(VOVWORLD) - នៅក្នុងអាកាសធាតុត្រជាក់ប្រចាំតំបន់ខ្ពង់រាប Lam Vien ជួរផ្លែស្ត្របឺរីដ៏ខៀវស្រងាត់ លាតសន្ធឹងដូចកំរាលព្រំយក្សមួយផ្ទាំងអញ្ចឹង។ ផ្លែស្ត្របឺរីពណ៌ក្រហមក្រាស់ខ្មឹក កំពុងលាក់បាំងនៅក្រោមស្លឹក រង់ចាំអ្នកទស្សនាមកប្រមូលផល។ ការបេះផ្លែស្ត្របឺរីនៅ Da Lat មិនត្រឹមតែជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងក៏ជាដំណើរមួយដែលតភ្ជាប់មនុស្សជាមួយធម្មជាតិ ជាមួយប្រជាកសិករដែលបានផ្សាភ្ជាប់ពេញមួយជីវិតជាមួយនឹងប្រភេទផ្លែឈើផ្អែមនេះ។
សួនស្ត្របឺរីដោយអនុវត្តន៍បច្ចេកវិទ្យាខ្ពស់នៅ Da Lat។ រូបថត៖ The Hung/VOV5 |
ជារៀងរាល់ថ្ងៃ សួនស្ត្របឺរីនៅផ្លូវជម្រាលភ្នំ Prenn ក្នុងទីក្រុង Da Lat តែងតែទទួលអ្នកទស្សនារាប់រយនាក់ឱ្យមកទស្សនា និងទទួលបទពិសោធន៍បេះផ្លែស្ត្របឺរី។ មិនដូចសួនស្ត្របឺរីចាស់ៗទេ កន្លែងនេះដាំផ្លែស្ត្របឺរីតាមគំរូបច្ចេកវិទ្យាខ្ពស់ ផ្ទះកញ្ចក់បិទជិត ប្រព័ន្ធធារាសាស្រ្តស្រោចស្រពជាតំណក់ទឹក និងការប្រមូលផលពេញមួយឆ្នាំ។ អ្នកស្រី Hoang Thi Dung អ្នកគ្រប់គ្រងសួនស្ត្របឺរីផ្លូវជម្រាលភ្នំ Prenn ក្នុងទីក្រុង Da Lat បាននិយាយថា៖
“សួនរបស់ខ្ញុំភាគច្រើនដាំផ្លែស្ត្របឺរីនៅក្នុងផ្ទះកញ្ចក់។ ផ្លែស្ត្របឺរីនៅទីនេះត្រូវបានដាំដុះជាច្រើនប្រភេទផ្សេងៗគ្នា ដូចជាស្ត្របឺរីអាមេរិក ស្ត្របឺរីជប៉ុន និងផស្ត្របឺរី Da Lat”។
អ្នកទេសចររីករាយថតរូបនៅសួនស្ត្របឺរី។ រូបថត៖ The Hung/VOV5 |
យោងតាមការចែករំលែកពីបុគ្គលិកនៅសួនស្ត្របឺរី Thuy Trang ក្រៅពីអនុញ្ញាតឱ្យភ្ញៀវមកទស្សនា និងទទួលបទពិសោធន៍បេះស្ត្របឺរី សួននេះក៏លក់ដើមស្ត្របឺរីទាំងមូលផងដែរ ប្រសិនបើភ្ញៀវមានតម្រូវការ។ ការថែទាំស្ត្របឺរីក៏សាមញ្ញបំផុតផងដែរ។
“នៅទីនេះយើងលក់ដើមទាំងមូលដែរ។ ស្ត្របឺរីមួយដើមមានតម្លៃ ៥ ម៉ឺនដុង (ជិត ២ ដុល្លារអាមេរិក) អ្នកត្រូវការដាំវាក្នុងកេសស្នោ ស្រោចទឹក និងដាក់ជីយូរៗម្ដងបានហើយ។ ក្រោយរយៈពេល ៤ ខែ នឹងចេញផ្លែ”។
ជួរស្ត្របឺរីត្រូវបានដាំនៅលើធ្នើរ ដែលមានកំពស់ជិតមួយម៉ែត្រពីលើដី ដែលជួយអ្នកបេះមិនចាំបាច់ឱនបេះទេ។ នៅក្រោមពន្លឺព្រះអាទិត្យដ៏ស្រទន់ ពណ៌ក្រហមនៃផ្លែស្ត្របឺរីលេចធ្លោនៅលើស្លឹកឈើខៀវស្រងាត់ បង្កើតជាទិដ្ឋភាពដែលធ្វើឱ្យនរណាម្នាក់ក៏ចង់បង្អង់ដំណើរដើម្បីថតរូបអនុស្សាវរីយ៍មួយចំនួន។ អ្នកស្រី Thu Huong ជាភ្ញៀវទេសចរមកពីទីក្រុងហាណូយ បានចែករំលែកយ៉ាងសប្បាយរីករាយថា៖
«ខ្ញុំក៏ធ្លាប់បានបេះផ្លែស្ត្របឺរីនៅ Moc Chau ហើយ ប៉ុន្តែនេះជាលើកដំបូងនៅ Da Lat។ អារម្មណ៍នៃការបេះផ្លែស្ត្របឺរីដោយផ្ទាល់ តែងតែធ្វើឱ្យខ្ញុំរំភើប។ កូនៗរបស់ខ្ញុំក៏អន្ទះសារខ្លាំងដែរ។ ខ្ញុំគិតថានេះមិនត្រឹមតែជាដំណើរកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដើម្បីអប់រំកុមារអំពីកសិផល និងការខិតខំប្រឹងប្រែងរបស់កសិករផងដែរ”។
ពូជស្ត្របឺរីជប៉ុនដែលបានដាំដុះនៅ Da Lat។ រូបថត៖ The Hung/VOV5 |
តាំងពីយូរណាស់មកហើយ ផ្លែស្ត្របឺរីបានក្លាយជាម៉ាកយីហោពិសេសរបស់ Da Lat។ ដោយមានអាកាសធាតុអំណោយផល ដីសម្បូរជីជាតិ តំបន់នេះគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ដើមស្ត្របឺរីរីកលូតលាស់។ ជន Da Lat ដាំផ្លែស្ត្របឺរីមិនត្រឹមតែសម្រាប់លក់ប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយមួយដើម្បីថែរក្សាលក្ខណៈពិសេសតែមួយគត់នៃស្រុកកំណើតរបស់ខ្លួនទៀតផង។
មិនត្រឹមតែដាំផ្លែស្ត្របឺរីសម្រាប់ភ្ញៀវទេសចរទទួលបទពិសោធន៍បេះផ្លែឈើលប៉ុណ្ណោះទេ ផ្លែស្ត្របឺរីនៅ Da Lat ថែមទាំងត្រូវបានកែច្នៃទៅជាផលិតផលជាច្រើនប្រភេទ ដើម្បីភ្ញៀវទិញធ្វើជាអំណោយសម្រាប់គ្រួសារញាតិសន្ដានទៀតផង។ អ្នកស្រី Hoang Thi Dung អ្នកគ្រប់គ្រងសួនផ្លែស្ត្របឺរីផ្លូវជម្រាលភ្នំ Prenn បានបន្តចែករំលែកបន្ថែមទៀតថា៖
«យើងអាចធ្វើស៊ីរ៉ូស្ត្របឺរី ស្ត្របឺរីស្ងួត និងដំណាប់ស្ត្របឺរី។ ស្ត្របឺរីស្ងួត ត្រូវបានផលិតដោយម៉ាស៊ីននៅរោងចក្រដែលបានចុះបញ្ជី ដូច្នេះគុណភាពត្រូវបានធានា»។
ក្នុងជីវភាពដ៏អ៊ូអរមមាញឹក ដំណើរកម្សាន្តទៅបេះស្ត្របឺរីនៅ Da Lat ប្រៀបប្រដូចជាស្ថិតនៅគ្រាស្ងប់ស្ងាត់ដ៏ផ្អែមល្ហែមអញ្ចឹង។ នៅទីនោះ ភ្ញៀវទេសចរមិនត្រឹមតែ យកកន្ត្រកស្ត្របឺរីទុំឆ្ងាញ់ ត្រឡប់មកវិញប៉ុណ្ណោះទេ ថែមទាំងយកមកអនុស្សាវរីយ៍នៃទឹកដីដ៏សុខសាន្ត ស្នាមញញឹមដ៏ស្លូតបុតរបស់កសិករនៅលើខ្ពង់រាប Lam Vien ទៀតផង។
ផ្លែស្ត្របឺរីពីបាតដៃអ្នកដាំរហូតដល់អ្នកទទួលទាន នៅតែជាអំណោយដ៏ផ្អែមល្ហែមបំផុតដែល Da Lat ផ្តល់ឱ្យអ្នកដែលធ្លាប់បានមកទស្សនាទីនេះម្ដង៕