LUVIT - ផលិតផលសោរឆ្លាតវៃ “Make in Vietnam”

(VOVWORLD) - នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.0 បច្ចេកវិទ្យា Internet of Things (IoT) ត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយក្នុងជីវភាពរស់នៅ ក្នុងនោះមានផលិតផលផ្ទះឆ្លាតវៃ ជាពិសេសគឺសោទ្វារឆ្លាតវៃ។ សោទ្វារឆ្លាតវៃ ដែលមានភាពរឹងមាំ ប្រកបដោយសុវត្ថិភាព និងសោភ័ណភាពបានក្លាយជានិន្នាការក្នុងពេលថ្មីៗនេះរបស់អតិថិជនសម័យទំនើប។ 
 
LUVIT - ផលិតផលសោរឆ្លាតវៃ “Make in Vietnam” - ảnh 1លោក Le Duc Phuong អគ្គនាយកក្រុមហ៊ុន Viet - Tiep  (រូបថត៖ ហ្សីង)

ទីផ្សារសោរឆ្លាតវៃត្រូវបានព្យាករណ៍ថានឹងបន្តមានកំណើនល្អនាពេលខាងមុខ។ ក្នុងបរិបទនោះ ក្រុមហ៊ុនមួយចំនួននៅវៀតណាមបានចាប់ផ្តើមឆ្ពោះទៅរកទីផ្សារដ៏មានសក្ដានុពលនេះ ហើយបានបង្កើតផលិតផល Make in Vietnam ក្នុងនោះមានសោរឆ្លាតវៃ LUVIT ផងដែរ។

សោទ្វាឆ្លាតវៃ LUVIT គឺជាលទ្ធផលនៃយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងក្រុមហ៊ុនភាគហ៊ុនភាគហ៊ុន Lumi វៀតណាម និងក្រុមហ៊ុនភាគហ៊ុនសោ Viet - Tiep ដែលជាពាណិជ្ជសញ្ញាធំទាំងពីរក្នុងផ្នែក smarthome និងសោទ្វារឆ្លាតវៃ ដែលត្រូវបានណែនាំដល់អតិថិជនចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១។ LUVIT គឺជាផលិតផលដោយសារប្រជាជនវៀតណាម សម្រាប់ប្រជាជនវៀតណាម ដោយបានផ្តល់នូវបទពិសោធន៍ដ៏ងាយស្រួល និងឆ្លាតវៃជាច្រើនដល់អតិថិជន។ លោក Le Duc Phuong អគ្គនាយកក្រុមហ៊ុនភាគហ៊ុនសោរ Viet - Tiep បានឲ្យដឹងថា៖ “ក្រុមហ៊ុនសោ Viet Tiep និងក្រុមហ៊ុន Lumi បានសហការគ្នាផលិតប្រភេទសោឆ្លាតវៃ LUVIT ដែលសិក្សាស្រាវជ្រាវ ដាក់ឲ្យដំណើរការ និងផលិត ដោយជនវៀតណាមទាំងស្រុង។ ដូច្នេះហើយ យើងខ្ញុំនឹងគ្រប់គ្រងទាំងស្រុងលើគុណភាពផលិតផល ផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ស្រស់ស្អាត សេវាកម្មក្រោយពេលលក់អាចដំណើរការកាន់តែប្រសើរឡើង ព្រោះថាយើងជាម្ចាស់បច្ចេកវិទ្យាទាំងស្រុង។ ដូច្នេះ ពេលវេលាសម្រាប់ការធានា ជួសជុល ឬផ្លាស់ប្ដូរគ្រឿងបន្លាស់ក៏បានកាត់បន្ថយការចំណាយផងដែរ”។

សោរឆ្លាតវៃ LUVIT គឺជាប្រភេទសោទ្វារឆ្លាតវៃ ដែលសក្តិសមជាមួយនិន្នាការគ្រឿងសង្ហារឹមទំនើប តាមរចនាបថ robotic ដ៏វិសេសវិសាលបើប្រៀបធៀបទៅនឹងសោទ្វារបែបប្រពៃណីជាច្រើន។ ផ្តើមចេញពីតម្រូវការផ្ដល់អាទិភាពលើកត្តាសុវត្ថិភាពនោះ LUVIT ត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពប្រកាសនៅក្នុងស្ថានការជ្រៀតចូលដ៏គ្រោះថ្នាក់។ ទន្ទឹមនឹងនោះ LUVIT បានជួយសម្រួលការគ្រប់គ្រងពីចម្ងាយ ការតភ្ជាប់ ២៤ ម៉ោង/៧ ថ្ងៃនិងអាចត្រូវបានរួមបញ្ចូលទាំងស្រុងនៅក្នុងប្រព័ន្ធអេកូផ្ទះឆ្លាតវៃ។ មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការតំរង់ទិសដៅជាយុទ្ធសាស្រ្ត នាំសោឆ្លាតវៃចូលទៅក្នុងផ្ទះវៀតណាមណាមនីមួយៗនោះ LUVIT ត្រូវបានរចនាឡើងជាមួយនឹងតួរលេខដែលសមស្របជាមួយប្រភេទសោដ៏ពេញនិយមបំផុតនៅវៀតណាមគឺទ្វារឈើ និងទ្វារអាលុយមីញ៉ូម។ LUVIT បាននាំមកជូននូវសោឆ្លាតវៃដើមដំបូងដែលមានពាណិជ្ជសញ្ញាវៀតណាមសម្រាប់ទ្វារអាលុយមីញ៉ូម ដែលជួយសម្រយលការផ្លាស់ប្តូរសោមេកានិចទៅជាសោអេឡិចត្រូនិច ព្រមទាំងបើកចេញជម្រើសចម្រុះកាន់តែច្រើននៅពេលជ្រើសរើសតម្លើងសោអេឡិចត្រូនិចតាមសំណង់នានានៅវៀតណាម។ លោក Duong Duc Tai បុគ្គលិកនៃការិយាល័យសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នៃក្រុមហ៊ុនភាគហ៊ុន Lumi វៀតណាម ដែលបានចូលរួមដោយផ្ទាល់ក្នុងការស្រាវជ្រាវ និងផលិតសោឆ្លាតវៃ LUVIT បានឲ្យដឹងថា៖ “ចំពោះទ្វារឈើ សោ LUVIT សមស្របនឹងទំហំទ្វារនៅក្នុងផ្ទះវៀតណាមភាគច្រើនក្នុងរយៈពេល ២០ ឆ្នាំថ្មីៗនេះ។ ដូច្នេះហើយការផ្លាស់ប្ដូរសោមេកានិចបែបប្រពៃណីទៅជាសោឆ្លាតវៃគឺងាយស្រួលណាស់។ ទន្ទឹមនឹងនេះយើងខ្ញុំក៏មានសោប្រភេទផ្សេងមួយទៀតសម្រាប់ទ្វារអាលុយមីញ៉ូមផងដែរ។កត្តាសំខាន់បំផុតគឺប្រអប់សោ។ ជាក់ស្ដែង ប្រអប់សោត្រូវបានយើងខ្ញុំផលិតពី ដែកអ៊ីណុកប្រភេទ ៣០៤ ជាសារធាតុដែលមានភាពធន់នឹងការច្រេះ បើទោះបីស្ថិតក្នុងស្ថានភាពសំណើមទាបក៏ដោយ។ លើសពីនេះទៅទៀត ប្រអប់សោត្រូវបានរចនាឡើងដើម្បីធានាបាននូវស្តង់ដារបង្ការទប់ស្កាត់អគ្គីភ័យជាមួយនឹងភាពធន់នឹងកំដៅខ្ពស់ផងដែរ”។

LUVIT - ផលិតផលសោរឆ្លាតវៃ “Make in Vietnam” - ảnh 2កីឡាករ Hoang Duc បានចែករំលែកបទពិសោធន៍ជាមួយ Luvit  (រូបថត៖ ហ្សីង)

អតិថិជនបានចាត់ទុកថា សោរឆ្លាតវៃ LUVIT មិនត្រឹមតែបានបម្រើខាងសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជាផលិតផលបច្ចេកវិទ្យា សមស្របជាមួយអតិថិជនវ័យក្មេង ដែលស្រឡាញ់ចូលចិត្តភាពសាមញ្ញ និងឆាប់រស័សទៀតផង។ យោងតាមការវាយតម្លៃបានឲ្យដឹងថា សោឆ្លាតវៃ LUVIT មិនចាញ់ផលិតផលនាំចូលឡើយ នៅពេលដែលវាមានលក្ខណៈពិសេសទំនើបដ៏ពេញលេញ និងសមត្ថភាព រួមបញ្ចូលជាមួយប្រព័ន្ធអេកូផ្ទះឆ្លាតវៃ។ កីឡាករ Hoang Duc មកពីក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាម ដែលជាអតិថិជនដើមដំបូង ដែលបានប្រើសោឆ្លាតវៃ LUVIT បានចែករំលែកបទពិសោធន៍ថា៖ “ខ្ញុំចូលចិត្តមុខងារប្រកាស នៅពេលមាននរណាម្នាក់ព្យាយាមលួចចូលក្នុងផ្ទះរបស់ខ្ញុំ។ ចំពោះសោ LUVIT នៅពេលដែលសោរងការបំផ្លាញ ឬមាននរណាម្នាក់ព្យាយាមបើកនោះ វានឹងព្រកាសតាមរយៈសំឡេងរោទិ៍។ ខ្ញុំចូលចិត្តភាពងាយស្រួលក្នុងការប្រើប្រាស់ LUVIT ព្រោះថាខ្ញុំអាចដោះសោតាមវិធីជាច្រើន។ ខ្ញុំតែងតែភ្លេចកូនសោ ដូច្នេះហើយនៅពេលខ្ញុំប្រើប្រាស់ LUVIT ខ្ញុំអាចបើកសោដោយប្រើស្នាមម្រាមដៃ ឬទូរស័ព្ទផងដែរ”។

ក្នុងនាមជាផលិតផលដោយជនវៀតណាម និងសម្រាប់ជនវៀតណាមនោះ វត្តមានរបស់សោ LUVIT កំពុងរួមចំណែកឆ្លើយតបនិន្នាការរស់នៅបែបទំនើប ផាសុកភាព សុវត្ថិភាព និងឯកជនភាពរបស់ប្រជាជនវៀតណាមភាគច្រើន នាពេលបច្ចុប្បន្ន។ លោក Nguyen Duc Tai អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Lumi Vietnam បានឲ្យដឹងថា៖ “ក្នុងដំណើរការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ ក្រៅពីការបង្កើតផលិតផលថ្មី ភារកិច្ចដ៏សំខាន់មួយរបស់វិស្វកររបស់យើងខ្ញុំគឺត្រូវច្បាមជាប់បច្ចេកវិទ្យាអំពីការរចនាឧស្សាហកម្មប្រកបដោយវិជ្ជាជីវៈ បច្ចេកវិទ្យា បង្កើតផលិតផល។ តាមនោះ យើងខ្ញុំនឹងបន្តអភិវឌ្ឍន៍ផលិតផលឱ្យកាន់តែល្អប្រសើរនាពេលអនាគតផងដែរ”។

បន្ទាប់ពីផលិតផល សោឆ្លាតវៃ LUVIT នាពេលខាងមុខ Lumi និង Viet - Tiep នឹងបន្តកែលម្អ និងផលិតចេញ ផលិតផល "Make in Vietnam" ឲ្យសមស្របនឹងនិន្នាការជូនអតិថិជន ជាមួយតម្លៃសមរម្យដើម្បីបម្រើអតិថជិនវៀតណាមយ៉ាងទូលំទូលាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ