ធានាសិទ្ធិសមភាពសម្រាប់ជនពិការ

(VOVWORLD) -នាបច្ចុប្បន្ននេះ វៀតណាមមានជនពិការចំនួនប្រមាណ ៨ លាននាក់ ដោយស្រូបយក ៧,៨% នៃចំនួនប្រជាជន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋវៀតណាមបានយកចិត្តទុកដាក់ ក៏ដូចជារៀបចំក្របខ័ណ្ឌគតិយុត្តិសំដៅធានាសិទ្ធិរបស់ជនពិការ។ ក្រសួង ស្ថានប័ន និងមូលដ្ឋាននានាក៏បានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍រាល់យន្តការ និងគោលនយោបាយសម្រាប់ជនពិការអាចរួមបញ្ចូលជាមួយសង្គម។
ធានាសិទ្ធិសមភាពសម្រាប់ជនពិការ - ảnh 1 ជនពិការនៅវៀតណាម

ក្នុងចំណោមជនពិការចំនួន ៨ លាននាក់នៅវៀតណាម មានជនពិការត្រឹមតែ ៣០% ក្នុងអាយុធ្វើពលកម្មអាចមានលទ្ធភាពធ្វើពលកម្ម។វៀតណាមបានខិតខំប្រឹងប្រែងក្នុងការជួយឧបត្ថម្ភបង្កើតការងារធ្វើសម្រាប់ជនពិការ ដើម្បីរួមចំណែកកាត់បន្ថយអំរែកលើគ្រួសារនិងសង្គម។

ធានាការងារធ្វើ

ដើម្បីធានាជីវភាពរស់នៅ និងថែទាំជនពិការនោះ វៀតណាមបានចេញផ្សាយគម្រោងការណ៍ និងគោលនយោបាយជាច្រើន ស្ដីពីសន្តិសុខសង្គម ការបង្កើតការងារធ្វើ ការ ណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ។ ឯកសារច្បាប់ទាំងនេះជាមូលដ្ឋាន ដើម្បីអនុវត្តន៍រាល់គោលនយោបាយដល់ជនពិការនៅខេត្ត ក្រុងនានា។ លោក To Duc អនុប្រធាននាយកដ្ឋានគាំពារសង្គម នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានមានប្រសាសន៍ថា៖

“ច្បាប់ជនពិការបានចែងច្បាស់អំពីសិទ្ធិមានការងារធ្វើសម្រាប់ជនពិការ ហើយនាពេលថ្មីៗនេះវៀតណាមបានអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ។ យើងបានសុក្រឹតក្របខ័ណ្ឌគតិយុត្តិទាំងនេះ ឲ្យសមស្របនឹងសេដ្ឋកិច្ច និងសង្គមរបស់វៀតណាម។ ហេតុដូច្នេះហើយ ជួយឲ្យជនពិការមានឱកាសទាក់ទងជាមួយសិទ្ធិមានការងារធ្វើយ៉ាងពេញលេញ ដោយផ្ដោតសំខាន់លើការបណ្ដុះបណ្ដាល វិជ្ជាជីវៈសម្រាប់ជនពិការផងដែរ”។

ការថែទាំសុខភាពសម្រាប់ជនពិការ

នាបច្ចុប្បន្ននេះ លើវិស័យសុខាភិបាល មានជនពិការចំនួន ១០០ % ដែលស្ថិតក្នុងក្រុមគ្រួសារក្រីក្ររបស់វៀតណាមត្រូវបានផ្ដល់ ប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ជនពិការជាច្រើនត្រូវបានស្តារនីតិសម្បទាដោយមានឧបករណ៍ទ្រទ្រង់ការរស់នៅដូចជា ដៃជើងសិប្បនិម្មិត រទេសរុញជនពិការ កង់ និងឧបករណ៍សម្លេងជាដើម។ ទោះជាយ៉ាងណាក៏ដោយ មានជនពិការមួយចំនួនគឺមិនទាន់បានទាក់ទងជាមួយសេវាកម្មសុខាភិបាល ជាពិសេសគឺនៅតំបន់ឆ្ងាយដាច់ស្រយាលផងដែរ។ ដោយមានបំណងធានាថាជនពិការត្រូវបានការពារ និងថែទាំដោយសមភាពនោះ ច្បាប់វៀតណាមបានចែងច្បាស់លាស់អំពីរបបនេះក្នុងប្រព័ន្ធច្បាប់របស់ខ្លួន។ លោក To Duc អនុប្រធាននាយកដ្ឋានគាំពារសង្គម នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថែមទៀតថា៖

“យើងមានបណ្តាញមន្ទីរពេទ្យ បណ្តាញសុខាភិបាលរបស់ផ្នែកសុខាភិបាល និងមជ្ឈមណ្ឌលស្តារនីតិសម្បទានៃផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ចនៅទូទាំងប្រទេស។ យើងគប្បីរៀបចំកម្មវិធីថ្នាក់ជាតិស្ដីពីការស្តារនីតិសម្បទាសម្រាប់ជនពិការ បង្កើតយន្តការជួយឧបត្ថម្ភជនពិការ ព្រមទាំងអំពាវនាវឲ្យអង្គការ បុគ្គល សហគ្រាសចូលរួមលើវិស័យនេះផងដែរ”។

គោលដៅនៃគម្រោងការណ៍ជួយឧបត្ថម្ភជនពិការពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ របស់វៀតណាមគឺជារៀងរាល់ឆ្នាំ ជួយឲ្យជនពិការចំនួន ៩០ % ទាក់ទងជាមួយសេវាកម្មសុខាភិបាលលើគ្រប់ប្រភេទ កុមារ និងជនពិការចំនួនប្រមាណ ៧០ ០០០ នាក់ត្រូវបាវះកាត់ស្តារនីតិសម្បទា និងផ្តល់ឧបករណ៍ជំនួយ។ ក្រសួង ស្ថានប័ន និងមូលដ្ឋានគ្រប់ជាន់ថ្នាក់កំពុងផ្ដោតសំខាន់លើការសុក្រឹតឡើងវិញនូវក្របខ័ណ្ឌគតិយុត្តិ ក៏ដូចជាបង្កើតលក្ខណៈងាយស្រួលសម្រាប់ជនពិការក្នុងការសម្របខ្លួន និងមានសិទ្ធិសមភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ