វៀតណាមជាគោលដៅប្រកបដោយសន្តិភាពនៃសកម្មភាពសាសនាអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី១២ ខែឧសភា ខាងមុខនេះ វៀតណាមនឹងទទួលស្វាគមន៍តំណាង ពុទ្ធសាសនិកចំនួន១៦០០នាក់ ដែលក្នុងនោះមានទាំងថ្នាក់ដឹកនាំនៃប្រទេស មួយចំនួន ដែលមកចូលរួមមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩។ ការពិតជាក់ស្ដែងនេះបានសរអោយឃើញថា ល្បិចកលរបស់គណៈ កម្មាធិការសេរីភាពសាសនាអន្តរជាតិអាមេរិកនៅក្នុងរបាយការណ៍ជាប្រចាំឆ្នាំស្ដីពីស្ថានភាពសេរីភាពខាងសាសនាដែលក្នុងនោះមានស្ថានភាពសាសនានៅវៀតណាមនាពេលថ្មីៗនេះ ត្រឹមតែជាការវាយតម្លៃខ្វះភាពបរានុម័តនិងខ្វះសុឆន្ទៈ ចំពោះ វៀតណាមតែប៉ុណ្ណោះ។

វៀតណាមជាប្រទេសពហុជំនឿសាសនា។ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗនៃប្រទេសជាតិ បណ្ដាជំនឿសាសនាជានិច្ចកាលរួមរស់ប្រកបដោយភាពសុខដុមរមនានិងស្និទ្ធស្នាលជាមួយប្រជាជាតិទាំងមូល។ ៩៥%នៃចំនួនប្រជាជនវៀតណាមមានជីវភាពខាងជំនឿ ដែលក្នុងនោះមានមនុស្សចំនួន២៤,៣លាននាក់ដែលកាន់សាសនាខុសៗគ្នា ពោលគឺស្រូបយក២៧%នៃចំនួនប្រជាជន។ សកម្មភាពជំនឿសាសនានៅវៀតណាមពិតជាសម្បូរបែបដោយមានពិធីបុណ្យជំនឿសាសនាជាង ៨០០០លើកជារៀងរាល់ឆ្នាំ។ តួរលេខទាំងនេះគឺជាសាក្ខីភាពយ៉ាងច្បាស់លាស់ដែលបញ្ជាក់ថា សិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានាជាពុំខាន។

        ទស្សនៈយ៉ាងច្បាស់លាស់ស្ដីពីជំនឿសាសនា

        គោលនយោបាយដ៏ឥតងាករេរបស់រដ្ឋវៀតណាមនោះគឺគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនាក៏ដូចជាសិទ្ធិសេរីភាពមិនកាន់ជំនឿសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប។ ប្រការនេះត្រូវបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់របស់វៀតណាម ហើយត្រូវបានធានានិងគោរពយ៉ាងដាច់ខាត។

        ដំបូងបង្អស់ នោះគឺការបំពេញប្រព័ន្ធច្បាប់ គោលនយោបាយស្ដីពីជំនឿសាសនា ជាពិសេសគឺការចេញផ្សាយច្បាប់ជំនឿសាសានាឆ្នាំ២០១៦ និងបណ្ដាឯកសារណែនាំការប្រតិបត្តិច្បាប់ជំនឿសាសនានាពេលកន្លងទៅ។ ច្បាប់នេះបានចែងច្បាស់ថា៖ “ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពខាងជំនឿសាសនាដោយកាន់ឬមិនកាន់សាសនាណាមួយ។ ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិសម្ដែងនូវជំនឿសាសនា ប្រតិបត្តិពិធីការជំនឿសាសនា ចូលរួមពិធីបុណ្យ សិក្សារៀនសូត្រនិងប្រតិបត្តិព្រះវិន័យនិងព្រះធម៌ក្នុងសាសនា ផងដែរ”។ មុននោះ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ក៏បានកំណត់ថា៖ “ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពខាងជំនឿសាសនា ដោយកាន់ឬមិនកាន់សាសនាណាមួយ។ សាសនាទាំងអស់សុទ្ធតែស្មើរគ្នានៅចំពោះមុខច្បាប់។ រាល់ទីកន្លែងធ្វើសក្ការៈបូជាជំនឿសាសនាសុទ្ធតែត្រូវបានគាំពារដោយច្បាប់។ គ្មានអ្នកណាត្រូវបានរំលោភបំពានលើសេរីភាពខាងជំនឿសាសនា ឬឆ្លៀតយកជំនឿសាសនាដើម្បីប្រតិបត្តិទង្វើដោយខុសច្បាប់និងគោលនយោបាយរបស់រដ្ឋនោះទេ”។

        រាល់មូលដ្ឋានគតិយុត្តជាសារវ័ន្តពោលខាងលើបានបញ្ជាក់យ៉ាងច្បាស់ថា ការធានានិងគោរពសេរីភាពខាងជំនឿសាសនានិងសាមគ្គីភាពជាតិ គឺជាគោលការណ៍ចម្បងនិងឥតងាករេរបស់បក្សនិងរដ្ឋវៀតណាមតាំងពីមុនមក។

       វៀតណាម-គោលដៅប្រកបដោយសន្តិភាពនៃអង្គការសាសនាអន្តរជាតិ

        ពិតណាស់ថា ពិធីបុណ្យទាននានារបស់បណ្ដាសាសនានៅវៀតណាមជានិច្ចកាលប្រព្រឹត្តទៅយ៉ាងមហោឡារឹកនិងត្រឹមត្រូវតាមពិធីការនៃសាសនាទាំងនោះ ហើយទាក់ទាញការចូលរួមរបស់សាសនិកយ៉ាងច្រើនកុះករ។ នាពេលថ្មីៗនេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ បានប្រព្រឹត្តទៅប្រកបដោយក្ដីសប្បាយយ៉ាងក្រៃលែងនាពាក់កណ្ដាលខែមេសា ដោយមានសកម្មភាពសាសនាដ៏សម្បូរបែប ហើយទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អាជ្ញាធរតំបន់ ក៏ដូចជាថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។ ក៏ដូចគ្នាដែរ ក្នុងឱកាសបុណ្យណូអែលរបស់ជនរួមជាតិកាតូលិកនោះ គឺថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម សុទ្ធតែរៀបចំសកម្មភាពសួរសុខទុក្ខនិងជូនពរសហគមន៍កាតូលិកផងដែរ។

        ចាប់តាំងពីមុនមក បណ្ដាអង្គការសាសនានៅវៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួបប្រាស្រ័យនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិ។ ក្នុងប៉ុន្មានថ្ងៃនេះ មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ ក្រោមការទទួលរៀបចំរបស់វៀតណាម បាននាំវៀតណាមក្លាយទៅជាគោលដៅនៃសកម្មភាពសាសនាអន្តរជាតិ។ តំណាងពុទ្ធសាសនាមកពីប្រទេសនិងតំបន់ដែនដីចំនួន១១២ រួមជាមួយគណៈប្រតិភូចំនួន៥៧០ក្រុម ដែលក្នុងនោះមានអគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ប្រធានាធិបតីមីយ៉ាន់ម៉ា នាយករដ្ឋមន្រ្តីនេប៉ាល់ និងប្រធានព្រឹទ្ធសភាឥណ្ឌា នឹងអញ្ជើញមកដល់វៀតណាមដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់នេះ។ មុននោះ វៀតណាមក៏បានរៀបចំប្រកបដោយជោគជ័យនូវមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិនាឆ្នាំ២០០៨និងឆ្នាំ២០១៤ ផងដែរ។ រាល់ព្រឹត្តិការណ៍សាសនាដែលប្រព្រឹត្តទៅនៅវៀតណាម សុទ្ធតែបន្សល់ទុកមកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរចំពោះមិត្តភក្តិអន្តរជាតិ។

        ការពិតជាក់ស្ដែងពោលខាងលើគឺជាសាក្ខីភាពដ៏រស់រវើកចំពោះជីវភាពខាងសាសនាដ៏សម្បូរបែបនៅវៀតណាម ព្រមទាំងក៏ជាការកត់សម្គាល់របស់សហគមន៍អន្តរជាតិចំពោះសមិទ្ធផលនានារបស់វៀតណាមក្នុងការអនុវត្តគោលជំហរនិងគោលនយោបាយស្ដីពីសេរីភាពខាងជំនឿសាសនាផងដែរ។ ហេតុនេះហើយ រាល់ល្បិចកលដែលចាត់ទុកថា វៀតណាមបានរំលោភបំពានទៅលើសេរីភាពខាងជំនឿសាសនាទាំងនោះ ត្រឹមតែជាការវាយប្រហារខ្វះភាពបរានុម័ត ហួសសម័យ ដែលមិនអាចធ្វើអោយផ្ទាំងគំនូរស្ដីពីសេរីភាពខាងជំនឿសាសនានៅវៀតណាមសាបរលាបបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ