិពលលើទូទាំងពិភពលោក។

        ល្បែងមួយដែលគ្មានអ្នកណាដណ្ដើមបានជ័យជំនះ

        មជ្ឈដ្ឋានអ្នកជំនាញការចាត់ទុកថា សង្គ្រាមពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតពិភពលោកទាំងពីរនេះអាចអូសបន្លាយដ៏យូរអង្វែង ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចប្រទេសទាំងពីរក៏ដូចជាពាណិជ្ជកម្មសកលផងដែរ។

        ចំពោះខឿនសេដ្ឋកិច្ចទាំងពីរផ្ទាល់ខ្លួននោះ វិធានការដំឡើងពន្ធខាងលើនឹងបណ្ដាលឲ្យល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននិងអាមេរិកក្នុងឆ្នាំនេះថយចុះពី០,១ដល់០,២%។ នេះមិនមែនជាតួរលេខធំពេកទេ ប៉ុន្តែប្រសិនបើមើលទៅទ្រង់ទ្រាយធំសម្បើមនៃខឿនសេដ្ឋកិច្ចអាមេរិកនិងចិននោះ គឺកម្រិតនៃការខូចខាតនឹងមិនតិចតួចទេ។

        ចំពោះប្រទេសចិន សង្គ្រាមពាណិជ្ជកម្មខាងលើនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើកំណើនសេដ្ឋកិច្ចក្នុងរយៈពេលខ្លីៗ ហើយបង្កឡើងឧបសគ្គជាច្រើនចំពោះស្ថិរភាពសេដ្ឋកិច្ចសង្គម។ ក្នុងពេលនោះ ការដែលទស្សនៈដ៏តឹងរឹងចំពោះចិនរបស់លោក Trump អាចទទួលបានការគាំទ្រជាច្រើននៅក្នុងប្រទេស ខណៈដែលលោករូបនេះកំពុងឆ្ពោះទៅការបោះឆ្នោតរដ្ឋសភានាខែវិច្ឆិកាខាងមុខដែរឬទេ ក៏ជាបញ្ហាគួរឲ្យព្រួយបារម្ភដែរ។ រដ្ឋអំណាចរបស់លោក Trump អាចទទួលរងការរិះគន់យ៉ាងខ្លាំងក្លារបស់គណៈបក្សប្រឆាំងនានា ហើយជួបប្រទះនឹងបាតុកម្មរបស់បណ្ដាផ្នែកសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្មនេះ។

        ប៉ុន្តែ ភាគីដែលរងការខូចខាតដ៏ធ្ងន់ធ្ងរបំផុតមិនមែនជាចិនឬអាមេរិកទេ តែជាខឿនសេដ្ឋកិច្ចផ្សេងៗដែលតភ្ជាប់គ្នាជាមួយនឹងខ្សែសង្វាក់តំលៃសកល។ មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា នេះត្រឹមតែជាការបោះជំហានដំបូងក្នុងការប្រឈមមុខដាក់គ្នាខាងពាណិជ្ជកម្មមិនអត់ឱនឲ្យគ្នារវាងមហាអំណាចជួរមុខទាំងពីរលើពិភពលោក ដែលអាចបណ្ដាលឡើងការខូចខាតមិនត្រឹមតែចំពោះខឿនសេដ្ឋកិច្ចទាំងពីរនេះប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងទៅលើខឿនសេដ្ឋកិច្ចសកលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ