តំបន់ទេសចរណ៍ជាតិ Mui Ne - ចំណុចលេចធ្លោនៅលើផែនទីទេសចរណ៍របស់វៀតណាម

(VOVWORLD) -  តំបន់ទេសចរណ៍ Mui Ne ខេត្ត Binh Thuan ត្រូវបាន ទទួលស្គាល់ថាជាតំបន់ទេសចរណ៍ជាតិនាខែសីហា ឆ្នាំ ២០២០កន្លងមក។ ប្រការនេះ តម្រូវឲ្យខេត្ត Binh Thuan មិនត្រឹមតែផ្តោតលើការវិនិយោគក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ឆ្លើយតបតាមលក្ខណៈវិនិច្ឆ័យនៃតំបន់ទេសចរណ៍ជាតិប៉ុណ្ណោះទេ ថែមទាំងធានានូវភាពសុខដុមរមនា រវាងការអភិ វឌ្ឍន៍សេដ្ឋកិច្ចនិងអភិរក្សវប្បធម៌ជនជាតិដើមទៀតផង។ ធ្វើបានដូច្នេះ តំបន់ទេសចរណ៍ Mui Ne ទើបបង្កើតឡើងលក្ខណៈពិសេសដោយឡែកដែលទាក់ទាញភ្ញៀវទេសចរនិងបង្កើតឡើងចំណុចលេចធ្លោនៅលើផែនទីទេសចរណ៍របស់ប្រទេសវៀតណាម។

តំបន់ទេសចរណ៍ជាតិ Mui Ne - ចំណុចលេចធ្លោនៅលើផែនទីទេសចរណ៍របស់វៀតណាម - ảnh 1ភុមិនេសាទ Mui Ne  (រូបថត៖ plo.vn

នៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២០ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានចុះហត្ថលេខា លើសេចក្តីសម្រេចទទួលស្គាល់តំបន់ទេសចរណ៍ Mui Ne ជាតំបន់ទេសចរណ៍ជាតិ។ នេះមិនគ្រាន់តែជាដំណឹងល្អសម្រាប់វិស័យទេសចរណ៍ Thuan និងអាជីវករធ្វើអាជីវកម្មលើវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជននៅមូលដ្ឋាននេះតែម្តង។

លោកស្រី Nguyen Lan Ngoc អនុប្រធានមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Binh Thuan បានឲ្យដឹងថា ការទទួលស្គាល់តំបន់ទេសចរណ៍ជាតិ Mui Ne គឺជាកម្លាំងចលករដ៏សំខាន់មួយ សម្រាប់វិស័យទេសចរណ៍ខេត្ត Binh Thuan ដើម្បីអះអាងឋានៈកាន់តែខ្លាំងឡើងរបស់ខ្លួនលើផែនទីទេសចរណ៍ទូទាំងប្រទេសក៏ដូចជានៅក្នុងតំបន់ផងដែរ។ លើសពីនេះទៅទៀត យោងតាមផែនការមេសម្រាប់ការអភិវឌ្ឍតំបន់ទេសចរណ៍ជាតិ Mui Ne ដែលបានលោកនាយករដ្ឋមន្រ្តីអនុម័តនោះ តំបន់ទេសចរណ៍ជាតិ  Mui Ne កំពុងតម្រង់ទិសដៅ ដើម្បីក្លាយជាគោលដៅឈានមុខគេនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ថ្វីត្បិតតែផ្នែកទេសចរណ៍ Binh Thuan បានបើកចេញឱកាសជាច្រើន ប៉ុន្តែក៏ត្រូវខិតខំបន្ថែមទៀតដើម្បីឆ្លើយតបតាមតម្រូវការដែលបានដាក់ចេញផង៖ “តំបន់ទេសចរណ៍ជាតិ Mui Ne ត្រូវបានទទួលស្គាល់ថាជា បុព្វបទដើម្បីទាក់ទាញវិនិយោគិនយុទ្ធសាស្រ្ត។ ព្រោះថា នៅពេលមានអ្នកវិនិយោគយុទ្ធសាស្ត្រចូលមកវិនិយោគ នឹងជួយកំណត់អំពីរូបរាងផលិតផលនិងតម្រង់ទិសដៅទីផ្សារអតិថិជន និងអំពីផលិតផលទេសចរណ៍លំដាប់ខ្ពស់ឱ្យកាន់តែមានប្រសិទ្ធភាពជាង។ ទន្ទឹមជាមួយគ្នានោះ ជាលក្ខខណ្ឌក្នុងការរៀបចំសកម្មភាពសេវាកម្មនៅក្នុងតំបន់ទេសចរណ៍ជាតិ Mui Ne នេះផងដែរ”។

តំបន់ទេសចរណ៍ជាតិ Mui Ne មានទីតាំងស្ថិតនៅលើតំបន់ឆ្នេរ ចាប់សង្កាត់ Phu Hai ទីក្រុង Phan Thiet រហូតដល់ឃុំ Hoa Phu ស្រុក Tuy Phong ដែលមានផ្ទៃដីជាង ១៤.៧៦០ ហិកតា ក្នុងនោះ តំបន់ស្នូលផ្តោតលើការអភិវឌ្ឍន៍ និងកកើតតំបន់ពហុមុខងារទេសចរណ៍ គឺប្រហែល ១.០០០ ហិកតា។

លោក Nguyen Van Khoa ប្រធានសមាគមទេសចរណ៍ Binh Thuan បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក សហគ្រាសទេសចរណ៍នៅ Mui Ne ក៏មានការអភិវឌ្ឍតាមទិសដៅកំណើនបៃតង ការពារបរិស្ថានអេកូឡូស៊ី។ អង្គភាពអាជីវកម្មជាច្រើនបានធ្វើអាជីវកម្មនិងពង្រីកប្រៀបខ្លាំងនៃធនធានទេសចរណ៍សមុទ្រ រួមជាមួយគុណតម្លៃនៃបេតិកភណ្ឌ និងវប្បធម៌មូលដ្ឋាន ដែលបង្កើតជាចំណុចលេចធ្លោសម្រាប់ខ្លួនផ្ទាល់។ មួយក្នុងចំណោមនោះគឺរមណីយដ្ឋាន Muine Bay Resort ដែលមានទីតាំងស្ថិតនៅខាងស្តាំនៃឈូងសមុទ្រ Mui Ne និងបែរមុខទៅរកកោះ Hon Lao ដ៏រហោស្ថាន។ រមណីយដ្ឋាន Muine Bay Resort បង្កប់លក្ខណៈអេកូទេសចរណ៍និងវប្បធម៌មូលដ្ឋាន ដោយមានកន្លែងសម្រាកលំហែកាយចែងចាំងដោយពន្លឺព្រះអាទិត្យ ខ្សាច់ពណ៌ស និងសមុទ្រខៀវស្រងាត់។ យោងតាមលោក Nguyen Van Khoa គឺតំបន់នេះត្រូវបានកសាងឡើងក្នុងគោលបំណងផ្តល់ជូនភ្ញៀវទេសចរនូវការស្រមើស្រមៃនិងឆ្លងកាត់នូវវប្បធម៌ជនជាតិដើមភាគតិចនៅ Binh Thuan ដែលដើមដំបូងបង្អស់គឺនិមិត្តរូបកងភ្លើងរបស់ព្រះសិវៈ។

តំបន់ទេសចរណ៍ជាតិ Mui Ne - ចំណុចលេចធ្លោនៅលើផែនទីទេសចរណ៍របស់វៀតណាម - ảnh 2ជិះទូកលេងកម្សាន្តនៅឆ្នេរសមុទ្រ Mui Ne (រូបថត៖ plo.vn

“របាំសូត្រព្រះសិវៈ របាំភ្លើងសិវៈ និងព្រះសិវៈច្រើនណាស់ ពោលគឺព្រះសិវៈជាទេវតាចេះប្រែក្រឡាខ្លួន។ ទាំងអស់នេះគឺ ជាសាច់រឿងអំពីវប្បធម៌ក្នុងតំបន់។ តាមពិត មានតែមនុស្សដែលយល់ដឹង ទើបបំផុសការចង់ដឹងចង់ចេះអំពីវប្បធម៌ក្នុងតំបន់។ ចំពោះមុខម្ហូបគឺសម្បូរបែបណាស់ លក្ខណៈពិសេសនិងមានតម្លៃរបស់គឺមុខម្ហូបសាឡាត់ ដែលផ្សំគ្រឿងទេសជាមួយគ្នា”។ នេះបើយោងតាមលោក Nguyen Van Khoa។

មិនត្រឹមតែផ្តោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ប្រចាំតំបន់ ដែលផ្សាភ្ជាប់នឹងឆ្នេរស្អាតប៉ុណ្ណោះទេ Binh Thuan ក៏ចូលរួមសកម្មភាពផ្សព្វផ្សាយនៅតំបន់ត្រីកោណទេសចរណ៍ “Binh Thuan-Lam Dong-ទីក្រុងហូជីមិញ) ជាមួយនឹងសង្វាក់ផលិតផល “ផ្សារ Ben Thanh - ផ្កា Da Lat - សមុទ្រ Mui Ne”។

លោក Nguyen Duc Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan បានឲ្យដឹងថា ដើម្បីទាក់ទាញការវិនិយោគនៅតំបន់ទេសចរណ៍ជាតិ Mui Ne ខេត្តបានខិតខំអំពាវនាវឱ្យមានការលើកកម្ពស់ការវិនិយោគហើយក៏បានទាក់ទាញលំហូរវិនិយោគថ្មីៗជាជំហានដំបូង។ តាមនោះ អ្នកវិនិយោគយុទ្ធសាស្រ្តជាច្រើនដែលមានសក្តានុពលនិងបទពិសោធន៍ខាងសេដ្ឋកិច្ចដូចជា៖ សម្ព័ន្ធក្រុមហ៊ុន FLC, Novaland, TTC និង Hung Thinh បានធ្វើការវិនិយោគនៅទីនេះដោយមានទុនវិនិយោគសរុបជាង ១០ ពាន់លានដុង ដោយទំហំដីសម្រាប់ប្រើប្រាស់មិនតិចជាង ១ ពាន់ហិកតាឡើយ។ លោក Nguyen Duc Hoa បានសំណេះសំណាលថា៖ “ខេត្តក៏នឹងអំពាវនាវឱ្យវិនិយោគិនធ្វើការវិនិយោគលើវិស័យជាច្រើន ដូចជាកីឡាសមុទ្រ តំបន់កម្សាន្ត កំពុងផែទេសចរណ៍ ផ្សារទំនើប និងមជ្ឈមណ្ឌលសន្និសីទ្ធអន្តរជាតិនិងមជ្ឈមណ្ឌលពិព័រណ៍ជាដើម។ ខេត្តក៏នឹងពិនិត្យឡើងវិញ នូវផែនការសមាសភាគ ជាពិសេសផែនការដែលបច្ចុប្បន្នកំពុងអនុវត្តន៍ ទៅជាផែនការលម្អិតដើម្បីជួយសម្រួលដល់ការទាក់ទាញវិនិយោគ”។

ជាមួយនឹងគុណសម្បត្តិនិងសក្តានុពលដែលមានស្រាប់ ទេសចរណ៍ Binh Thuan ត្រូវបានរំពឹងថា ដល់ឆ្នាំ ២០២៥ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៩ លាននាក់ ដែលក្នុងនោះ ភ្ញៀវអន្តរជាតិមានប្រហែល ១,៥ លាននាក់។ ចំណូលសរុបពីភ្ញៀវទេសចររហូតដល់ឆ្នាំ ២០២៥ នឹងកើនដល់ ២៤.០០០ ពាន់លានដុង ហើយបង្កើតការងារជូនប្រជាជនប្រមាណ ២៤.០០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ