ទស្សនាតំបន់កេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac នៅខេត្ត Dong Thap

(VOVWORLD) - នាពេលមកទស្សនាខេត្ត Dong Thap ដែលជាទីកន្លែងត្រូវបានគេប្រសិទ្ធនាមថា ជា តំបន់ដីផ្កាឈូក ដោយមានរមណីយដ្ឋានមួយដែលភ្ញៀវទេសចរមិនអាចរំលងបាន នោះគឺកេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac ដែលជាឪពុករបស់លោក ប្រធានហូជីមិញ។ កេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac ក៏ជាទីសម្រាកចុង ក្រោយរបស់លោកតា ដែលស្ថិតនៅលេខ១២៣/១វិថី Pham Huu Lau សង្កាត់ ៤ ទីក្រុង Cao Lanh ខេត្ត Dong Thap។ នេះជាបណ្ដុំស្ថាបត្យកម្មដ៏វិសេសវិសាល ដែលត្រូវបានរដ្ឋរៀបចំណាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិនាឆ្នាំ១៩៩២។
ទស្សនាតំបន់កេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac នៅខេត្ត Dong Thap - ảnh 1 ផ្នូរលោកតា Nguyen Sinh Sac (រូបថត៖ VOV)

  លោកតា Nguyen Sinh Sac កើតនាឆ្នាំ១៨៦២នៅភូមិ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ភាគកណ្ដាលវៀតណាម។ ពេលមានអាយុ៣ឆ្នាំ លោកកំព្រា ឪពុក ហើយដល់អាយុ៤ឆ្នាំ ម្ដាយក៏លាចាកលោកទៅដែរ។ កាលពីកុមារភាព Nguyen Sinh Sac ជាកុមារាដ៏ឆ្លាតវៃម្នាក់ក្នុងការឧស្សាហ៍រៀនសូត្រ ហើយត្រូវបាន លោកគ្រូចេះអក្សរខុងជឺ Hoang Xuan Duong ទទួលយកធ្វើជាកូនធម៌ ហើយអោយរៀន រហូតដល់ចប់ចុងចប់ដើម។ ក្រោយពីប្រឡងជាប់បរិញ្ញាបត្រ (ការប្រឡងថ្នាក់ខេត្ត) លោកតា Nguyen Sinh Sac ត្រូវបានលោកគ្រូ Hoang Xuan Duong អនុញ្ញាត អោយរៀបការជាមួយកូនស្រីរបស់លោកឈ្មោះថា Hoang Thi Loan ដែលជា ម្ដាយរបស់លោកប្រធានហូជីមិញក្រោយមកនេះ។ ក្នុងការប្រឡងថ្នាក់ជាតិ លោកតា Nguyen Sinh Sac ជាប់ចំណាត់ថ្នាក់ Pho Bang (បន្ទាប់ពីបណ្ឌិត) ហើយធ្លាប់ធ្វើជា មន្ត្រីក្នុងរាជវង្ស Nguyen។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនៃជីវិត លោកតា Nguyen Sinh Sac ប្រកបរបរបង្រៀននិងព្យាបាលជំងឺសម្រាប់ប្រជាជននៅភូមិ Hoa An ទីក្រុង Cao Lanh ខេត្ត Dong Thap។ លោកតាបានទទួលមរណភាពនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩២៩ ពោលគឺថ្ងៃទី២៧ ខែទី១០ តាមច័ន្ទគតិ។ ក្រោយពីលោកតា ទទួលមរណភាពមក អាស្រ័យដោយគោរពសរសើរសេចក្ដីស្នេហាជាតិនិងការ ស្រឡាញ់ប្រជាជនរបស់លោកតា ហេតុដូច្នេះហើយ ប្រជាជនបានរៀបចំការ បញ្ចុះសពលោកតានៅក្នុងតំបន់។

ទស្សនាតំបន់កេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac នៅខេត្ត Dong Thap - ảnh 2 ស្រះទឹកនៅខាងមុខផ្នូរ

        ផ្នូរលោកតា Nguyen Sinh Sac ពេលដំបូងឡើយត្រឹមតែជាផ្នូរតូចមួយប៉ុណ្ណោះ រហូតដល់ពេលដែលប្រទេសជាតិត្រូវបានបង្រួបបង្រួមរួចមក ទើបបានកសាង ឡើងវិញ។ ផ្នូរបែរមុខទៅទិសខាងកើត នៅលើផ្នូរមានដាក់ផើងដុតខ្លឹមច័ន្ទ គ្រឹស្នាដែលបានធ្វើពីថ្មភ្នំ Ngu Hanh Son។ ក្នុងបរិវេណផ្នូរមាន ដើមឈើលំអរ កម្រជាច្រើនប្រភេទដែលត្រូវបានប្រជាជនទូទាំងប្រទេសយកមកដាំទុកជាអនុស្សាវរីយ៍។ នៅខាងមុខផ្នូរមានស្រះទឹកដោយរូបផ្កាយ៥ជ្រុងដែលពោរពេញទៅដោយ ផ្កាឈូក។ នៅកណ្ដាលស្រះទឹកគឺប៉មផ្កាឈូកមួយដោយកំពស់ជិត៧ម៉ែត្រ ដែល ជានិមិត្តរូបនៃជីវិតដ៏បរិសុទ្ធរបស់លោកតា ហើយផ្កាឈូកក៏ជានិមិត្តរូបនៃខេត្ត Dong Thap ផងដែរ។ អ្នកស្រី Tuyet Nhi អ្នកអធិប្បាយនៅកេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac បានអោយដឹងថា៖

        “តំបន់កេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac មានផ្នែកចំនួន៥នោះគឺ ផ្នូរ អគារតាំងបង្ហាញ វិហារសក្ការៈបូជា ផ្ទះឈើលោកប្រធានហូជីមិញនិងភូមិ Hoa An។ ផ្ទៃដីសរុបប្រមាណ៩ហិកតា។ ផ្នូរលោកតាត្រូវបានកសាងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧៧ ទើបសម្រេចរួចរាល់។ ផ្នូរបានប្រក់ថ្មម៉ាបយកពីខេត្ត Quang Ninh។ ដោមផ្នូរមានរូបរៀងដូចទៅនឹងស្លឹក ផ្កាឈូក ដែលជានិមិត្តរូបនៃខេត្ត Dong Thap ហើយមានខ្សែបន្ទាត់ចំនួន៩ដែល បានឆ្លាក់រូបនាគ៩ក្បាលដែលជានិមិត្តរូបនៃតំបន់ដីសណ្ឋទន្លេ Cuu Long កំពុង យាមការពារផ្នូររបស់លោកតា”។

ទស្សនាតំបន់កេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac នៅខេត្ត Dong Thap - ảnh 3 តំបន់ផ្ទះឈើរបស់លោកប្រធានហូជីមិញនៅក្នុងបរិវេណកេរ្តិ៍ដំណែល

        ចំណុចគួរអោយទាក់ទាញនៃតំបន់កេរ្តិ៍ដំណែលលោកតា គឺភូមិ Hoa An បុរាណ ជាកន្លែងដែលលោកតា Nguyen Sinh Sac មករស់នៅ ត្រូវបានស្ថាបនា ឡើងវិញ និងសំណង់ផ្ទះឈើផុតពីដីរបស់លោកប្រធានហូជីមិញ ត្រូវបានកសាង ដូចទៅនឹងផ្ទះឈើលោកប្រធានហូជីមិញនៅរដ្ឋធានីហាណូយដែរ។ ក្នុងភូមិ Hoa An នោះ គេបានបើកសេវាកម្ម ហូមស្ទេ ដោយមានផ្ទះតាមបែបប្រពៃណីរបស់ប្រជា ជនតំបន់ភាគខាងត្បូង ដើម្បីបម្រើភ្ញៀវទេសចរមកស្នាក់នៅ។ មកទស្សនាតំបន់ កេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac លោក Tran Van Phuoc ភ្ញៀវទេសចរ ម្នាក់មកពីទីក្រុង Rach Gia ខេត្ត Kien Giang បានសំណេះសំណាលថា៖

        “នេះជាលើកដំបូងដែលខ្ញុំមកទស្សនាតំបន់កេរ្តិ៍ដំណែលផ្នូរលោកតា Nguyen Sinh Sac។ ទីនេះមានស្ថាបត្យកម្មស្អាតនិងល្អប្រណិតមែនទែន។ ខ្ញុំ ជានិច្ចកាលគោរពកោតសរសើរការលះបង់របស់លោកតា។ នាអនាគត ប្រសិនបើមាន ឱកាស ខ្ញុំនឹងវិលមកទស្សនាកេរ្តិ៍ដំណែលនេះម្ដងទៀត”។

        នាពេលខាងមុខ តំបន់កេរ្តិ៍ដំណែលលោកតា Nguyen Sinh Sac នឹងបំពេញ បន្ថែមសំណង់មួយចំនួនទៀត ដែលក្នុងនោះមានអាគារដាក់តាំងបង្ហាញអំពីជីវិតនិង សកម្មភាពរបស់លោកប្រធានហូជីមិញ។ តំបន់កេរ្តិ៍ដំណែលនេះ មិនត្រឹមតែជា សំណង់ប្រវត្តិសាស្ត្រ វប្បធម៌ ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាអាស័យដ្ឋាន “ក្រហម” មួយដើម្បីអប់រំប្រពៃណីបដិវត្តន៍សម្រាប់ជំនាន់វ័យក្មេងទៀតផង។ លោកស្រី Phan Thi Vu Quyen នាយិកាតំបន់កេរ្តិ៍ដំណែល Nguyen Sinh Sac បានអោយដឹងថា៖

        “មានស្ថាប័ន សមូហភាពជាច្រើនបានជ្រើសរើសទីនេះធ្វើជាកន្លែងដើម្បី រៀបចំសកម្មភាពបក្ស ឬក៏រៀបចំពិធីបញ្ចូលបក្ខជន ពិធីរាយករណ៍សមិទ្ធផល ឬក៏លើកតម្កើងបុគ្គលឆ្នើមៗក្នុងការរៀនសូត្រនិងធ្វើត្រាប់តាមគំរូសីលធម៌លោកប្រធានហូជីមិញ។ ម្យ៉ាងវិញទៀត លោកតា Nguyen Sinh Sac ជាអ្នកស្នេហា ជាតិនិងឧស្សាហ៍រៀនសូត្រ។ ហេតុនេះហើយ ខេត្ត Dong Thap បានបង្កើតឡើង មូលនិធិលើកទឹកចិត្តការសិក្សារៀនសូត្រដោយឈ្មោះថា មូលនិធិ Nguyen Sinh Sac សំដៅ ជួយឧបត្ថម្ភ ប្រគល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សនិងនិស្សិត ក្រីក្រប៉ុន្តែរៀនសូត្រពូកែ។ ជារៀងរាល់ឆ្នាំ តំបន់កេរ្តិ៍ដំណែល Nguyen Sinh Sac ទទួលស្វាគមន៍ភ្ញៀវពី៤សែនដល់៥សែននាក់ពីគ្រប់ទិសទីទូទាំងប្រទេស ហើយ ថែមទាំងមានអាណិកជនពីបរទេសមកទស្សនាទៀតផង”។

        នាបច្ចុប្បន្ន ពិធីសែនខួបលោកតា Nguyen Sinh Sac ត្រូវបានលើកកម្រិត ឡើងជាពិធីបុណ្យថ្នាក់ខេត្ត ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី ២៧ ខែ១០ តាមច័ន្ទគតិ។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមក៏តែងតែមក ទស្សនានិងអុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធលោកតាផងដែរ។ ប្រជាជនខេត្ត Dong Thap គ្រប់រូបមានមោទនភាដ៏ធំធេងដោយបានថែទាំផ្នូររបស់ឪពុកលោកប្រធាន ហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ