បញ្ហាកើតមានឡើងបន្ទាប់ពីករណីភេរវកម្មនៅស្រីលង្ការ

(VOVWORLD) - ពិភពលោកនៅតែរន្ធត់ញ៉ាបញ័រយ៉ាងខ្លាំងចំពោះករណីភេរវកម្មជាបន្តបន្ទាប់ដែលបណ្ដាលអោយមនុស្សស្លាប់និងរងរបួសជាច្រើននៅប្រទេសស្រីលង្ការ ក្រោយរយៈពេលមួយទសវត្សបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសអាស៊ីខាងត្បូងនេះ។ រឿងហេតុនេះមិនមែនជាការងារផ្ទៃក្នុងរបស់ប្រទេសតែមួយគត់នោះឡើយ ដោយ សារវាមានសញ្ញានៃភេរវកម្មអន្តរជាតិ។ នេះជាការព្រមានចំពោះប្រទេសទាំង អស់ដោយកុំអោយមើលស្រាលក្នុងសង្គ្រាមប្រឆាំងនឹងលទ្ធិភេរវកម្ម។
បញ្ហាកើតមានឡើងបន្ទាប់ពីករណីភេរវកម្មនៅស្រីលង្ការ - ảnh 1 កម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅខាងក្រៅវិហារកាតូលិកមួយបន្ទាប់ពីករណីវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី២១ ខែមេសា នៅទីក្រុង Colombo (រូបថត៖ Xinhua/ TTXVN)

  នាថ្ងៃទី២១ ខែមេសា ពោលគឺចំនឹងបុណ្យអេស្ទ័រ ការវាយប្រហារដោយគ្រាប់បែកជាច្រើនករណីបានកើតមាននៅតាមភោជនីយដ្ឋាននិងសណ្ឋាគារប្រណិតនានានៅរដ្ឋធានីប្រទេសស្រីលង្ការ ដែលបណ្ដាលអោយមនុស្សចំនួន២៩០នាក់ស្លាប់និងរាប់រយនាក់ទៀតរងរបួស។ នេះជាការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើជនស៊ីវិលដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសកោះអាស៊ីខាងត្បូងនេះ គិតចាប់តាំងពីសង្គ្រាមស៊ីវិលអស់រយៈពេល២៦ឆ្នាំដែលបានបញ្ចប់នាឆ្នាំ២០០៩មក។ នាថ្ងៃទី២២ ខែមេសា រថយន្តមួយគ្រឿងបានបំផ្ទុះនៅទីក្រុង Colombo ប្រទេសស្រីលង្ការ នាពេលដែលសមត្ថកិច្ចកំពុងរិះរកវិធានការដោះគ្រាប់បែកនៅលើរថយន្តនេះ។

        ចំពោះប្រជាជនស្រីលង្ការ ការវាយប្រហារដោយគ្រាប់បែកទាំងនេះពោលខាងលើបានធ្វើអោយគេរំលឹកឡើងវិញនូវមេម័រដ៏ឈឺចាប់ស្ដីពីជម្លោះផ្ទៃក្នុងនៅក្នុងរយៈពេល៣ទសវត្សដែលបណ្ដាលអោយមនុស្សជាង១សែននាក់ស្លាប់។

        សញ្ញានៃភេរវកម្មអន្តរជាតិ

        មួយថ្ងៃបន្ទាប់ពីការវាយប្រហារ អាជ្ញាធរស្រីលង្ការចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការថា ក្រុមអ៊ីស្លាមជ្រុលនិយម National Thowheeth Jama’ath (NTJ) គឺជាជនដៃដល់ ហើយក្រុមនេះទទួលបានការជួយកម្លាំងពីបណ្ដាញភេរវកម្មអន្តរជាតិ។ មតិនេះមានមូលដ្ឋានព្រោះថា តាមពិតទៅ NTJ ត្រឹមតែជាក្រុមជ្រុលនិយមតូចមួយនៅស្រីលង្ការដែលត្រូវបានគេស្គាល់ដល់ដោយសកម្មភាពបំផ្លិចបំផ្លាញព្រះពុទ្ធបដិមារក្នុងប្រទេសនាឆ្នាំ២០១៨តែប៉ុណ្ណោះ។ ចាប់តាំងពីមុនមក NTJ មិនធ្លាប់ជាប់ពាក់ព័ន្ធដល់ករណីភេរវកម្មយ៉ាងធ្ងន់ធ្ងរណាមួយឡើយ ដូច្នេះបានជាលទ្ធភាពដែលក្រុមនេះរៀបចំផែនការដោយខ្លួនឯងហើយដំណើរការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅប្រជុំគ្រីស្ទសាសនិកនោះ គឺមិនអាចកើតមានឡើងបានទេ។

        មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា មិនអាចរំលងលទ្ធភាពដែលអង្គការរដ្ឋអ៊ីស្លាម (IS) ឈរនៅពីក្រោយការវាយប្រហារលើកនេះ សំដៅដណ្ដើមយកកេរឈ្មោះ ក្រោយពីត្រូវកំទេចសឹងតែទាំងស្រុងនៅអ៊ីរ៉ាក់និងស៊ីរីនោះ។ ការវាយប្រហារភេរវកម្មរបស់ NTJ មានលក្ខណៈស្រដៀងគ្នានឹងក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS)។ នោះគឺតម្រង់ទៅលើជនស៊ីវិល ហើយត្រូវបានដំណើរការយ៉ាងឃោឃៅនៅតាមទីកន្លែងល្បីល្បាញដែលប្រមូលផ្ដុំមនុស្សជាច្រើនផងដែរ។ ភស្តុតាងសរអោយឃើញនូវការជាប់ពាក់ព័ន្ធរបស់ IS កាន់តែច្បាស់លាស់ថែមទៀត ពេលដែលមានព័ត៌មានក្នុងសហគមន៍ជនអ៊ីស្លាមនៅស្រីលង្ការបានបញ្ជាក់ថា NTJ បានគាំទ្រ IS ជាសាធារណៈ។

        ការព្រួយបារម្ភចំពោះជម្លោះថ្មីៗ

        ស្រីលង្ការមានប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិយមនិងបំបែកខ្លួននិយម។ នៅប្រទេសពហុសាសនា ពហុជាតិសាសន៍ ដោយមានជម្លោះជាច្រើនក្នុងប្រវត្តិសាស្ត្រដូចស្រីលង្ការ ហានិភ័យនៃជម្លោះតែងតែលាក់ខ្លួន ហើយអាចផ្ទុះឡើងយ៉ាងងាយស្រួល។ ជម្លោះសាសនានិងជាតិសាសន៍បានក្លាយទៅជាបញ្ហារាំរៃចំពោះរដ្ឋាភិបាលទាំងអស់នៅស្រីលង្ការ។ ដោយហេតុនេះ អ្នកវិភាគជាច្រើនជឿជាក់ថា ករណីភេរវកម្មតម្រង់ទៅលើសហគមន៍គ្រីស្ទសាសនិកនាពេលថ្មីៗនេះ អាចធ្វើអោយកើតមានហានិភ័យនៃជម្លោះជាតិសាសន៍នៅប្រទេសអាស៊ីខាងត្បូងនេះតែម្ដង។

        ចំពោះពិភពលោកវិញ ការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមនៅស្រីលង្ការគឺជាការព្រមានចំពោះប្រទេសទាំងអស់ថា បរាជ័យរបស់ IS នៅមជ្ឈឹមបូព៌ាមិនមែនមានន័យថា ពួកគេត្រូវបាត់បង់ចោលទាំងស្រុងទេ។ រដ្ឋអំណាចវ៉ាស៊ីនតោនធ្លាប់បានអះអាងថាលទ្ធិអ៊ីស្លាមជ្រុលនិយមនៅតែជាការគំរាមកំហែងលើទូទាំងពិភពលោក ហើយសហរដ្ឋអាមេរិកនឹងបន្តការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះយ៉ាងដាច់ខាត។

        ការវាយប្រហារដោយគ្រាប់បែកក្នុងប៉ុន្មានថ្ងៃកន្លងទៅ បានបញ្ចប់រយៈពេលមួយទសវត្សប្រកបដោយសុខសន្តិភាពនៅស្រីលង្ការ គិតចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលកាលពីឆ្នាំ២០០៩។ រឿងហេតុនេះមិនត្រឹមតែប៉ះពាល់ដោយផ្ទាល់ដល់ការអភិវឌ្ឍនៃស្រីលង្ការប៉ុណ្ណោះទេ ថែមទាំងសរអោយឃើញថា លទ្ធិភេរវកម្មនិយមអាចលេចឡើងគ្រប់ទីកន្លែងប្រសិនបើយើងបាត់ការប្រុងប្រយ័ត្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ