ពិធីបុណ្យទួល Dong Da រំលឹកជ័យជម្នះដ៏អស្ចារ្យរបស់ប្រជាជាតិ

(VOVWORLD) - ពិធីបុណ្យរំលឹកទិវាជ័យជំនះ Ngoc Hoi - Dong Da ឬហៅថាពិធីបុណ្យ ទួល Dong Da ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៥ នៃបុណ្យតេត ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់វីរៈបុរសជាតិ Quang Trung - Nguyen Hue កងទ័ព Tay Son និងប្រជាជននៅសម័យនោះ ដែលបានតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន ប្រឆាំងនឹងសត្រូវឈ្លានពានដើម្បីការពារឯករាជ្យជាតិ។ នេះក៏ជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតមួយរបស់ទីក្រុងហាណូយ ដែលរំលឹកឡើងវិញនូវយុត្ធជ័យដ៏ត្រចះត្រចង់របស់ប្រជាជាតិ។

ពិធីបុណ្យទួល Dong Da គឺជាពិធីបុណ្យប្រពៃណីនៅដើមនិទាឃរដូវ ដែលប្រារព្ធឡើងនៅកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រ ទួល Dong Da នៅវិថី Tay Son សង្កាត់ Quang Trung ខណ្ឌ Dong Da ទីក្រុងហាណូយ។ នេះគឺជាកន្លែងដែលបានប្រទះឃើញនូវការប្រយុទ្ធយ៉ាងអង់អាចក្លាហានរបស់ប្រជាជនវៀតណាម ប្រឆាំងនឹងកងទ័ព Qing ឈ្លានពានក្នុងឆ្នាំ ១៧៨៩ (ឆ្នាំរកា ឯកស័ក)។ នៅពេលនោះ ស្តេច Quang Trung - Nguyen Hue ដែលទើបឡើងគ្រងរាជ បានបញ្ជាឲ្យកងទ័ពTay Son ធ្វើដំណើរទៅភាគខាងជើង វាយកម្ចាត់ពួកសត្រូវ ដណ្តើមយកឯករាជ្យជាតិឡើងវិញ។

ពិធីបុណ្យទួល Dong Da រំលឹកជ័យជម្នះដ៏អស្ចារ្យរបស់ប្រជាជាតិ - ảnh 1ពិធីបុណ្យទួល Dong Da ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៥ នៃបុណ្យតេត ជារៀងរាល់ឆ្នាំ។ រូបថត៖ VOV

ពិធីបុណ្យនេះមានពីរផ្នែកគឺ ពិធីកិច្ច និងបុណ្យ។ ក្នុងនោះ ផ្នែកពិធីកិច្ចបានប្រព្រឹត្តទៅចាប់ពីម៉ោង ៦ ព្រឹក ដោយមានពិធីកិច្ចដ៏ពិសិដ្ឋជាច្រើនតាមទំនៀមទម្លាប់ដែលមានតាំងពីយូរយារណាស់មកហើយ ដូចជា៖ ពិធីអុជធូប ទៀន ពិធីសក្ការៈបូជានៃក្រុមបូជាក្នុងស្រុក ពិធីដង្ហែគ្រែស្នែង ថ្វាយផ្កា អុជធូបនៅវិមានស្តេច Quang Trung។ ក្បួនដង្ហែបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ។ ក្បួនដង្ហែបានរំកិលយឺតៗ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញនូវភាពឱឡារិកនៃពិធីបុណ្យ។

“ខ្ញុំឃើញថា ពិធីបុណ្យនេះមានភាពអធិកអធម និងមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ ខ្ញុំមានវ័យចម្នាស់ហើយ។ ខ្ញុំទៅចូលរួមពិធីនេះ ក្នុងកូលបំណងសែនមេឃ សែនព្រះពុទ្ធ ហើយបន្ទាប់មកថ្វាយបង្គំស្តេច Quang Trung។ ខ្ញុំរំភើបចិត្តខ្លាំងណាស់”។

“ពិធីបុណ្យឆ្នាំនេះ ពិតជាអស្ចារ្យនិងត្រចះត្រចង់ណាស់ ឆ្នាំណាខ្ញុំក៏ចូលរួមដែរ។ ហើយមនុស្សមកពីគ្រប់ទិសទីបានងាកមកចូលរួមពិធីបុណ្យនេះ”។

បន្ទាប់ពីពិធីកិច្ចដ៏ឧឡារិក ផ្នែកបុណ្យបានបើកដោយការសម្តែងវាយស្គរដ៏អ៊ូអរនៅជើងរូបសំណាកស្តេច Quang Trung។ ការសម្តែងក្រោមប្រធានបទ “ឈុតឆាកវីរភាព” បង្ហាញឡើងវិញនូវជ័យជំនះ Ngoc Hoi - Dong Da បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

នេះជាការសម្តែងដែលបង្កប់ដោយលក្ខណៈវប្បធម៌ប្រជាប្រិយវិសេសវិសាល ដើម្បីលើកតម្កើងស្មារតីនៃអ្នកគុននិយម និងបង្កើតបរិយាកាសសោមនស្សរីករាយសម្រាប់ឆ្នាំថ្មី។ ចូលរួមក្នុងការសម្តែងរឿង “ឈុតឆាកវីរភាព” តារាសម្ដែង Vu Manh Linh រោងមហោស្រព Tuong វៀតណាម បានឲ្យដឹងថា៖ “ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយណាស់ក្នុងការបង្ហាញឡើងវិញរូបភាពស្តេច Quang Trung ដែលជាវីរបុរសជាតិ។ តាមនោះ នាំមកជូនប្រជាជន និងភ្ញៀវទេសចរទាំងអស់ ពីជុំវិញពិភពលោក នូវការសម្តែងដ៏មានអត្ថន័យ”។

ពិធីបុណ្យទួល Dong Da រំលឹកជ័យជម្នះដ៏អស្ចារ្យរបស់ប្រជាជាតិ - ảnh 2ការសម្តែងរឿង “ឈុតឆាកវីរភាព”  បានបង្ហាញឡើងវិញនូវរូបភាពស្តេច Quang Trung ដឹកនាំកងទ័ព Tay Son កម្ចាត់កងទ័ព Qing ជាង ២៩០.០០០នាក់ នាំមកនូវជ័យជំនះដ៏ត្រចះត្រចង់ដល់ប្រទេសជាតិ។ រូបថត៖ VOV

ការសម្តែងពោពេញទៅដោយលក្ខណៈវប្បធម៌និងសិល្បៈ បានបង្កើតបរិយាកាសវីរភាព លើកតម្កើងស្មារតីជាតិ និងទាក់ទាញចំណាប់អារមណ៍របស់ភ្ញៀវទេសចរ។            

“ឈុតសម្តែងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដើម្បីឲ្យកូនចៅជំនាន់ក្រោយចងចាំជារៀងរហូតនូវជ័យជំនះ Ngoc Hoi - Dong Da។ ជំនាន់ក្រោយៗនឹងស្រឡាញ់ប្រវត្តិសាស្ត្រដែលជំនាន់ដូនតាបានបន្សល់ទុកមក”។

 “ខ្ញុំបានឃើញទាំងពិធីសែន និងឈុតសម្តែងប្រវត្តិសាស្ត្រដែលបង្ហាញពីការប្រយុទ្ធរបស់ស្តេច Quang Trung - Nguyen Hue; តាមរយៈនោះ ខ្ញុំយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃប្រទេសយើង។ តាមរយៈកម្មវិធីបែបនេះ ខ្ញុំមានអារម្មណ៍ថា ការសិក្សាអំពីប្រវត្តិសាស្ត្រជាតិនឹងងាយសួលជាង”។

នៅជុំវិញទួល Dong Da បានប្រព្រឹត្តិទៅល្បែងប្រជាប្រិយ ការប្រកួតអុកមនុស្ស អុកចិន ដើម្បីបម្រើភ្ញៀវទេសចរណ៍និងប្រជាជនមកចូលរួមពិធីបុណ្យ។ ជាមួយគ្នានោះ គឺកម្មវិធីសិល្បៈ ការសម្តែងល្ខោនអាយ៉ងលើទឹក ច្រៀង Quan Ho ច្រៀង Chau Van... ដែលផ្សារភ្ជាប់ជាមួយខួបអនុស្សាវរីយ៍ ទិវាជ័យជំនះ Ngoc Hoi - Dong Da។ លោកស្រី Vu Thi Thanh Huong ប្រធានក្រុមប្រឹក្សាគ្រប់គ្រងឧទ្យានវប្បធម៌ Dong Da សង្កាត់ Quang Trung ខណ្ឌ Dong Da ទីក្រុងហាណូយ បានឲ្យដឹងថា៖ “កម្មវិធីសិល្បៈទាំងអស់នៅតែរក្សាអត្តសញ្ញាណប្រពៃណីជាតិ។ ទន្ទឹមនឹងនោះ ក៏មានការសម្តែងសិល្បៈសម័យទំនើបដែរ ប៉ុន្តែនៅតែធានានូវទំនៀមទម្លាប់ដ៏ល្អប្រសើរផងដែរ”។

មិនត្រឹមតែជាសកម្មភាពវប្បធម៌និងប្រវត្តិសាស្ត្រប្រចាំឆ្នាំប៉ុណ្ណោះទេ ពិធីបុណ្យទួល Dong Da ក៏ជាឱកាសមួយដើម្បីបំផុសស្មារតីស្នេហាជាតិ សាមគ្គីភាព និងមោទនភាពរបស់មនុស្សម្នាក់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ