ទស្សនា​ផ្លូវ​ដើម​ស្រល់ដែលមានអាយុកាល​រាប់រយឆ្នាំក្នុងខេត្ត Gia Lai

(VOVWORLD) - ស្ថិតនៅតំបន់តែ Bien Ho ក្នុងភូមិ ១ ឃុំ Nghia Hung ស្រុក Chu Pah ខេត្ត Gia Lai មានដងផ្លូវមួយដែលមានសម្រស់ស្អាដូចផ្ទាំងគំនូរ។ នៅតាមបណ្ដោយដងផ្លូវទាំងសងខាងមានជួរដើមស្រល់ដែលមានអាយុកាលជាង ១០០ឆ្នាំ នេះជាគោលដៅដែលបានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ នៅពេលមកដល់ខេត្ត Gia Lai ម្តងៗ។

កំណត់ផ្លូវនេះ មានប្រវែងជិត ១គីឡូម៉ែត្រ ត្រូវបានក្រាលកៅស៊ូយ៉ាងស្អាត។ នៅសងខាងផ្លូវមានដើមស្រល់បុរាណពីរជួរត្រង់ភ្លឹង។ អ្នកស្រុកបានឲ្យដឹងថា ដើមស្រល់ទាំងនេះ មានតាំងពីដើមសតវត្សទី ២០  នៅពេលដែលជនជាតិបារាំងបានបង្ហាញខ្លួននៅលើទឹកដីនេះ ហើយបានបង្កើតចំការតែដើមដំបូងនៅលើខ្ពង់រាប Pleiku ។ ដើមស្រល់ និងដើមតែត្រូវបានកម្មករនៅចម្ការដាំដុះ។ យូរៗទៅ ដើមស្រល់កាន់តែធំឡើង ចោលម្លប់លើកំណត់ផ្លូវតភ្ជាប់ភូមិ បង្កើតជាទិដ្ឋភាពស្អាតដូចកំណាព្យ។ លោក Do Xuan Thu ជនឃុំ Nghia Hung បានឲ្យដឹងថា៖ “កាលពីមុន វាគ្រាន់តែជាផ្លូវធ្វើចរាចរណ៍ប៉ុណ្ណោះ ប៉ុន្តែនៅពេលទេសចរណ៍រីកចម្រើន មានភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន។ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាពិសេសក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី និងទិវាបុណ្យជាតិទី ២ កញ្ញា មានការកកស្ទះចរាចរណ៍ ព្រោះមានភ្ញៀវទេសចរច្រើនពេក។ សូម្បីតែភ្ញៀវបរទេសក៏មកទស្សនាដែរ។ ពីកំណត់ផ្លូវនេះ ទៅកាន់ភ្នំភ្លើង Chu Dang Ya មានចម្ងាយប្រហែល ៧គីឡូម៉ែត្រ ដូច្នេះវាងាយស្រួលសម្រាប់ភ្ញៀវទេសចរទៅទស្សនាភ្នំភ្លើង”។

លោក Doan Huu Bieu ម្ចាស់ហាង Café Phuoc Hy នៅលើតាមដងផ្លូវដើមស្រល់បាននិយាយថា: “ដើមស្រល់បុរាណនៅទីនេះមានអាយុកាលជាង ១០០ ឆ្នាំហើយ។ ជួរដើមស្រល់បច្ចុប្បន្ននេះ បានក្លាយជាកន្លែងទស្សនាកម្សាន្តដ៏ល្អ។ ភ្ញៀវទេសចរមកទីនេះដើម្បីថតរូបអនុស្សាវរីយ៍ ទស្សនាកេរ្តិ៍ដំណែលភ្នំស្រល់ វត្ត Buu Minh និងភ្នំភ្លើង Chu Dang Ya”។

ទស្សនា​ផ្លូវ​ដើម​ស្រល់ដែលមានអាយុកាល​រាប់រយឆ្នាំក្នុងខេត្ត Gia Lai - ảnh 1ផ្លូវដើមស្រល់ដែលមានអាយុកាលរាប់រយឆ្នាំនៅខេត្ត Gia Lai ។ រូបថត៖ VOV5/Ngoc Anh

ពេលវេលាដ៏ល្អបំផុតដើម្បីថតរូប check-in នៅផ្លូវស្រល់គឺនៅខែតុលា និងខែវិច្ឆិកា នៅពេលដែលផ្កាឈូករ័ត្នព្រៃរីកស្គុះស្គាយនិងដើមកាហ្វេឈានចូលរដូវប្រមូលផល។ ហើយពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាដងផ្លូវនេះ គឺពេលព្រឹកព្រលឹម នៅពេលដែលព្រះអាទិត្យរះឡើង កាំរស្មីដំបូងបានជ្រៀតចូលតាមមែកឈើនីមួយៗ បង្កើតឡើងទេសភាពដ៏ស្រស់បំព្រង។ អ្នកស្រី Pham Thi Phuong Nam ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចែករំលែកថា៖ “គ្រួសារខ្ញុំបានមកទីនេះជាលើកដំបូង។ ខ្ញុំមានអារម្មណ៍រំភើបណាស់។ នៅទីនេះ មានខ្យល់អាកាសត្រជាក់ស្រួល អាកាសធាតុបរិសុទ្ធ និងទេសភាពគួរឲ្យទាក់ទាញណាស់។ នេះគឺជាកន្លែងថតរូប check-in ដ៏ល្អសម្រាប់គូស្នេហ៍។ ទេសភាពពិតជាស័ក្តិសមសម្រាប់ក្រុមគ្រួសារទៅលេងកម្សាន្តនៅចុងសប្តាហ៍។ យើងខ្ញុំក៏បានទៅលេង Bien Ho Tra ភ្នំភ្លើង Chu Dang Ya ហើយទៅអុជធូបនិងទស្សនាវត្ត Buu Minh ផងដែរ។ បើមានឱកាស ខ្ញុំនឹងត្រលប់មកវិញម្តងទៀត”។

ផ្លូវដើមស្រល់រាប់រយឆ្នាំ មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Pleiku ហើយនៅជិតតំបន់ទេសចរណ៍ល្បីៗផ្សេងទៀតនៅក្នុងខេត្ត Gia Lai ដូចជា Bien Ho Tra និងភ្នំភ្លើង Chu Dang Ya ជាដើម។ ជារៀងរាល់ថ្ងៃ ផ្លូវនេះទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនានិងថតរូប។ នេះក៏ជាកន្លែងដែលគូស្នេហ៍ពេញចិត្ត និងជ្រើសរើសជាទីតាំងថតរូបអាពាហ៍ពិពាហ៍ផងដែរ។

ដោយមានបរិយាកាសជ្រះស្រឡះ អ្នកស្រុកតែងតែមកផ្លូវដើមស្រល់នេះដើម្បីហាត់ប្រាណ រត់ ឬជិះកង់ជុំវិញ។ ប្រជាជនក្នុងតំបន់ក៏ឆ្លៀតយកអត្ថប្រយោជន៍ពីទេសភាពនៅទីនេះ ដើម្បីអភិវឌ្ឍទេសចរណ៍ផងដែរ។ ហាងកាហ្វេដែលបើកនៅតាមដងផ្លូវទាំងសងខាងត្រូវបានរចនាប្លែកៗ ជាមួយនឹងរូបរាងរថយន្ត និងដាក់ដើមកាហ្វេនៅក្នុងហាង ដើម្បីបង្កើតទេសភាពដ៏ស្និទ្ធស្នាលជាមួយធម្មជាតិ។

ទស្សនា​ផ្លូវ​ដើម​ស្រល់ដែលមានអាយុកាល​រាប់រយឆ្នាំក្នុងខេត្ត Gia Lai - ảnh 2ទិដ្ឋភាពនៅហាងកាហ្វេ Memories ជាប់ផ្លូវដើមស្រល់។ រូបថត៖ VOV5/Ngoc Anh

នៅក្បែរកំណត់ផ្លូវដើមស្រល់រាប់រយឆ្នាំ មានចម្ការតែព័ណ៌ខៀវស្រងាត់។ រងតែព័ណ៌បៃតងបានលើកសោភ័ណភាពនៅទីនេះឲ្យកាន់តែស្អាតសមរម្យថែមទៀត។ ប្រជាជនឃុំ Nghia Hung បានឲ្យដឹងថា៖  “ក្រៅពីដើមស្រល់ដែលមានអាយុរាប់រយឆ្នាំ ភ្ញៀវទេសចរក៏អាចថតរូបអនុស្សាវរីយ៍នៅកូនភ្នំដាំតែផងដែរ។ នៅក្បែរនោះ មានវត្ត Buu Minh និងភ្នំភ្លើង Chu Dang Ya ។ ភ្ញៀវទេសចរមកទីនេះយ៉ាងច្រើនកុះករ។ នៅពេលព្រឹកព្រលឹម យុវវ័យបានមកថតរូបតាមជួរដើមស្រល់។ គូស្វាមីភរិយាក៏តែងតែថតរូបអាពាហ៍ពិពាហ៍នៅទីនេះដែរ។ ហើយភ្ញៀវទេសចរណ៍បរទេសក៏មានច្រើនណាស់។ មានភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី អាមេរិក និងបារាំង។  នៅទីនេះមានហាងកាហ្វេមួយចំនួន ដែលតុនីមួយៗតែងតែដាក់តាំងដើមកាហ្វេនៅក្បែរនោះ ដូច្នេះអតិថិជនអាចរីករាយជាមួយនឹងក្លិនផ្កាកាហ្វេ”។

ផ្លូវដើមស្រល់ដែលមានអាយុរាប់រយឆ្នាំត្រូវបានស្គាល់ដល់ជាផ្លូវដ៏ស្រស់ស្អាតបំផុតនៅក្នុងទីក្រុង Pleiku ។ ផ្លូវនេះក៏ត្រូវបានចាត់ទុកជាសួតពណ៌បៃតងនៃទីក្រុង Pleiku ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ