ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងការអភិរក្សចម្រៀង Tru

(VOVWORLD) -  ចាប់តាំងពីបានអង្គការ UNESCO លើកតម្កើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីត្រូវការការពារបន្ទាន់មក ទីក្រុងហាណូយបានផ្សព្វផ្សាយយ៉ាងសកម្មដើម្បីជួយឲ្យបេតិកភណ្ឌចម្រៀង Tru  មិនត្រឹមតែ “រស់រានឡើងវិញ” ប៉ុណ្ណោះទេ ថែមទាំងបានអភិរក្សប្រកបដោយនិរន្តរភាពទៀតផង។ ក្រៅពីផ្តោតការយកចិត្តទុកដាក់លើការបង្រៀនឲ្យជំនាន់វ័យក្មេងមក ទីក្រុងហាណូយកំពុងរៀបចំសកម្មភាព ច្រៀងចម្រៀង Tru  យ៉ាងសកម្មដើម្បីធ្វើឱ្យទម្រង់សិល្បៈបែបប្រពៃណីនេះមានភាពរស់រវើកឡើងវិញនិងខិតមកជិតជាមួយមហាជនជាង។

ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងការអភិរក្សចម្រៀង Tru - ảnh 1ពេលសម្តែងចម្រៀង Tru មួយរបស់ក្លឹបចម្រៀង Tru នៃទីក្រុងហាណូយ (រូបថតៈ baomoi.com)

ជារៀងរាល់ថ្ងៃ  ដល់វេលាម៉ោង៧យប់ នៅផ្ទះលេខ ៨៧ វិថី Ma May នៃទីក្រុងហាណូយ តែងតែមានភ្ញៀវទេសចរច្រើនកុះករ អង្គុយទន្ទឹងរងចាំការសម្តែងចម្រៀង Tru។ ក្នុងរដូវស្លឹកឈើជ្រុះ ត្រជាក់ខ្យល់បករំភើយៗនេះ សំនៀងចម្រៀង Tru  ស៊ីចង្វាក់ជាមួយសម្លេងស្គរលាន់លឺរំពងបានបង្កើតភាពទាក់ទាញ សម្រាប់បរិយាកាសតាមដងវិថីបុរាណនៃទីក្រុងហាណូយ។ ការសម្តែងបែបនេះបានផ្តល់ឱកាសដល់ប្រជាជននិងភ្ញៀវទេសចរឱ្យយល់អំពីវប្បធម៌ប្រពៃណីរបស់ទីក្រុងហាណូយ។

ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីរបស់មនុស្សជាតិនាខែតុលាឆ្នាំ២០០៩ ចម្រៀង Tru  បានក្លាយជាបេតិកភ័ណ្ឌអរូបីទី៤របស់វៀតណាមដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ រួមជាមួយតន្ត្រីរាជវាំង Hue  បរិយាកាសគងឃ្មោះ Tay Nguyen និង ចម្រៀង Quan ho Bac Ninh ។ ដើម្បីអភិរក្ស និងស្តារចម្រៀង Tru ប្រកបដោយនិរន្តរភាពនោះ ស្ថាប័ននានានៃទីក្រុងហាណូយកំពុងបង្កើតគម្រោងយុទ្ធសាស្ត្ររយៈពេលវែងដើម្បីដកចម្រៀង Tru ចេញពីស្ថានភាពការពារបន្ទាន់ ទីក្រុងហាណូយបានផ្តល់ចំណាយសម្រាប់ក្លឹបចូលរួមពិធីបុណ្យនិងការប្រគំតន្ត្រី រួមទាំងជួយសិប្បករនឹងនរចិត្តក្នុងការបង្រៀននៅមូលដ្ឋាន។ បច្ចុប្បន្នទីក្រុងហាណូយមានសិប្បករចម្រៀង Tru  ចំនួន ២៩ រូបត្រូវបានលើកតម្កើងជាសិប្បករឆ្នើម។ ឆ្លងតាមរយៈ ពេល៣លើក រៀបចំមហោស្រពចម្រៀង Tru នៅទូទាំងប្រទេសមក បានរួមចំណែកលើកទឹកចិត្តឲ្យបានអនុវត្តការច្រៀង Tru នៅថ្នាក់មូលដ្ឋាននិងបានរកឃើញទេពកោសល្យវ័យក្មេងជាច្រើននៅក្នុងប្រភេទសិល្បៈនេះ។ តន្ត្រីករ Dang Hoanh Loan អ្នកដែលមានរយៈពេលច្រើនឆ្នាំធ្វើការស្រាវជ្រាវអំពីចម្រៀង Tru បានចាត់ទុកថា៖ ការរៀបចំមហោស្រព ការប្រឡងចម្រៀង Tru គឺចាំបាច់ ត្រូវបានអនុវត្តន៍ជាប្រចាំ ដើម្បីបង្កើតទីលានជួបប្រាស្រ័យ សិក្សារៀនសូត្រនិងអនុវត្តន៍ច្រៀងចម្រៀង Tru សម្រាប់សិប្បករនិងមិត្តវ័យក្មេងដែលស្រឡាញ់ចម្រៀង Tru។

ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងការអភិរក្សចម្រៀង Tru - ảnh 2សិប្បការិនី Phung Thi Hong កំពុងណែនាំឲ្យសិស្ស 

លោក Dang Hoanh Loan បានឲ្យដឹងថែមទៀតថា៖ “តាមរយៈការប្រកួតប្រជែងបានបង្ហាញពីទេពកោសល្យវ័យក្មេងជាច្រើន ដែលនេះអាចនិយាយបានថាគឺជាភាពអស្ចារ្យសម្រាប់វិស័យចម្រៀង Tru ហាណូយ។  ខ្ញុំបានរកឃើញថាមានសិល្បៈការិនីខ្លះច្រៀងតាមបែបសិល្បៈរបស់សិប្បករហើយខ្ញុំបានដឹងថាពួកគេស្តាប់ដោយយកចិត្តទុកដាក់លើខ្សែអាត់អូឌីយ៉ូពីព្រោះសិល្បករជាច្រើនបានលាចាកលោកដូចជា លោកយាយ Nguyen Thi Chuc  ប៉ុន្តែមានសម្លេងស្រដៀងលោកស្រីណាស់។ ប្រការនេះបានបង្ហាញថា ឯកសារតម្កល់ទុក មានលក្ខណៈវិជ្ជមានចំពោះប្អូនៗណាស់”។

ជាប្រភេទតន្ត្រីស្រុកស្រែផងនិងមានលក្ខណៈវិទ្យាសាស្រ្តផង ការអភិរក្សចម្រៀង Tru កំពុងប្រឈមនឹងការលំបាកនិងឧបសគ្គជាច្រើន ជាពិសេសសិប្បករភាគច្រើនស្ថិតក្នុងអាយុចាស់ជរា ហើយក្មេងស្នងមរតកមិនសូវមាន ខណៈដែលប្រភេទសិល្បៈនេះមិនសូវទាក់ទាញបានអ្នកស្តាប់និងអ្នកអានឡើយ។  ហេតុដូច្នេះស្របគ្នាជាមួយការបង្រៀន ការបណ្តុះបណ្តាលជំនាន់ក្រោយៗមក គឺការស្វែងរកអ្នកទស្សនាក៏ សំខាន់ណាស់ផងដែរ។ លោកស្រី Phung Thi Hong ប្រធានក្លឹបចម្រៀង Tru នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បៈវៀតណាមបានមានប្រសាសន៍ថា: “ខ្ញុំស្នើថា គប្បីយកចិត្តទុកដាក់លើចម្រៀង Tru ឲ្យបានច្រើនថែមទៀត  តាមរយៈដាក់បញ្ជូលចម្រៀង Tru ទៅក្នុងមេរៀនក្រៅម៉ោង ដើម្បីឱ្យយុវវ័យអាចមានលទ្ធភាពចូលរៀនបានឆាប់ៗ។ នេះគ្រាន់តែជាអ្វីដែលខ្ញុំចង់បាន ហើយសង្ឃឹមថា ស្ថាប័នមានសមត្ថភាពនានា គួរប្រតិបត្តិយ៉ាងសកម្មក្នុងការច្រៀងចម្រៀង Tru ឲ្យបានទៀងទាត់ដើម្បី ប្រភេទសិល្បៈនេះ នឹងមិនរលាយសាបសូន្យ”។

ដើម្បីនាំយកកេរ្តិ៍ដំណែលចម្រៀង Tru ខិតមកជិតជាមួយមហាជនទាំងក្នុងនិងក្រៅប្រទេស លោកស្រី Vu Thi Thuy Linh នៃក្លឹប Ca Tru Phu Thi Club បានចាត់ទុកថា ស្ថាប័នមូលដ្ឋានបានរៀបចំសកម្មភាពផ្សព្វផ្សាយនៅទួរទេសចរណ៍ និងតាមរយៈទីតាំងទេសចរណ៍នៃរដ្ឋធានីផងដែរ។ លោកស្រីឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំជាអ្នកប្រកបរបរនេះ ចង់មានកន្លែងហាត់សមនិងសម្តែងដែលមានលក្ខណៈល្អបំផុត ដើម្បីបង្ហាញពីអ្វីដែលពួកគេបានរៀន។ ដូច្នេះខ្ញុំគិតថា ធ្វើយ៉ាងម៉េច ដើម្បីមានការសម្តែងឲ្យបានច្រើន សម្រាប់សិល្បៈករ សិល្បៈការិនីអាចមានឱកាសសម្តែង”។

នៅឯសិក្ខាសាលាស្វែងរកដំណោះស្រាយសម្រាប់អភិរក្សចម្រៀង Tru នៅហាណូយ អ្នកស្រាវជ្រាវនិងសិប្បករជាច្រើនបានចាត់ទុកថា ទីក្រុងហាណូយគឺជាតំបន់មួយដែលមានក្លឹបសិល្បៈ Tru ជាច្រើន។ ហេតុដូច្នេះ ទីក្រុងត្រូវជាអ្នកត្រួសត្រាយ វាយតម្លៃនូវស្ថានភាពចម្រៀង Tru ដើម្បីបង្កើតគម្រោងយុទ្ធសាស្ត្រអភិរក្សនិងអភិវឌ្ឍ សិល្បៈចម្រៀង Tru  ឈានដល់ការបង្កើតជំហានខ្លាំងក្លាក្នុងការអភិរក្សសិល្បៈចម្រៀង Tru ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ