និទាឃរដូវនៅលើការដ្ឋានសំណង់

(VOVWORLD) - បរិយាកាសនិទាឃរដូវថ្មីកំពុងគ្រប់ដណ្ដប់ពាសពេញប្រទេសវៀតណាម។ នៅតាមការដ្ឋានសំណង់ធំៗ គម្រោងសំខាន់ៗថ្នាក់ជាតិ កម្មករនៅតែខិតខំប្រឹប្រែងដើម្បីបង្ហើយសំណងតាមកាលកំណត់។ បើទោះបីមិនអាចអំណរបុណ្យតេតជាមួយក្រុមគ្រួសារនិងញាតិមិត្តក៏ដោយ ក៏កម្មករ និយោជិតម្នាក់ៗនៅតែខ្នះខ្នែងធ្វើពលកម្ម ដោយមានមោទនភាពក្នុងការរួមចំណែកកសាងប្រទេសជាតិ។

នៅការដ្ឋានសំណង់គម្រោងផ្លួវក្រវ៉ាត់ក្រុងលេខ ៣ នៅទីក្រុង Thuan An ខេត្ត Binh Duong បរិយាកាសធ្វើការងារនៅតែប្រញាប់ប្រញាល់ក្នុងប៉ុន្មានថ្ងៃនៃបុណ្យតេត។ កម្មករជិត ១០០ នាក់ ជាមួយគ្រឿងចក្រនិងបរិក្ខាទំនើបកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធានាល្បឿននៃគម្រោង។ លោក Phan Van Em (មកពីខេត្ត Binh Dinh) កម្មករនៅការដ្ឋានសំណង់បានចែករំលែកថា គ្រួសាររបស់លោកបានគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចទទួលអំណរបុណ្យតេត នៅឯការដ្ឋានសំណង់ ព្រោះគេបានយល់ដឹងពីសារៈសំខាន់នៃគម្រោងនេះ។ ចំណែកឯលោក Nguyen Van Tuyen កម្មករម្នាក់ទៀតដែលកំពុងធ្វើការនៅការដ្ឋានសំណង់បានឲ្យដឹងថា គោលដៅរបស់ក្រុមហ៊ុនគឺធានាឲ្យបង្ហើយការងារតាមកាលកំណត់ នៅខែឧសភាខាងមុខ៖ “ក្រុមហ៊ុននិងក្រុមការងារ ក៏ខិតខំព្យាយាមធានាវឌ្ឍនភាពផងដែរ។ នៅពេលដែលគម្រោងនេះបានដាក់ឲ្យដំណើរការ តំបន់នេះនឹងមានភាពស្រស់ស្អាតខ្លាំងណាស់។ ខ្ញុំមានមោទនភាពដែលបានចូលរួមចំណែកសាងសង់គម្រោងនេះ”។

និទាឃរដូវនៅលើការដ្ឋានសំណង់ - ảnh 1គម្រោងផ្លូវក្រវ៉ាត់ក្រុងលេខ៣ ផ្នែក Binh Chuan អ្នកម៉ៅការបានរៀបចំយានជំនិះជាច្រើនគ្រឿងដើម្បីបំពេញការងារ។ រូបថត៖ VOV

ទន្ទឹមនឹងនេះ នៅឯការដ្ឋានសំណង់នៃគម្រោងផ្លូវល្បឿនលឿន Khanh Hoa - Buon Ma Thuot កម្មករនៅតែមមាញឹកក្នុងការចាប់ផ្តើមនិងបញ្ចប់វេនរបស់ខ្លួន។ សំឡេងម៉ាស៊ីនបានបន្លឺឡើងយ៉ាងខ្លាំង។ ឡានដឹកជញ្ជូនបន្តកន្ទុយគ្នា ដឹកជញ្ជូនសម្ភារៈ។ លោក Le Van Huynh កម្មករនៅការដ្ឋានសំណង់បានចែករំលែកថា៖ ទោះបីជាមិនអាចទទួលអំណរបុណ្យតេតជាមួយក្រុមគ្រួសារក៏ដោយ ក៏បងប្អូនកម្មករតែងតែខិតខំអស់ពីសមត្ថភាព៖ “បងប្អូនកម្មករបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ ទោះបីជាបុណ្យតេតមកដល់ហើយក៏ដោយ បងប្អូនកម្មករនៅតែធ្វើការយ៉ាងសកម្ម។ ដោយមានស្មារតីសប្បាយរីករាយ ខិតខំធ្វើការដោយភាពក្លៀវក្លា ជាមួយនឹងគោលដៅធានាឱ្យបាននូវវឌ្ឍនភាព”។

គម្រោងផ្លូវល្បឿនលឿន Khanh Hoa - Buon Ma Thuot មានប្រវែងសរុប ១១៦,៥ គីឡូម៉ែត្រ ដែលភាគច្រើនឆ្លងកាត់ទីក្រុង Dak Lak។ លោក Đặng Thọ Dần នាយកប្រតិបត្តិគម្រោងបានឲ្យដឹងថា៖ “បច្ចុប្បន្ន នៅលើគម្រោងនេះ មានកម្មករជិត ១០០០នាក់ កំពុងធ្វើការយ៉ាងសកម្ម បើទោះបីមានទឹកភ្លៀងធ្លាក់ក៏ដោយ ដោយមានឧបករណ៍សម្ភារៈចំនួន ៥០០ ជាមួយនឹងក្រុមសំណង់ចំនួន ៤៩ នៅលើសំណង់ទាំងមូល។ យើងតែងតែរំលឹកដល់អង្គភាពនីមួយៗត្រូវធានាច្បាប់ពលកម្ម កម្មករត្រូវតែទទួលបានប្រាក់ខែ ហើយត្រូវការពារផលប្រយោជន៍របស់កម្មករ”។

ស្មារតីនៃការប្រឡងប្រណាំង "៣ វេន ៤ ក្រុម" រីករាលដាលពាសពេញការដ្ឋានសំណង់នៃគម្រោង Vung Ang – Bung ដែលជាផ្នែកមួយនៃគម្រោងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង។ លោក Tran Hai Dang នាយកកញ្ចប់ម៉ៅការ XL02 គម្រោង Vung Ang – Bung ឆ្លងកាត់ខេត្ត Quang Binh បានចែករំលែកថា អង្គភាពបានប្រមូលផ្តុំកម្មករប្រមាណ ៨០០ នាក់ ធ្វើការទាំងយប់ទាំងថ្ងៃ ឆ្លងបុណ្យតេត៖ “ការដ្ឋានសំណង់តែងតែមានពន្លឺភ្លើង ឆ្លៀតពេលមានអាកាសធាតុអំណោយផល យើងរៀបចំវេនបន្តគ្នាចំនួន ៣ វេន ប្រតិបត្តិការ ២៤/២៤ ។ ចំពោះផ្នែកសំណង់របស់គម្រោងដូចជាការជីកកគ្រឹះ ចាក់គ្រឹះ យើងចែកជាក្រុមៗ ប្រតិបត្តិការជាបន្តបន្ទាប់។ ទទួលអំណរបុណ្យតេតជាមួយក្រុមគ្រួសារពិតជាសប្បាយចិត្តណាស់ ប៉ុន្តែដោយសារភារកិច្ចរួម យើងខ្ញុំសម្រេចចិត្តទទួលអំណរបុណ្យតេតនៅការដ្ឋានសំណង់ ចូលរួមចំណែកនិងខិតខំបង្ហើយគម្រោងសំខាន់ៗរបស់ប្រទេសជាតិ”។

និទាឃរដូវនៅលើការដ្ឋានសំណង់ - ảnh 2បច្ចុប្បន្ន គម្រោងផ្លូវល្បឿនលឿន Khanh Hoa - Buon Ma Thuot ប្រវែង ៣០០ ម៉ែត្រ ផ្នែកទី ៣ ត្រូវបានក្រាលកៅស៊ូ។ រូបថត៖ VOV

មិនត្រឹមតែក្នុងគម្រោងចរាចរណ៍ថ្នាក់ជាតិប៉ុណ្ណោះទេ បរិយាកាសការងារក្នុងអំឡុងពេលបុណ្យតេតក៏មានភាពមមាញឹកនៅតាមគម្រោងចរាចរណ៍ថ្នាក់ខេត្តក្រុងផងដែរ។ លោក Bui Xuan Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ “មានគម្រោងប្រមាណ ១០ កំពុងបន្តប្រតិបត្តិការ។ ចំពោះផ្លូវក្រវ៉ាត់ក្រុងលេខ ៣ ឆ្លើយតបការបំផុសចលនាប្រឡងប្រណាំងរបស់នាយករដ្ឋមន្ត្រី យើងខ្ញុំផ្តោតលើការពន្លឿនដំណើរការសាងសង់នៅឆ្នាំ ២០២៥ សំដៅដាក់ឱ្យដំណើរការផ្នែកកំណត់ផ្លូវប្រវេង ១៥ គីឡូម៉ែត្រ តភ្ជាប់ទីក្រុងហូជីមិញ - ផ្លូវហាយវេ Long Thanh – Dau Giay (ខេត្ត Dong Nai) ហើយតភ្ជាប់ជាមួយអាកាសយានដ្ឋាន Long Thanh។ លើកកំពស់ស្មារតីនៃការប្រឡងប្រណាំង រក្សាល្បឿននៃការសាងសង់ឆ្លងបុណ្យតេតនៅតាមគម្រោងនានា។ លើសពីនេះ យើងនឹងផ្តោតលើការអនុវត្តគម្រោងថ្មីៗដូចជា កំពង់ផែដឹកជញ្ជូនអន្តរជាតិ Can Gio ជាដើម”។

ក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី កម្មករជាច្រើននៅការដ្ឋានសំណង់ទូទាំងប្រទេសបានទទួលអំណរបុណ្យតេតនៅហ្នឹងការដ្ឋានសំណង់។ ពួកគេទុកក្តីសប្បាយរីករាយនៃការអំណរបុណ្យតេតជាមួយក្រុមគ្រួសារនៅមួយអន្លើ  ដើម្បីរួមគ្នាខិតខំធ្វើពលកកម្ម រួមចំណែកពន្លឿនប្រតិបត្តិការនៃគម្រោងសំខាន់ៗរបស់ប្រទេសជាតិ ឲ្យវៀតណាមមានសន្ទុះថ្មីបន្ថែមទៀត ដើម្បីឈានឡើងក្នុងយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ