(VOVWORLD) - នៅប៉ូលខាងជើងបំផុតនៃប្រទេសវៀតណាម ជាកន្លែងដែលបង្គោលទង់ជាតិ Lung Cu ឈរខ្ពស់ត្រដែតនៅកណ្តាលព្រៃធំល្វឹងល្វើយ មានភូមិតូចមួយដូចជាចំណុចដ៏ស្ងប់ស្ងាត់នៅលើខ្ពង់រាបថ្ម Dong Van។
ភូមិ Lo Lo Chai (ខេត្ត Tuyen Quang) ថ្មីៗនេះត្រូវបានទទួលស្គាល់ថាជា "ភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោកឆ្នាំ ២០២៥"។ (រូបថត៖ Do Tuan Anh) |
នោះគឺ Lo Lo Chai ជាកន្លែងដែលជនជាតិ Lo Lo ជាច្រើនជំនាន់ នៅតែរក្សាបាននូវដួងព្រលឹងវប្បធម៌របស់ខ្លួន។ ហើយជាពិសេស ថ្មីៗនេះ ភូមិ Lo Lo Chai ទើបតែត្រូវបានអង្គការទេសចរណ៍ពិភពលោក (UN Tourism) ទទួលស្គាល់ថាជា "ភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥" ដែលជាមោទនភាពមិនត្រឹមតែរបស់ខេត្ត Tuyen Quang ប៉ុណ្ណោះទេ ថែមទាំងរបស់ប្រទេសវៀតណាមទាំងមូលទៀតផង។
Lo Lo Chai មានផ្ទះប្រហែល ៥០ ខ្នង ដែលភាគច្រើនរក្សាបាននូវស្ថាបត្យកម្មប្រពៃណីដដែល។ (រូបថត៖ Do Tuan Anh) |
Lo Lo Chai ស្ថិតនៅជើងភ្នំនាគ ចម្ងាយប្រហែលពីរគីឡូម៉ែត្រពីបង្គោលទង់ជាតិ Lung Cu (ខេត្ត Tuyen Quang) ប៉ុណ្ណោះ។ ផ្លូវទៅកាន់ភូមិក្រវិចក្រវៀន ដោយច្បាមជាប់តាមជួរថ្មត្រចៀកឆ្មា។ ធ្វើដំណើរចូលទៅកាន់តែជ្រៅ អ្នកទទួលបានអារម្មណ៍កាន់តែច្បាស់ពីបរិយាកាសវប្បធម៌ប្រពៃណីរបស់ជនជាតិ Lo Lo៖ ផ្ទះដីរឹងមាំ ដំបូលប្រក់ក្បឿងយិនយ៉ាងបុរាណ ផ្សែងផ្ទះបាយលាយឡំជាមួយក្លិនពោតអាំង និងក្លិននៃពេលវេលា។
លោកស្រីបណ្ឌិត Tran Thi Huong Giang នាយិការរង អនុប្រធានដេប៉ាតឺម៉ង់ទេសចរណ៍ មហាវិទ្យាល័យឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិ ជាអ្នកដែលបានផ្សាភ្ជាប់ជាមួយ Lo Lo Chai តាំងពីប៉ុន្មានថ្ងៃដំបូងដែលភូមិនេះមានទិសដៅធ្វើទេសចរណ៍មក បានចែករំលែកថា៖
“ចាប់ពីឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១២ ខ្ញុំច្រើនតែនាំនស្សិតមកទីនេះសម្រាប់កម្មវិធីកម្មសិក្សា ហើយស្នាក់នៅក្នុងផ្ទះរបស់ប្រជាជន នៅពេលដែលពួកគេមិនចេះធ្វើទេសចរណ៍សហគមន៍ទាន់តែសោះ។ នៅពេលនិយាយអំពីតម្លៃនៃភូមិមួយ រឿងដំបូងដែលត្រូវនិយាយគឺ បេតិកភណ្ឌដែលនៅសេសសល់ ដូចជាផ្ទះបុរាណ។ ទោះជាយ៉ាងណាក៏ដោយ ក៏មិនអាចខ្វះការជួយឧបត្ថម្ភពីគោលនយោបាយរបស់បក្សនិងរដ្ឋបានឡើយ”។
ស្ត្រីជនជាតិ Lo Lo ស្លៀកសំលៀកបំពាក់ចម្រុះពណ៌។ (រូបថត៖ Do Tuan Anh) |
ភូមិ Lo Lo Chai មានផ្ទះប្រហែល ៥០ ខ្នង ដែលភាគច្រើនរក្សាបាននូវស្ថាបត្យកម្មប្រពៃណីដដែល។ នៅក្នុងលំហនោះ ភ្ញៀវទេសចរអាចប្រទះឃើញរូបភាពនារីជនជាតិ Lo Lo ក្នុងសម្លៀកបំពាក់ចម្រុះពណ៌ ដែលកំពុងប៉ាក់លំនាំនីមួយៗលើក្រណាត់យ៉ាងយកចិត្តទុកដាក់។ ពួកគេគឺជា «សិប្បការិនី» ដែលកំពុងរក្សាគុណតម្លៃវប្បធម៌របស់ជនជាតិខ្លួនដោយស្ងៀមស្ងាត់ តាមរយៈស្នាដៃដេប៉ាក់នីមួយៗ។
ឆ្លងកាត់ពេលវេលា Lo Lo Chai មិនត្រឹមតែរក្សាបាននូវតម្លៃសហគមន៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចេះពង្រីកតម្លៃបេតិកភណ្ឌនោះដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ហើយរហូតមកដល់ពេលនេះ ភូមិសម្រេចបាននូវភាពជោគជ័យផ្ទាល់ខ្លួន។
លោក Sinh Di Gai មេភូមិ Lo Lo Chai បានចែករំលែកនូវក្ដីសុភមង្គល នៅពេលដែលភូមិរបស់លោក ត្រូវបានទទួលស្គាល់ជា «ភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២៥»។
“ពេលយើងទទួលបានដំណឹងថា ភូមិត្រូវបានទទួលស្គាល់ជា «ភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោក» គឺប្រជាជននៅទីនេះ និងរូបខ្ញុំផ្ទាល់ ក្នុងនាមជាមេភូមិ ពិតជាមានអារម្មណ៍មោទនភាព សុភមង្គល និងសប្បាយរីករាយយ៉ាងក្រៃលែង”។
មិនត្រឹមតែស្រស់ស្អាតដោយសារតែទេសភាពប៉ុណ្ណោះទេ ភូមិ Lo Lo Chai ក៏មានភាពទាក់ទាញដោយសារតែរបៀបរស់នៅសហគមន៍ទៀតផង។ (រូបថត៖ Do Tuan Anh) |
មិនត្រឹមតែស្រស់ស្អាតដោយសារតែទេសភាពប៉ុណ្ណោះទេ ភូមិ Lo Lo Chai ក៏មានភាពទាក់ទាញដោយសារតែរបៀបរស់នៅសហគមន៍ទៀតផង។ នៅទីនេះ ភ្ញៀវទេសចរមិនមែនជាអ្នកខាងក្រៅទេ ប៉ុន្តែដូចជាផ្នែកមួយនៃភូមិអញ្ចឹង។ ពួកគេអាចចូលរួមជាមួយប្រជាជន ទៅបេះពោត បិទស្រា ផ្លុំគែន ឬរៀនត្បាញក្រណាត់ និងធ្វើនំ buckwheat ផងដែរ។ បទពិសោធន៍នីមួយៗនាំមកនូវអារម្មណ៍ជិតស្និទ្ធ ស្មោះស្ម័គ្រ និងគួរឱ្យចងចាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទេសចរណ៍សហគមន៍នៅ Lo Lo Chai ត្រូវបានរៀបចំដោយមានរបៀបរៀបរយ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញអគ្គិសនី បង្គន់ និងទឹកស្អាតត្រូវបានវិនិយោគ។ ប្រជាជនត្រូវបានបណ្តុះបណ្តាលផ្នែកអនាម័យបរិស្ថាន បំណិនទទួលភ្ញៀវ និងអភិរក្សវប្បធម៌។
លោក Dang Quoc Su នាយកមជ្ឈមណ្ឌលជំរុញទេសចរណ៍ខេត្ត Tuyen Quang បានចែករំលែកអំពីតម្លៃនៃភូមិ Lo Lo Chai យ៉ាងដូច្នេះថា៖
«ជាមួយនឹងពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ «ភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោកឆ្នាំ២០២៥» ខ្ញុំគិត និងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ស្ថាប័នរដ្ឋ និងសហគមន៍អាជីវកម្ម នឹងរួមដៃគ្នាជំរុញដើម្បីឲ្យនាពេលអនាគត នឹងមានភូមិផ្សេងទៀតទទួលបានកិត្តិនាមដូចជា Lo Lo Chai»។
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅភូមិ Lo Lo Chai។ (រូបថត៖ Do Tuan Anh) |
Lo Lo Chai ត្រូវបានជ្រើសរើសចេញពីសំណុំឯកសារជាង ២៧០ ពីប្រទេសជាង ៦៥។ លក្ខណៈវិនិច្ឆ័យមិនត្រឹមតែជាសម្រស់ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាចីរភាព លក្ខណៈសហគមន៍ និងសមត្ថភាពអភិរក្សវប្បធម៌ប្រពៃណីទៀតផង។ នេះគឺជាមោទនភាព ប៉ុន្តែក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រជាជននៅទីនេះផងដែរ៖ តើគួរធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ខណៈពេលដែលនៅតែថែរក្សាបាននូវព្រលឹងភូមិ ដោយមិនត្រូវដោះដូរភាពសុខសាន្តសម្រាប់ពាណិជ្ជកម្មនោះទេ។
សម្រាប់ប្រជាជន Lo Lo Chai កិត្តិនាម «ភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោកឆ្នាំ២០២៥» មិនមែនជាទីបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរថ្មីមួយ ជាដំណើរនៃការអភិរក្សវប្បធម៌ប្រពៃណី ហើយផ្សព្វផ្សាយសម្រស់នោះទៅកាន់មិត្តភក្តិជុំវិញពិភពលោក៕