(VOVWORLD) - ភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ រួមជាមួយនឹងការបញ្ចេញទឹកពីទំនប់វារីអគ្គិសនីបណ្តាលឱ្យផ្ទះសម្បែងជិត ៦៨.០០០ ខ្នងនៅក្នុងខេត្តទាំងបី Gia Lai, Dak Lak និង Khanh Hoa លិចទឹកយ៉ាងជ្រៅ។

យោងតាមរបាយការណ៍ គិតត្រឹមម៉ោង ៦:៣០ ព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា ពីនាយកដ្ឋានគ្រប់គ្រងទំនប់ទឹកនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងថា ទឹកជំនន់ និងការបាក់ដីនៅបណ្តាខេត្តភាគកណ្តាល បណ្តាលឲ្យមនុស្ស ៤១ នាក់ស្លាប់ និងមនុស្ស ៩ នាក់បាត់ខ្លួន។
ភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ រួមជាមួយនឹងការបញ្ចេញទឹកពីទំនប់វារីអគ្គិសនីបណ្តាលឱ្យផ្ទះជិត ៦៨.០០០ ខ្នងនៅក្នុង Gia Lai, Dak Lak និង Khanh Hoa លិចទឹក។ ខេត្ត Khanh Hoa, Gia Lai និង Dak Lak ត្រូវលិចទឹកក្នុងទ្រង់ទ្រាយធំ ក្នុងនោះ មានឃុំ និងសង្កាត់ចំនួន ៥០ នៅខេត្ត Khanh Hoa ឃុំនិងសង្កាត់ចំនួន ៣០ នៅខេត្ត Gia Lai និងឃុំ និងសង្កាត់ចំនួន ៣៤ នៅខេត្ត Dak Lak។
ទឹកជំនន់នៅលើទន្លេ Ba និងទន្លេ Ky Lo (ខេត្តដាក់ឡាក់) បានឡើងដល់ចំណុចកំពូល ដោយលើសពីកម្ពស់ទឹកជំនន់ជាប្រវត្តិសាស្ត្រពី ០,២- ១,១ម៉ែត្រ ហើយកំពុងស្រកចុះ។ ទន្លេ Dinh Ninh Hoa កំពុងរក្សាកម្រិតទឹកជំនន់ ៦,៧៧ ម៉ែត្រ លើសពីកម្រិតព្រមានលេខ៣ គឺ ១,០៧ ម៉ែត្រ លើសពីកម្រិតទឹកជំនន់ប្រវត្តិសាស្ត្រឆ្នាំ ១៩៨៦ ចំនួន ០,១៩ ម៉ែត្រ។ បច្ចុប្បន្ន ទឹកជំនន់នៅលើទន្លេ Ba នៅភូមិ Phu Lam បានថយចុះ ០,៧ ម៉ែត្របើប្រៀបធៀបទៅនឹងកម្រិតកំពូល ប៉ុន្តែនៅតែខ្ពស់ជាងកម្រិតព្រមានលេខ៣ ហើយនៅភូមិ Cung Son ក៏បានថយចុះ ៣,២៣ម៉ែត្របើធៀបនឹងកម្រិតកំពូល។ ទឹកជំនន់នៅទន្លេ Ky Lo បានថយចុះមកត្រឹមកម្រិតព្រមានលេខ ២ ដោយថយចុះ ៥,១៧ ម៉ែត្របើធៀបទៅនឹងកម្រិតកំពូល។
នៅខេត្ត Gia Lai ស្ថានភាពទឹកជំនន់អូសបន្លាយបានបណ្តាលឱ្យមនុស្សជាច្រើនអំពាវនាវការជួយសង្គ្រោះ។ នៅក្នុងរូបថត ស្ត្រីម្នាក់នៅសង្កាត់ Quy Nhon Dong កំពុងបើកដំបូលក្បឿងដើម្បីឡើងមកសុំជំនួយ។
នាថ្ងៃទី ២០ ខែវិច្ឆិកា នគរបាលខេត្ត Gia Lai បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ ដើម្បីជម្លៀសគ្រួសារចំនួន ២.៨៥០ ដែលមានមនុស្សចំនួន ១០.៥២៩ នាក់ ទៅកាន់ទីទួលសុវត្ថិភាព និងជួយសង្គ្រោះមនុស្សចំនួន ៧៦៦ នាក់ ពីតំបន់លិចទឹកជ្រៅ។
មនុស្សចាស់ជរា និងកុមារ ត្រូវបានជម្លៀសចេញពីតំបន់ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់នៅខេត្ត Gia Lai។

កម្លាំងនគរបាលបានបង្កើនទូកកាណូចំនួន ១៥ គ្រឿង ទូកម៉ូតូចំនួន ៤៣ គ្រឿង រថយន្តចំនួន ៤០០ គ្រឿង និងអាវពោងសុវត្ថិភាពប្រហែល ៤.០០០... ទៅកាន់តំបន់ត្រូវលិចទឹក ដើម្បីឧបត្ថម្ភប្រជាជនក្នុងការជម្លៀស។
ទន្ទឹមនឹងនេះ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានកៀងគរយុទ្ធជនចំនួន ១.៦២៧នាក់ ដើម្បីជម្លៀសគ្រួសារចំនួន ២.៤៦៣ គ្រួ ស្មើរនឹងមនុស្ស ៦.៧០៤ នាក់។
ក្រៅពីការជម្លៀសប្រជាជន កងកម្លាំងសមត្ថកិច្ចក៏បានដឹកជញ្ជូនសម្ភារៈចាំបាច់ទៅកាន់តំបន់លិចទឹក ដើម្បីឧបត្ថម្ភប្រជាជនផងដែរ។
នៅខេត្ត Dak Lak អាជ្ញាធរមូលដ្ឋានកំពុងបន្តអនុវត្តន៍ការងារជួយសង្គ្រោះបន្ទាន់។ ខេត្តមិនទាន់បានប្រកាសពីចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅឡើយទេ។
ទឹកជំនន់ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនៅខេត្ត Dak Lak បានជន់លិចផ្ទះចំនួន ៣៩.៥១៧ ខ្នង; ធ្វើឱ្យគ្រួសារចំនួន ១១.៥៨៦ គ្រួត្រូវកាត់ផ្តាច់ ដែលក្នុងនោះគ្រួសារចំនួន ១១.៥៣០ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព។
លើសពីនេះ ទឹកជំនន់បានបណ្តាលឱ្យមានការរអិលបាក់ដី ការជន់លិច និងបំផ្លាញផ្លូវចរាចរណ៍ជាច្រើន។ នៅក្នុងរូបថត ស្ពាន Lo Gom ក្នុងឃុំ Tuy An Bac ត្រូវទឹកជំនន់បាក់រលំ។
លោក Y San Adrơng អនុប្រធាននគរបាលខេត្ត បានឲ្យដឹងថា ផែនការទប់ទល់នឹងទឹកជំនន់ត្រូវបានដាក់ពង្រាយចាប់តាំងពីរយប់ថ្ងៃទី ១៨ ខែវិច្ឆិកា។ នគរបាលខេត្តបានចល័តកម្មាភិបាល និងយុទ្ធជនចំនួន ៥.០០០ នាក់; ទន្ទឹមនឹងនោះ ដាក់ពង្រាយរថយន្តគ្រប់ប្រភេទចំនួន ១២២ គ្រឿង ជាមួយទូកកាណូនិងទូកម៉ូតូចំនួន ៤០ គ្រឿង ដើម្បីឧបត្ថម្ភមូលដ្ឋានក្នុងការទប់ទល់នឹងទឹកជំនន់ ជួយសង្គ្រោះ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងតំបន់លិចទឹកជ្រៅ។
នៅខេត្ត Khanh Hoa មូលដ្ឋានជាច្រើនត្រូវបានលិចលង់ នៅពេលដែលទឹកជំនន់នៅលើទន្លេ Cai Phan Rang បានឡើងដល់កម្រិតកំពូល លើសពីកម្រិតព្រមានលេខ៣។
ជាក់ស្តែង ភ្លៀងធ្លាក់ខ្លាំងចាប់ពីយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា បានបណ្តាលឱ្យផ្លូវថ្នល់ជាច្រើននៅក្នុងសង្កាត់ Tay Nha Trang និងសង្កាត់ Bac Nha Trang ត្រូវបានលិចលង់យ៉ាងជ្រៅ។
ទឹកជំនន់បានឡើងយ៉ាងលឿន ធ្វើឲ្យប្រជាជនមិនអាចឆ្លើយតបទាន់ពេលវេលា គ្រាន់តែអស់សង្ឃឹម ឈរមើលរថយន្តរបស់ខ្លួនលិចលង់ក្នុងទឹកជំនន់ប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ស្ថានីយឧតុនិយមខេត្ត Khanh Hoa បានឲ្យដឹងថា ទឹកជំនន់នៅលើទន្លេ Dinh Ninh Hoa កំពុងថយចុះជាបណ្ដើរៗ។ កម្រិតទឹកជំនន់នៅម៉ោង ៩៖០០ ព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា នៅបណ្តាស្ថានីយដូចខាងក្រោម៖ ស្ថានីយ Duc My៖ ១៥,៥៣ម៉ែត្រ; ស្ថានីយ Ninh Hoa៖ ៦,២៦ ម៉ែត្រ ទាបជាងកម្រិតទឹកជំនន់ប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៨៦ (៦,៥៨ម៉ែត្រ) ប្រហែល ០,៣២ ម៉ែត្រ៕