បញ្ហា Brexit កាន់តែស្មុគស្មាញថែមទៀត

(VOVWORLD) - ឆាកនយោបាយចក្រភពអង់គ្លេសត្រូវធ្លាក់ចូលភាពចលាចលជាថ្មីម្ដងទៀត ក្រោយពីសភាអង់គ្លេសកាលពីថ្ងៃទី១៥ ខែមករា ច្រានចោលកិច្ចព្រមព្រៀងជា បឋមស្ដីពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (EU)។ ថ្វីត្បិតតែ លទ្ធផលនេះមិនធ្វើអោយភ្ញាក់ផ្អើលក៏ដោយ ប៉ុន្តែបានបង្កឡើងឧបសគ្គថ្មីៗចំពោះដំណើរការ Brexit។
បញ្ហា Brexit កាន់តែស្មុគស្មាញថែមទៀត - ảnh 1 លទ្ធផលនៃការបោះឆ្នោតស្ដីពីកិច្ចព្រមព្រៀង Brexit នៅសភាអង់គ្លេសបានបង្កឡើងឧបសគ្គថ្មីៗចំពោះដំណើរការ Brexit (រូបថត៖ AFP/TTXVN)


 
បរាជ័យជាប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស

        ក្នុងការបោះឆ្នោតនៅសភាអង់គ្លេសស្ដីពីកិច្ចព្រមព្រៀង Brexit ដែលនាយករដ្ឋមន្រ្តីលោកស្រី Theresa May សម្រេចបានជាមួយ EU នោះ បណ្ដាសមាជិកសភាបានបោះឆ្នោតប្រឆាំង ៤៣២ សម្លេង ទល់ ២០២ សម្លេងគាំទ្រ ចំពោះកិច្ចព្រមព្រៀងនេះ។ គម្លាតចំនួន២៣០សម្លេងគឺបរិមាណធំពេក ដែលជាលទ្ធផលនឹកស្មានមិនដល់របស់មជ្ឈដ្ឋានអ្នកនយោបាយ។

        លទ្ធផលនៃការបោះឆ្នោតខាងលើមិនត្រឹមតែជាបរាជ័យនៅសភាដ៏ធំបំផុតចំពោះរដ្ឋាភិបាលអង់គ្លេសក្នុងប្រវត្តិសាស្ត្រសម័យទំនើបប៉ុណ្ណោះទេ ថែមទាំងបានសរអោយឃើញនូវការខ្វែងគំនិតចំពោះកិច្ចព្រមព្រៀង Brexit កាន់តែធំឡើង ក្នុងឆាកនយោបាយអង់គ្លេសទៀតផង។ សូមគូសបញ្ជាក់ថា មានសមាជិកសភានៃគណៈបក្សអភិរក្សនិយមចំនួនជាង១០០នាក់របស់លោកស្រី May រួមទាំងអ្នកគាំទ្រ Brexit និងមិនគាំទ្រ Brexit បានបោះឆ្នោតប្រឆាំងជំទាស់កិច្ចព្រមព្រៀងនេះ ដែលភាគច្រើនគឺដោយសារមាត្រាពាក់ព័ន្ធដល់ខ្សែព្រំដែនជាមួយអៀឡង់ខាងជើង។ ច្បាស់លាស់ថា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រីរូបនេះមិនទទួលបានការគាំទ្ររបស់សមាជិកសភាក្នុងគណៈបក្សរបស់ខ្លួនឡើយ។ មានមតិជាច្រើនបានអោយដឹងថា លទ្ធផលនៃការបោះឆ្នោតលើកនេះគឺជាកំពូលក្នុងស្ថានការណ៍នយោបាយដ៏វឹកវនៅអង់គ្លេសក្រោយពីប្រទេសនេះដំណើរការបោះប្រជាមតិស្ដីពីការចាកចេញពី EU។

        ទ្វីបអឺរ៉ុបច្របូកច្របល់

        មិនត្រឹមតែនៅអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសអឺរ៉ុបផ្សេងជាច្រើនទៀតក៏មានការច្របូកច្របល់ដែលបានបង្កឡើងដោយដំណើរការ Brexit ផងដែរ។ នាថ្ងៃទី១៦ ខែមករា រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Heiko Mass បានព្រមានថា មិនសល់ពេលវេលាជាច្រើនទៀតដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហា Brexit ឡើយ។ ចំណែកឯរដ្ឋមន្រ្តីបារាំងទទួលបន្ទុកបញ្ហាអឺរ៉ុបលោកស្រី Nathalie Loiseau វិញ បានទុកចំហរនូវលទ្ធភាពដែល EU យល់ព្រមលើកកាលកំណត់ Brexit ប្រសិនបើទីក្រុងឡុងដ៍លើកសំណើរ។ ប៉ុន្តែលោកស្រីរូបនេះក៏បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងជាបឋមស្ដីពី Brexit ដែលអង់គ្លេសនិង EU បានឯកភាពគ្នា គឺមានតែមួយគត់និងមិនអាចបានយកមកចរចាឡើងវិញបានឡើយ។ ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុមចរចា Brexit របស់ EU លោក Michel Barnier បានអះអាងថា ប្លុកនេះត្រៀមខ្លួនជាស្រេចចរចាជាមួយអង់គ្លេសលើកិច្ចព្រមព្រៀងផ្សេងមួយ ក៏ប៉ុន្តែទីក្រុងឡុងដ៍ត្រូវផ្លាស់ប្ដូរសំណូមពរគន្លឹះរបស់ខ្លួនជាមុនសិន។

        មិនចុះចាញ់

        ទោះជារងបរាជ័យក្នុងការបោះឆ្នោតនៅសភាក្ដី ប៉ុន្តែនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានអះអាងនូវការសន្យាថា នឹងនាំប្រទេសនេះចាកចេញពី EU តាមគោលបំណងរបស់អ្នកបោះឆ្នោត។ បន្ទាប់ពីឆ្លងកាត់ពុះពារលើការបោះឆ្នោតមិនទុកចិត្តនៅសភាកាលពីយប់ថ្ងៃទី១៦ ខែមករា លោកស្រី May បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណៈបក្សនយោបាយផ្សេងៗរបស់អង់គ្លេស សំដៅជំរុញអោយកិច្ចព្រមព្រៀង Brexit នឹងត្រូវបានអនុម័តនាពេលបានយកមកដាក់ជូនសភាម្ដងទៀត។

        ក្នុងពេលជាមួយគ្នានោះ មជ្ឈដ្ឋានមន្ត្រី EU កំពុងពិចារណាលើផែនការលើកកាលកំណត់ដែលអង់គ្លេសចាកចេញពី EU រហូតដល់ឆ្នាំ២០២០ ផងដែរ។

        ទោះបីជាដំណើរការ Brexit ត្រូវបានផ្អាកដែរឬអត់ ប៉ុន្តែការដែលសភាអង់គ្លេសច្រានចោលកិច្ចព្រមព្រៀង Brexit លើកនេះ បានធ្វើអោយអនាគតនៃកិច្ចព្រមព្រៀងនេះមានភាពស្រពិចស្រពិល រហូតដល់សឹងតែប្រឈមនឹងគ្រោះអាសន្នត្រូវលុបចោលផងដែរ។ វាក៏បានសរអោយឃើញថា ដើម្បីអោយអង់គ្លេសចាកចេញពី EU តាមវិធីជាវិជ្ជមានសម្រាប់ភាគីទាំងពីរ គឺមិនងាយស្រួលជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ