សិប្បការិនីឆ្នើម Van Mai - អ្នកអភិរក្សនិងផ្សព្វផ្សាយចង្វាក់ចម្រៀង Tru

(VOVWORLD) - បន្ទាប់ពីរយៈពេល ១៦ ឆ្នាំដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការការពារជាបន្ទាន់ ចម្រៀង Tru របស់វៀតណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាឡើងវិញ។ សកម្មភាពរបស់សមាគមនិងក្លឹបចម្រៀង មិនត្រឹមតែរួមចំណែកដល់ការអភិរក្ស និងផ្សព្វផ្សាយសិល្បៈចម្រៀង Tru ប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងរស់យូរអង្វែងសម្រាប់បេតិកភណ្ឌទៀតផង។ ក្នុងនោះ សិប្បការិនីឆ្នើម Van Mai ប្រធានក្លឹបចម្រៀង Tru, Bich Cau Dao Quan នៃទីក្រុងហាណូយ ត្រូវបានគេស្គាល់ដល់ជាមនុស្សម្នាក់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយទម្រង់សិល្បៈពិសេសនេះ។

សិប្បការិនីឆ្នើម Van Mai - អ្នកអភិរក្សនិងផ្សព្វផ្សាយចង្វាក់ចម្រៀង Tru - ảnh 1សិប្បការិនីឆ្នើម  Van Mai ជាមួយសមាជិកនៃក្លឹប Bich Cau Dao Quan Ca Tru (រូបថត៖ Kim Lieu/VOV5)

“ចង្វាក់ចម្រៀង Tru មានចំណុចស្រស់ស្អាតថ្លៃថ្លាច្រើនណាស់។ នៅពេលដែលខ្ញុំហាត់យកខ្យល់ដង្ហើមសម្រាប់ច្រៀង គឺនៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងឆក់យកបេះដូងរបស់ខ្លួនជ្រៀបចូលតាមចង្វាក់សំនៀង តាមប្រយោគ និងតាមរយៈពាក្យពេចន៍។ សិល្បៈ ច្រៀងចម្រៀង Tru នេះ គឺមានប្រភពនៅប្រទេសវៀតណាម។ ខ្ញុំមិនចង់បាត់បង់សិល្បៈដ៏វិសេសវិសាលនេះរបស់ប្រទេសជាតិនោះទេ។ នោះហើយជាមូលហេតុដែលខ្ញុំកំពុង ព្យាយាមរក្សាប្រភេទចម្រៀងនេះសម្រាប់អ្នកទាំងអស់គ្នា។ ហើយខ្ញុំមានតែបំណងប្រាថ្នាមួយគត់ប៉ុណ្ណោះ គឺត្រូវបង្រៀនប្រភេទចម្រៀងនេះដល់យុវជនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន”។

នេះជាការចែករំលែករបស់សិប្បការិនីឆ្នើម Van Mai ប្រធានក្លឹបចម្រៀង Tru, Bich Cau Dao Quan នៃទីក្រុងហាណូយ។

កើតមកនិងធំដឹងក្តីនៅតំបន់ដី Thai Binh (ចាស់) ជិតភូមិចម្រៀង chèo Khuoc ដ៏ល្បីល្បាញ ថ្វីត្បិតែក្នុងគ្រួសារនាងគ្មាននរណាម្នាក់ដើរតាមគន្លងសិល្បៈក៏ដោយ ក៏សិប្បការិនីឆ្នើម Van Mai ត្រូវមានសេចក្តីស្រឡាញ់ចំពោះចម្រៀង Tru។ ព្រះប្រទានពរឱ្យនាងនូវសំនៀងផ្អែមល្ហែម និងច្បាស់លាស់ រួមជាមួយនឹងការខិតខំប្រឹងប្រែង ការសិក្សាដោយខ្លួនឯងយ៉ាងឧស្សាហ៍ព្យាយាម និងសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះសិល្បៈចម្រៀង Tru, សិប្បការិនីឆ្នើម Van Mai ច្រៀងបានបទចម្រៀងដែលពិបាកបំផុត។ នាងបានសំណេះសំណាលថា នៅពេលនោះ ការរៀនច្រៀងចម្រៀង Tru គឺជាបញ្ហាប្រឈមដែលមិនងាយស្រួលនោះទេ។  

“ចាប់តាំងពីឆ្នាំ ១៩៩៥មក ខ្ញុំបានស្តាប់លោកយាយ Quach Thi Ho ច្រៀងតាមវិទ្យុសម្លេងវៀតណាម ដោយប្រើសិល្បៈច្រៀងបទចម្រៀង Tru ជាមួយនឹងរចនាប័ទ្មច្រៀងដ៏ប្លែក និងកម្លាំងអស្ចារ្យ។ ពីមុន ខ្ញុំក៏បានសម្តែងក្នុងប្រភេទសិល្បៈជាច្រើន ដូចជាច្រៀង cheo ច្រៀង trau van ប៉ុន្តែនៅពេលដែលខ្ញុំបានឮលោកស្រីច្រៀងចម្រៀង tru ខ្ញុំចូលចិត្តជាពិសេស។ ដូច្នេះ ខ្ញុំដូចជាមាននិស្ស័យជាមួយចម្រៀង Tru ចាប់ពីឆ្នាំ ១៩៩៥ មក។ ស្វែងរកគ្រូសម្រាប់រៀនគឺពិបាក ហើយមនុស្សដែលខ្ញុំស្រឡាញ់នៅ ពេលខ្ញុំរៀនគឺជាសុទ្ធតែចាស់ហើយ។ អស់រយៈពេលជាច្រើនឆ្នាំមក  ខ្ញុំបានពិគ្រោះជាមួយអ្នកចម្រៀងជាច្រើន ខ្ញុំថែមទាំងបានថតការសម្តែងពីឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤៥ របស់អ្នកចម្រៀងជើងចាស់ទាំងនោះ។ នៅឆ្នាំ ២០០៦ ខ្ញុំក៏បានសិក្សាដោយខ្លួនឯង និងចូលរួមក្នុងកម្មវិធី "រាត្រីច្រៀងចម្រៀង tru" ដែលរៀបចំដោយវិទ្យាស្ថានតន្ត្រីនៅរោងមហោស្រពហាណូយ។ នៅពេលនោះ ខ្ញុំបានជ្រើសរើសរចនាប័ទ្មច្រៀងមួយដែលអ្នកស្រាវជ្រាវក៏បានវាយតម្លៃខ្ពស់ផងដែរ”។

បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំក្នុងការរៀនច្រៀង និងរៀនលេងឧបករណ៍ទះដៃ សិប្បការិនីឆ្នើម Van Mai បានចេះច្រៀងចម្រៀង Tru ជាច្រើនរចនាប័ទ្មផ្សេងៗគ្នា ដែលទាក់ទាញអារម្មណ៍របស់ទស្សនិកជន។ នាងអាចច្រៀង ញ័រ សង្កត់ និងរលូន-ប្រការដែលមិនមែនអ្នកចម្រៀង Tru ទាំងអស់អាចធ្វើបានដែរ។

ដោយមានចំណង់ចំណូលចិត្តពិសេសចំពោះចម្រៀង Tru ក៏ដូចជាបំណងប្រាថ្នាចង់ថែរក្សា និងផ្សព្វផ្សាយទម្រង់សិល្បៈប្រពៃណីនេះ ក្នុងឆ្នាំ ២០១៥  សិប្បការិនីឆ្នើម Van Mai បានបង្កើតក្លឹបចម្រៀង Tru,   Bich Cau Dao Quan (មានអាស័យដ្ឋាននៅលេខ ១៤ វិថីCat Linh ទីក្រុងហាណូយ)។ នេះមិនត្រឹមតែជាកន្លែងសម្រាប់អ្នកដែលស្រឡាញ់ចម្រៀង Tru ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់ស្វែងរក និងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងច្រៀងចម្រៀង Tru ទៀតផងដែរ។  

សិល្បការិនីច្រៀងចម្រៀង Cheo, Nguyen Hong Hanh កំពុងសិក្សាចម្រៀង Tru នៅក្លឹបចម្រៀង Tru, Bich Cau Dao Quan បានចែករំលែកថា៖ “ក្នុងអំឡុងពេលដែលខ្ញុំមកសិក្សា ខ្ញុំអាចស្តាប់ និងបានស្គាល់អត្ថបទបុរាណ និងបទចម្រៀងបុរាណ។ ហើយខ្ញុំមានអារម្មណ៍ថា ចម្រៀង Tru ជាប្រភេទតន្ត្រីប្រពៃណី ប៉ុន្តែមានលក្ខណៈសិក្សា និងផូរផង់ណាស់។ វាមានស្រទាប់ជាច្រើននៃអត្ថន័យជ្រាលជ្រៅនៅក្នុងកំណាព្យ ឬនៅក្នុងទំនុកច្រៀង។ អ្នកស្រី Mai មានចំណង់ចំណូលចិត្ត និងស្វាហាប់ ហើយគាត់បានប្រាប់យើងថា គាត់មានអ្វីគ្រប់យ៉ាងដែលគាត់អាចបញ្ជូន មកយើង ការបង្រៀនយើងគឺជាមធ្យោបាយមួយដើម្បីរក្សា និងផ្សព្វផ្សាយចម្រៀង Tru”។

ចំណែកឯអ្នកស្រី Truc Linh ជាសិស្សនៃក្លឹបចម្រៀង Tru, Bich Cau Dao Quan បានឲ្យដឹងថា៖ “ខ្ញុំពិតជាកោតសរសើរអ្នកស្រី Van Mai ណាស់។ ដោយ សារតែនាងមិនបានទៅសាលាបណ្តុះបណ្តាលណាមួយឡើយ ហើយគ្មាននរណាម្នាក់បង្រៀននាងទេ ហើយនាងបានរៀនដោយខ្លួនឯង ហើយនាងអាចច្រៀងបែបនោះ។ អ្នកណាក៏ដោយ មិត្តភក្តិណាដែលចង់រៀនច្រៀងចម្រៀង Tru នាងនឹងបង្រៀនដោយភាពរីករាយ”។

សំឡេងបុរាណមួយ ដែលធ្លាប់មានឡើងចុះ ហើយត្រូវបានគេបំភ្លេចចោល ឥឡូវនេះកំពុងបន្លឺឡើងយ៉ាងខ្លាំងនៅក្នុងបេះដូង  នៃរដ្ឋធានីសម័យទំនើប។ សិល្បៈនៃការច្រៀងចម្រៀង Tru កំពុងត្រូវបានថែរក្សា និងផ្សព្វ ផ្សាយយ៉ាងខ្លាំង ដោយសារភាពរីករាយ និងចំណង់ចំណូលចិត្តរបស់អ្នកដែលស្រឡាញ់តម្លៃវប្បធម៌ប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ