លោកខាងលិច និងអង្គការអន្តរជាតិជាច្រើនមានការព្រួយបារម្ភចំពោះអំពើហិង្សានៅស៊ូដង់
(VOVWORLD) - បណ្តាប្រទេសកាណាដា ន័រវែស និងអូស្ត្រាលី នាថ្ងៃទី ១០ខែវិច្ឆិកា បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពហិង្សានៅស៊ូដង់ បន្ទាប់ពីមានរបាយការណ៍អំពីករណីសម្លាប់រង្គាល និងអំពើហិង្សាផ្លូវភេទនៅក្នុងទីក្រុង El-Fashir ក្នុងតំបន់ Darfur ហើយបានទាមទារឱ្យបញ្ចប់អំពើហិង្សាជាបន្ទាន់។
ប្រជាជននៅជំរំជនភៀសខ្លួន al-Fashir ទៅ Tawila ភាគខាងជើងតំបន់ Darfur ប្រទេសស៊ូដង់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Mohammed Jamal |
បច្ចុប្បន្ន មានរបាយការណ៍អំពីការសម្លាប់រង្គាល អំពើហិង្សាផ្លូវភេទ ការចាប់ជំរិត និងការលួចប្លន់ បន្ទាប់ពីកងកម្លាំងគាំទ្ររហ័ស (RFS) បានទន្ទ្រានកាន់កាប់ទីក្រុង El-Fashir ក្នុងតំបន់ Darfur ។
មុននេះ អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការភ័យរន្ធត់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឃោរឃៅទ្រង់ទ្រាយធំនៅទីក្រុង El-Fashir ។ ទន្ទឹមនឹងនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានឲ្យដឹងថា ខ្លួនកំពុងប្រមូលភស្តុតាងនៃទង្វើដែលអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត ប្រទេសចំនួន៤គឺ សហរដ្ឋអាមេរិក អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) បានស្នើឱ្យមានបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៣ខែ បន្ទាប់មក ភាគីទាំងពីរនឹងធ្វើការចរចាលើកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង។ RSF បានប្រកាសទទួលយកសំណើនេះ ប៉ុន្តែការប្រយុទ្ធគ្នានៅប្រទេសស៊ូដង់នៅតែបន្តកើនឡើង៕