ពង្រីកឱកាសសហប្រតិបត្តិការរវាងវៀតណាម - ឥណ្ឌូណេស៊ីថែមទៀត

(VOVWORLD) -ប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌូនេស៊ីលោក Joko Widodo និងលោកជំទាវចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១២ កញ្ញា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ។ ដោយឈរលើមូលដ្ឋានរាល់វិស័យសក្ដានុភាពរវាងប្រទេសទាំងពីរ និងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរពង្រីកឱកាសសហប្រតិបត្តិការថែមទៀតនាពេលខាងមុខ។

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកនេះរបស់ ប្រធានាធិបតីលោក Joko Widodo មានអត្ថន័យពិសេស ដោយបានបូកសរុបការអភិវឌ្ឍ និងការកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងរយៈពេល ៥ ឆ្នាំ ព្រមទាំងលើកកម្មវិធីធ្វើសកម្មភាពសម្រាប់រយៈពេល ៥ ខាងមុខ ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឱកាសនេះ ដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីប្រឈមនឹងកាលានុវត្តភាព និងការសាកល្បងជាច្រើន។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តមានការអភិវឌ្ឍយ៉ាងទូលំទូលាយ

ចាប់តាំងពីពេលវៀតណាមនិងឥណ្ឌូណេស៊ីបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (ខែមិថុនា ឆ្នាំ ២០១៣ ) រហូតមកដល់ពេលនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ៣០ លើគ្រប់វិស័យ ហើយបានផ្លាស់ប្ដូរ និងជំរុញកិច្ចសហប្រតិបត្តិការជាប្រចាំលើវេទិកាសំខាន់ចំនួន ពីគឺ គណកម្មការសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណកម្មាការសហប្រតិបត្តិការទ្វេភាគី។

សមិទ្ធផលដ៏លេចធ្លោបំផុតនាពេលថ្មីៗនេះ គឺជាដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅ សាធារណៈរដ្ឋឥណ្ឌូណេស៊ី នាខែសីហា ឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាប្រវត្តិសាស្ត្រពិសេស ដោយបានកត់សម្គាល់ដំណាក់កាលថ្មីនៃទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងលើគ្រប់ជ្រុងជ្រោយថែមទៀត ព្រមទាំងរឹតបន្តឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស ប្រជាធិបតេយ្យឥណ្ឌូណេស៊ីតស៊ូប្រយុទ្ធ។

លើសពីនេះទៀត ភាគីទាំងពីរបានរួមសហការគ្នាយ៉ាងជិតស្និទ្ធនិងសកម្មនៅក្នុងវេទិកាអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ អាស៊ាន និងអង្គការអន្តរជាតិដទៃទៀត។ ជាពិសេសតាមរយៈបណ្ដាជំនួបប្រាស្រ័យ  ទាំងថ្នាក់ដឹកនាំ ជំនាញការ និងសហគ្រាសនៃប្រទេសទាំងពីរគឺសុទ្ធតែចែករំលែកនូវទស្សនៈ គោលជំហរជាច្រើន ហើយពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនយោបាយ នៅក្នុងតំនន់ និងអន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ។

នាប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិង វិនិយោគរវាងវៀតណាមនិងឥណ្ឌូនេស៊ីបន្តមានកំណើនយ៉ាងខ្លាំងក្លា។តាមការប៉ាន់ស្មានថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ ទទួលបាន 6,4 ពាន់លាន ដុល្លារអាមេរិក កើន 20% បើធៀបនឹងឆ្នាំ ២០១៦។ ក្នុងនោះ វៀតណាមបាននាំចេញទៅកាន់ឥណ្ឌូនេស៊ី ទូរស័ព្ទ គ្រឿងបន្លាស់គ្រប់ប្រភេទ  ប្រេងឥន្ធនៈ  រ៉ែ និងផលិតផលដែកថែប ជាដើម។ នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាដៃគូពាណិជ្ជកម្មធំទី ៤ វិនិយោគិនធំ ទី ៥ របស់វៀតណាមក្នុងប្លុកអាស៊ាន។

ដំណើរទស្សនកិច្ចនេះសំដៅពង្រីកឱកាសសហប្រតិបត្តិនាពេលខាងមុខ

ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកនេះ របស់ប្រធានាធិបតី លោក Joko Widodo ភាគីទាំងពីរនឹងរកឃើញ និងកំណត់ទិសដៅថ្មី ដោះស្រាយបញ្ហារួមសហការលើវិស័យនយោបាយ និងការទូត។ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់មានបម្រែបម្រូលដ៏ស្មុគស្មាញនោះ វៀតណាមនិងឥណ្ឌូណេស៊ីបានចែករំលែកទស្សនៈរួមគ្នា មិនត្រឹមតែចំពោះស្ថានភាពសន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងនៅក្នុងវេទិកាផ្សេងៗទៀតផង។

នាដើមឆ្នាំ ២០១៩ ឥណ្ឌូនេស៊ីនឹងទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។វៀតណាមនិងឥណ្ឌូណេស៊ីបានចែករំលែកទស្សនៈរួមគ្នាក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ដែលឈរលើដំណើរការគតិយុត្ត ហើយគោរពច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។ អាស្រ័យហេតុនេះ ដំណើរទស្សនកិច្ចលើកនេះ គឺជាឱកាសសម្រាប់ភាគីទាំងពីរក្រឡេកមើលឡើវិញនូវទំនាក់ទំនងភាពជាដៃគូយុទ្ទសាស្ត្រដំណាក់កាល ៥ ឆ្នាំ 2013-2018 ព្រមទាំង នាំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងបរិបទដែលតំនន់ និងពិភពលោកមានការផ្លាស់ប្ដូរជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ