Voso.vn - វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក “Make in Vietnam“

(VOVWORLD) - Voso.vn គឺជាផលិតផលបច្ចេកវិទ្យា "Make in Vietnam" ដែលអភិវឌ្ឍន៍ដោយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនិងទូរគមនាគមន៍យោធា Viettel ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធន៍នៃការទិញទំនិញតាមអ៊ិនធឺណែតយ៉ាងងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស តាមរយៈការគាំទ្រយ៉ាងខ្លាំងក្លាក្នុងការទូទាត់និងដឹកជញ្ជូន។ ក្រោយរយៈពេល ៣ ឆ្នាំដំណើរការ voso.vn កំពុងអះអាងនូវឋានៈរបស់ខ្លួនក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម។
Voso.vn - វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក “Make in Vietnam“ - ảnh 1Voso គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដំបូងគេដែលផ្តោតលើមុខទំនិញពិសេសប្រចាំតំបន់។ (រូបភាព៖diendandoanhnghiep.vn)

Voso ឬត្រូវបានហៅថា ជា Vỏ Sò (សម្បកងាវ) ត្រូវបានក្រុមហ៊ុន Viettel Post នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនិងទូរគមនាគមន៍យោធា Viettel ឧទ្ទេសនាមកាលពីខែកក្កដាឆ្នាំ ២០១៩ គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដំបូងគេដែលបានផ្តោតលើមុខទំនិញពិសេសប្រចាំតំបន់។ Viettel Post បានតម្រង់ទិសដៅនៃការអភិវឌ្ឍ Voso ទៅជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកសិផល ជួយតភ្ជាប់អ្នកផលិត និងកសិករ ជាមួយភោជនីយដ្ឋាន ផ្សារទំនើប និងអតិថិជនតាមគំរូ O2O2O (online to offline to online)។ Voso កំពុងត្រូវបានសាងសង់នៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីដ៏ធំទូលាយពីសម្ព័ន្ធក្រុមហ៊ុន Viettel ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហើយការស្វែងរក ការទិញនិងការទូទាត់សុទ្ធតែត្រូវបានអនុវត្តតាមអ៊ីនធឺរណែត ជាមួយនឹងការប្រគល់ទំនិញយ៉ាងឆាប់រហ័សផងដែរ។ តាមរយៈ Voso.vn ប្រជាកសិករអាចម្ចាស់ការស្វែងរកអ្នកទិញ ទន្ទឹមនឹងនោះជំរុញការនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសនានា ដោយមិនចាំបាច់ឆ្លងកាត់អន្តរការីឡើយ។ លោកស្រី Le Thi Ngoc Phuong ទទួលបន្ទុកទីផ្សារនៃក្រុមហ៊ុនចម្កាត់ឯកបុគ្គល សមាជិកពាណិជ្ជកម្មអេឡិចត្រូនិកViettel បានឲ្យដឹងថា៖ “ជាមួយគុណសម្បត្តិមានកន្លែងលក់ប្រៃសណីយ៍ និងចំនួនបុគ្គលិកច្រើន Voso.vn តែងតែមានបុគ្គលិកធ្វើការអភិក្រមដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់នៅតាមខេត្ត ក្រុងចំនួន ៦៣។ បុគ្គលិករបស់Voso បានផ្តល់មតិយោបល់ដល់អ្នកប្រើប្រាស់ ធ្វើយ៉ាងណាដើម្បីអាចលក់ទំនិញនៅលើវេទិការពាណិជ្ជកម្មអេឡិចត្រូនិចប្រកបដោយប្រសិទ្ធភាពបំផុត ថតរូបផលិតផលឲ្យបានស្រស់ស្អាតបំផុត ដើម្បីនៅពេលដាក់លក់នៅលើស្តង់ពាណិជ្ជកម្មអេឡិចត្រូនិច អ្នកប្រើប្រាស់អាចមើលឃើញផលិតផល និងធ្វើសម្រេចចិត្តទិញទំនិញ។”

បន្ទាប់ពីម្ចាស់ហាងបានដាក់លក់ផលិតផលនៅលើ Voso រួច Viettel Post នឹងប្រមូលការបញ្ជាទិញទាំងអស់ រួមបញ្ចូលគ្នាសម្រាប់ដឹកជញ្ជូន ដោយប្រើប្រាសឡានដឹកទំនិញជូនដល់ដៃអតិថិជន។ ទន្ទឹមនឹងនេះ បុគ្គលិករបស់ Voso ក៏បានមកណែនាំ និងបណ្តុះបណ្តាលម្ចាស់ហាង នូវរបៀបលក់នៅលើទីផ្សារ រួមគ្នាធ្វើ livestream គាំទ្រដំណោះស្រាយផ្សព្វផ្សាយឌីជីថល ដើម្បីលើកកម្ពស់សកម្មភាពលក់ទំនិញឱ្យបានឆាប់រហ័ស។ លោក Nguyen Thanh Xuan ក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធពូជដំណាំវៀតណាមបានឲ្យដឹងថា៖ “ទីផ្សារបានផ្សព្វផ្សាយសម្រាប់ផលិតផលរបស់យើងខ្ញុំ។ ទីផ្សារតែងតែមានកម្មវិធីគាំទ្រដោយផ្ទាល់ និងជំរុញឱ្យផលិតផលរបស់យើងត្រូវបានអតិថិជនស្គាល់ដល់កាន់តែច្រើន។”

Voso.vn បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជឿនលឿន ផ្គត់ផ្គង់ដំណោះស្រាយ និងការតភ្ជាប់រវាងអ្នកទិញនិងអ្នកលក់ តាមរយៈប្រព័ន្ធគេហទំព័រ ឬ APP (នៅលើ Smart Phone) ។ ការទូទាត់ក៏ត្រូវបានតភ្ជាប់ជាមួយផ្លាតហ្វមទូទាត់ Viettel money, VNPay, ZaloPay និងបណ្តាញគ្រប់គ្រងការលក់ទំនិញដូចជា Viettelsale។ ការបញ្ជាទិញនៅលើ Voso.vn ដែលមានរយៈចម្ងាយក្រោម ១០០ គីឡូម៉ែត្រ នឹងត្រូវបាន Viettel Post ដឹកជញ្ជូនទៅដល់ដៃអ្នកប្រើប្រាស់ ក្នុងរយៈពេលប្រហែល ៤ ម៉ោងប៉ុណ្ណោះ។ ចំពោះការបញ្ជាទិញក្នុងវិសាលភាពឆ្ងាយជាង  ប្រៃសណីយ៍ Viettel នឹងដឹកជញ្ជូនទៅកាន់កន្លែងប្រមូលផ្តុំ និងប្រើប្រាស់បច្ចេកវិទ្យា last mile - ការដឹកជញ្ជូនដំណាក់កាលចុងក្រោយ ដើម្បីផ្ទេរទៅដៃអ្នកប្រើប្រាស់ក្នុងរយៈពេលដ៏លឿនបំផុតតាមដែលអាចធ្វើទៅបាន។ លោក Nguyen Phi Hai ក្រុមហ៊ុនភាគហ៊ុន Minh Duong ទីក្រុងហាណូយបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំទើបតែបញ្ជាក់ការបញ្ជាទិញ ហើយបានចុះកិច្ចសន្យានោះ ភាគី Voso បានកំណត់ភ្លាមៗ ហើយដឹកជញ្ជូនទៅដល់ដៃអតិថិជនយ៉ាងឆាប់រហ័ស។ ក្រៅពីនេះ យើងខ្ញុំមិនត្រូវការចំណាយណាមួយឡើយ។”
Voso.vn - វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក “Make in Vietnam“ - ảnh 2លោក Dang Hoang Hai ប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ រូបភាព៖ qdnd.vn

មិនត្រឹមតែក្នុងការចែកចាយផលិតផលក្នុងស្រុកប៉ុណ្ណោះទេ Viettel Post ក៏មានមហិច្ឆតានាំផលិតផលកសិកម្មវៀតណាមទៅកាន់ទីផ្សារអន្តរជាតិតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Voso ទៀតផង។ នៅខែមិថុនាឆ្នាំ ២០២១ ក្រោមការគាំទ្រពីនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ផ្លែគូលែន Bac Giang ចំនួនជាង ៤ តោនត្រូវបាននាំចេញ សាកល្បងប្រកបដោយជោគជ័យទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Vo So។ ដើម្បីអាចដំណើរការលំហូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននេះ Voso បានចាប់ផ្តើមសាងសង់ស្តង់ទំនិញ Voso Global ចាប់ពីខែមីនាឆ្នាំ ២០២១។ នេះគឺជាកន្លែងសម្រាប់អតិថិជននៅឯបរទេស ជាពិសេសអាណិកជនវៀតណាមអាចស្វែងរក និងទិញផលិតផលដែលមានគុណភាពខ្ពស់មកពីវៀតណាម។ បន្ទាប់ពីផលិតផលត្រូវបានបញ្ជាទិញ វាចំណាយរយៈពេលតែ ៤ - ៥ ថ្ងៃប៉ុណ្ណោះ សម្រាប់អតិថិជននៅអឺរ៉ុបទទួលបានទំនិញដែលបានដឹកជញ្ជូនទៅដល់ផ្ទះ។ នេះគឺជាលើកដំបូងហើយដែលវៀតណាមបានអនុវត្តការនាំចេញតាមវិធីសាស្រ្តពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនលើវេទិកា Make in Vietnam។ លោក Dang Hoang Hai ប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ “នេះជាលើកដំបូងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម ដែលយើងបាននាំចេញទៅកាន់អឺរ៉ុប ជាទីផ្សារដែលមានស្តង់ដារខ្ពស់។ នេះក៏ជាមាគ៌ាថ្មីមួយ ដែលយើងខ្ញុំចាត់ទុកថា នឹងបើកចេញអនាគតជាច្រើនសម្រាប់ផលិតផលកសិកម្មផ្សេងៗទៀត។”

បន្ទាប់ពីដំណើរការរយៈពេលដ៏ខ្លី ផលិតផល“ Make in Vietnam ” - វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក voso.vn ទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់មួយចំនួនដូចជា៖ តំណាងតែមួយគត់របស់វៀតណាមដែលទទួលបានពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២០-២០២១ (APICTA) នៅក្នុងវិញ្ញាសារ “ការប្រើប្រាស់ - ការលក់រាយនិងការចែកចាយ”; ពានរង្វាន់មាស “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” ឆ្នាំ ២០២១ ក្នុងវិញ្ញាសារ “មូលដ្ឋានឌីជីថលឆ្នើម”; ជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម តាមចំណាត់ថ្នាក់ពេញនិយមនៅលើបណ្តាញសង្គម កាលពីខែមករាឆ្នាំ ២០២១ ។

ក្នុងឆ្នាំ ២០២២ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Vo So បានតម្រង់ទិសដៅ បន្តពង្រីកនិងអភិវឌ្ឍចំនួនក្រុមគ្រួសារផលិតកម្មកសិកម្ម តាមរយៈកម្មវិធីអនុគ្រោះ វិនិយោគ ជំរុញការអនុវត្តបច្ចេកវិទ្យាលើវេទិកា អនុវត្តកម្មវិធី Marketting ទីផ្សារឆ្ពោះទៅអតិថិជន។ ចក្ខុវិស័យនៅអនាគតយូរអង្វេង Vo So មានគោលបំណង ក្លាយទៅជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកលេខ ១ ស្តីពីផលិតផលប្រចាំតំបន់នៅវៀតណាម ជួយតភ្ជាប់អ្នកផលិតនិងកសិករជាមួយភោជនីយដ្ឋាន ផ្សារទំនើបនិងអតិថិជនទាំងក្នុងស្រុកនិងអន្តរជាតិ រួមចំណែកដល់ការលើកកម្ពស់តម្លៃកសិផលវៀតណាមឈានដល់កម្រិតពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ