(VOVWORLD) - នៅពេលនិយាយអំពីប្រទេសថៃ យើងតែងតែនឹកឃើញដល់ប្រាសាទមាសដ៏អស្ចារ្យ។ ប៉ុន្តែថ្ងៃនេះសូមអញ្ជើញប្រិយមិត្តស្វែងយល់អំពី គោលដៅដ៏ចម្លែកមួយគឺប្រាសាទ Chao Pho Khao Yai នៅកោះ Sichang ខេត្តឈុនបុរី ប្រទេសថៃ។ នេះមិនមែនជាប្រាសាទបុរាណថៃទេ ប៉ុន្តែពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ចិន។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះក៏ជាកន្លែងធម្មយាត្រាដ៏ល្បីមួយសម្រាប់ទាំងជនជាតិថៃ និងចិន ព្រមទាំងភ្ញៀវទេសចរណ៍អន្តរជាតិទៀតផង។
ប្រាសាទ Chao Pho Khao Yai ស្ថិតនៅលើជម្រាលភ្នំ Khao Khay Sila នៅលើកោះ Sichang។ នៅជើងភ្នំមានវិហារមួយគោរពបូជាព្រះនាងគង់ស៊ីអ៊ីម ចំណែកឯរូបសំណាកព្រះអាទិទេព Chao Pho Khao Yai ស្ថិតនៅលើកំពូលភ្នំ។ ដើម្បីទៅដល់ប្រាសាទ ភ្ញៀវទេសចរអាចជ្រើសរើសដើរតាមជណ្តើរ ឬកន្ត្រកខ្សែកាប។
ទេសភាពពីប្រាសាទ Chao Pho Khao Yai ។ |
ស្ថាបត្យកម្មរបស់ប្រាសាទនេះ បង្កប់ដោយរចនាបថនៃប្រាសាទចិនជាមួយនឹងរូបនាគ ដំបូលប្រក់ក្បឿង និងក្បូរក្បាច់រចនាដែលត្រូវបានចម្លាក់យ៉ាងប្រណិត។ ទោះជាយ៉ាងណាក៏ដោយ ប្រាសាទនេះក៏បានលាយបញ្ចូលទៅក្នុងបរិយាកាសវប្បធម៌ថៃ តាមរយៈការគោរពបូជាព្រះពុទ្ធរបស់ថៃ។ ការរួមបញ្ចូលនេះ បង្កើតបានជាបរិយាកាសខាងវិញ្ញាណដែលធ្លាប់ស្គាល់ចំពោះប្រជាជនមានដើមកំណើតចិនផង និងជិតស្និទ្ធជាមួយប្រជាជនថៃផង។
យោងតាមលោក Yongyut Charoenjit បុគ្គលិកទទួលបន្ទុកការសម្អាតនិងជាអ្នកទទួលបច្ច័យបួន នៅប្រាសាទ Chao Pho Khao Yai អស់រយៈពេល ៤០ឆ្នាំមកហើយ បានឲ្យដឹងថា កាលពីរាប់រយឆ្នាំមុន បុរសជនជាតិចិនម្នាក់មកពីកោះ Hainan ឈ្មោះ Ung Un Xen បានរកឃើញរូបសំណាកព្រះអាទិទេព Chao Pho Khao Yai ក្នុងល្អាងមួយនៅភ្នំ Khao Khay Sila។
“លោក Ung Un Xen បានដាក់ឈ្មោះព្រះអាទិទេពគឺ "Chao Pho Khao Yai" (មានន័យថា "លោកតានៅលើភ្នំធំ") ដោយសារតែភ្នំនេះគឺជាភ្នំធំជាងគេនៅលើកោះស៊ីឆាង។ រចនាបថគោរពបូជាគឺធ្វើឡើងតាមទំនៀមទម្លាប់របស់ជនជាតិចិន ពីព្រោះជនជាតិចិនជាអ្នកដែលបានរកឃើញ និងគោរពបូជាព្រះអាទិទេពដំបូងគេ។ រូបសំណាកព្រះអាទិទេពគឺជាផ្ទាំងថ្មធម្មជាតិ។ មានតែផ្ទៃមុខប៉ុណ្ណោះដែលត្រូវបានឆ្លាក់ នៅក្នុងសម័យស្តេចរាមាទី ៥ (Rama V) នៅពេលដែលព្រះអង្គយាងមកដល់ទីនេះ ហើយបានបញ្ជាឲ្យជាងឆ្លាក់ផ្ទៃមុខឲ្យដូចជនជាតិចិន"។
ស្ថាបត្យកម្មនៃប្រាសាទ Chao Pho Khao Yai បង្កប់ដោយរចនាបថចិន ជាមួយនឹងរូបនាគ ដំបូលប្រក់ក្បឿង និងក្បូរក្បាច់រចនាដែលត្រូវបានចម្លាក់យ៉ាងប្រណិត។ |
ដំបូងឡើយ ទីសការៈបូជា Chao Pho Khao Yai គ្រាន់តែជាជម្រកដ៏សាមញ្ញមួយនៅលើច្រាំងថ្មចោទប៉ុណ្ណោះ។ ក្រោយមក មានជនជាតិចិននិងជនជាតិថៃដើមកំណើតចិនជាច្រើននាក់មកគោរពបូជា។ ពួកគេបានរួមគ្នាបរិច្ចាគដើម្បីកសាងប្រាសាទ Chao Pho Khao Yai ដ៏ធំទូលាយ ក្នុងអំឡុងឆ្នាំ ២៥២៩ តាមពុទ្ធសករាជ (១៩៨៦) ។ ប្រាសាទ Chao Pho Khao Yai គឺសក្តិសិដ្ឋណាស់។ ភ្ញៀវមកទីនេះសុទ្ធតែបួងសួងសុំអោយរកស៊ីមានបាន សុខភាពល្អ និងការងាររលូន ហើយភាគច្រើនបានសំរេចដូចបំណង។
“នាងខ្ញុំមកទីនេះជាញឹកញាប់ នេះជាលើកទី២ក្នុងឆ្នាំនេះហើយ។ ខ្ញុំមកបន់ស្រន់ដូចធម្មតា។ មានយុវជនជាច្រើនមកទីនេះ។ ភ្ញៀវទេសចរណ៍ដែលមកលេងកោះស៊ីឆាង ក៏ចូលទស្សនាប្រាសាទនេះដែរ”។
"ថ្ងៃនេះ ខ្ញុំមកទីនេះដើម្បីបន់ស្រន់ព្រះពុទ្ធ បួងសួងសូមឲ្យក្រុមគ្រួសារមានសុខភាពល្អ កូនចៅរៀនសូត្របានពូកែ ឪពុកម្តាយមានសុខភាពមាំមួន រកស៊ីមានបាន។ ពេលមកដល់ទីនេះ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តណាស់"។
រូបសំណាកព្រះអាទិទេព Chao Pho Khao Yai។ |
យោងតាមលោក Yongyut Charoenjit ប្រាសាទនេះគឺជាទីបង្អែកខាងស្មារតីសម្រាប់ទាំងប្រជាជននៅកោះ និងភ្ញៀវទេសចរផងដែរ។ អ្នកកោះតែងមកបួងសួងសុំភាពងាយស្រួល និងជោគជ័យមុននឹងធ្វើអ្វីមួយ។ នៅពេលការអធិស្ឋានបានសម្រេចហើយ គេនឹងត្រឡប់ទៅថ្លែងអំណរគុណដោយប្រគេនផាវនិងគ្រឿងតង្វាយ រួមមាន៖ ផ្លែឈើ អាហារ ក្បាលជ្រូក ទា និងមាន់។
"ដំបូងឡើយ មុខរបរចម្បងនៅលើកោះ ស៊ីឆាង គឺនេសាទត្រី ដោយមាន ៧០-៩០% នៃចំនួនប្រជាជន។ រាល់ពេលដែលអ្នកនេសាទចេញទៅសមុទ្រ នៅពេលល្ងាច ពួកគេនឹងដុតផាវនៅមុខប្រាសាទ ដើម្បីបន់ស្រន់សូមឲ្យព្រះ Chao Pho Khao Yai ប្រទានពរឲ្យពួកគេបានត្រី មឹក និងអាហារសមុទ្រច្រើន។ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន មានមនុស្សរាប់ពាន់នាក់ ឬរហូតដល់រាប់ម៉ឺននាក់បានមកទីនេះដើម្បីទេសចរណ៍ និងបន់ស្រន់។ លើសពីនេះ ក៏មានជនដើមកំណើតចិនរាប់ម៉ឺននាក់ដែលមកពីប្រទេសម៉ាឡេស៊ីមកប្រាសាទ ជារៀងរាល់ឆ្នាំ ដើម្បីសូមឲ្យ Chao Pho Khao Yai ប្រទានពរជ័យផងដែរ"។
អ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ធ្វើបទសម្ភាសជាមួយលោក Yongyut Charoenjit ។ |
មិនត្រឹមតែជាគោលដៅខាងវិញ្ញាណប៉ុណ្ណោះទេ ប្រាសាទ Chao Pho Khao Yai ក៏ជាមជ្ឈមណ្ឌលសុខុមាលភាពសហគមន៍ទៀតផង។ រាល់ការបច្ច័យបួនរបស់ភ្ញៀវទេសចរ សុទ្ធតែត្រូវបានគណគ្រប់គ្រងប្រាសាទប្រើប្រាស់សម្រាប់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យ។ នៅពេលដែលអ្នកកោះម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ ប្រាសាទ Chao Pho Khao Yai នឹងរ៉ាប់រងថ្លៃធ្វើដំណើរតាមទូកកាណូ ដើម្បីឲ្យពួកគេអាចទៅដល់ដីគោកដើម្បីព្យាបាលទាន់ពេលវេលា។ បើនរណាម្នាក់ស្លាប់ ប្រាសាទក៏នឹងជួយឧបត្ថម្ភផ្នែកមួយនៃថ្លៃបញ្ចុះសពផងដែរ។ សម្បីតែកម្មវិធីធំៗរបស់ខេត្ត ឬពិធីបុណ្យនានា ប្រាសាទក៏សុខចិត្តរួមចំណែកផ្សព្វផ្សាយស្មារតីចែករំលែកដល់គ្រប់ទីកន្លែងផងដែរ។
ប្រាសាទ Chao Pho Khao Yai មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់យើងម្នាក់ៗក្នុងការស្វែងរកទំនាក់ទំនងជាមួយនឹងអតីតកាល ជាមួយនឹងវប្បធម៌ និងសំខាន់បំផុតជាមួយគ្នាទៅវិញទៅមក។ បើមានឱកាសមកលេងកោះស៊ីឆាង សូមឆ្លៀតពេលទៅទស្សនាប្រាសាទនេះ ដើម្បីគយគន់ស្ថាបត្យកម្មដ៏វិសេសវិសាល និងស្វែងរកភាពសុខសាន្តត្រាន៕