គំរូ “ព័ត៌មានព្រំដែនឌីជីថល” នៅខេត្ត​ Lang Son

(VOVWORLD) - អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពីរបក់គំហើញក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៥ ប៉ូស្ត៍ការពារព្រំដែន Bac Xa ខេត្ត Lang Son បានច្នៃប្រឌិត ដាក់ពង្រាយគំរូ "ព័ត៌មានព្រំដែនឌីជីថល"។ បន្ទាប់ពីការអនុវត្តរយៈពេលជាង ៦ខែ គំរូនេះមិនត្រឹមតែជាដំណោះស្រាយបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគំនិតផ្តួចផ្តើមរបស់កម្លាំងទ័ពការពារព្រំដែន ក្នុងការឃោសនាអំពីច្បាប់ដល់ប្រជាជន និងការកសាងព្រំដែនសន្តិភាពទៀតផង។
ប៉ូស្ត៍ការពារព្រំដែន Bac Xa ទទួលបន្ទុកខ្សែបន្ទាត់ព្រំដែនជាង ៣៣ គីឡូម៉ែត្រ ជាប់ជាមួយចិន ដោយមានលក្ខណៈភូមិសាស្ត្រជាតំបន់ភ្នំខ្ពស់ និងមានដង់ស៊ីតេប្រជាជនត្រឹមតែជាង ១០ នាក់/គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ប្រជាជនភាគច្រើននៅទីនេះគឺជនជាតិ Nung ដែលប្រកបមុខរបររុក្ខាកម្ម និងមានឱកាសតិចតួចណាស់ក្នុងការចូលរួមសកម្មភាពសហគមន៍។ កត្តាទាំងនេះធ្វើឱ្យការងារឃោសនាបែបប្រពៃណីជួបការលំបាក់ និងមានប្រសិទ្ធភាពមិនសូវខ្ពស់។ យ៉ាងណាមិញ តំបន់នេះ នៅមានហានិភ័យត្រូវបានកេងប្រវ័ញ្ចដោយជនអគតិ ដើម្បីបំប្លែងការពិត អូសទាញ និងបំពានលើបទប្បញ្ញត្តិព្រំដែន។
គំរូ “ព័ត៌មានព្រំដែនឌីជីថល” នៅខេត្ត​ Lang Son - ảnh 1ប៉ុស្តិ៍ការពារព្រំដែន Bac Xa បានបង្ហាញមុខគំរូ "ព័ត៌មានព្រំដែនឌីជីថល"។ រូបថត៖ Duy Thai/ VOV-ភាគឦសាន

នៅចំពោះមុខស្ថានភាពនេះ ប៉ុស្តិ៍ការពារព្រំដែន Bac Xa បានម្ចាស់ការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន ដោយកសាងគំរូ "ព័ត៌មានព្រំដែនឌីជីថល"។ គោលដៅនៃគំរូនេះ គឺកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការងារឃោសនាអំពីច្បាប់ព្រំដែន និងផ្សព្វផ្សាយវប្បធម៌ប្រចាំមូលដ្ឋានដល់ប្រជាជន និងអ្នកទេសចរឱ្យបានឆាប់រហ័ស និងពេញលេញជាង។

របៀបប្រតិបត្តិការនៃគំរូ "ព័ត៌មានព្រំដែនឌីជីថល" គឺសាមញ្ញ និងងាយចូលប្រើ។ ដោយគ្រាន់តែស្កេនលេខកូដ QR នៅទីតាំងសហគមន៍ដោយកាមេរ៉ាស្មាតហ្វូន អ្នកស្រុកនិងអ្នកទស្សនាអាចចូលមើលព័ត៌មានអំពីច្បាប់ព្រំដែន សន្តិសុខ និងការពារជាតិ រមណីយដ្ឋានក្នុងស្រុក ឬបទប្បញ្ញត្តិទូទៅបានយ៉ាងឆាប់រហ័ស៖

“ខ្ញុំឃើញថា គំរូនេះពិតជាងាយប្រើណាស់ ដោយគ្រាន់តែស្កេនលេខកូដ QR ខ្ញុំអាចធ្វើបច្ចុប្បន្នភាពព័ត៌មាន និងរូបភាពនៃឃុំ ភូមិ និងប៉ុស្តិ៍ការពារព្រំដែន”។

“ខ្ញុំតែងតែបើកបរឆ្លងកាត់តំបន់ព្រំដែន។ កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែនបានឧទ្ទេសនាមនិងណែនាំឲ្យខ្ញុំ ស្កេនលេខកូដ QR ដើម្បីអាចយល់កាន់តែច្បាស់អំពីច្បាប់ព្រំដែន ជាពិសេសការមិនដឹកទំនិញហាមឃាត់ ឬទំនិញខុសច្បាប់។ ខ្លឹមសារទាំងអស់ត្រូវបានសង្ខេបឲ្យមានលក្ខណៈងាយយល់ ងាយទទួលយក ហើយសមស្របទៅនឹងការយល់ដឹងរបស់ប្រជាជន”

លោកវរសេនីយ៍ទោ ហ័ង ង៉ុក ហួន (Hoang Ngoc Huan) ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Bac Xa បានឲ្យដឹងថា គំរូ "ព័ត៌មានព្រំដែនឌីជីថល" គឺជាគំនិតផ្តួចផ្តើមនៃចលនាប្រឡងប្រណាំងកែលម្អបច្ចេកទេស និងលើកកម្ពស់គុណភាពនៃការគ្រប់គ្រងច្រកទ្វារព្រំដែន និងខ្សែព្រំដែន។ ការអនុវត្តគំរូប្រកបដោយប្រសិទ្ធភាពបានបង្ហាញពីភាពម្ចាស់ការ ផ្សារភ្ជាប់កំណែទម្រង់រដ្ឋបាលនិងការផ្លាស់ប្តូរឌីជីថលជាមួយនឹងការងារប្រជាចលនា ដោយបង្កើតជាកម្លាំងសរុប ក្នុងការអនុវត្តភារកិច្ចរបស់កម្លាំងទ័ពការពារព្រំដែន Lang Son ៖ 

“តាមរយៈការអនុវត្តជាក់ស្តែង គំរូព័ត៌មានព្រំដែនឌីជីថលបានដំណើរការយ៉ាងល្អ ប្រកបដោយស្ថិរភាព។ ប្រជាជននៅតំបន់ព្រំដែន និងអ្នកទេសចរមកពីគ្រប់ទិសទីអាចចូលមើលព័ត៌មានអំពីព្រំដែននិងការការពារព្រំដែនបានយ៉ាងងាយស្រួល។ គំរូនេះ បាននាំមកនូវលទ្ធផលជាក់ស្តែងក្នុងការងារឃោសនា ហើយត្រូវបានរីកសាយភាយនៅតាមបណ្តាប៉ុស្តិ៍ការពារព្រំដែននៅខេត្ត Lang Son ដើម្បីអនុវត្តន៍”។

គំរូ “ព័ត៌មានព្រំដែនឌីជីថល” នៅខេត្ត​ Lang Son - ảnh 2ប៉ុស្តិ៍ការពារព្រំដែន Bac Xa សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ Kien Moc ដើម្បីដំឡើង និងបិទលេខកូដ QR នៅទីតាំងសហគមន៍ជាច្រើន។ រូបថត៖ Duy Thai/ VOV-ភាគឦសាន

ដើម្បីឱ្យគំរូ «ព័ត៌មានព្រំដែនឌីជីថល» កាន់តែខិតមកជិតប្រជាជន ប៉ុស្តិ៍ការពារព្រំដែន Bac Xa បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ Kien Moc ដើម្បីដំឡើងនិងបិទលេខកូដ QR នៅទីតាំងសហគមន៍ជាច្រើន ដូចជា៖ ផ្ទះវប្បធម៌ភូមិ ទីស្នាក់ការឃុំ ប៉ុស្តិ៍ការពារព្រំដែន ខ្សែផ្លូវយាមល្បាតព្រំដែន។ ចាប់ពីខែមេសា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ លេខកូដ QR ត្រូវបានដាក់ភ្ជាប់នៅផ្ទះវប្បធម៌ភូមិព្រំដែនចំនួន ១៣ ប៉ុស្តិ៍ការពារព្រំដែនចំនួន ៤ កន្លែង ហើយបានដំឡើងផ្លាកសញ្ញាចំនួន ២ និងលេខកូដ QR ចំនួន ៨ នៅតាមខ្សែផ្លូវយាមល្បាតបង្គោលព្រំដែន និងការពារព្រំដែន ហើយមនុស្សរាប់ពាន់នាក់បានចូលប្រើប្រាស់គំរូនេះ។ លោកស្រី Ma Thi Hien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Kien Moc បានឲ្យដឹងថា៖

“នៅពេលអនុវត្តន៍គំរូនេះ បក្សភាគ និងអាជ្ញាធរមូលដ្ឋានបានប្រកៀកស្មាជាមួយកម្មាភិបាលនិងយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន Bac Xa។ ក្រុមការងារបានទៅកាន់ភូមិ ឃុំនីមួយៗ ណែនាំឲ្យប្រជាជនពីរបៀបស្កេនលេខកូដ QR ដើម្បីស្វែងយល់ព័ត៌មាន និងយល់ច្បាស់ពីឯកសារផ្លូវច្បាប់នៅតាមព្រំដែន”។

គំរូ "ព័ត៌មានព្រំដែនឌីជីថល" ដែលត្រូវបានដាក់ពង្រាយនៅប៉ុស្តិ៍ការពារព្រំដែន Bac Xa បាននាំមកនូវប្រសិទ្ធភាពច្បាស់លាស់ក្នុងការគ្រប់គ្រង និងការការពារព្រំដែន។ គំរូនេះបានក្លាយជាបណ្តាញព័ត៌មានដ៏មានប្រយោជន៍ និងរស់រវើកមួយដើម្បីជួយប្រជាជនឱ្យស្វែងយល់ពីគោលនយោបាយ និងច្បាប់ព្រំដែន ខណៈពេលដែលផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ក្នុងស្រុកដល់ភ្ញៀវទេសចរ។       

ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការការពារព្រំដែន ដូចជាគំរូ "ព័ត៌មានព្រំដែនឌីជីថល" ក៏ជានិន្នាការជៀសមិនរួចនិងចាំបាច់ ក្នុងស្ថានភាពថ្មី ដែលរួមចំណែកដល់ការកសាងខ្សែព្រំដែនដ៏រឹងមាំ និងសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ