អគ្គលេខាបក្សលោកតូ ឡឹម៖ សាមគ្គីភាពដើម្បីកសាងប្រទេសជាតិប្រកបដោយចីរភាពជានិរន្ត
(VOVWORLD) - "ចូរយើងចាប់ដៃគ្នា និងចូលរួមកម្លាំងកាយចិត្ត៖ សាមគ្គីភាពដើម្បីយកឈ្នះលើការលំបាក។ សាមគ្គីភាពដើម្បីឈានទៅរកជោគជ័យ។ សាមគ្គីភាពដើម្បីកសាងប្រទេសប្រកបដោយចីរភាពជានិរន្ត"។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជននៅសង្កាត់ ធឿង កាត ទីក្រុងហាណូយ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នេះជាសេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្ស តូ ឡឹម នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា នៅក្នុងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ឆ្នាំ២០២៥ នៅសង្កាត់ ធឿងកាត (Thượng Cát) (នៃទីក្រុងហាណូយ)។
ក្នុងការសន្ទនាជាមួយប្រជាជននៅក្នុងតំបន់ លោកអគ្គលេខាបក្សបានបញ្ជាក់ថា កម្លាំងនៃមហាសាមគ្គីគឺចាប់ផ្តើមពីរឿងសាមញ្ញៗ និងស្មោះៗ ដូចជា ជំនឿជាក់និងមនោសញ្ជេតនា។ លោកអគ្គលេខាបក្សជឿជាក់ថា សេចក្តីប្រាថ្នាសម្រាប់ "ប្រជាជនមានបាន ប្រទេសរឹងមាំ លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌" តម្រូវឱ្យមានកម្លាំងផ្ទៃក្នុងថ្មី គំរូកំណើនថ្មី និងកត្តាជំរុញការអភិវឌ្ឍថ្មី៖ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិតសេដ្ឋកិច្ចវិលជុំ។ ប៉ុន្តែមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅមុខ និងសម្រេចបានជោគជ័យនៅតែជាសាមគ្គីភាព។
លោកអគ្គលេខាបក្សបានចង្អុលបង្ហាញថា មហាសាមគ្គីភាពចាប់ផ្តើមពីសាមគ្គីភាពក្នុងបក្ស សាមគ្គីភាពក្នុងប្រព័ន្ធនយោបាយ សាមគ្គីភាពរវាងវណ្ណៈសង្គម និងសាមគ្គីភាពអន្តរជាតិ។
“រណសិរ្ស - អង្គការមហាជន - អង្គការសង្គម - សហគមន៍វៀតណាមនៅបរទេស មិត្តភក្តិអន្តរជាតិ ត្រូវភ្ជាប់ទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ និងទូលំទូលាយតាមរយៈសកម្មភាពកិច្ចការបរទេសប្រជាជន តាមរយៈកីឡា វប្បធម៌ ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន...។ លើកកម្ពស់តួនាទីស្នូលរបស់រណសិរ្សមាតុភូមិក្នុងការប្រមូលផ្តុំ បង្រួបបង្រួម ត្រួតពិនិត្យ និងរិះគន់សង្គម។ ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីបញ្ចេញកម្លាំង និងតម្លៃមនុស្សសាស្ត្រដ៏ថ្លៃថ្នូរបស់ប្រទេសជាតិយើង ជាពិសេសតម្លៃ និងប្រពៃណីនៃមហាសាមគ្គីភាពរបស់ប្រជាជនយើង”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្សបានអំពាវនាវដល់ប្រជាជននៅក្នុងប្រទេសនិងសហគមន៍វៀតណាមនៅក្រៅប្រទេសស្រុះចិត្តគំនិត ៖ សាមគ្គីភាពដើម្បីជំនះការលំបាក។ សាមគ្គីភាពគ្នាដើម្បីសម្រេចបានជោគជ័យ។ សាមគ្គីភាពដើម្បីកសាងប្រទេសជាតិប្រកបដោយចីរភាពជានិរន្ត៕