នីវ៉ូទឹកទន្លេមេគង្គទាបបំផុតតាំងពីមុនមកដែលគំរាមកំហែងដល់ប្រទេសនៅខាងក្រោម

(VOVWORLD) - នាថ្ងៃទី១៨ ខែកក្កដា គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ (MRC) បាន បញ្ជាក់ថា នីវ៉ូទឹកទន្លេមេគង្គនាដើមរដូវទឹកជំនន់ចាប់ពីខែមិថុនាដល់ខែកក្កដាឆ្នាំ ២០១៩ កំពុងស្ថិតនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។ ការដែលនីវ៉ូទឹកទន្លេ មេគង្គធ្លាក់ចុះនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនរាប់លាននាក់នៃ ប្រទេសនានានៅទន្លេខាងក្រោម។
នីវ៉ូទឹកទន្លេមេគង្គទាបបំផុតតាំងពីមុនមកដែលគំរាមកំហែងដល់ប្រទេសនៅខាងក្រោម - ảnh 1រួមគ្នាកសាងហើយឯកភាពលើក្រមច្បាប់មួយស្ដីពីការធ្វើអាចីវកម្ម ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងចីរភាពនូវទន្លេមេគង្គ (រូបថត៖ VOV) 

  ជារៀងរាល់ឆ្នាំ ទន្លេមេគង្គអាចផ្គត់ផ្គង់ជលផលចំនួន១,៨លានតោន ព្រមទាំងផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃនិងការធ្វើផលិតកម្មរបស់តំបន់ទន្លេក្រោមទាំងស្រុង។ ទន្លេមេគង្គជាប្រភពនៃជីវិតរបស់ប្រជាជនជាង១០០លាននាក់នៃប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម។ ប្រសិនបើទឹកទន្លេមេគង្គមិនហូរមកគ្រប់គ្រាន់នោះទេ គឺតំបន់ទន្លេក្រោមនឹងទទួលរងការជ្រាបចូលនៃទឹកប្រៃជាក់ជាពុំខាន។ ភាពខ្វះខាតទឹកសាបនិងដីល្បាប់នឹងធ្វើអោយវាលស្រែនៅតំបន់ទន្លេក្រោមរីងស្ងួតហើយបាត់បង់ជីជាតិ។ នេះជាគ្រោះអាសន្នដែលអាចបង្កឡើងគ្រោះអត់ឃ្លាន ខ្វះស្បៀងអាហារនៅប្រទេសនានានៃតំបន់ទន្លេក្រោម។

        នីវ៉ូទឹកទាបបំផុតក្នុងប្រវត្តិសាស្ត្រ

        តាមការកត់សម្គាល់នាថ្ងៃទី១៨ ខែកក្កដា ថា នៅ Chiang Saen ប្រទេសថៃ នីវ៉ូទឹកទន្លេមេគង្គ គឺ២,១ម៉ែត្រ ទាបជាង៣,០២ម៉ែត្របើប្រៀបធៀបនឹងនីវ៉ូទឹកជាមធ្យមក្នុងរយៈពេលដូចគ្នាក្នុងអំឡុងពេល៥៧ឆ្នាំកន្លងទៅ។ នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ នីវ៉ូទឹកគឺ០,៧ម៉ែត្រ ទាបជាង៥,៥៤ម៉ែត្របើប្រៀបធៀបនឹងកម្រិតជាមធ្យមក្នុងរយៈពេលដូចគ្នា។ នៅខេត្តត្រចេះ របស់កម្ពុជា នីវ៉ូទឹកមានកម្ពស់៩,៣១ម៉ែត្រ ទាបជាង៥,៤ម៉ែត្រ បើប្រៀបធៀបនឹងកម្រិតជាមធ្យមក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ។

        ក្នុងពេលជាមួយគ្នានោះ នីវ៉ូទឹកនៅតំបន់ដីសណ្ដទន្លេ Cuu Long របស់វៀតណាមក៏កំពុងស្ថិតនៅកម្រិតទាបច្រើនជាងកម្រិតក្នុងរយៈពេលដូចគ្នានៃឆ្នាំមុនៗផងដែរ។ ប្រជាជននៅស្រុក An Phu ខេត្ត An Giang ភាគខាងត្បូងវៀតណាម បានអោយដឹងថា ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលនេះគឺទឹកទន្លេមេគង្គបានជន់លិចវាលស្រែយ៉ាងពេញហើយ ប៉ុន្តែឆ្នាំនេះទឹកមិនឡើងទេ ដូច្នេះបានជាជីវ ភាពប្រជាជនជួបការលំបាកយ៉ាងខ្លាំងណាស់។ លោក Le Van Khang ជាអ្នកនេសាទម្នាក់ នៅភូមិ Phu Nhon ឃុំ Phu Hoi ស្រុក An Phu បានអោយដឹងថា៖

        “គ្មានទឹកគឺគ្រួសារប្រកបរបរនេសាទយើងខ្ញុំជួបការលំបាកយ៉ាងខ្លាំងណាស់។ គ្មានទឹកគឺគ្មានត្រីដែរ។ ចាប់តាំងពីដើមរដូវមក ចាំពីឬបីថ្ងៃទើបទៅនេសាទមួយលើក ប៉ុន្តែនៅមិនមានត្រីទេ។ កូនៗរបស់ខ្ញុំត្រូវទៅដល់ខេត្ត Binh Duong យកឈ្មួលដើម្បីមានប្រាក់ចិញ្ចឹមគ្រួសារ”។

        លោក Nguyen Van Thanh នៅភូមិ Phu Nhon ដែលមានវាលស្រែដាំស្រូវក៏កំពុងជួបការលំបាកជាច្រើនដោយសារតែទឹកមិនហូរមកទេ។ លោក Thanhបានរៀបរាប់ថា៖

        “ឆ្នាំនេះទឹកមិនទាន់ហូរមកនៅឡើយ អញ្ចឹងវាលស្រែរីងស្ងួតទាំងអស់។ ប្រសិនបើគ្មានទឹក គឺការធ្វើផលិតកម្មជួបការលំបាកយ៉ាងខ្លាំងណាស់ ដោយសារតែគ្មានទឹកគឺគ្មានដីល្បាប់។ ឥឡូវនេះ ខ្ញុំត្រឹមតែមានបំណងថា មានទឹកហូរមកដើម្បីអោយខ្ញុំភ្ជួរ អញ្ចឹងទើបមានដីល្បាប់។ ស្រែមានដីល្បាប់គឺស្រូវនឹងមានផលិតភាពហើយជួយបន្ថយការចំណាយ”។

នីវ៉ូទឹកទន្លេមេគង្គទាបបំផុតតាំងពីមុនមកដែលគំរាមកំហែងដល់ប្រទេសនៅខាងក្រោម - ảnh 2 បណ្ឌិត ខែម សុធា អ្នកជំនាញព្យារកណ៍ទឹកជំនន់នៃគណៈកម្មាធិការទន្លេមេគង្គ (រូបថត៖ VOV)

        រួមគ្នាធ្វើអាជីវកម្ម ប្រើប្រាស់ដោយការទទួលខុសត្រូវនិងប្រសិទ្ធភាពនូវទន្លេមេគង្គ

        បណ្ឌិត ខែម សុធា អ្នកជំនាញព្យារកណ៍ទឹកជំនន់នៃគណៈកម្មាធិការទន្លេមេគង្គ បានអះអាង ថា ការដែលនីវ៉ូទឹកទន្លេមេគង្គធ្លាក់ចុះនៅកម្រិតទាបយ៉ាងដូច្នេះក្នុងរដូវវស្សារគឺជាបាតុភូតមិនធម្មតាទេ។ មានមូលហេតុមួយចំនួនដូចជា កម្រិតបរិមាណទឹកភ្លៀងឆ្នាំនេះទាប ដៃទន្លេហូរចូលមកទន្លេមេគង្គត្រូវបានធ្វើអាជីវកម្មហួសការកំណត់ ហើយជាពិសេសគឺដោយសារទំនប់វារីអគ្គីសនីមួយចំនួននៅទន្លេលើបានរាំងស្កាត់លំហូរទឹកទន្លេដើម្បីទុកបម្រុងទឹកក្នុងអាងស្ដុកទឹក។

        ការដែលនីវ៉ូទឹកទន្លេមេគង្គធ្លាក់ចុះយ៉ាងខ្លាំងក្នុងរដូវវស្សារដូចបច្ចុប្បន្នបានបង្កឡើងមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះប្រទេសនានានៅតាមទន្លេនេះ ជាពិសេសគឺក្រុមប្រទេសនៅទន្លេក្រោមដូចជាកម្ពុជានិងវៀតណាម។ ដំបូងបង្អស់គឺសកម្មភាពកសិកម្មទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ទីពីរគឺប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅតាមទន្លេត្រូវបានគំរាមកំហែង ហើយធ្វើអោយបរិមាណត្រីនៃទន្លេមេគង្គដែលជាប្រភពចំណីអាហារសំខាន់មួយរបស់ប្រជាជនកម្ពុជានិងវៀតណាម ធ្លាក់ចុះ។ ទីបីគឺចរាចរណ៍ផ្លូវទឹកក្នុងតំបន់ទន្លេក្រោមជួបការលំបាកជាច្រើន។ លើសពីនេះទៅទៀត ធ្ងន់ធ្ងរបំផុតគឺតំបន់ដីសណ្ដទន្លេ Cuu Long របស់វៀតណាមត្រូវបានជ្រាបចូលដោយទឹកប្រៃ។ ដើម្បីបន្ធូរបន្ថយមហន្តរាយចំពោះប្រជាជននៅតំបន់ទន្លេក្រោមនោះ គឺប្រទេសទាំងអស់នៅតាមទន្លេមេគង្គត្រូវតែកាត់បន្ថយការជះឥទ្ធិពលជាអវិជ្ជមានដែលមនុស្សបង្កឡើងនៅទន្លេនេះ។ ប្រទេសសមាជិកនានានៃគណៈកម្មាធិការទន្លេមេគង្គក៏ត្រូវការលើកកំពស់ស្មារតីទទួលខុសត្រូវ បង្កើនការចែករំលែកព័ត៌មានស្ដីពីសកម្មភាពដែលជះឥទ្ធិពលទៅលើលំហូរទឹកទន្លេមេគង្គ សូម្បីតែនៅដៃទន្លេទៀតផង។ គោលដៅ គឺនាអនាគត ប្រទេសទាំងអស់នឹងរួមគ្នាកសាងហើយឯកភាពលើក្រមច្បាប់មួយស្ដីពីការធ្វើអាចីវកម្ម ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងចីរភាពនូវទន្លេមេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ