Moc Chau - គោលដៅធម្មជាតិជួរមុខនៅលើពិភពលោក

(VOVWORLD) - តំបន់ទេសចរណ៍ជាតិ Moc Chau នៅខេត្ត Son La មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ ទីនេះមានអាកាសធាតុ ៤ រដូវខុសៗគ្នាយ៉ាងច្បាស់លាស់ ហើយរដូវនីមួយៗតែងតែមានផ្ការីកស្គុះស្គាយគ្រប់ប្រភេទ យ៉ាងស្រស់ស្អាត ដោយទាក់ទាញចិត្តមនុស្ស។ ក្នុងឆ្នាំ ២០២២ អង្គការ World Travel Awards (ពានរង្វាន់ទេសចរណ៍ពិភពលោក) បានលើកតម្កើង Moc Chau ជា "ទិសដៅធម្មជាតិក្នុងតំបន់ឈានមុខគេរបស់អាស៊ី" និង "ទិសដៅធម្មជាតិជួរមុខលើពិភពលោក" ។
Moc Chau - គោលដៅធម្មជាតិជួរមុខនៅលើពិភពលោក - ảnh 1Moc Chau - គោលដៅធម្មជាតិជួរមុខនៅលើពិភពលោក

 

លោកនាយរដ្ឋមន្ត្រីវៀតណាមបានអនុម័តលើផែនការសាងសង់តំបន់ទេសចរណ៍ជាតិ Moc Chau ខេត្ត Son La ដល់ឆ្នាំ ២០៣០កាលពីថ្ងៃទី ២៥ មករា ឆ្នាំ ២០១៩។ តាមនោះ តំបន់ទេសចរណ៍ជាតិ Moc Chau ត្រូវបានរៀបចំផែនការនៅលើភូមិសាស្ត្រស្រុកចំនួនពីរគឺ Moc Chau និង Van Ho ដែលមានផ្ទៃដីធម្មជាតិសរុបជាង ២០៦ ០០០ ហិកតា។ នេះគឺជាតំបន់ទេសចរណ៍មួយ ក្នុងចំណោមតំបន់ទេសចរណ៍ដ៏សំខាន់បំផុតនៅលើច្រករបៀងទេសចរណ៍ "ឆ្លងតំបន់ភូមិភាគពាយ័ព្យ" ។

តំបន់ទេសចរណ៍ជាតិ Moc Chau រួមមានមជ្ឈមណ្ឌលទេសចរណ៍សំខាន់ៗចំនួន ៣ គឺ៖ មជ្ឈមណ្ឌសម្រាកលំហែកាយ Moc Chau មជ្ឈមណ្ឌលអេកូទេសចរណ៍ Moc Chau និងមជ្ឈមណ្ឌលកម្សាន្ត Moc Chau ។ លោក Le Trong Binh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau បានឲ្យដឹងថា៖ “ដើម្បីរក្សាកិត្តិនាមជា “គោលដៅធម្មជាតិជួរមុខនៅលើពិភពលោក” នាបចុច្បន្ន ស្រុក Moc Chau បានរៀបចំផែនការ និងអភិរក្សផ្ទៃដីដាំតែ និងវាលស្មៅ។ ផ្ទៃដីព្រៃត្រូវបានកំណត់ជាតំបន់ការពារ សំដៅរក្សាទេសភាពធម្មជាតិឲ្យបានល្អនៅលើភូមិសាស្ត្រស្រុក Moc Chau។ ក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ភ្ជាប់ជាមួយកសិដ្ឋាន និងភ្ជាប់ជាមួយធម្មជាតិ យើងខ្ញុំបានតម្រង់ទិសដៅផ្តោតលើការប្រើប្រាស់សម្ភារៈស្និទ្ធស្នាលជាមួយបរិស្ថាន ភ្ជាប់ជាមួយអត្តសញ្ញាណវប្បធម៌បណ្ដាជនជាតិ ហើយធ្វើយ៉ាងណា ដើម្បីរំលេចលក្ខណៈដាច់ដោយឡែករបស់ស្រុក Moc Chau ផងដែរ”។

ដោយមានរូបសណ្ឋានខ្ពង់រាបថ្មកំបោរ ស្រុក Moc Chau ត្រូវបានធម្មជាតិប្រទាលឲ្យទេសភាពធម្មជាតិដ៏អស្ចារ្យ និងវិសេសវិសាលជាច្រើន រួមមាន៖ កំពូលភ្នំ Pha Luong ដ៏ធំសម្បើម ល្បាក់ទឹក Dai Yem ដ៏រ៉ូម៉ែនទិក រូបភ្នំ Dơi ជាមួយនឹងប្រព័ន្ធថ្មកំបោធម្មជាតិដ៏ស្រស់ស្អាត វាលស្មៅចិញ្ចឹមគោយកទឹកដោះ។ លើលពីនេះទៅទៀត Moc Chau ក៏ទាក់ទាញភ្ញៀវទេសចរណ៍ ដោយ អត្តសញ្ញាណវប្បធម៌ចម្រុះរបស់បណ្ដាជនជាតិភាគតិចនៅភូមិសាស្ត្រ។ លោកស្រី Maya Lou ភ្ញៀវទេសចរអាមេរិកម្នាក់បានចែករំលែកយ៉ាងរំភើបថា៖ “នាងខ្ញុំបានមកទស្សនា Moc Chau ច្រើនដងហើយ។ ទេសចរណ៍នៅទីនេះកាន់តែអភិវឌ្ឍន៍ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះ ភោជនីយដ្ឋាន សណ្ឋាគារក៏ល្អ ហើយម្ហូបអាហារនៅ Moc Chau ពិតជាឆ្ងាញ់ពិសារណាស់។ នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកទស្សនាទីនេះណាស់”។

នៅរដូវនេះ Moc Chau បានទាក់ទាញភ្ញៀវទេសចរ តាមរយៈព្រៃផ្កា Plum សរស្គុះ។ អ្នកស្រី Nguyen Bich Hoa ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយមានអារម្មណ៍៖ “ទេសភាព Moc Chau ពិតជាស្រស់បំព្រងណាស់ អាកាសធាតុស្រស់ស្រាយ។ ខ្ញុំចូលចិត្តគោលដៅនេះណាស់ ព្រោះថានៅទីក្រុងមានធូលីដីច្រើន ហើយអាកាសធាតុមិនស្រស់ស្រាយឡើយ។ នៅទីនេះ មានទាំងទឹកជ្រោះ និងភ្នំ ដូច្នេះហើយ យើងខ្ញុំចូលចិត្តទេសភាពនៅទីនេះណាស់”។

Moc Chau - គោលដៅធម្មជាតិជួរមុខនៅលើពិភពលោក - ảnh 2ស្ថានកញ្ចប់នៅ Moc Chau

ស្រុក Moc Chau មានផលិតផលទេសចរណ៍ជាច្រើនដូចជា៖ Moc Chau Island - មណ្ឌលកម្សាន្ត និងសម្រាកលំហែកាយ - ជាមួយស្ពានកញ្ចក់ Bach Long ជាប់កំណត់ត្រាពិភពលោកជាច្រើន; សំណង់លេងកម្សាន្តក្នុងមណ្ឌលទេសចរណ៍ព្រៃស្រល់ ភូមិ Ang; ភូមិទេសចរណ៍សហគមន៍រហោស្ថាន និងស្រឡាញ់ភ្ញៀវ ដែលបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១,៥ លានលើកនាក់ ហើយប្រាក់ចំណូលពីសកម្មភាពទេសចរណ៍សម្រេចបានជាង ១ ៧២០ ពាន់លានដុង (ប្រមាណ ៧៣ លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២២។ លោក Hoang Manh Duy ប្រធានការិយាល័យ maketing របស់ Mộc Châu Island បានឲ្យដឹងថា៖ “ដើម្បីរក្សាកិត្តិនាម "គោលដៅធម្មជាតិជួរមុខនៅលើពិភពលោក" រួមជាមួយនឹង Moc Chau នោះ Moc Chau Island បានកំណត់ការថែរក្សាទេសភាពគឺជាកត្តាចម្បង ដើម្បីមណ្ឌលទេសចរណ៍ជាតិ Moc Chau កាន់តែស្រស់ស្អាត ហើយភ្ញៀវទាំងជាតិ និងអន្តរជាតិនឹងមកទស្សនា Moc Chau ក្នុងនោះមាន Moc Chau Island កាន់តែច្រើនពីមួយថ្ងៃពីមួយថ្ងៃផងដែរ”។

នាបច្ចុប្បន្ន ស្រុក Moc Chau កំពុងបង្កើនការជំរុញ ទាក់ទាញទុនវិនិយោគលើវិស័យទេសចរណ៍ ជាពិសេសគឺគម្រោងកម្រិតខ្ពស់ ធានាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដោយព្រមៗគ្នា និងសុខដុមរមនាជាមួយទេសភាពក៏ដូចជារួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ