ទេសចរណ៍ "តាមប្រមាញ់ពពក" នៅតំបន់ព្រៃភ្នំ Bac Yen ដ៏គួរឲ្យទាក់ទាញ

(VOVWORLD) - សមុទ្រពពកអណ្តែតនៅលើតំបន់ភ្នំខ្ពស់ ពេលប្រជុំផ្សារណាត់ដ៏អ៊ូអរនៅលើបាតបឹង ក្លិនស្រា Hang Chu រសជាតិតែបុរាណ ព្រមទាំងស្នូរសម្លេងខែនរបស់ជនជាតិ Mong ដ៏ពិរោះរណ្ដំជាដើម បានផ្ដុំមកក្នុងផ្ទាំងគំនូរទេសចរណ៍មានភាពចម្រុះពណ៌របស់ស្រុក Bac Yen ខេត្ត Son La ដែលជាតំបន់ដ៏មានសក្តានុពលលើផែនទីទេសចរណ៍នៅតំបន់ភាគពាយ័ព្យ។
ទេសចរណ៍ Pu Nhi គឺជាគោលដៅបោះជំរុំដ៏ទាក់ទាញមួយ (រូបថត៖ VOV)

ដោយមានកម្ពស់ជិត ១ ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រ មណ្ឌលទេសចរណ៍ Pu Nhi Farm នៅឃុំ Phieng Ban ស្រុក Bac Yen គឺជាគោលដៅថ្មី គួរឲ្យទាក់ទាញភ្ញៀវទេសចរនៅពេលអញ្ជើញមកទស្សនាខេត្ត Son La ។ Pu Nhi Farm ស្ថិតនៅលើដីទួលដ៏ធំទូលាយមួយ ជាមួយព្រៃស្រល់ដ៏ខៀវស្រងាត់។ ទីបង្អង់ដំណើរ សម្រាកលំហែកាយនៅ Pu Nhi មានលក្ខណៈវិសេសវិសាលជាមួយខ្ទមកញ្ចក់នៅលើទួលភ្នំ ហើយនេះក៏ជាកន្លែងបោះជំរុំនៅកណ្ដាលវាលគួរឱ្យទាក់ទាញផងដែរ។ លោក Nguyen Anh Duc ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញបានចែករំលែកថា៖ “នៅពេលមកដល់ទីនេះ ដំបូងឡើយ ខ្ញុំចាប់អារម្មណ៍ចំពោះផ្លូវថ្នល់ និងរាលស្រែណាស់។ ខ្ញុំបានចាកចេញពីទីក្រុងហូជីមិញ និងទីក្រុងហាណូយដើម្បីមកទីនេះ ហើយខ្ញុំមានអារម្មណ៍ថាខ្យល់អាកាសស្រស់នៅទីនេះពិតជាបរិសុទ្ធ ការដកដង្ហើមពិតជាស្រស់ស្រាយណាស់”។

ដោយមានចំងាយ ១៤ គីឡូម៉ែត្រពីមជ្ឈមណ្ឌលស្រុក Bac Yen តំបន់ព្រៃភ្នំ Ta Xua ត្រូវបានភ្ញៀវទេសចរបានដាក់រហស្សនាមថា "ឋានសួគ៌តាមប្រមាញ់ពពក" ដ៏ស្រស់ស្អាតបំផុតនៅភូមិភាគពាយព្យ។ ពីកំពូលភ្នំខ្ពស់បំផុតមួយនៅតំបន់ព្រៃភ្នំ Ta Xua ភ្ញៀវទេសចរអាចមើលឃើញជ្រលងភ្នំ ភូមិស្រុក និងវាលស្រែតាមជម្រាលភ្នំ លាក់ខ្លួននៅក្នុងសមុទ្រពពក។ កន្លែងនេះក៏ទាក់ទាញភ្ញៀវទេសចរ ដោយមាន វប្បធម៌ចម្រុះពណ៌ក្នុងផ្ទាំងគំនូរនៃជីវភាពរស់នៅ និងការធ្វើពលកម្ម ផលិតកម្មរបស់បងប្អូនអ្នកភូមិ។ លោក Nguyen Trong Chinh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានឃើញវប្បធម៌ចម្រុះពណ៌របស់បងប្អូនជនរួមជាតិ។ ខ្ញុំចាប់អារម្មណ៍បំផុតចំពោះវប្បធម៌របស់ជនជាតិ Mong ក្នុងនោះ មានខែន Mong និងពាណិជ្ជសញ្ញាតែ Shan Tuyet” ។

ក្នុងការធ្វើដំណើរទៅកាន់តំបន់ព្រៃភ្នំ Bac Yen ភ្ញៀវទេសចរក៏អាចទស្សនាគោលដៅគួរឲ្យទាក់ទាញជាច្រើនដូចជា ឆ្អឹងខ្នងដាយណូស័រ Hang Dong  វាលស្រែជម្រាលភ្នំ Xim Vang វាលថ្មបុរាណ Khe Ho ឃុំ Hang Chu ល្អាងភ្នំ A Phu ឃុំ Hong Ngai  បឹងឈូកនៅលើភ្នំ Hua Nhan)។ ទន្ទឹមនឹងនោះ គឺទេសចរណ៍ ពិសោធន៍នៅតំបន់បាតបឹងទន្លេ Da គយគន់ទេសភាពដ៏ស្រស់ត្រកាល និង សម្របខ្លួនទៅក្នុងបរិយាកាសដ៏អ៊ូអរនៃផ្សារណាត់មាត់ទន្លេ។

ទេសចរណ៍ ទេសចរណ៍ "តាមប្រមាញ់ពពក" នៅតំបន់ព្រៃភ្នំ Bac Yen (រូបថត៖ VOV)

នៅតាមគោលដៅជាច្រើនភ្ញៀវទេសចរក៏អាចទទួលទានផលិតផលទេសចរណ៍ដ៏វិសេសវិសាល ដែលបានកែច្នៃពីបាត់ដៃដ៏ឧស្សាព្យាយាម និងប៉ិនប្រសប់របស់បងប្អូនជនរួមជាតិដូចជា តែTa Xua ស្រា Hang Chu ទំពាំងជ្រលក់អំបិលម្ទេសជាដើម។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរអាចទទួលបទពិសោធន៍ពីវប្បធម៌ចម្រុះពណ៌ ដ៏សម្បូរបែបរបស់បងប្អូនជនជាតិ Mong, Dao, Muong និង Thai ជាមួយនឹងពិធីបុណ្យប្រពៃណី ចង្វាក់ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ សំលៀកបំពាក់ ស្ថាបត្យកម្មផ្ទះសម្បែង របរតម្បាញ ជាងដែក និងរបរប៉ាក់ជាដើម។

លោក Thao A Mua អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Bac Yen ខេត្ត Son La បានឲ្យដឹងថា ស្រុកកំពុងទាញយកសក្តានុពល និងគុណសម្បត្តិដោយផ្សារភ្ជាប់ជាមួយការអភិរក្សលក្ខណៈស្រស់ស្អាត តម្លៃវប្បធម៌ប្រពៃណីក្នុងការអភិវឌ្ឍទេសចរណ៍។ ទន្ទឹមនឹងនោះ ទាក់ទាញការវិនិយោគ លើកកំពស់គុណភាពប្រព័ន្ធផ្លូវគមនាគមន៍ កន្លែងស្នាក់នៅ និងប្រភពធនធានមនុស្សបម្រើទេសចរណ៍ ហើយខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣០ ម៉ឺនលើកនាក់ មកទស្សនាស្រុក Bac Yen ៖        “ស្រុក Bac Yen មានផែនការជាក់ស្ដែង ដោយផ្តោតសំខាន់លើការអភិវឌ្ឍតំបន់ទេសចរណ៍ ដែលបានរៀបចំផែនការអភិវឌ្ឍន៍។ យើងខ្ញុំខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍទេសចរណ៍ស្រុក Bac Yen ឱ្យក្លាយទៅជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិផងដែរ”។

Bac Yen កំពុងក្លាយជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ ដែលស្រឡាញ់ចូលចិត្តទេសភាពរហោស្ថានដ៏សាមញ្ញ សម្របខ្លួនជាមួយធម្មជាតិ និងទទួលបទពិសោធន៍វប្បធម៌ចម្រុះពណ៌ដ៏សម្បូរបែបនៅតំបន់ព្រៃភ្នំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ