សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរាល់គោលដៅសមាហរណកម្ម

(VOVWORLD) -កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចកិច្ចអាស៊ាន(AEM Retreat) លើកទី ២៥ បានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមេសានៅទីក្រុង Phuket ភាគខាងត្បូងប្រទេសថៃ។ 

ទន្ទឹមនឹងគោលដៅពន្លឿន បញ្ចប់ការចរចាលើកិច្ចព្រមព្រៀង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាចុងឆ្នាំ២០១៩  ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានឯកភាពគ្នាថា គប្បីទទួលបានការឯកភាពគ្នាផ្ទៃក្នុងអាស៊ានជាមុនសិន មុនពេលអនុវត្តន៍ការចរចាជាមួយបណ្ដាប្រទេសដៃគូដទៃទៀត។

RCEP ត្រូវបានចាប់ផ្ដើមចាប់ពីខែកុម្ភៈ ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់ការចរចានាចុងឆ្នាំនេះ។ នាបច្ចុប្បន្ននេះ បណ្ដា ប្រទេសជាសមាជិក RCEP  បានដោះស្រាយរាល់ការចរចាស្ដីពីការទាក់ទងផ្ទាល់ជាមួយទីផ្សារចំពោះទំនិញ និងសេវាកម្មប្រមាណ ៨០ ភាគរយ នៃទំនិញសរុប និងទំហំពាណិជ្ជកម្មផងដែរ។

សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរាល់គោលដៅសមាហរណកម្ម - ảnh 1 (រូបថត៖ vnanet.vn)

កាត់បន្ថយឧបសគ្គពាណិជ្ជកម្មក្នុងប្លុក

ជំហានឆ្ពោះទៅមុខដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំ AEM Retreat លើកនេះ គឺការដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ពីរគឺ៖ កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) និងពិធីសារទី ៤ ស្ដីពីការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន  (ACIA) ។ ដូច្នោះហើយ ATISA មានគោលដៅកែលម្អនូវរាល់បទដ្ឋានកំណត់សម្រាប់វិស័យសេវាកម្មក្នុងតំបន់ កាត់បន្ថយឧបសគ្គមិនចាំបាច់ចំពោះពាណិជ្ជកម្មសេវាកម្មក្នុងប្លុកអាស៊ាន។ ទន្ទឹមនឹងនេះ ពិធីសារទី ៤ ដែលធ្វើវិសោធនកម្ម ACIA នឹងដោះស្រាយរាល់បញ្ហារបស់រដ្ឋាភិបាលដែលបានកំណត់ចំពោះវិនិយោគិនបរទេស សំដៅជំរុញទុនវិនិយោគក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំលើកនេះ បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានឯកភាពគ្នាពន្លឿនការសម្របសម្រួល យន្តការបញ្ជរតែមួយជាតិផ្សេងៗគ្នានៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅដោះស្រាយបែបបទនាំចេញ នាំចូលទំនិញឆ្លងដែន យ៉ាងឆាប់រហ័ស។ ប្រព័ន្ធបញ្ជរតែមួយអាស៊ាន (ASW) បានជំរុញពាណិជ្ជកម្មឆ្លងដែនតាមរយៈការអនុញ្ញាតឱ្យមានការផ្លាស់ប្តូរអេឡិកត្រូនិកនូវឯកសារដែលទាក់ទិននឹងពាណិជ្ជកម្មរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន។

នាបច្ចុប្បន្ននេះបណ្តាប្រទេសអាស៊ានកំពុងអនុវត្តប្រព័ន្ធនេះដោយបញ្ចប់ដំណាក់កាលបច្ចេកទេស ដើម្បីបម្រើការផ្លាស់ប្ដូរសាកពិសោធន៍អំពីសាលាកប័ត្រចំពោះប្រទេសេសអាស៊ានទាំង ១០។ វាយតម្លៃអំពីការខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុង និងការកាត់បន្ថយរបាំងពាណិជ្ជកម្មតាមរយៈយន្តការនេះ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានឲ្យដឹងថា៖

“ខ្ញុំគិតថាយើងចាំបាច់ត្រូវលើកតម្កើងបណ្ដារដ្ឋាភិបាលអាស៊ានក្នុងការខិតខំប្រឹងប្រែងដើម្បីអនុវត្ត យន្តការបញ្ជរតែមួយអាស៊ាន (ASW) ព្រោះថា នេះគឺជាជំហានបុព្វបទដ៏សំខាន់មួយ។ នាងខ្ញុំគិតថាយើងចាំបាច់ត្រូវកែលម្អយន្តការនេះថែមទៀត ដោយសារយន្តការនេះមិនទាន់មានភាពល្អឥតខ្ចោះឡើយ។ ទោះជាយ៉ាងណាក៏ដោយនេះ នៅតែជាជំហានដំបូងដ៏សំខាន់មួយ។ នាបច្ចុប្បន្ននេះ បណ្ដារដ្ឋាភិបាលចាំបាច់ត្រូវស្វែងយល់អំពីបញ្ហាដែលនៅសេសសល់ក្នុងការប្រតិបត្តិយន្តការបញ្ជរតែមួយ ហើយបន្តសុក្រឹតវាផងដែរ”។

សហគមន៍សេដ្ឋកិច្ចអាស៊ាន និងគោលដៅសមាហរណកម្ម

ក្នុងអាណត្តិទទួលតំណែងជាប្រធានប្ដូរវេនអាស៊ាននោះ ថៃបានដាក់ចេញគោលដៅសេដ្ឋកិច្ចដ៏សំខាន់ៗចំនួន ១៣ ដើម្បីជំរុញការធ្វើសមាគមហរណកម្មតំបន់តាមសរសរទ្រូងស្នូលចំនួន ៣ គឺ៖ ការជួយឧបត្ថម្ភអាស៊ានក្នុងការត្រៀមរៀបចំសម្រាប់បដិវត្តឧស្សាហកម្ម ៤.០  ការជំរុញការតភ្ជាប់អាស៊ានតាមរយៈពាណិជ្ជកម្ម ការវិនិយោគ សេវាកម្ម  និងការបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព។

នាបច្ចុប្បន្ននេះ អាស៊ានគឺជាអង្គការ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើនបំផុតក្នុងតំបន់។ ក្នុងបរិបទដែលពិភពលោកកំពុងកើតមាននិន្នាការប្រឆាំងនឹងសកលភាវូបនីយកម្ម និងការគាំពារពាណិជ្ជកម្មនោះ អាស៊ានបានបន្តអនុវត្តន៍គោលនយោបាយបើកចំហ។ ប្រការនេះបានបើកឱកាសដ៏ធំធេងសម្រាប់ដំណើរការធ្វើសមាហរណកម្មតំបន់ និងសេដ្ឋកិច្ចសកលរបស់អាស៊ាន។ ក្នុងបរិបទនេះ វៀតណាមបានប្រកាន់ខ្ជាប់នឹងគោលការណ៍ជំរុញកិច្ចសហប្រតិបត្តិការផ្ទៃក្នុង រួមជាមួយអាស៊ានបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយដៃគូនានានៅខាងក្រៅប្លុក។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM វៀតណាមបានចាត់ទុកថា៖

“យើងមានគោលបំណងចង់ជំរុញពាណិជ្ជកម្មផ្ទៃក្នុង។ វៀតណាមមិនត្រឹមតែធ្វើសមាហរណកម្មជាមួយអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាមួយបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោកទៀតផង។ វៀតណាមបានប្រកាន់ខ្ជាប់នឹងគោលការណ៍រួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានជំរុញ
កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅខាងក្រៅប្លុកនេះ ដើម្បីបង្កើនពាណិជ្ជកម្មផងដែរ។ ហេតុដូច្នេះហើយ អាស៊ានបានរួមគ្នាប្ដេជ្ញាចិត្តជំរុញដំណើរការចរចានានា ដើម្បីទទួលបានលទ្ធផលជាផ្លែផ្ដាឲ្យបានឆាប់ៗផងដែរ”។

ដើម្បីត្រៀមរៀបចំសម្រាប់ការទទួលតំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ខាងមុខនេះ វៀតណាមបានបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីអនុវត្តផែនការធ្វើសកម្មភាពយុទ្ធសាស្រ្ត AEC ឆ្នាំ២០២៥។ តាមរយៈរាល់គំនិតផ្តួចផ្តើមតភ្ជាប់ក្នុងប្លុកអាស៊ាន និងចក្ខុវិស័យសហគមន៍ឆ្នាំ ២០២៥ នោះ វៀតណាមបានខិតខំប្រឹងប្រែងនាំអាស៊ានរក្សា Top ខឿនសេដ្ឋកិច្ចកំពូលទាំង ១០ លើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ