វៀតណាមចូលរួមចំណែកកសាងសហគមន៍អាស៊ានអោយបានរឹងមាំ

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួម កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមិថុនា នៅ រដ្ឋធានីបាំងកក ប្រទេសថៃ។

ក្រោមប្រធានបទ “ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីចីរភាព” នៃកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំប្រទេសអាស៊ីអាគ្នេយ៍នានា នឹងចែករំលែកទស្សនៈរួមស្ដីពីបញ្ហាជាច្រើនក្នុងតំបន់និងលើពិភពលោក ដើម្បីឆ្ពោះទៅរកវិបុលភាពសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាតំបន់អាស៊ានទាំងមូលផងដែរ។ ការដែលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ បានបន្តអះអាងថា វៀតណាមជាសមាជិកដ៏ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវចំពោះវិបុលភាពរបស់អាស៊ាន ព្រមទាំងចូលរួមចំណែកកសាងអាស៊ានមួយគឺខ្លួនទីពឹងខ្លួន។

       រក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានអោយបានរឹងមាំ

        កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពនៅតំបន់និងលើពិភពលោកកំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញជាច្រើន ដែលប៉ះពាល់ដល់អាស៊ានមិនតិចតួចឡើយ។ អាស៊ាននិងអង្គការតំបន់ផ្សេងៗទៀត កំពុងប្រឈមនឹងការសាកល្បងធំៗមកពីជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន បញ្ហាសន្តិសុខទាំងប្រពៃណីនិងក្រៅប្រពៃណី ជាដើម។ ទន្ទឹមនឹងនោះ ការធ្វើអន្តរាគមន៍របស់មហាអំណាចពិភពលោកទៅក្នុងតំបន់ក៏ដូចជាទៅក្នុងបញ្ហាដាច់ដោយឡែកនៃប្រទេសសមាជិកនីមួយៗ បានធ្វើអោយអាស៊ានជួនកាលមិនអាចទទួលបានការស្រុះចិត្តគំនិតគ្នាផងដែរ។ នេះក៏ជាការសាកល្បងដែលរារាំងគោលដៅរបស់អាស៊ានក្នុងការអនុវត្តទស្សនៈវិស័យឆ្នាំ២០២៥នោះគឺ កសាងសហគមន៍មួយដោយពឹងផ្អែកលើសសរទ្រូងចំនួន៣រួមមាននយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌សង្គម ដោយតភ្ជាប់ជាមួយពិភពលោកហើយជំរុញសមាហរណកម្មសកលលោក។ អតីតអគ្គលេខាធិការអាស៊ានលោក Le Luong Minh ពេលដែលចូលរួមសិក្ខាសាលាមួយនៅទីក្រុងហាណូយនាពេលថ្មីៗនេះ បានសង្កត់ធ្ងន់ថា អាស៊ានត្រូវជំរុញកិច្ចសហប្រតិបតិ្តការផ្ទៃក្នុងអោយបានខ្លាំងក្លាថែមទៀតដើម្បីមានកម្លាំងប្រឆាំងនឹងផលប៉ះពាល់ជាអវិជ្ជមានពីខាងក្រៅ។ លោក Minh បានអោយដឹងថា៖

        “ដើម្បីរក្សាយ៉ាងរឹងមាំនូវតួនាទីជាមជ្ឈមណ្ឌល ហើយជាយន្តការមួយមិនត្រឹមតែសមស្របចំពោះតំបន់ប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកទាំងមូលទៀតផង អាស៊ានត្រូវការអភិវឌ្ឍន៍យ៉ាងស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការខាងសន្តិសុខ នយោបាយ តាមរយៈការកសាងប្រព័ន្ធគោលការណ៍ដែលណែនាំអោយមានប្រតិកម្មរួមរបស់អាស៊ានចំពោះការវិវត្តន៍នានាលើពិភពលោក។ ទន្ទឹមនឹងនោះ បន្តធ្វើបច្ចុប្បន្នភាពធម្មនុញ្ញាអាស៊ានដើម្បីធ្វើអោយយន្តការចេញសេចក្ដីសម្រេចរបស់អាស៊ានមានភាពបត់បែនជាង ហើយទទួលបានការស្រុះចិត្តគំនិតខ្ពស់ជាង ផងដែរ”។

        ក្នុងកាលៈទេសៈនោះ ប្រធានបទ “ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីចីរភាព” ដែលប្រទេសថៃបានលើកឡើងសម្រាប់ឆ្នាំប្រធាន២០១៩នេះ ត្រូវបានធ្វើជាក់ស្ដែងភាវូបនីយកម្មតាមរយៈខ្លឹមសារជាច្រើននៃកិច្ចប្រជុំដូចជា ការអនុម័តលើសេចក្ដីថ្លែងការណ៍រួមស្ដីពីទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំចំពោះចីរភាព រួមជាមួយផែនការធ្វើសកម្មភាពសំដៅដោះស្រាយបញ្ហាបំពុលសមុទ្រ។ ថ្នាក់ដឹកនាំអាស៊ានក៏បានឯកភាពគ្នាជំរុញការបញ្ចប់កិច្ចចរចាអំពីកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងឆ្នាំនេះផងដែរ។

       វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងអាស៊ានមួយដ៏រឹងមាំ

        វៀតណាមមានមោទនភាពថា ក្នុងជោគជ័យនីមួយៗរបស់អាស៊ាននាពេលកន្លងទៅ សុទ្ធតែមានការរួមចំណែករបស់វៀតណាមក្នុងឋានៈជាសមាជិកមួយដ៏សកម្ម ម្ចាស់ការ មានការទទួលខុសត្រូវ ជានិច្ចកាលរួមដៃជាមួយប្រទេសសមាជិកផ្សេងៗទៀតដើម្បីពង្រឹងចំណងសាមគ្គីភាព ក៏ដូចជាអភិវឌ្ឍន៍អាស៊ានអោយកាន់តែរឹងមាំ ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ។ វៀតណាមមានគោលបំណងចង់ពង្រីកតួនាទី រួមចំណែកយ៉ាងជាក់ស្ដែងថែមទៀតទៅក្នុងដំណើរការកសាងនិងអភិវឌ្ឍសហគមន៍អាស៊ានមួយប្រកបដោយភាពខ្លួនទីពឹងខ្លួន ភាពច្នៃប្រឌិត និងសុខដុមរម្យនា។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានអះអាងថា៖

        “វៀតណាមជានិច្ចកាលចាត់ទុកអាស៊ានជាអាទិភាពចម្បងមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានរួមចំណែកទៅក្នុងកិច្ចការរួមនានារបស់អាស៊ាន។ មិនត្រឹមតែលើកឡើងនិងអនុវត្តន៍គំនិតផ្ដួចផ្ដើមរបស់អាស៊ានប៉ុណ្ណោះទេ វៀតណាមក៏បានយកចិត្តទុកដាក់ដល់ការលើកកំពស់មនសិការ ការយល់ដឹងរបស់ស្ថាប័នរដ្ឋ ប្រជាជន និងសហគ្រាសអំពីអាស៊ាន។ នាឆ្នាំ២០២០ ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមបានដាក់ចេញប្រធានបទនៃឆ្នាំអាស៊ាននេះគឺ “ឆ្ពោះទៅរកសហគមន៍អាស៊ានចាប់ពីទស្សនៈវិស័យដល់សកម្មភាព”។

        ឆ្នាំ២០២០នឹងគម្រប់រយៈពេល២៥ឆ្នាំដែលវៀតណាមក្លាយទៅជាសមាជិកក្នុងគ្រួសារអាស៊ាន។ ហេតុនេះហើយ ដំណើរចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤និងកិច្ចប្រជុំជាន់ខ្ពស់ទាក់ទិននានារបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លើកនេះ គឺសំដៅបន្តអះអាងថា វៀតណាមជាសមាជិកដ៏សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវចំពោះវិបុលភាពរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ