ពិធីបុណ្យ Nghinh Ong ឃុំ Can Gio - ទីមកដល់នៃវប្បធម៌និងទេសចរណ៍បៃតង
(VOVWORLD) - ឃុំ Can Gio ជាឃុំជាប់សមុទ្រនៃទីក្រុងហូជីមិញ មិនត្រឹមតែជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាមួយព្រៃកោងកាង ឧទ្យានវប្បធម៌កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិនៃមូលដ្ឋានព្រៃ Sac សាលាភូមិ Can Thanh ប៉ុណ្ណោះទេ ថែមទាំងមានពិធីបុណ្យ Nghinh Ong ជាមួយនឹងលក្ខណៈវប្បធម៌ដ៏ប្លែកៗ និងទាក់ទាញទៀត ផង។ ពិធីបុណ្យ Nghinh Ong ឃុំ Can Gio ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ។
ពិធីបុណ្យ Nghinh Ong នៅសមុទ្រ ជាពិធីប្រពៃណីដែលប្រជាជននៅតំបន់ឆ្នេរ Can Gio រំពឹងទុកបំផុតជារៀងរាល់ឆ្នាំ។ (រូបថត៖ Hoang Hai/baovanhoa.vn) |
ពិធីបុណ្យ Nghinh Ong ជាពិធីបុណ្យប្រពៃណីរបស់អ្នកនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ជាកន្លែងដែលអ្នកនេសាទបង្ហាញពីជំនឿ បួងសួងសុំអាកាសធាតុសមុទ្រអំណោយផល ជួបសំណាងល្អ ធ្វើការរកស៊ីមានបានចម្រុងចម្រើន និងគ្រួសារជួបតែសេចក្ដីសុខ។ ពិធីបុណ្យនេះមានឈ្មោះផ្សេងៗគ្នាជាច្រើន ប៉ុន្តែអ្វីៗទាំងអស់គឺផ្អែកលើជំនឿថា ត្រីបាឡែនគឺជាសត្វដ៏ពិសិដ្ឋនៃសមុទ្រ ដែលជាជួយអ្នកសង្គ្រោះអ្នកដែលធ្វើការនៅសមុទ្រ។ នៅ Can Gio ពិធីបុណ្យនេះតែងតែប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែ ៨ តាមច័ន្ទគតិដោយមានសកម្មភាពសំខាន់ៗនៅទីសក្ការៈបូជា Ong Thuy Tuong និងសាលាភូមិ Can Thanh ... លោក Ngo Van Thu មកពីសមាគម Van Lach Can Gio បាននិយាយថា៖
“ពិធីបុណ្យ Nghinh Ong នៅ Can Gio គឺជាពិធីបុណ្យប្រពៃណីដែលមានតាំងពីបុរាណកាល តាំងពីជីដូនជីតារបស់ខ្ញុំរហូតដល់បច្ចុប្បន្ន”។
ជំនឿធ្វើសក្ការៈបូជាត្រី Ong (ត្រីបាឡែន) របស់អ្នកនេសាទ Can Gio ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងជាច្រើន។ ពួកគេចាត់ទុកត្រីបាឡែនជាព្រះនៃសមុទ្រខាងត្បូង ការពារមនុស្សនៅសមុទ្រ... ដូច្នេះហើយពិធីបុណ្យ Nghinh Ong គឺជាឱកាស ដើម្បីថ្លែងអំណរគុណ និងបួងសួងសុំឲ្យរដូវនេសាទថ្មី ប្រកបដោយអំណោលផលនិងសុវត្ថិភាព។ ពិធីបុណ្យនេះក៏ជាពេលវេលា ដែលអ្នកនេសាទបានសម្រាក ក្រោយរាល់ថ្ងៃធ្វើការដ៏លំបាក ហើយ ក៏ជាឱកាសដើម្បីរំលឹកដល់អ្នកដែលមានគុណូបការៈក្នុងការអភិវឌ្ឍវិស័យនេសាទ ក៏ដូចជាអ្នកនេសាទដែលបានបាត់បង់ជីវិតនៅឯសមុទ្រផងដែរ។ កញ្ញា Nguyen Hoai Nhu Y រស់នៅ Can Gio បានឲ្យដឹងថា៖
“តាំងពីខ្ញុំនៅតូច ម្តាយបាននាំខ្ញុំទៅចូលរួមពិធីបុណ្យហើយ។ ពេលយប់ នឹងទៅបណ្ដែតទ្រុង បណ្ដែតគោម Nghinh Ong។ នៅព្រឹកថ្ងៃបន្ទាប់ នឹងទៅដង្ហែ Nghinh Ong ត្រឡប់មកវិញ”។
ពិធីបុណ្យ Nghinh Ong នៅ Can Gio តាំងពីយូរយារណាស់មកហើយ បានក្លាយជាពិធីបុណ្យខាងស្មារតីរបស់អ្នកនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ។ (រូបថត៖ Hoang Hai/baovanhoa.vn) |
ផ្នែកពិធីត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅកេរ្តិ៍ដំណែលទីសក្ការៈបូជា Ong Thuy Tuong និងតំបន់សមុទ្រ Can Thanh ដោយមានពិធីការសំខាន់ៗដូចជា៖ ពិធីបង្ហូតទង់ ពិធីអបអរសាទរអ្នកនេសាទ Can Gio និងពិធីបួងសួងសុំសេចក្ដីសុខ។ ពិធីអំណរសាទរ គឺដើម្បីលើកតម្កើងអ្នកនេសាទ ហើយបូកសរុបរយៈពេលមួយឆ្នាំនៃការនេសាទ និងធ្វើវារីវប្បកម្ម។ ពិធីបួងសួងសុំសេចក្ដីសុខ ត្រូវបានប្រារព្ធឡើងតាមបែបប្រពៃណី ដោយបង្ហាញពីការដឹងគុណចំពោះត្រីបាឡែន ហើយបួងសួងសុំឱ្យមានរដូវអំណោយផល សេចក្ដីសុខនិងសុភមង្គល។
នៅថ្ងៃទី ១៦ ខែ៨ តាមច័ន្ទគតិ ផ្នែកសំខាន់នៃពិធីបុណ្យគឺ ពិធីដង្ហែត្រីបាឡែននៅលើសមុទ្រ។ ពិធីនេះចាប់ផ្តើមពីព្រឹកព្រលឹម នៅពេលដែលប្រជានេសាទនិងភ្ញៀវទេសចរប្រមូលផ្ដុំនៅមុខទីធ្វើសក្ការៈបូជា Ong Thuy Tuong។ បន្ទាប់ពីពិធីដង្ហែគ្រែស្នែង Nghinh Ong តាមផ្លូវនានា និងចេញទៅកាន់សមុទ្រ ពិធីសែនត្រីបាឡែននឹងប្រព្រឹត្តទៅនៅកន្លែងប្រសព្វគ្នានៃទន្លេចំនួន ៣។ ពិធីនេះរួមមាន ពិធីអុជធូប ពិធីថ្វាយស្រា ពិធីអានអធិដ្ឋាន និងពិធីថ្វាយតែ។ បន្ទាប់ពីពិធីសែន ក្រុមទូកនឹងត្រឡប់ទៅដីគោកវិញ អមដោយសំឡេងស្គរ គង និងសំឡេងហ៊ោកញ្ជ្រៀវពីប្រជានេសាទ។ លោកស្រី Nguyen Thi Hanh ប្រជាជនឃុំ Can Gio បានចែករំលែកថា៖
“ពិធីបុណ្យ Nghinh Ong គឺដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោយផល ដើម្បីឱ្យប្រជាជនទៅសមុទ្រនេសាទត្រីបានច្រើន និងមានសុខភាពល្អ”។
ទូកនេសាទរាប់រយ ចូលរួមដង្ហែរត្រី Ong ដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោយផល និងការប្រមូលផលបានសម្បូរ។ (រូបថត៖ Hoang Hai/baovanhoa.vn) |
នៅថ្ងៃទី ១៧ ខែ ៨ តាមច័ន្ទគតិ ពិធីបុណ្យនឹងបញ្ចប់ដោយពិធីថ្លែងអំណរគុណ ព្រះនៃសមុទ្រខាងត្បូង (ត្រី Ong) នៅទីធ្វើសក្ការៈបូជា Ong Thuy Tuong ជាកន្លែងដែលអ្នកនេសាទនិងភ្ញៀវ បន្តបួងសួងសុំឱ្យមានរដូវអំណោយផលនិងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាណ។ លោក Phan Van Chan គណៈកម្មាធិការរៀបចំពិធីបុណ្យ Nghinh Ong Can Gio បានឲ្យដឹងថា៖
“ចង្កៀងនីមួយៗត្រូវបានបំភ្លឺឡើង ដើម្បីរំលឹកដល់បុព្វការីជន អ្នកដែលមានគុណបានគាស់រានដីធ្លី។ ជាពិសេសយុទ្ធជនដែលបានពលីក្នុងការតស៊ូទាំងពីរ ក្នុងនោះមាន យុទ្ធជនមូលដ្ឋានព្រៃ Sac ជាង ៨០០នាក់ ដែលបានពលីជីវិត ហើយសាកសពរបស់ពួកគេ បានស្រូបចូលក្នុងទឹកដីនេះ”។
ឆ្នាំនេះ ពិធីបុណ្យ Nghinh Ong Can Gio ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ ទី ៧ ខែតុលា។ ពិធីបុណ្យនេះមិនត្រឹមតែជាពិធីបុណ្យសម្រាប់ប្រជានេសាទប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ទីក្រុងហូជីមិញ ឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីទឹកដីដ៏វិសេសវិសាលនោះគឺព្រៃកោងកាង - “សួតបៃតង” នៃទីក្រុង ក៏ដូចជាស្ថាបត្យកម្ម-ជំនឿទីធ្វើសក្ការៈបូជា Ong Thuy Tuong។ ពីនោះ កសាង Can Gio ឱ្យក្លាយជាទីមកដល់សុវត្ថិភាព - ស្និទ្ធស្នាល - ខុសប្លែក៕