អាកាសយានដ្ឋានអន្តរជាតិ Long Thanh - កម្លាំងចលករសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច

(VOVWORLD) - អាកាសយានដ្ឋានអន្តរជាតិ Long Thanh ជាគម្រោងការណ៍ពោរពេញទៅ ដោយសក្ដានុភាពរបស់រដ្ឋាភិបាលវៀតណាម។ តាមផែនការ គម្រោងការណ៍នេះ នឹងត្រូវបានសម្រេចរួចរាល់ហើយដាក់ឲ្យធ្វើសកម្មភាពនាឆ្នាំ២០២៥ ដោយក្ដីសង្ឃឹម ថា ទីនេះនឹងក្លាយទៅជាមជ្ឈ មណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលដឹកជញ្ជូន អាកាសចរណ៍ទំនើបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
អាកាសយានដ្ឋានអន្តរជាតិ Long Thanh - កម្លាំងចលករសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច - ảnh 1រូបភាពនៃអាកាសយានដ្ឋាន Long Thanh បន្ទាប់ពីត្រូវបានសម្រេចរួចរាល់ (រូបថត៖ Zing) 


 
អាកាសយានដ្ឋាន Long Thanh ដែនមានគម្រោងមេស្ថិតនៅលើឃុំចំនួន៦នៃស្រុក Long Thanh ខេត្ត Dong Nai ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីប៉ែកខាងកើតទីក្រុងហូជីមិញ។

        នៅតំបន់អាស៊ីអាគ្នេយ៍មានអាកាសយានដ្ឋានអន្តរជាតិធំៗមួយចំនួន ដែលមានសមត្ថភាពប្រកួតប្រជែងដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលផ្ទេរអ្នកដំណើរនិងទំនិញរវាងក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជាអាកាសយានដ្ឋាន Suvarnabhumi នៃប្រទេសថៃ Kuala Lumpur នៃប្រទេសម៉ាឡេស៊ីនិង Changi នៃប្រទេសសឹង្ហបុរី។ ដោយសារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមិនទាន់មានលក្ខណៈគ្រប់គ្រាន់ ហេតុដូច្នេះនាបច្ចុប្បន្ន វៀតណាមត្រឹមតែជាទីកន្លែងអូសបន្លាយជើងហោះហើរពីមជ្ឈមណ្ឌលអាកាសចរណ៍នានានៅក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗនៃទ្វីបអឺរ៉ុបនិងទ្វីបអាមេរិកខាងជើងតែប៉ុណ្ណោះ។ ហេតុនេះហើយ ការកសាងអាកាសយានដ្ឋានអន្តរជាតិនៅតំបន់ប៉ែកខាងត្បូង វៀតណាមដើម្បីកាត់បន្ថយសម្ពាធទៅលើអាកាសយានដ្ឋាន Tan Son Nhat គឺការងារចាំបាច់ណាស់។ លោក Nguyen Nguyen Hung ប្រធានក្រុមប្រឹក្សាសមាជិកអាកាសយានដ្ឋានវៀតណាម បានអោយដឹងថា៖

        “ដោយល្បឿនកំណើននាបច្ចុប្បន្ន គឺដល់ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញនឹងមានអ្នកដំណើរឆ្លងកាត់ប្រមាណ៤០លាននាក់ ហើយដល់ឆ្នាំ២០៣០គឺ៥០លាននាក់។ គម្រោងការណ៍អាកាសយានដ្ឋាន Long Thanh ត្រូវបានស្រាវជ្រាវអនុវត្តន៍សំដៅដោះស្រាយបញ្ហាលើសចំណុះនៅអាកាសយានដ្ឋាន Tan Son Nhat ក៏ដូចជាសំដៅអនុវត្តន៍យុទ្ធសាស្ត្រឧស្សាហូបនីយកម្ម ទំនើបកម្មក្នុងវិស័យគមនាគមន៍ ដឹកជញ្ជូនផងដែរ”។

        អាកាសយានដ្ឋាន Long Thanh ត្រូវបានរចនាដើម្បីឆ្លើយតបទៅនឹងបទដ្ឋានស្តង់ដារនៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ តាមគម្រោង ក្រោយពីឆ្នាំ២០៣៥ អាកាសយានដ្ឋាននេះនឹងអាចបម្រើអ្នកដំណើរប្រមាណ១០០លាននាក់ក្នុងមួយឆ្នាំនិងទំនិញ៥លានតោនក្នុងមួយឆ្នាំដែរ។ Long Thanh នឹងក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិដោយទ្រង់ទ្រាយធំសំដៅបម្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកដឹកជញ្ជូនផ្លូវអាកាសរបស់ប្រទេសវៀតណាមហើយបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៃតំបន់ប៉ែកខាងត្បូងនិងប្រទេសទាំងមូលផងដែរ។ លោក Lai Xuan Thanh ប្រធាន អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានចាត់ទុកថា៖

        “នេះជាអាកាសយានដ្ឋានសំខាន់បំផុតរបស់ប្រទេសជាតិដោយបម្រើអ្នកដំណើរ១០០លាននាក់និងទំនិញ៥លានតោនក្នុងមួយឆ្នាំ។ ដោយមានតួនាទីសំខាន់យ៉ាងដូច្នេះ គឺត្រូវធានាការអនុវត្តវិទ្យាសាស្ត្របច្ចកទេសដ៏ទំនើបជឿនលឿនបំផុត ដើម្បីស្មើនឹងអាកាសយានដ្ឋានធំៗនៅក្នុងតំបន់និងលើពិភពលោក”។

        តាមការវាយតម្លៃរបស់អ្នកជំនាញជាច្រើនថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh ស្ថិតនៅកណ្ដាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាលក្ខណៈងាយស្រួលសម្រាប់ការផ្ទេរអ្នកដំណើរទៅកាន់តំបន់ផ្សេងៗទៀតដូចជា ទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ាអាស៊ីខាងកើត អាស៊ីភាគឦសាននិងទ្វីបមហាសាគរ។ តាមផែនការមេ អាកាសយានដ្ឋាននេះមានទំហំផ្ទៃដីដ៏គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍនាបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត សំដៅក្លាយទៅជាអាកាសយានដ្ឋានទំនើបដែលមានសេវាកម្មក្រៅអាកាសចរណ៍ដ៏សម្បូរបែប ពិសេសគឺអាចអភិវឌ្ឍន៍តាមរូបសណ្ឋានទីក្រុងព្រលានយន្តហោះ (Airport City) រួមមានមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្មនិងទេសចរណ៍ ជាដើម។ លោក Nguyen Nguyen Hung ប្រធានក្រុមប្រឹក្សាសមាជិកអាកាសយានដ្ឋានវៀតណាមបានអោយដឹងថា៖

        “គម្រោងការណ៍នេះនឹងនាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចដ៏ធំធេងសម្រាប់ប្រទេសជាតិ ដោយជំរុញដំណើរការឧស្សាហូបនីយកម្ម ទំនើបកម្មនៅខេត្ត DongNai ផងនិងតំបន់សេដ្ឋកិច្ចស្នូលភាគខាងត្បូងទៀតផង។ គម្រោងការណ៍នេះបង្កើតការងារធ្វើសម្រាប់ពលករជាង២សែននាក់ ព្រមទាំងបង្កើតប្រភពប្រាក់ចំណូលដ៏ធំធេងផងដែរ”។

        អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងជំរុញការអភិវឌ្ឍនៃផ្នែកដឹកជញ្ជូនផ្លូវអាកាស ជួយបង្កើនសមត្ថភាពប្រកួតប្រជែង បង្កើនការតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក ក៏ដូចជាបង្កើតសន្ទុះអភិវឌ្ឍន៍សម្រប់វិស័យទេសចរណ៍របស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ