(VOVWORLD) - ស្ថិតនៅនាយសមុទ្រ ពន្ធនាគារ Con Dao (ឥឡូវចំណុះទីក្រុងហូជីមិញ) មិនត្រឹមតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ នោះគឺជាទឹកដីនៃការចងចាំ ជាទីកន្លែងមួយដែលឥដ្ឋមួយដុំៗ របារដែកនីមួយៗ សុទ្ធតែដាបដោយញើស ឈាម និងទឹកភ្នែករបស់វីរបុរសដែលបានពលីជីវិតដើម្បីឯករាជ្យរបស់ប្រជាជាតិវៀតណាម។
ទ្រុងខ្លានៅពន្ធនាគារ Con Dao ជាកន្លែងដែលឈ្លើយសឹកនយោបាយត្រូវឃុំខ្លួន និងធ្វើទារុណកម្ម។ (រូបថត៖ The Hung/VOV5) |
ពន្ធនាគារ Con Dao ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៨៦២ ដែលជាបណ្ដុំជំរុំឃុំឃាំងយុទ្ធជនបដិវត្តន៍វៀតណាម ជាមួយនឹងជំរុំជាច្រើនដូចជា៖ ជំរំ Phu Hai ជំរុំ Phu Son ជំរុំ Phu Tho ជំរុំ Phu Tuong... ក្នុងនោះ តំបន់ទ្រុងខ្លាគឺជាកន្លែងដ៏ឃោរឃៅព្រៃផ្សៃបំផុត។
រដ្ឋាភិបាលអាណានិគមបារាំងបានជ្រើសរើស Con Dao ជាទីតាំងសម្រាប់សាងសង់ពន្ធនាគារ ពីព្រោះវវានៅឆ្ងាយពីដីគោក ហើយឈ្លើយសឹកគ្មានផ្លូវរត់គេចខ្លួនទេ។ (រូបថត៖ The Hung/VOV5) |
ឈ្លើយសឹកត្រូវគេដាក់ហាលកំដៅថ្ងៃដោយអាក្រាតកាយ។ ត្រូវគេបង្អត់អាហារ។ ត្រូវគេវាយដំ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែក្នុងស្ថានភាពនោះ សតិអារម្មណ៍បដិវត្តន៍នៅតែពុះកញ្ជ្រោល និងរីករាលដាលក្នុងចំណោមយុទ្ធជនបដិវត្តន៍ផងដែរ។ ទីនេះបានក្លាយជាកន្លែងដែលឆន្ទៈដ៏មោះមុតនិងឧត្តមគតិបដិវត្តន៍ត្រូវបានចិញ្ចឹមបីបាច់និងលត់ដំ។ អ្នកស្រី Le Anh Tuyet មគ្គុទ្ទេសក៍ទេសចរណ៍នៅពន្ធនាគារ Con Dao បានចែករំលែកជាមួយភ្ញៀវទេសចរដោយក្ដីរំជួលចិត្តថា៖
“នៅទីនេះ ខ្ញុំត្រូវពន្យល់ពីមូលហេតុដែលវាត្រូវបានគេហៅថា ទ្រុងខ្លា ពីព្រោះគុកនេះមិនខុសពីទ្រុងដែលដាក់សត្វព្រៃនោះទេ។ ការធ្វើទារុណកម្មឈ្លើយសឹកនៅទីនេះ គឺធ្វើឱ្យពួកគេទទួលបានអារម្មណ៍យ៉ាងច្បាស់លាស់អំពីខ្សែបន្ទាត់ដ៏ផុយស្រួយរវាងការស្លាប់និងការរស់។ បន្ទាប់មក គេរកគ្រប់វិធីដើម្បីធ្វើឲ្យឈ្លើយសឹកនៅតែរស់រានមានជីវិត ហើយចាប់បង្ខំពួកគេត្រូវតែជ្រើសរើស ប្រសិនបើពួកគេចង់រស់ ត្រូវតែបោះបង់ចោលឧត្តមគតិ។ ប្រសិនបើចង់ការពារឧត្តមគតិរបស់ខ្លួន ពួកគេត្រូវតែស្លាប់នៅក្នុងទ្រុងខ្លានេះ។ ដូច្នេះនៅពេលនោះ នៅតែមានឈ្លើយសឹកដែលហ៊ានស្លាប់ដើម្បីឧត្តមគតិបដិវត្តន៍របស់ខ្លួន ប៉ុន្តែធ្វើយ៉ាងណាដើម្បីនៅតែរស់និងការពារឧត្តមគតិបដិវត្តន៍ ពីក្រញ៉ាំរបស់ខ្មាំងសត្រូវទើបជាភារកិច្ចលំបាកជាងមួយរយពាន់ដង”។
ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសរាប់ពាន់នាក់ បានទៅទស្សនាពន្ធនាគារ Con Dao។ (រូបថត៖ Luu Son/VOV-ទីក្រុងហូជីមិញ) |
ពេលទៅទស្សនាតំបន់ទ្រុងខ្លា គ្មាននរណាម្នាក់លេងសើចទេ។ មនុស្សគ្រប់គ្នានៅស្ងៀមស្ងាត់។ អ្នកស្រី Phan Thi Vinh ជាភ្ញៀវទេសចរម្នាក់មកពីខេត្ត Nghe An បានចែករំលែកថា៖
“ខ្ញុំធ្លាប់បានអានសៀវភៅ និងមើលភាពយន្តឯកសារហើយ ប៉ុន្តែនៅពេលបានឃើញទ្រុងខ្លានិងគុកងងឹតដោយផ្ទាល់ភ្នែក ខ្ញុំមានអារម្មណ៍ហាក់ដូចជាមាននរណាម្នាក់កំពុងច្របាច់ទ្រូងរបស់ខ្ញុំអញ្ចឹង។ ខ្ញុំយល់កាន់តែច្បាស់អំពីតម្លៃនៃឯករាជ្យ និងសេរីភាព… ហើយមានអារម្មណ៍ដឹងគុណចំពោះវីរបុរស និងយុទ្ធជនដែលបានពលីជីវិតនៅទីនេះ”។
លោកស្រី Vu Thi Tham អតីតយុទ្ធជនម្នាក់ បានសម្តែងថា៖
“ខ្ញុំកោតសរសើរចំពោះស្មារតីប្រយុទ្ធ និងភាពអង់អាចក្លាហានរបស់យុទ្ធជនដែលត្រូវគេឃុំឃាំងក្នុងពន្ធនាគារ Con Dao។ ទោះបីជាពេលនោះ ពួកគេជួបការលំបាកលំបិនបែបនេះក៏ដោយ ប៉ុន្តែនៅតែរក្សាបាននូវឫទ្ធានុភាពនយោបាយឆន្ទៈដ៏មុតមាំនិងការប្ដេជ្ញាចិត្តដណ្ដើមឯករាជ្យ”។
ពន្ធនាគារ Con Dao មិនត្រឹមតែរក្សាបាននូវស្លាកស្នាមដ៏ឃោរឃៅព្រៃផ្សៃនៃអាណានិគមនិយម និងចក្រពត្តិនិយមកាលពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីមិនចុះញ៉ម របស់ជនកុម្មុយនិស្តទៀតផង។ សម្រាប់យុវជនជាច្រើន ការទៅទស្សនាពន្ធនាគារ Con Dao បានធ្វើឱ្យពួកគេមានអារម្មណ៍ដែលមិនអាចពិពណ៌នាបាន។ អ្នកស្រី Anh Vu ភ្ញៀវទេសចរមកពីទីក្រុងហាណូយ បាននិយាយដោយសំឡេងខ្សឹកខ្សួលអួលអាក់ថា៖
“មានតែពេលខ្ញុំមកទីនេះទេ ទើបខ្ញុំបានមើលឃើញពីការលះបង់ដ៏ធំធេងរបស់ដូនតាយើង។ ក្នុងស្ថានភាពដ៏លំបាកបែបនេះ ស៊ូទ្រាំនឹងទារុណកម្មដ៏ឃោរឃៅបែបនេះ ប៉ុន្តែឆន្ទៈប្រយុទ្ធនៅតែខ្ពស់ត្រដែត ស្មារតីបដិវត្តន៍នៅតែឆេះយ៉ាងសន្ធោសន្ធៅ ហើយមិនព្រមចុះញ៉មឡើយ។ ខ្ញុំពិតជាកោតសរសើរណាស់”
សព្វថ្ងៃនេះ ពន្ធនាគារ Con Dao គឺជាកេរ្តិ៍ដំណែលជាតិពិសេស។ ប៉ុន្តែភាពពិសេសនោះមិនមែនស្ថិតនៅក្នុងស្ថាបត្យកម្មទេ។ វាស្ថិតនៅក្នុងតម្លៃនៃការចងចាំវិញ។ នៅទីនេះ ឥដ្ឋនីមួយៗ របារដែកនីមួយៗ សុទ្ធតែត្រូវបានស្រោប ដោយឈាមនិងញើសរបស់ឈ្លើយសឹកកុម្មុយនិស្តដ៏ស្មោះត្រង់។
ពេលចាកចេញពីកន្លែងនេះ ភ្ញៀវទេសចរវៀតណាមម្នាក់ៗ សុទ្ធតែសន្យាជាមួយខ្លួនឯងថា ត្រូវរស់នៅឲ្យបានសក្តិសមនឹងពលីកម្មដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនជំនាន់មុនៗ៕