ការបោះជំហានថ្មីក្នុងដំណើរការ Brexit

(VOVWORLD) - ក្រោយរយៈពេល២ឆ្នាំកន្លះចាប់តាំងពីពេលប្រព្រឹត្តទៅការធ្វើប្រជាមតិនៅអង់គ្លេសស្ដីពីការដកចេញឬការបន្តស្នាក់នៅក្នុងសហភាពអឺរ៉ុប (EU) និងរយៈពេល ១ឆ្នាំនៃដំណើរការចរចាដែលពោរពេញទៅដោយភាពលំបាកនិងភាពជាប់គាំងនោះ អង់គ្លេសនិង EU នាពេលថ្មីៗនេះ បានឯកភាពគ្នាខាងបច្ចេកទេសលើ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងមួយស្ដីពី Brexit។ នេះត្រូវបានគេរំពឹងទុកថា ជារបត់ សំខាន់មួយក្នុងដំណើរការចរចារវាងទីក្រុងឡុងដ៍និងប្រ៊ុចសែល។

ភាពជាប់គាំងធំបំផុតរវាងអង់គ្លេសនិង EU ក្នុងការចរចា Brexit នាពេលកន្លងទៅ គឺជាបញ្ហា “ព្រំដែនរឹង” លើដីគោករវាងតំបន់អៀឡង់ខាងជើងរបស់អង់គ្លេសជាមួយសាធារណៈរដ្ឋ អៀឡង់។ ប៉ុន្តែ ការខ្វែងគំនិតនេះត្រូវបានដោះស្រាយបន្ទាប់ពីជំនួបចរចាជាបន្តបន្ទាប់រវាងភាគីទាំងពីរនាពេលកន្លងទៅ។

        លទ្ធផលជាបឋមគួរអោយភ្ញាក់ផ្អើល

        ខ្លឹមសារជាក់លាក់នៃកិច្ចព្រមព្រៀងជាបឋមស្ដីពី Brexit រវាងអង់គ្លេសនិង EU គ្រោងនឹងត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលអង់គ្លេសនាថ្ងៃទី១៤ ខែវិច្ឆិកា។ ប៉ុន្តែ តាមខុទ្ទកាល័យគណៈរដ្ឋមន្រ្តីអង់គ្លេសបានអោយដឹងថា ភាគីទាំងពីរបានឯកភាពគ្នាលើសេចក្ដីលម្អិតដែលមានលក្ខណៈបច្ចេកទេសទាំងអស់ សូម្បីតែបញ្ហាពិបាកបំផុតក៏ដោយ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើផែនការមិនបង្កើតខ្សែព្រំដែនរឹងមួយរវាងតំបន់ដែនដីអៀឡង់ខាងជើងចំណុះអង់គ្លេស ជាមួយសាធារណៈរដ្ឋអៀឡង់ឡើយ ដោយចាត់ទុកថា នេះជាផលវិបាកនៃការដកខ្លួនចេញពី EU របស់អង់គ្លេស។

        អាចនិយាយបានថា សេចក្ដីថ្លែងការណ៍របស់ខុទ្ទកាល័យគណៈរដ្ឋមន្រ្តីអង់គ្លេសស្ដីពីការដែលភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងជាបឋមស្ដីពី Brexit នោះគឺជាប្រការគួរអោយភ្ញាក់ផ្អើល ដោយសារតែ កិច្ចប្រជុំនាពេលថ្មីៗបំផុតរវាងអង់គ្លេសនិង EU ត្រឹមតែបញ្ចប់ដោយភាពជាប់គាំងតែប៉ុណ្ណោះ។ សូម្បីតែ ក្នុងថ្ងៃដែលកិច្ចព្រមព្រៀងជាបឋមនេះត្រូវបានអនុម័ត គណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាសព័ត៌មានលម្អិតស្ដីពីការងារត្រៀមរៀបចំការទំនុកបម្រុងសម្រាប់សេណារីយ៉ូដែលអង់គ្លេសនិង EU មិនទទួលបានកិច្ចព្រមព្រៀង Brexit ផងដែរ។

        ហើយនាខណៈពេល ដែលគណៈរដ្ឋមន្រ្តីអង់គ្លេសប្រកាសការទទួលបានសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង Brexit ជាបឋម នោះ គឺភាគី EU មិនទាន់បញ្ចេញមតិណាមួយដើម្បីបញ្ជាក់ឬបដិសេធប្រភពព័ត៌មានពីភាគីអង់គ្លេសនៅឡើយ។

        សម្ពាធនៅខាងមុខគឺធំធេងណាស់

        ការទទួលបានកិច្ចព្រមព្រៀងជាបឋម ក្រោយរយៈពេល២ឆ្នាំនៃការចរចានេះ គឺមិនងាយស្រួលនោះទេ ប៉ុន្តែការសាកល្បងចំពោះនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May មិនទាន់បញ្ចប់នៅត្រឹមនេះនៅឡើយ។ កិច្ចព្រមព្រៀងនេះត្រូវទទួលបានការអនុម័តដោយគណៈរដ្ឋមន្រ្តីអង់គ្លេស ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ហើយជំហាន បន្តនឹងកាន់តែស្មុគស្មាញថែមទៀតនាពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានដាក់ជូនរដ្ឋសភាអង់គ្លេស។

        ពិតជាមានការលំបាកមែនទែន ដោយសារ Brexit បានបណ្ដាលអោយឆាកនយោបាយអង់គ្លេសមានការបែកបាក់យ៉ាងធ្ងន់ធ្ងរ។ រយៈពេលមួយថ្ងៃមុនពេលអង់គ្លេសនិង EU ទទួលបានកិច្ចព្រមព្រៀងជាបឋមពោលគឺថ្ងៃទី១២ ខែវិច្ឆិកានោះ នាយករដ្ឋមន្រ្តីលោកស្រី Theresa May ត្រូវលុបចោលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាបន្ទាន់មួយ ដើម្បីឯកភាពលើខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងអង់គ្លេសនិង EU ស្ដីពី

លក្ខខ័ណ្ឌ Brexit។ មុននោះ អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍អង់គ្លេសលោក Jo Johnson បានលាលែងពីតំណែងសំដៅប្រឆាំងជំទាស់នឹងផែនការ Brexit របស់លោកស្រី May ដោយចាត់ទុកថា នេះជាកំហុសដ៏ធំមួយ។ នេះជាមន្ត្រីទី១៤ក្នុងគណៈរដ្ឋមន្រ្តីអង់គ្លេសដែលបានលាលែងពីតំណែងចាប់តាំងពីខែវិច្ឆិកានៃឆ្នាំទៅមិញ។

        ហើយបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសប្រកាសកិច្ចព្រមព្រៀងជាបឋមជាមួយ EU ថ្នាក់ដឹកនាំគណៈបក្សពលកម្មអង់គ្លេសលោក Jeremy Corbyn បានអះអាងថា ត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់លើកិច្ចព្រមព្រៀងនេះ ព្រមទាំងរំពឹងទុកថា កិច្ចព្រមព្រៀងនេះមានលទ្ធភាពជាច្រើនដែលមិននាំមកនូវផលប្រយោជន៍សម្រាប់ចក្រភពអង់គ្លេសឡើយ។

        ត្រឹមតែ៥ខែទៀតប៉ុណ្ណោះគឺ Brexit នឹងចូលជាធរមានជាផ្លូវការ។ អង់គ្លេសនឹងដកខ្លួនចេញពី EU នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ការដែលភាគីទាំងពីរទទួលបានសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងមួយស្ដីពី Brexit គឺជាការបោះជំហានដ៏សំខាន់ក្នុងដំណើរការនេះ។ ប៉ុន្តែ តើដំណើរការនេះត្រូវបានសម្រេចដូចបំណងប្រាថ្នារបស់ទាំងអង់គ្លេសនិង EU ដែរឬទេ? ទាំងអស់នេះនឹងពឹងផ្អែកទៅលើការសម្រេចចិត្តរបស់គណៈរដ្ឋមន្រ្តី សភាអង់គ្លេសនិងថ្នាក់ដឹកនាំ EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ