ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគោលដៅលេខមួយសម្រាប់ឆ្នាំ ២០២០

(VOVWORLD) -  ក្នុងឆ្នាំ ២០១៩ កន្លងមក ទោះបីជាមានបញ្ហាប្រឈមជាច្រើនពីបរិយាកាសខាងក្រៅក៏ដោយ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែសម្រេចបាន ៧,០២% ដែលស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក ហើយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងរឹងមាំផងដែរ។ ដល់ឆ្នាំ ២០២០នេះ ឈរលើការព្យាករ ណ៍ពីស្ថានភាពនិងលក្ខខ័ណ្ឌអន្តរជាតិដែលមិនសូវអំណោយផលក៏ដោយ ប៉ុន្តែ  រដ្ឋាភិបាលបានកំណត់ថា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនៅតែជាអាទិភាពកំពូលនិងគោលដៅទីមួយដែលត្រូវអនុវត្ត។

ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគោលដៅលេខមួយសម្រាប់ឆ្នាំ ២០២០ - ảnh 1

ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគោលដៅលេខមួយសម្រាប់ឆ្នាំ ២០២០

នៅក្នុងកិច្ចពិភាក្សានាពេលថ្មីៗនេះ ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានបញ្ជាក់ថា៖ ឆ្នាំ ២០២០ ស្ថានភាពក្នុងតំបន់និងបរិបទពិភពលោកត្រូវបានព្យាករណ៍ថា មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចព្យាករណ៍ជាមុនបានឡើយ ដែលដាក់ចេញនូវបញ្ហាប្រឈមជាច្រើនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ហេតុដូច្នេះគោលដៅអាទិភាពជួរមុខរបស់វៀតណាមនៅឆ្នាំនេះគឺ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ឧបនា យករដ្ឋមន្ត្រីលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “បញ្ហាធំបំផុតចំនួនពីរ ដែលលោកនាយករដ្ឋមន្ត្រីតែងតែផ្តោតការយកចិត្តទុកដាក់នៅក្នុងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិ ការមជ្ឈឹម សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាក៏ដូចជាក្នុងការគ្រប់គ្រងរដ្ឋាភិបាល នោះគឺ យើងត្រូវចាត់ទុកការស្ថិរភាពមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច ជាលេខមួយ ដែលជាគោលដៅនិងភារកិច្ចកំពូលផងដែរ។ ទីពីរគឺបំផុសរាល់ប្រភពរលើកទឹកចិត្តសម្រាប់កំណើន។ បញ្ហាទាំងពីរនេះបានជាប់ទាក់ទងនឹងគ្នា។ យ៉ាងណាមិញ កំណើនខ្ពស់ក៏ជាលក្ខខ័ណ្ឌមួយសម្រាប់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែ ស្ថិរភាពម៉ាក្រូក៏ជាបញ្ហាសំខាន់ផងដែរ ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេស តាមទិសដៅចីរភាព ទាំងល្បឿននិងស្ថេរភាពផង”។

ឆ្នាំ ២០១៩ ជាឆ្នាំទី ៣ បន្តបន្ទាប់ ដែលយើងបានបញ្ចប់ ១២/១២ នៃគោលដៅអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលរដ្ឋសភាបានដាក់ចេញ ក្នុងនោះ មានគោលដៅចំនួន ៥ បានលើសពីផែនការដាក់ចេញ។ ជាពិសេស អត្រាកំណើនជាង ៧% គឺជាអត្រាកំណើនខ្ពស់បំផុតក្នុងតំបន់និងពិភពលោក ពោលគឺ ច្រើន ៣ ដង គិតជាមធ្យម លើពិភពលោក និងមានអត្ថន័យជាងនេះទៅទៀត ខណៈពេលដែល ប្រទេសជាច្រើនមិនរីកចម្រើនឬសូម្បីតែកំណើនអវិជ្ជមានក៏មានដែរ។ លើសពីនេះទៅទៀត បញ្ហាអតិផរណាត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ស្ថិតនៅកម្រិតក្រោម ៣% គឺទាបជាងគោលដៅដែលរដ្ឋសភាបានកំណត់។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សមិទ្ធិផលសេដ្ឋកិច្ចក្នុងឆ្នាំកន្លងមកគឺជាបុព្វបទសម្រាប់បង្កើតសន្ទុះសំខាន់មួយសម្រាប់កំណើននៅឆ្នាំ ២០២០ ជាពិសេសនៅពេលដែលវៀតណាមទទួលនូវតួនាទីជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។ ទាំងនេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាម ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចល្អ និងធានាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានដាក់ចេញ។  សេដ្ឋវិទូ Nguyen Minh Phong បានវាយតម្លៃថា៖ “ក្នុងឆ្នាំ ២០២០ នេះ សេដ្ឋកិច្ចរបស់វៀត ណាមនិងសេដ្ឋកិច្ចពិភពលោកនឹងបន្តរីកចម្រើនគួរអោយកត់សម្គាល់។  ទីមួយគឺដោយសារតែការកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ដែលបង្កើនការវិនិយោគនិងទំនុកចិត្តលើទីផ្សារ។ ទីពីរគឺ ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២០ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដៃគូវិនិយោគនៅទូទាំងតំបន់។ ចំណុចមួយទៀត គឺស្ថេរភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសនានាក្នុងតំបន់និងវៀតណាម ដែលធ្លាប់រងការផ្លាស់ប្តូរនៅឆ្នាំ ២០១៩ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ ជាងនេះទៅទៀត ឆ្នាំ ២០២០ គឺជាឆ្នាំមុនសន្និបាតបក្ស ហេតុដូច្នេះ ការកែទម្រង់បរិយាកាសវិនិយោគធ្វើអាជីវកម្មនឹងត្រូវបានអនុវត្តកាន់ តែខ្លាំងក្លាថែមទៀត។  ទាំងនេះគឺជាបុព្វហេតុសំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ”។

ចំណែកឯសេដ្ឋកិច្ចវិទូ លោក Can Van Luc បាននិយាយថា៖ “មានកំលាំងចលករចំនួនបីសម្រាប់កំណើននៅឆ្នាំ ២០២០។ ទីមួយគឺការនាំចេញបន្តស្ថិតក្នុងកម្រិតសមរម្យបង្គួរ ដោយរំពឹងថានឹងកើនឡើង ៩%។ ទី ២ ការវិនិយោគបរទេស (FDI) នៅតែបន្តជាចំណុចលេចធ្លោ ដោយសារការផ្លាស់ប្តូរមូលធនវិនិយោគ ជាពិសេសការផ្លាស់ប្តូរការវិនិយោគពីហុងកុងនិងចិនចូលមកវៀតណាមមានការកើនឡើង។ ហើយទីបីគឺ វិស័យសេដ្ឋកិច្ចឯកជន ដោយមូលធនវិនិយោគឯកជនកំពុងកត់ត្រានូវកំណើនកើនឡើងប្រហែល ១៧% ដែលនឹងក្លាយជាចំណុចភ្លឺស្វាងផងដែរ។ ទន្ទឹមជាមួយគ្នានេះ អតិផរណាត្រូវបានគេព្យាករណ៍ថាអាចគ្រប់គ្រងបានត្រឹមតែ ៣,២- ៣,៥%”។

តាមស្ថានភាពជាក់ស្តែង ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតែងតែជាគោលដៅដែលរដ្ឋាភិ បាលបានដាក់ចេញតាំងពីច្រើនឆ្នាំមុន។ សូមរំលឹកឡើងវិញថា អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកក្កដាឆ្នាំ ២០១៨ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ធ្លាប់បានសង្កត់ធ្ងន់ថា “ស្មារតីធំបំផុតគឺរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាឱ្យបានល្អ និងពង្រឹងទំនុកចិត្តលើទីផ្សារ ក្នុងសង្គមនិងសហគ្រាសនានា”។

ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០នេះ  នាដើមឆ្នាំនេះតែម្តង រដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេចចិត្តសំខាន់ៗ ចំនួន ២ ស្តីពីការដឹកនាំនិងការគ្រប់គ្រងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងគម្រោងទូទាត់ថវិការដ្ឋក្នុងឆ្នាំ ២០២០ ជាពិសេសគឺភារកិច្ចនិងដំណោះស្រាយសំខាន់ៗស្តីពីកែលំអបរិយាកាសអាជីវកម្មនិងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ។ សេចក្តីសម្រេចចិត្តទាំងពីរនេះ ត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នង និងជាចំណុចលេចធ្លោនៃការងារដឹកនាំ ប្រតិបត្តិការនិងបង្រួបបង្រួមរបស់រដ្ឋាភិបាលផងដែរ។

សេដ្ឋវិទូជាច្រើនរូបបានជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លានោះ រួមទាំងការប្តេជ្ញាពីរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ក៏ដូជាការចូលរួមរបស់សង្គមទាំងមូល  ពិតណាស់ថា គោលដៅស្ថេរភាពសេដ្ឋ កិច្ចនឹងត្រូវបានធានា ហើយឋានៈរបស់វៀតណាមលើផែនទីសេដ្ឋកិច្ចពិភព លោកនឹងត្រូវបានពង្រឹងនិងកាន់តែប្រសើរជាង ជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ