Loc Yen – “ដែនដីទេពអប្សរ” ដ៏សុខសាន្ត

(VOVWORLD) - ភូមិបុរាណ Loc Yen នៅឃុំ Thanh Binh ទីក្រុង Da Nang(ពីមុនជាឃុំ Tien Canh ស្រុក Tien Phuoc ខេត្ត Quang Nam) ត្រូវបានគេស្គាល់ថាជា “ដែនដីទេពអប្សរ” នៃតំបន់ភាគកណ្តាលវៀតណាម។ នៅទីនេះ ផ្ទះបុរាណតាំងពីយូរលង់មកនៅតែជាប់ចង្កេះភ្នំ ដោយបង្កប់នូវរឿងរ៉ាវដោយឡែករបស់ខ្លួន។

Loc Yen – “ដែនដីទេពអប្សរ” ដ៏សុខសាន្ត - ảnh 1ភូមិបុរាណ Loc Yen ទីក្រុង Da Nang ផ្ទះជាប់នឹងចង្កេះភ្នំ បែរមុខទៅវាលស្រែ។ (រូបថត៖ VOV)

យោងតាមព្រឹទ្ធាចារ្យភូមិ ដំណើរការបង្កើតតំបន់ដី Loc Yen ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគាស់រានដី និងបង្កើតភូមិនៅក្នុងចន្លោះសតវត្សទី១៥-១៦។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ និងច្រើនជំនាន់ Loc Yen បានប្រមូលផ្តុំនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលជាច្រើន ហើយត្រូវបានទទួលស្គាល់ជា កេរ្តិ៍ដំណែលជាតិនាខែកញ្ញា ឆ្នាំ២០១៩ និងជាភូមិមួយក្នុងចំណោមភូមិចំណាស់និងបុរាណបំផុតទាំង ៤ នៅក្នុងប្រទេសវៀតណាម។

Loc Yen មានលក្ខណៈពិសេសនៃតំបន់ជនបទខេត្ត Quang Nam ជាមួយនឹងផ្ទះបុរាណដែលកំពុងលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់នៅក្រោមម្លប់ដើមឈើក្នុងសួនច្បារបៃតងខៀវស្រងាត់។ ចំណុចលេចធ្លោពិសេសមួយនៅ Loc Yen ដែលមិនមាននៅកន្លែងផ្សេងណាមួយនោះគឺ «វប្បធម៌ថ្ម» ដែលអាចមើលឃើញយ៉ាងច្បាស់នៅក្នុងទេសភាពទូទៅរបស់ភូមិ។ ដោយសារតែលក្ខណៈសណ្ឋានដីមានភ្នំនិងថ្មជាច្រើន ប្រជាជននៅភូមិ Loc Yen បានឆ្លៀតយកចំណេះដឹងប្រចាំតំបន់ ដើម្បីបង្កើតឡើងសំណង់ដ៏វិសេសវិសាល។ នៅទីនេះ ថ្មមិនត្រឹមតែជាវត្ថុធាតុដើមប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាព្រលឹងនៃភូមិទៀតផង។ ចាប់ពីផ្លូវតូច របង អណ្តូង រហូតដល់កាំជណ្តើរឡើងទៅសួនច្បារ ថ្មមានវត្តមាននៅគ្រប់ទីកន្លែង។ ប្រជាជននៅទីនេះទាញយកអត្ថប្រយោជន៍ពីលក្ខណៈធម្មជាតិ ដោយដាក់បន្ទះថ្មពីលើគ្នាយ៉ាងប៉ិនប្រសប់ ដើម្បីទប់ដី ប្រឆាំងការហូរច្រោះ បង្កើតផ្លូវធ្វើដំណើរ និងតុបតែងលម្អទេសភាព។ ពន្យល់ពីការបង្កើតលក្ខណៈពិសេសដោយឡែកនេះ វិចិត្រករ Nguyen Thuong Hy បាន បានឲ្យដឹងថា៖

“មនុស្សដែលមកភូមិ Loc Yen មានរបៀបរស់នៅដ៏សមស្របជាមួយនឹងធម្មជាតិនៅទីនោះ។ ភូមិមួយដែលដីជុំវិញភាគច្រើនជាភ្នំ និងថ្ម ដូច្នេះហើយ ប្រជាជនបានយកថ្មមកគរជាគំនរដើម្បីបោសសម្អាតផ្ទៃដី បង្កើតផ្លូវសម្រាប់ធ្វើដំណើរ ហើយដាក់ថ្មទប់ដីសម្រាប់បម្រើផលិតកម្មផងដែរ”។

តាមពេលវេលា ផ្លូវថ្មដែលគ្របដណ្ដប់ដោយស្លែបានក្លាយជាសញ្ញាសម្គាល់ដ៏តែមួយគត់ ហើយ «វប្បធម៌ថ្ម» បានបង្កើតអត្តសញ្ញាណដ៏ពិសេសរបស់ Loc Yen ជាទីកន្លែងដែលដុំថ្មនីមួយៗ សុទ្ធតែបង្ហាញពីបាតដៃដ៏ប៉ិនប្រសប់ ភាពវៃឆ្លាត និងសេចក្តីស្រឡាញ់ចំពោះស្រុកកំណើតរបស់ប្រជាជននៃដែនដីទេពអប្សរ។ លោក Dao Minh Chinh ជាអ្នកភូមិ Loc Yen បាននិយាយថា

“យើងខ្ញុំ ទាំងថែរក្សាផ្លូវថ្មចាស់ៗ ទាំងបន្តបង្កើតផ្លូវថ្មថ្មីៗ ដើម្បីបម្រើដល់ទេសចរណ៍អេកូឡូស៊ី។ ផ្ទះណាក៏មានផ្លូវថ្មដែរ”។

Loc Yen – “ដែនដីទេពអប្សរ” ដ៏សុខសាន្ត - ảnh 2នៅក្នុងភូមិនៅតែរក្សាបាននូវផ្ទះបុរាណចំនួន ៨ ខ្នង ដែលមានអាយុកាលចាប់ពី ១០០ ដល់ជិត ២០០ ឆ្នាំ។ (រូបថត៖ VOV)

មិនត្រឹមតែមានវប្បធម៌ថ្មប៉ុណ្ណោះទេ រហូតមកដល់ពេលនេះ នៅក្នុងភូមិនៅតែរក្សាបាននូវផ្ទះបុរាណចំនួន ៨ ខ្នង ដែលមានអាយុកាលចាប់ពី ១០០ ដល់ជិត ២០០ ឆ្នាំ ដែលសាងសង់ឡើងតាមស្ថាបត្យកម្មប្រពៃណីរបស់ប្រជាជន Quang Nam កាលពីបុរាណកាល។ ក្នុងចំណោមនោះ ផ្ទះរបស់លោកម្ចាស់ Nguyen Dinh Hoan ដែលសាងសង់ឡើងក្នុងឆ្នាំ ១៨៥០ ហើយបច្ចុប្បន្នត្រូវបានមើលថែ ដោយក្រុមគ្រួសាររបស់លោក Nguyen Dinh Hoan (ជំនាន់ទី ៤) គឺជាផ្ទះបុរាណបំផុតនៅក្នុងភូមិ។ នៅក្នុងផ្ទះដែលមានទំហំជាង ១០០ ម៉ែត្រការ៉េ សាងសង់ក្នុងរយៈពេល ១២ ឆ្នាំ ជាមួយនឹងសសរចំនួន ៣៦ ធ្វើពីឈើខ្នុរព្រៃនោះ ហើយគ្រប់ចម្លាក់ក្បូរក្បាច់រចនាទាំងអស់ សុទ្ធតែមុតស្រួចនិងប្រណិត។ លោក Nguyen Dinh Manh ដែលជាអ្នកមើលថែផ្ទះ បានចែករំលែកថា៖

“កាលពីពេលខ្ញុំធំឡើង ខ្ញុំបានឃើញផ្ទះដូចពេលបច្ចុប្បន្នហើយ។ ឈើទាំងអស់គឺជាឈើខ្នុរ។ ស្ថាបត្យកម្មផ្ទះ ដូចដែលខ្ញុំបានលឺពីដូនតា ត្រូវបានសាងសង់ដោយសិប្បករនៅ Kim Bong។ ផ្ទះមាន ៣ ល្វែង ២ ដំបូល ហើយល្វែងកណ្តាលគឺសម្រាប់គោរពបូជាដូនតា។ យើងរស់នៅក្នុងផ្ទះនេះ។ តាំងពីខ្ញុំនៅក្មេងមក ផ្ទះបានដូចនេះ គ្មានអ្វីផ្លាស់ប្តូរទេ”។

Loc Yen – “ដែនដីទេពអប្សរ” ដ៏សុខសាន្ត - ảnh 3ផ្ទះបុរាណធ្វើពីឈើខ្នុរមានអាយុកាលរាប់រយឆ្នាំ។

ពេលមកដល់ភូមិ ភ្ញៀវទេសចរអាចយល់បន្ថែមអំពីជីវភាពរស់នៅសុខសាន្តនៃទឹកដីជនបទនេះ ក៏ដូចជាវប្បធម៌ប្រចាំតំបន់ ជាពិសេសស្មារតីឧស្សាហ៍ព្យាយាម របស់ប្រជាជននៅទឹកដីទេពអប្សរ។ លោកស្រី Phan Thi Tai ជាភ្ញៀវទេសចរមកពីខេត្ត Lam Dong បានចែករំលែកថា៖

“លើកដំបូងដែលខ្ញុំមកទីនេះ ខ្ញុំគិតថាទីនេះស្រស់ស្អាតខ្លាំងណាស់ ព្រោះជាដំបូង គឺខ្យល់អាកាសព្រៃភ្នំ ទេសភាពក៏ស្ងប់ស្ងាត់ដែរ។ ជាពិសេស មានផ្ទះបុរាណជាច្រើននៅទីនេះដែលមិនត្រូវបានបំផ្លាញដោយសង្គ្រាម ហើយនៅតែរក្សាបាននូវសម្រស់បុរាណតាំងពីយូរលង់មករបស់វា”។

Loc Yen – “ដែនដីទេពអប្សរ” ដ៏សុខសាន្ត - ảnh 4កុមារលេងនៅលើផ្លូវភូមិ ដែលធ្វើឲ្យទេសភាពភូមិស្រុកស្រែនេះកាន់តែស្រស់ស្អាត។

ភាពសាមញ្ញនិងស្ងប់ស្ងាត់នៅទីនេះ បានធ្វើឱ្យ Loc Yen ក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលស្រឡាញ់អារម្មណ៍សុខសាន្តត្រាណ ចង់ស្រូបខ្យល់អាកាសបរិសុទ្ធ និងស្វែងរកកន្លែង សម្រាកលំហែកាយ ដែលពេលវេលាហាក់ដូចជាកន្លងផុតទៅយ៉ាងយឺតៗ។

Loc Yen ជាមួយនឹងការលាយបញ្ចូលគ្នា នៃស្ថាបត្យកម្ម ទេសភាព និងវប្បធម៌ថ្មដ៏វិសេសវិសាល ពិតជាសក្តិសមនឹងឈ្មោះ "ទឹកដីទេពអប្សរ" ហើយជារតនៈសម្បត្តិមួយនៃតំបន់ភាគកណ្តាលដែលភ្ញៀវទេសចរមិនគួររំលង នៅពេលមកដល់ទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ