មជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាម - រីកសាយភាយសេចក្តីស្រឡាញ់ចំពោះភាសានិងវប្បធម៌វៀតណាមនៅប្រទេសថៃ

(VOVWORLD) - នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ប្រជាជនថៃជាច្រើនមានតម្រូវការរៀនភាសាវៀតណាម គោលនយោបាយវិនិយោគ ក៏ដូចជារបៀបធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាមផងដែរ។ ហើយរាល់តម្រូវការក្នុងការស្វែងយល់អំពីវៀតណាមនៅពេលនោះ បានធ្វើឲ្យអ្នកស្រី Thuy Ha គ្រូបង្រៀនមុខវិជ្ជាភាសា និងវប្បធម៌វៀតណាម នៃជំនាញភាសាបូព៌ា ដេប៉ាតឺម៉ង់អក្សរសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn ផ្ដួចផ្ដើមគំនិតបើកមជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាម (VLK)។
មជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាម - រីកសាយភាយសេចក្តីស្រឡាញ់ចំពោះភាសានិងវប្បធម៌វៀតណាមនៅប្រទេសថៃ - ảnh 1អ្នកស្រី Do Thuy Ha ស្ថាបនិកនៃមជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាមនៅប្រទេសថៃ (VLK)។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកន្លងទៅ អ្នកស្រី Thuy Ha និងសមាជិកនៃមជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាមនៅទីក្រុងបាងកក បានរៀបចំសកម្មភាពវេចនំអន្សម ដែលជាទំនៀមទម្លាប់មិនអាចខ្វះបានក្នុងឱកាសបុណ្យតេតប្រពៃណីរបស់ប្រជាជនវៀតណាមគ្រប់រូប។ នេះជាលើកដំបូងដែល និស្សិតវៀតណាមនិងមិត្តភក្តិថៃជាច្រើន បាននាំគ្នាវេចនំអន្សមដោយខ្លួនឯង។ អ្នកស្រី Do Thuy Ha ស្ថាបនិកមជ្ឈមណ្ឌលបានចែករំលែកថា៖

“មុនបុណ្យតេតប្រពៃណី មជ្ឈមណ្ឌលក៏រៀបចំវគ្គវេចនំអន្សមសហគមន៍សម្រាប់មនុស្សទាំងអស់គ្នា។ មានឆ្នាំខ្លះ គ្រូបង្រៀននៅវិទ្យាល័យឬសាកលវិទ្យាល័យក្នុងប្រទេសថៃ បាននាំនិស្សិតថៃមកស្វែងយល់អំពីលក្ខណៈវប្បធម៌នេះរបស់វៀតណាម។ ដូច្នេះហើយ វគ្គស្វែងយល់ទាំងនោះបែរក្លាយទៅជាទិវាបុណ្យមួយរបស់ជនវៀតណាមយើងនៅទីក្រុងបាងកក មិនថាជាជនណាទេ អ្នកដែលស្រឡាញ់វប្បធម៌វៀតណាម អាចមកបាន ជនវៀតណាមជាច្រើននៅទីនេះក៏នាំមិត្តភក្តិជាជនបរទេសមកចូលរួមផងដែរ”។

មជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាម - រីកសាយភាយសេចក្តីស្រឡាញ់ចំពោះភាសានិងវប្បធម៌វៀតណាមនៅប្រទេសថៃ - ảnh 2សកម្មភាពវេចនំអន្សមជ្រុងនៅមជ្ឈមណ្ឌល VLK។ (រូបថត៖ VOV)

សម្រាប់កញ្ញា Do Thi Thuy Hang និស្សិតជំនាញ នរវិទ្យា នៃសាកលវិទ្យាល័យ Chulalongkorn នេះគឺជាលើកទីបួនហើយ ដែលនាងបានចូលរួមក្នុងសកម្មភាពនេះ។

“ឆ្នាំណា ខ្ញុំក៏ចូលរួមសកម្មភាពអំណរបុណ្យតេតជាមួយមជ្ឈមណ្ឌលដែរ ព្រោះខ្ញុំមានអារម្មណ៍ជ្រះថ្លាណាស់។ ទីមួយ ខ្ញុំបានទទួលទានម្ហូបអាហារវៀតណាមក្នុងថ្ងៃបុណ្យតេត ដែលធ្វើឱ្យខ្ញុំមិនសូវនឹកផ្ទះទៀតទេ។ ទីពីរ ខ្ញុំក៏អាចចែករំលែករឿងរ៉ាវរបស់ខ្លួនជាមួយជនរួមជាតិវៀតណាមដទៃទៀត នៅពេលនោះខ្ញុំមានអារម្មណ៍ជិតស្និទ្ធនិងផ្សាភ្ជាប់គ្នាច្រើនជាង”។

ការវេចនំអន្សម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់មជ្ឈមណ្ឌល VLK ក្នុងឱកាសបុណ្យតេតកន្លងទៅ។ លើសពីនេះ មជ្ឈមណ្ឌលក៏រៀបចំសកម្មភាពឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ប្រជាជនវៀតណាម ដូចជាការទៅវត្តនាដើមឆ្នាំថ្មី ថ្វាយបង្គំព្រះពុទ្ធ ស្វែងយល់អំពីប្រវត្តិសាស្រ្តវប្បធម៌នៃវត្តវៀតណាមនៅទីក្រុងបាងកក។ សមាជិកដែលចូលរួមក្នុងសកម្មភាពទាំងនេះ គឺសុទ្ធតែផ្ដើមចេញពីសេចក្ដីស្រឡាញ់ចំពោះប្រទេសវៀតណាម ហើយមានបំណងចង់ផ្សព្វផ្សាយវប្បធម៌វៀតណាម មិនមែនដើម្បីគោលដៅសេដ្ឋកិច្ច ឬរកប្រាក់ចំណូលនោះទេ។ ក្រៅពីបុណ្យតេតប្រពៃណី ពិធីបុណ្យ Vu Lan សម្ដែងកត្តញូធម៌និងពិធីបង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធនៅវត្តវៀតណាមក្នុងទីក្រុងបាងកក គឺជាសកម្មភាពជាប្រចាំ ដែលមជ្ឈមណ្ឌល VLK បានរៀបចំតាំងពីឆ្នាំ ២០០៩ មក។ អ្នកស្រី Thuy Ha បានសំណេះសំណាលថា៖

 “នៅពេលដឹងថា នៅក្នុងប្រទេសថៃ មានវត្តវៀតណាមដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ជាង ២០០ ឆ្នាំ ខ្ញុំចង់ធ្វើអ្វីមួយដើម្បីឧទ្ទេសនាមអំពីវត្តវៀតណាម ដល់សហគមន៍ជនវៀតណាមនៅថៃ ក៏ដូចជាឧទ្ទេសនាមវប្បធម៌ដ៏ស្រស់ស្អាតរបស់វៀតណាម ដូចជាពិធីបុណ្យ Vu Lan ដល់សហគមន៍ជនថៃ ដើម្បីឲ្យគេដឹងថា ប្រសិនបើនៅថៃមានទិវាបុណ្យមាតានៅថ្ងៃទី ១២ សីហា នោះ វៀតណាមក៏មានបុណ្យ Vu Lan នៅថ្ងៃពេញបូណ៌មី ខែទី ៧ តាមច័ន្ទគតិ ដែលត្រូវនឹងខែ សីហា តាមប្រតិទិនសកលផងដែរ”។

មជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាម - រីកសាយភាយសេចក្តីស្រឡាញ់ចំពោះភាសានិងវប្បធម៌វៀតណាមនៅប្រទេសថៃ - ảnh 3បុណ្យ Vu Lan បង្ហាញកត្តញ្ញូធម៌ត្រូវបានមជ្ឈមណ្ឌល VLK រៀបចំឡើងនៅវត្ត Quang Phuoc នៅរដ្ឋធានីបាងកក។ (រូបថត៖ VOV)

ចំណែកឯ កញ្ញា Wangnakorn Pholloke មកពីខេត្ត Nakhon Phanom ដែលជាជនជាតិថៃដើមកំណើតវៀតណាមម្នាក់បានសម្ដែងថា៖

“ប្រសិនបើនៅថៃមានទិវាបុណ្យមាតាដើម្បីបង្ហាញពីកត្តញ្ញូធម៌ចំពោះអ្នកម្ដាយនោះ គឺពិធីបុណ្យ Vu Lan ត្រូវបានរៀបចំឡើងដើម្បីជួយបងប្អូនអាណិកជនវៀតណាម និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងសិក្សានៅទីនេះ កាន់តែមានក្តីស្រឡាញ់ចំពោះមាតុភូមិ និងក្រុមគ្រួសាររបស់ខ្លួនថែមទៀត។ ក្នុងចំណោមប្រទេសអាស៊ាននានា វប្បធម៌របស់វៀតណាមនិងថៃ មានភាពស្រដៀងគ្នាច្រើន ប្រសិនបើពិធីបុណ្យ សង្ក្រាន នៅប្រទេសថៃ ស្រដៀងនឹងបុណ្យតេតប្រពៃណីនៅវៀតណាម គឺទិវាបុណ្យមាតានៅប្រទេសថៃ ក៏ស្រដៀងនឹងពិធីបុណ្យ Vu Lan របស់ប្រជាជនវៀតណាមដែរ”។

ក្រៅពីរៀបចំសកម្មភាពឧទ្ទេសនាមអំពីវប្បធម៌វៀតណាមដល់មិត្តភក្តិថៃ មជ្ឈមណ្ឌល VLK ក៏សម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលភាសានិងវប្បធម៌រយៈពេលខ្លីដល់កម្មាភិបាលនិងបុគ្គលិកនៃសហគ្រាសថៃ មុនពេលពួកគេទៅធ្វើការនៅវៀតណាមផងដែរ។ ប្រាក់ចំណូលពីសកម្មភាពនេះ បើមាន បន្ទាប់ពីកាត់ ថ្លៃចំណាយ នឹងត្រូវបានដាក់ចូលក្នុងមូលនិធិសម្រាប់ការរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌វៀតណាម ដូចជា ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅថៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬការអនុវត្តសកម្មភាពមនុស្សធម៌ដោយស្ម័គ្រចិត្តនៅតាមសាលារៀននៅតំបន់ឆ្ងាយដាច់ស្រយាលរបស់ប្រទេសថៃ។

ក្នុងប៉ុន្មានថ្ងៃនេះ នៅពេលដែលពិភពលោកទាំងមូលបានបើកដំណើរការឡើងវិញក្រោយពីជំងឺរាតត្បាត Covid-19 មជ្ឈមណ្ឌល VLK ក៏បន្តប្រតិបត្តិការជាមួយនឹងសកម្មភាពដ៏សម្បូរបែប ដែលតភ្ជាប់អាណិកជនវៀតណាម និងប្រជាជនវៀតណាមនៅថៃ ក៏ដូចជាពង្រីកនិងផ្សព្វផ្សាយលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់វៀតណាមនៅក្នុងទឹកដីថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ