ពណ៌របស់​អាស៊ាននៅមហោស្រពភោជនាហារអន្តរជាតិឆ្នាំ២០២៥

(VOVWORLD) - អាស៊ានគឺជាតំបន់មួយដែលសម្បូរទៅដោយអត្តសញ្ញាណ ជាកន្លែងដែលភោជនាហារមិនត្រឹមតែជាម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងជារឿងរ៉ាវអំពីប្រវត្តិសាស្ត្រ សាសនា និងវប្បធម៌របស់ប្រទេសនីមួយៗទៀតផង។ នៅក្នុងបរិយាកាសដ៏អ៊ូអរនៃមហោស្រពភោជនាហារអន្តរជាតិឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ផ្ទាំងគំនូរដ៏សម្បូរបែបនោះ ត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើកម្តងទៀត។ នៅតំបន់ស្តង់ទំនិញរបស់អាស៊ាន អ្នកទស្សនាអាចទទួលអារម្មណ៍ពេញលេញអំពីស្មារតីនៃតំបន់តាមរយៈម្ហូបអាហារ រសជាតិ និងភាពរស់រាយរាក់ទាក់របស់ប្រទេសនីមួយៗ។

នៅតំបន់ "ដំបូលផ្ទះរួមអាស៊ាន" ប្រទេសចំនួន១១ (រួមទាំងទីម័រខាងកើត) បានចូលរួមជាមួយស្តង់តូចៗដ៏ស្អាតស្អម ដែលស្តង់នីមួយៗមានទំហំតែ ៣ម៉ែត្រការ៉េ ប៉ុន្តែមានពណ៌ចម្រុះ និងស្អាតឆើតឆាយ។ ប្រទេសវៀតណាមដ៏ស្រស់ស្អាត ជាមួយនឹងពណ៌បៃតងនៃស្លឹកសាគូ និងនំអំបុក; ប្រទេសឥណ្ឌូនេស៊ីលេចធ្លោជាមួយនឹងពណ៌ក្រហម-ស និងក្រណាត់ Batik; ប្រទេសម៉ាឡេស៊ី និងទីម័រខាងកើតដ៏គួរឲ្យទាក់ទាញជាមួយនឹងសំលៀកបំពាក់ប្រពៃណីដ៏ចម្រុះពណ៌។ ទាំងអស់នេះរួមបញ្ចូលគ្នាដើម្បីបង្កើតឡើងផ្ទាំងគំនូរអាស៊ានដ៏ចម្រុះពណ៌និងសម្បូរទៅដោយអត្តសញ្ញាណ។     

ពណ៌របស់​អាស៊ាននៅមហោស្រពភោជនាហារអន្តរជាតិឆ្នាំ២០២៥ - ảnh 1ស្តង់របស់ឥណ្ឌូនេស៊ីនៅក្នុងមហោស្រព។ រូបថត៖ VOV

នៅពេលមកដល់ស្តង់ឥណ្ឌូនេស៊ី អ្នកទស្សនាអាចមើលឃើញនូវស្លាកស្នាមវប្បធម៌ឥស្លាម តាមរយៈម្ហូបហាឡាល់ដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់។ ក្លិនឈ្ងុយឆ្ងាញ់នៃបាយឆា (nasi goreng) ស៊ុបប្រហិតសាច់គោ bakso ក្តៅៗ រួមផ្សំជាមួយខ្ទឹមក្រហមបំពងនិងម្រេចហឹរ ដែលជាគ្រឿងទេសពិសេសរបស់ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន។ សាច់មាន់អាំង sate ayam ក្តៅៗនៅលើចង្ក្រាន ជាមួយក្លិន ស្លឹកគ្រៃ និងខ្ទឹមស បានទាក់ទាញអ្នកទស្សនាជាច្រើន។ លោកស្រី Made Santi Ratnasari អគ្គទីប្រឹក្សាទទួលបន្ទុកវប្បធម៌នៃ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅទីក្រុងហាណូយ បានចែករំលែកថា៖ "យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលថ្ងៃនេះមិនត្រឹមតែជនជាតិឥណ្ឌូនេស៊ីដែលកំពុងរស់នៅទីក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាជនវៀតណាម និងអ្នកទេសចរអន្តរជាតិជាច្រើនបានមកទស្សនាស្តង់ឥណ្ឌូនេស៊ី ជាពិសេសអ្នកដែលស្វែងរកអាហារហាឡាល់។ ខ្ញុំឃើញថា sate ayam និង bakso ត្រូវបាននិយមចូលចិត្តខ្លាំងណាស់"។

ដោយចាកចេញពីស្តង់របស់ឥណ្ឌូនេស៊ី ចរន្តមនុស្សបានប្រមូលផ្តុំគ្នានៅស្តង់របស់ម៉ាឡេស៊ីដើម្បីរង់ចាំទទួលទានបាយណាស៊ីឡឺម៉ាក (nasi lemak)ដែលជា “ម្ហូបជាតិ” របស់ម៉ាឡេស៊ី ដោយមានបាយខ្ទិះដូង និងទឹកជ្រលក់សំបាល មានរស់ជាតិហឹរខ្លាំង។  

ពណ៌របស់​អាស៊ាននៅមហោស្រពភោជនាហារអន្តរជាតិឆ្នាំ២០២៥ - ảnh 2ស្តង់លក់សាច់អាំងរបស់ហ្វីលីពីន។ រូបថត៖ VOV

ទោះបីជាប្រទេសនីមួយៗនាំមកនូវរសជាតិផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែភោជនាហារអាស៊ីអាគ្នេយ៍នៅមានលក្ខណៈពិសេសរួមគ្នា មកពីវប្បធម៌ស្រូវទឹកដែលមានតាំងពីយូរលង់មកហើយ។ នៅតាមស្តង់ជាច្រើននៃបណ្តាប្រទេសអាស៊ាន អ្នកទស្សនាអាចមើលឃើញមុខម្ហូបធ្វើពីបាយដំណើបជាច្រើន ដូចជា៖ បាយដំណើបនិងពងមាន់អាំងរបស់ឡាវ បាយដំណើបស្វាយរបស់ថៃ ឬអំបុកបៃតងរបស់វៀតណាម។ អគ្គទីប្រឹក្សាស្ថានទូតថៃ លោក Aadit Samphaiworakit បានឲ្យដឹងថា៖ "ម្ហូបថៃមានភាពល្បីល្បាញយ៉ាងខ្លាំង ហើយមានភាពស្រដៀងគ្នាជាច្រើនជាមួយម្ហូបវៀតណាម។ យើងប្រើប្រាស់គ្រឿងទេសស្រដៀងគ្នាជាច្រើនដូចជាទឹកត្រី ក្នុងការរៀបចំម្ហូប។ ថ្ងៃនេះ យើងបានរៀបចំម្ហូបដូចជា បាយដំណើបស្វាយ តែថៃ ប៉ាត់ថៃ ហើយយើងបានលក់អស់ក្នុងពេលព្រឹកតែមួយប៉ុណ្ណោះ"

វត្តមានដ៏សម្បូរបែបនៃភោជនាហារបណ្ដាប្រទេសអាស៊ាន បានជួយឱ្យភ្ញៀវទេសចររីករាយទទួលទានផង ហើយស្វែងយល់ និងលើកសរសើរភាពសម្បូរបែបនៃភោជនាហារក្នុងតំបន់ផងដែរ។

“ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះពេលខ្ញុំមកទីនេះ ខ្ញុំអាចរីករាយជាមួយម្ហូបមកពីបណ្តាប្រទេសជុំវិញពិភពលោក។ ខ្ញុំចូលចិត្តជាពិសេសនូវ Bahwan jagung (នំពោតចៀន) ពីប្រទេសឥណ្ឌូនេស៊ី។ វាជាមុខម្ហូបសាមញ្ញ ប៉ុន្តែឈ្ងុយឆ្ងាញ់ពិសេស”

“រូបខ្ញុំផ្ទាល់ ពិតជាចូលចិត្តស្វែងយល់ពីវប្បធម៌នៃបណ្តាប្រទេស ជាពិសេស វប្បធម៌ភោជនាហារ។ តាមរយៈមហោស្រពនេះ ខ្ញុំបានទទួលបទពិសោធន៍ដោយផ្ទាល់ ហើយក៏ត្រូវបានណែនាំអំពីម្ហូបអាហារទាំងនោះទៀតផង។ សម្រាប់ខ្ញុំ មហោស្រពនេះមានអត្ថន័យយ៉ាងខ្លាំង និងនាំមកនូវទស្សនៈកាន់តែប្រសើរឡើងចំពោះភោជនាហារនៃប្រទេសអាស៊ានទាំងអស់”

ពណ៌របស់​អាស៊ាននៅមហោស្រពភោជនាហារអន្តរជាតិឆ្នាំ២០២៥ - ảnh 3ការសម្តែងសិល្បៈក្នុងមហោស្រព។ 

មហោស្រពភោជនាហារមិនត្រឹមតែជាឱកាសសម្រាប់ប្រទេសនានាក្នុងការផ្សព្វផ្សាយរសជាតិវិសេសវិសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទំនាក់ទំនងវប្បធម៌ និងផ្សព្វផ្សាយស្មារតីសាមគ្គីភាពនិងមិត្តភាពទៀតផង។ អគ្គទីប្រឹក្សានៃស្ថានទូតថៃ លោក Aadit Samphaiworakit បានបន្ថែមថា៖

“យើងបានចូលរួមក្នុងមហោស្រពភោជនាហារ ជារៀងរាល់ឆ្នាំ ។ យើងមកទីនេះដើម្បីបង្ហាញស្មារតីសាមគ្គីភាពជាមួយប្រជាជនវៀតណាម ជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម។ យើងនឹងចំណាយផ្នែកមួយនៃប្រាក់ចំណូលពីមហោស្រព ដើម្បីជួយឧបត្ថម្ភប្រជាជន។ ក្រៅពីការបង្ហាញស្មារតីសាមគ្គីភាព កម្មវិធីនេះក៏ជួយតភ្ជាប់វប្បធម៌ និងប្រជាជននៅក្នុងតំបន់ផងដែរ”

ក្រៅពីភោជនាហារ បណ្តាប្រទេសអាស៊ានក៏ចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ការសម្តែងនិងការតាំងពិព័រណ៍ជាច្រើនផងដែរ។ អ្នកទស្សនាអាចស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់វិសេសវិសាល ថតរូបក្នុងសំលៀកបំពាក់ប្រពៃណី និងជួបសំណេះសំណាលជាមួយតំណាងប្រទេសនីមួយៗ។ មហោស្រពភោជនាហារឆ្នាំនេះ បញ្ជាក់ជាថ្មីម្តងទៀតអំពីភាពទាក់ទាញនៃវប្បធម៌ភោជនាហារអាស៊ាន ដែលមុខម្ហូបនីមួយៗគឺជារឿងរ៉ាវនិងជាដំណើរស្វែងយល់មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ