អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា (តាមម៉ោងក្នុងតំបន់) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម តូ ឡឹម និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Kuala Lampur ក្នុងរដ្ឋធានី Kuala Lampur ប្រទេសម៉ាឡេស៊ី ដើម្បីវិលត្រលប់មកប្រទេសវិញ ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Dato' Seri Anwar Ibrahim និងលោកជំទាវ។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងម៉ាឡេស៊ី។ ភាគីទាំងពីរបានអះអាងថា នឹងបន្តពូនជ្រុំពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពនិងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។
អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវបានចាកចេញពីរដ្ឋធានី Kuala Lumpur បញ្ចប់ប្រកបដោយជោគជ័យដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។ រូបថត៖ Thong Nhat/TTXVN |
វៀតណាមបន្តគាំទ្រតួនាទីរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ហើយអះអាងម្តងទៀត ពីការសន្យា របស់វៀតណាម បន្តសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ភាគីទាំងពីរក៏បានអះអាងពីការសន្យាជំរុញថែមទៀតនូវការអភិវឌ្ឍប្រកបដោយសមភាព បរិយាប័ន្ន និងនិរន្តរភាពរបស់សហគមន៍អាស៊ាន ដោយផ្សារភ្ជាប់ការអភិវឌ្ឍអនុតំបន់ ជាមួយនឹងការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់អាស៊ាន។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងនូវគោលជំហរជាប់លាប់របស់អាស៊ានចំពោះសមុទ្រខាងកើត និងអះអាងសារជាថ្មីនូវការសន្យាបន្តសហការយ៉ាងជិតស្និទ្ធដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី ដោយគ្មានការគំរាមកំហែងឬការប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឺម បានអញ្ជើញចូលរួមពិធីបើកជើងហោះហើរថ្មីរបស់ Vietjet ដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុង Kuala Lampur ជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍រវាងវៀតណាម - ម៉ាឡេស៊ី ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕