ផ្សាររាត្រី Phu Quoc កំពុងទាក់ទាញចិត្តភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្តអានយ៉ាង
(VOVWORLD) - ផ្សាររាត្រីគឺជាទីកន្លែងមួយដែលភ្ញៀវទេសចរអាចទៅទស្សនា ប្រសិនបើពួកគេចង់មើលឃើញពីជីវភាពពេលយប់របស់ប្រជាជននៅតំបន់ពិសេស Phu Quoc ខេត្តអានយ៉ាង។ នៅទីនេះអ្នកលក់អ្នកទិញទាក់ទងគ្នាប្រកបដោយសភាពអ៊ូអរ ហើយភ្ញៀវទេសចរអាចស្វែងរកផលិតផលពិសេសប្រចាំមូលដ្ឋាន និងជួបសំណេះសំណាលជាមួយប្រជានេសាទដ៏ស្លូតបូត និងរួសរាយរាក់ទាក់។
ភ្ញៀវទេសចរមកផ្សាររាត្រីដើម្បីស្វែងយល់ពីជីវភាពពេលរាត្រីនៅកោះ Phu Quoc។ (រូបថត៖ Huyen Trang/VOV5) |
នៅពេលដែលទូកនេសាទបើកភ្លើង និងចុះចតតាមបណ្ដោយមាត់ទន្លេ Duong Dong (ទន្លេធំបំផុតនៅក្នុងតំបន់ពិសេស Phu Quoc) ក៏ជាពេលដែលផ្សាររាត្រីប្រព្រឹត្តទៅដោយបរិយាកាសដ៏សប្បាយអ៊ូអរ។ ដោយសារតែផ្សារមានទីតាំងជាប់នឹងមាត់ទន្លេ ភ្ញៀវទេសចរអាចរីករាយនឹងភាពអ៊ូអរនៃភ្លើងភ្លឺចែងចាំងពីតូបលក់ទំនិញជាង ១០០ តូបនៅលើច្រាំង ក៏ដូចជាជីវភាពដ៏សុខសាន្តរបស់អ្នកនេសាទដែលបានវិលត្រឡប់មកវិញបន្ទាប់ពីដំណើរនេសាទនៅលើសមុទ្រ។ ពេលដើរចូលទៅក្នុងផ្សារ ភ្ញៀវទេសចរអាចទទួលបានអារម្មណ៍ពីក្លិនឈ្ងុយឆ្ងាញ់នៃគ្រឿងសមុទ្រអាំងលើភ្លើងធ្យូង។ អ្នកស្រី Nguyen Thi Hoa ភ្ញៀវទេសចរមកពីខេត្ត Dong Nai បាននិយាយថា៖
“ពេលមកទីនេះ ខ្ញុំស្មានថា អ្វីៗគ្រប់បែបយ៉ាងនៅក្នុងតំបន់ទេសចរណ៍មានតម្លៃថ្លៃណាស់ ប៉ុន្តែពេលចូលទៅ ខ្ញុំឃើញថា អ្វីៗទាំងអស់មានតម្លៃសមរម្យណាស់។ ខ្ញុំបានដើរទស្សនា ហើយអាចភ្លក់ម្ហូបដែលខ្ញុំចូលចិត្ត។ មឹកមានរសជាតិឆ្ងាញ់ ត្រឹមតែ ៧ ម៉ឺនដុង (២,៦ ដុល្លារអាមេរិក) ឬរហូតដល់ ១០ ម៉ឺនដុង (៣,៨ ដុល្លារអាមេរិក) ប៉ុណ្ណោះ ខ្ញុំអាចទិញបានម្ហូបដ៏ឆ្ងាញ់ហើយ។ ក្រោយពីដំណើរកម្សាន្តលើកនេះ ខ្ញុំក៏ចង់ឧទ្ទេសនាមដល់ក្រុមគ្រួសារ ឬអ្នកដែលចង់ធ្វើដំណើរកំសាន្ត គួរតែមកទស្សនា Phu Quoc ហើយរីករាយជាមួយសេវាកម្មនៅទីនេះ”។
តូបលក់គុជខ្យងនៅផ្សាររាត្រី Phu Quoc។ |
Phu Quoc មានភាពល្បីល្បាញដោយរបរចិញ្ចឹមគុជខ្យងនៅក្រោមសមុទ្រ។ ដូច្នេះ មានតូបជាច្រើននៅផ្សាររាត្រីដែលដាក់លក់ និងឧទ្ទេសនាមអំពីគុជខ្យង Phu Quoc។ ក្រៅពីនេះ មានតូបលក់វត្ថុអនុស្សាវរីយ៍ដូចជា កងដៃ និងគ្រឿងអលង្ការធ្វើពីសំបកខ្យងសមុទ្រផងដែរ។ វត្ថុអនុស្សាវរីយ៍ដ៏សាមញ្ញនិងភ្លឺចិញ្ចាចទាំងនេះត្រូវបានអ្នកស្រុកធ្វើដោយដៃទាំងស្រុង។ មិត្ត Mai Hoang Anh ជាំអ្នកលក់កងដៃធ្វើពីសំបកខ្យង បាននិយាយថា៖
“គ្រឿងអលង្ការទាំងនេះ ឧទាហរណ៍ថា ខ្សែក ខ្ញុំរចនាគំរូដោយខ្លួនឯង ឬខ្ញុំឃើញវាតាមអ៊ីនធឺណិត ហើយផ្ញើវាទៅឥ្យជាងសិប្បកម្ម។ ពួកគេនឹងធ្វើ ហើយផ្ញើវាមកខ្ញុំ។ វត្ថុធាតុដើមគឺខ្យង ដែលខ្ញុំត្រូវរកនៅសមុទ្រ ឬអាចទិញក្នុងបរិមាណធំពីភោជនីយដ្ឋានខ្យង។ ធ្វើបែបនេះ ប្រាក់ចំណូលក៏ល្អដែរ។ វាក៏អាស្រ័យលើចំនួនអតិថិជនក្នុងរដូវកាលនីមួយៗទៀតផង”។
អ្នកស្រី Trinh Phuong Mai ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ពេញចិត្តនៅពេលដែលជ្រើសរើសបានវត្ថុអនុស្សាវរីយ៍ដើម្បីទិញជាអំណោយសម្រាប់កូនស្រីរបស់នាង។
“ខ្ញុំពិតជាចូលចិត្តទៅផ្សាររាត្រី ពីព្រោះនៅទីនេះខ្ញុំអាចមើលឃើញភាពសប្បាយអ៊ូអររបស់ភ្ញៀវទេសចរ ក៏ដូចជាសក្តានុពលក្នុងការអភិវឌ្ឍទេសចរណ៍នៃតំបន់។ ទីពីរគឺ នៅផ្សាររាត្រី ខ្ញុំអាចរកឃើញវត្ថុអនុស្សាវរីយ៍ពិសេសៗនៅប្រទេសវៀតណាម។ ហើយថ្ងៃនេះខ្ញុំបានទិញខ្សែដៃតូចៗពីរគ្រឿងនេះ។ មួយមានរូបទង់ជាតិ ហើយមួយទៀតមាននិមិត្តរូបរបស់បក្ស។ ខ្ញុំរស់នៅឆ្ងាយពីវៀតណាម ដូច្នេះរាល់ពេលដែលខ្ញុំត្រឡប់មកប្រទេសវិញ ខ្ញុំតែងតែទិញអំណោយដែលមានលក្ខណៈនិមិត្តរូបរបស់ជាតិជូនកូនៗ ដើម្បីបណ្តុះស្មារតីស្នេហាជាតិ ក៏ដូចជាជួយកូនៗឱ្យចងចាំឫសគល់របស់ខ្លួនជានិច្ច”។
លោក Pham Van Tho តុបតែងផលិតផលសម្រាប់ភ្ញៀវទេសចរ។ |
នៅក្នុងបរិយាកាសដ៏អ៊ូអរមមាញឹកនៃផ្សាររាត្រី មានតូបតូចមួយដែលអ្នកអាចលឺសំឡេងគោះញញួររបស់បុរសម្នាក់ដែលកំពុងតុបតែងកាបូបស្បែក។ រូបភាពដូចជាជួរដើមឈើ យន្តហោះ ព្រះច័ន្ទ ឬពាក្យ "Phu Quoc" ត្រូវបានលោក Pham Van Tho ភ្ជាប់យ៉ាងយកចិត្តទុកដាក់ទៅលើកាបូប ឬកាបូបដាក់លិខិតឆ្លងដែន។ លោកធ្វើដោយដៃនៅហ្នឹងកន្លែង អាស្រ័យលើតម្រូវការរបស់អតិថិជន។ លោក Pham Van Tho បាននិយាយថា៖
“នេះជាកាបូបដាក់លិខិតឆ្លងដែន។ នេះជាកាបូបប្រើប្រាស់ក្នុងស្រុក។ ខ្ញុំនឹងច្នៃប្រឌិតបន្ថែមទៀតតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ដើម្បីតុបតែងរូបភាពនៅទីនេះ។ ត្រូវចំណាយពេលប្រហែល ១ ខែទើបធ្វើបាន។ ជាទូទៅ ត្រូវមានភាពប៉ិនប្រសប់។ មិនមែនគ្រប់គ្នាអាចធ្វើបានទេ”។
បញ្ចប់ដំណើរកម្សាន្តនៅផ្សាររាត្រី Phu Quoc ភ្ញៀវទេសចរអាចយកមកផ្ទះនូវអំណោយតូចៗ ដែលជាផលិតផលពិសេសនៃទឹកដីនេះ ដូចជាទឹកត្រីដ៏ល្បីល្បាញម្រេចក្រអូប សណ្តែកដី ៣០ រសជាតិ ដែលធ្វើនៅហ្នឹងកន្លែង ឬវត្ថុអនុស្សាវរីយ៍ដែលបង្កប់នូវសញ្ញាសម្គាល់នៃសមុទ្រ។ ជីវភាពពេលរាត្រីដ៏មមាញឹករបស់ប្រជាជនដ៏រួសរាយរាក់ទាក់និងស្លូតបូតនៅលើកោះ នឹងក្លាយជាចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ នៅពេលមកដល់តំបន់ពិសេស Phu Quoc៕