រដ្ឋប្រហារមិនបង្កើតឡើងសន្តិភាពនោះឡើយ

(VOVWORLD) - នាថ្ងៃទី៣០ ខែមេសា កងទ័ពវេណេហ្ស៊ុយអេឡាបានបំផ្លាញចោលនូវឧបាយកលធ្វើរដ្ឋប្រហាររបស់មេដឹកនាំភាគីប្រឆាំងលោក Juan Guaido យ៉ាងឆាប់រហ័ស។ ស្ថានភាពនៅប្រទេសអាមេរិកឡាទីននេះកំពុងស្ដារស្ថិរភាពឡើងវិញ ជាបណ្ដើរៗ។ ទោះបីជារដ្ឋាភិបាលនិងប្រជាជន វេណេហ្ស៊ុយអេឡានៅតែមាន ការងារជាច្រើនដើម្បីជំនះពុះពារលើការលំបាកខាងសេដ្ឋកិច្ចសង្គមក្ដី ប៉ុន្តែការ ពិតជាក់ស្ដែងបានបញ្ជាក់អោយឃើញថា រដ្ឋប្រហារមិននាំមកនូវវិបុលភាព សម្រាប់ប្រជាជនវេណេហ្ស៊ុយអេឡានោះឡើយ។ បញ្ហាទាំងអស់នេះចាំបាច់ត្រូវបាន ដោះស្រាយតាមរយៈកិច្ចសន្ទនា។
រដ្ឋប្រហារមិនបង្កើតឡើងសន្តិភាពនោះឡើយ - ảnh 1ប្រធានាធិបតីវេណេហ្ស៊ុយអេឡាញលោក Nicolas Maduro អញ្ចើញចូលរួមព្រឹត្តិការណ៍មួយក្នុងទិវាពលករអន្តរជាតិ ថ្ងៃទី១ ខែឧសភា នៅរដ្ឋធានី Caracas (រូបថត៖ AFP/TTXVN)

  ការប៉ះទង្គិចបានផ្ទុះឡើងនៅរដ្ឋធានី Caracas នាថ្ងៃទី៣០ ខែមេសា បន្ទាប់ពីមេដឹកនាំភាគីប្រឆាំងលោក Juan Guaido អំពាវនាវធ្វើការបះបោរសំដៅផ្ដួលរលំប្រធានាធិបតីស្របតាមរដ្ឋធម្មនុញ្ញលោក Nicolas Maduro។ មានទាហានចំនួន២០នាក់បានចូលរួមធ្វើរដ្ឋប្រហារ។ សមត្ថកិច្ចវេណេហ្ស៊ុយអេឡាកំពុងស៊ើបអង្កេតក្រុមជនដៃដល់ដែលចូលរួមដោយផ្ទាល់ក្នុងឧបាយកលនេះ ព្រមទាំងអះអាងថាពួកគេនឹងត្រូវសងថ្លៃវិញដោយសារអំពើក្បត់ជាតិ។

       សហគមន៍អន្តរជាតិប្រឆាំងជំទាស់នឹងការធ្វើរដ្ឋប្រហារ

        ឧបាយកលធ្វើរដ្ឋប្រហារមិនសម្រេចជោគជ័យ ដែលត្រូវបានបំផុសឡើងដោយមេដឹកនាំភាគីប្រឆាំងលោក Juan Guaido ដោយមានការជួយឧបត្ថម្ភពីកម្លាំងនៅខាងក្រៅនោះ បានសរអោយឃើញថា នោះមិនមែនជាវិធីសាស្ត្រដើម្បីនាំមកនូវសន្តិភាពសម្រាប់ប្រទេសវេណេហ្ស៊ុយអេឡាឡើយ។ សារព័ត៌មាននៃប្រទេសជាច្រើនបានចាត់ទុកថា ដំណោះស្រាយល្អបំផុតដើម្បីបំពេញនូវភាពខុសប្លែកគ្នាគឺត្រូវពឹងផ្អែកលើរបៀបរបបនិងការគោរពគ្នាទៅវិញទៅមក។ តំណាងនៃបណ្ដាប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ (NAM) បានអំពាវនាវអោយគោរពអធិបតេយ្យភាពនៃ វេណេហ្ស៊ុយអេឡា ព្រមទាំងបដិសេធធ្វើអន្តរាគមន៍ចូលក្នុងបញ្ហាផ្ទៃក្នុងនៃប្រទេសអាមេរិកឡាទីននេះផងដែរ។ ក្រុម Lima រួមមានប្រទេសអាមេរិកឡាទីនទាំង១៣និងប្រទេសកាណាដានឹងកោះហៅកិច្ចប្រជុំជាបន្ទាន់មួយនាថ្ងៃទី៣ខែឧសភា។ តាមប្រធានាធិបតីមិចស៊ីកូលោក Lopez Obrador ថា ប្រទេសនេះប្រឆាំងជំទាស់នឹងការធ្វើអន្តរាគមន៍ទាំងអស់ចូលក្នុងវេណេហ្ស៊ុយអេឡានាគ្រានេះ។ បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនានិងការគោរពសិទ្ធិមនុស្ស ដែលមិនមែនជាអំពើហឹង្សាឡើយ។

        នៅទ្វីបអឺរ៉ុប គណៈកម្មាធិការអឺរ៉ុប (EC) ក៏បានអំពាវនាវអោយមានដំណោះស្រាយនយោបាយនិងសន្តិភាពមួយផងដែរ។ តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសលោកស្រី Federica Mogherini បានអះអាងថា ដំណោះស្រាយនយោបាយ សន្តិភាព និងប្រជាធិបតេយ្យគឺជាដំណោះស្រាយតែមួយគត់ចំពោះស្ថានភាពនៅវេណេហ្ស៊ុយអេឡានាបច្ចុប្បន្ន។ EU ថ្កោលទោសអំពើហឹង្សាក្រោមគ្រប់រូបភាព ហើយអំពាវនាវអោយភាគីទាក់ទិននានាត្រូវអត់ធ្មត់ដើម្បីមិនទុកអោយភាពតានតឹងកើនឡើងឡើយ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្ដោតទៅលើដំណោះស្រាយសន្តិភាពមួយ ចំពោះវិបត្តិនេះតែម្ដង។ ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកថា បញ្ហាផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡាចាំបាច់ត្រូវបានដោះស្រាយតាមរយៈជំនួបចរចារដោយគ្មានលក្ខខ័ណ្ឌតម្រូវការជាមុនឡើយ។

        ការសន្យាផ្លាស់ប្ដូររបស់រដ្ឋាភិបាល

        មិនអាចបដិសេធបានឡើយថា ទោះបីជាការធ្វើរដ្ឋប្រហារពោលខាងលើមិនសម្រេចជោគជ័យក្ដី ប៉ុន្តែវាក៏បានសរអោយឃើញនូវជម្លោះនានាលើឆាកនយោបាយវេណេហ្ស៊ុយអេឡា។ តាមថ្នាក់ដឹកនាំវេណេហ្ស៊ុយអេឡាបានអោយដឹងថា ភាគីប្រឆាំងនិងអានុភាពអមិត្តនៅខាងក្រៅចង់នាំប្រទេសអាមេរិកឡាទីននេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលមួយ។ ចំពោះស្ថានភាពនេះ ប្រធានាធិបតីលោក Nicolas Maduro បានសន្យានឹងបន្តតស៊ូការពារផលប្រយោជន៍និងអធិបតេយ្យភាពជាតិ ក៏ដូចជាសមិទ្ធផលនានាដែលបដិវត្តន៍វេណេហ្ស៊ុយអេឡាដណ្ដើមបានក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅផងដែរ។

        លោក Nicolas Maduro ក៏បានប្រកាសថា រដ្ឋាភិបាលនៃប្រទេសនេះត្រៀមខ្លួនជាស្រេចដំណើរការ “មហាផែនការមួយស្ដីពីការផ្លាស់ប្ដូរបដិវត្តន៍ Bolivar”សំដៅជំនះពុះពារលើភាពអន់ខ្សោយនាពេលកន្លងទៅ។ ជាក់ស្ដែងគឺនាថ្ងៃទី៤និងថ្ងៃទី៥ ខែមេសា ប្រធានាធិបតីរូបនេះនឹងប្រកាសថ្ងៃដែលប្រទេសនេះរៀបចំកិច្ចសន្ទនារវាងប្រជាជនជាមួយអាជ្ញាធរសាធារណៈគ្រប់ជាន់ថ្នាក់ ដើម្បីអោយប្រជាជនអាចលើកសំណើរជូនរដ្ឋាភិបាល Bolivar និងប្រធានាធិបតី ស្ដីពីអ្វីៗដែលត្រូវការផ្លាស់ប្ដូរក្នុងបដិវត្តន៍ Bolivar។

        មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការរៀបចំ “ថ្ងៃសន្ទនាជាតិ” លើកនេះគឺជាការខិតខំប្រឹងប្រែងមួយសំដៅស្វែងរកដំណោះស្រាយចំពោះកំហុសនានារបស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា។

        អាចឃើញថា ប្រទេសវេណេហ្ស៊ុយអេឡាកំពុងឆ្លងកាត់ពេលវេលាតានតឹងមួយ។ ទោះបីជារដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញនិងប្រជាជនវេណេហ្ស៊ុយអេឡា នៅតែត្រូវការបំពេញការងារជាច្រើនដើម្បីដោះស្រាយបញ្ហានៅសេសសល់ក្នុងជីវភាពសេដ្ឋកិច្ចនយោយបាយក្ដី ប៉ុន្តែសាធារណៈមតិសង្ឃឹមថា ស្ថិរភាពនិងវិបុលភាពនឹងវិលត្រឡប់ប្រទេសនេះវិញយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ