ចាប់ផ្ដើមដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង

(VOVWORLD) - ថ្ងៃនេះ ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ សារព័ត៌មាននៅលើទូទាំងពិភពលោកសុទ្ធតែផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសសឹង្ហបុរី ដែលជាកន្លែងប្រព្រឹត្តទៅជំនួបទ្វេភាគីប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un ដែលជាជំនួបជាលើកដំបូងតាំងពីមុនមករវាងប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចមួយរូបជាមួយមេដឹកនាំ ស.ប.បកូរ៉េ។ នេះមិនត្រឹមតែជារបត់សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរខាងលើប៉ុណ្ណោះទេ ថែមទាំងជាឱកាសសំរាប់សុខសន្តិភាពនិងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទៀតផង។
ចាប់ផ្ដើមដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង - ảnh 1 ការចាប់ដៃគ្នាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un (រូបថត៖ Straits Times/Getty Images)

  លោក Donald Trump និងលោក Kim Jong-un ចាប់ផ្ដើមជំនួបចរចាជាផ្លូវការនាវេលាម៉ោង៩ព្រឹក តាមម៉ោងសឹង្ហបុរី។ ក្រោយពីការចាប់ដៃគ្នាប្រវត្តិសាស្ត្រ ថ្នាក់ដឹកនាំទាំងពីររូបបានចាប់ផ្ដើមកិច្ចប្រជុំសម្ងាត់។ បន្ទាប់នោះគឺជំនួបចរចារទ្វេភាគីបើកចំហ មុនពេលថ្នាក់ដឹកនាំទាំងពីររូបទទួលទានអាហារថ្ងៃត្រង់សម្រាប់ពិភាក្សាការងារ។

ផ្លូវនាំទៅដល់ជំនួបកំពូលគឺមិនងាយស្រួលទេ

មួយឆ្នាំមុននេះ គ្មានអ្នកណាអាចនឹកស្មានថា សភាពការណ៍នៅលើឧបទ្វីបកូរ៉េ ពិសេសគឺទំនាក់ទំនងអាមេរិក-កូរេខាងជើង មានបម្រែបម្រួលដូចសព្វថ្ងៃឡើយ។ នៅក្នុងសប្ដាហ៍ទី២ ខែមិថុនា ឆ្នាំ២០១៧ កាសែត Rodong Sinmun របស់កូរ៉េខាងជើងប្រកាសថា ប្រទេសនេះជិតបានសម្រេចការផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចហោះហើរទៅកាន់ប្រទេសអាមេរិក។ នាប៉ុន្មានសប្ដាហ៍ក្រោយនោះ នាពេលដែលអាមេរិកកំពុងអំណរសាទរទិវាបុណ្យជាតិ (ថ្ងៃទី៤ កក្កដា) គឺកូរ៉េខាងជើងប្រកាសថា ខ្លួនបានបាញ់បង្ហោះកាំជ្រួចប្រភេទ ICBM ប្រកបដោយជោគជ័យជាលើកដំបូង។ ក្នុងប៉ុន្មានខែក្រោយៗនោះ ប្រទេសនេះបានអនុវត្តការការបាញ់បង្ហោះកាំជ្រួចជាច្រើនលើកថែមទៀត។ ករណីបាញ់បង្ហោះកាំជ្រួចនីមួយៗ គឺជំរុញឲ្យព្យុងយ៉ាងខិតមកជិតនឹងសង្គ្រាមជាមួយអាមេរិកបន្តិចម្ដងៗ។ លើសពីនេះទៅទៀត កូរ៉េខាងជើងបានអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរនាខែកញ្ញាឆ្នាំ២០១៧ ដែលជាការសាកល្បងនុយក្លេអ៊ែរលើកទី៦ និងត្រូវបានប៉ាន់ស្មានថា ជាករណីសាកល្បងនុយក្លេអ៊ែរដ៏ខ្លាំងបំផុតរបស់ប្រទេសនេះតាំងពីមុនមក។

ប៉ុន្តែ សភាពការណ៍បានបង្វិល១៨០ដឺក្រេក្នុងឆមាសទីមួយឆ្នាំ២០១៨ ក្រោយពីព្យុងយ៉ាងបង្ហាញនូវអាកប្បកិរិយារួសរាយរាក់ទាក់។ កាលពីខែមករាឆ្នាំ២០១៨ កូរ៉េខាងជើងបានបើកឡើងវិញនូវខ្សែទូរស័ព្ទអន្តរកូរ៉េជាលើកដំបូងក្រោយរយៈពេល២ឆ្នាំ។ នាខែកុម្ភៈ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោកស្រី Kim Yo-jong បានអញ្ជើញទៅចូលរួមមហោស្រពកីឡារដូវរងារនៅ PyeongChang កូរ៉េខាងត្បូង។

ក្រោយនោះគឺជំនួបកំពូលអន្តរកូរ៉េ២លើករវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នាខែមេសានិងខែឧសភាឆ្នាំ២០១៨។ លទ្ធផលលេចធ្លោបំផុតក្នុងជំនួបទាំង២ខាងលើនោះគឺការដែលភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍ Panmunjom ដែលបញ្ជាក់លើគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងឆ្ពោះទៅការប្រកាសបញ្ចប់សង្គ្រាមអន្តរកូរ៉េជាផ្លូវការ។ ជំនួបកំពូលអន្តរកូរ៉េក៏បានបើកផ្លូវសំរាប់ជំនួបកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងនាថ្ងៃទី១២ មិថុនា នៅសឹង្ហបុរីដែរ។

ចាប់ផ្ដើមដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង - ảnh 2 ជំនួបរវាងថ្នាក់ដឹកនាំទាំងពីររូបនេះជាដ៏ធំធេងមួយសំដៅស្វែងរកសុខសន្តិភាពនិងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ (រូបថត៖ AP)

ជ័យជំនះផ្លូវការទូតរបស់បណ្ដាភាគី

ជំនួបកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនានា។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានដើរតួនាទីជាស្ពានតភ្ជាប់ ដោយបញ្ជូនសំណើរស្ដីពីជំនួបកំពូលកូរ៉េខាងជើង-អាមេរិកទៅដល់ប្រធានាធិបតីលោក Donald Trump។

មានមូលហេតុជាច្រើន ដើម្បីទាំងអាមេរិកនិងកូរ៉េខាងជើងចង់ជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូង។ ភាគីទាំងពីរសុទ្ធតែចាត់ទុកថា ជំនួបកំពូលខាងលើគឺជាជ័យជំនះផ្លូវការទូតរបស់ខ្លួន។ រដ្ឋអំណាច Trump ជឿជាក់ថា ការចាប់បង្ខំឲ្យកូរ៉េខាងជើងត្រូវយល់ព្រមបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួច ដើម្បីចូលរួមកិច្ចចរចានោះ គឺលទ្ធផលនៃយុទ្ធនាការដាក់សម្ពាធយ៉ាងអតិបរមា។ ចំណែកឯមេដឹកនាំលោក Kim Jong-un វិញ ការដែលអាមេរិកយល់ស្របចូលរួមជំនួបចរចាដោយផ្ទាល់គឺជាជ័យជំនះផ្លូវការទូត។ ក្រៅពីនោះ ការដែលលោក Kim Jong-un បានចូលរួមជំនួបចរចាដោយផ្ទាល់ជាមួយម្ចាស់សេតវិមានបានសរឲ្យឃើញនូវឋានៈកាន់តែកើនឡើងៗ របស់ព្យុងយ៉ាង ព្រមទាំងនាំមកនូវឱកាសដើម្បីស្ដារខឿនសេដ្ឋកិច្ចកូរ៉េខាងជើងឡើងវិញុ។

ក្រោយរយៈពេល៧ទសវត្សប្រឈមមុខដាក់គ្នា រាល់ការខ្វែងគំនិតរវាងអាមេរិកនិងកូរ៉េខាងជើងប្រាកដជាមិនអាចត្រូវបានដោះស្រាយទាំងស្រងក្នុងក្របខ័ណ្ឌជំនួបកំពូលតែមួយឡើយ។ ប៉ុន្តែ ជំនួបនេះជាការបោះជំហានដ៏ធំធេងមួយ ជាឱកាស ជួបសន្ទនាគ្នាកម្រមានរវាងថ្នាក់ដឹកនាំនៃប្រទេសប្រឈមមុខដាក់គ្នាទាំងពីរ សំដៅស្វែងរកសុខសន្តិភាពនិងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ