វៀតណាមក្នុងកំណាព្យរបស់កវីថៃ
(VOVWORLD) - មានកវីមួយចំនួនដែលមិនត្រឹមតែនិពន្ធនៅក្នុងបន្ទប់តូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើដំណើរទៅកាន់ពិភពលោក ដើម្បីមើលឃើញ ទទួលអារម្មណ៍ និងសរសេរកំណាព្យដែលអាចតភ្ជាប់មនុស្សជាតិដោយគ្មានព្រំដែន។ ក្នុងចំណោមកវីថៃ លោក Naowarat Pongpaiboon គឺជាកវីដ៏ល្បីល្បាញ ជាសិល្បករប្រជាជន ដែលនាំយកព្រលឹងនៃកំណាព្យ លាយបញ្ចូលជាមួយទស្សនវិជ្ជា ជីវភាពរស់នៅ និងមនោសញ្ចេតនារបស់មនុស្ស។ ចំពោះលោក វៀតណាមគឺជាទឹកដីពិសេសមួយ - ជាកន្លែងសម្រាប់ទទួលអារម្មណ៍ សរសេរ និងចែករំលែក។
ខាងលើនេះ គឺជាខ្លឹមសារនៃកំណាព្យ "ឈូងសមុទ្រហាឡុង" នៅក្នុងការប្រមូលកំណាព្យ "Khian Phaendin Suwannaphum Vietnam" រួមមានកំណាព្យចំនួន ៤០ បទ ដែលជាលទ្ធផលនៃដំណើរចំនួន ៥ លើក ចាប់តាំងពីឆ្នាំ ២០១៣មក និងជាចំណាប់អារម្មណ៍របស់កវី Naowarat ចំពោះប្រទេសវៀតណាម។
«ខ្ញុំបានទទួលអារម្មណ៍ពីភាពទាក់ទាញរបស់វៀតណាមយ៉ាងជ្រាលជ្រៅ។ ការធ្វើដំណើរនេះ មិនមែនសម្រាប់ការផ្សព្វផ្សាយ ឬការឃោសនានោះទេ ប៉ុន្តែដើម្បីលង់ខ្លួនទៅក្នុងរបៀបរស់នៅ ទេសភាព និងរឿងរ៉ាវល្អៗរបស់វៀតណាម។ ខ្ញុំបានជួបមនុស្សនិងទទួលបានបទពិសោធន៍វប្បធម៌។ ឧទាហរណ៍ នៅពេលខ្ញុំទៅដល់ភូមិ Tả Van នៅ Sapa ខេត្ត Lào Cai អ្នកភូមិបានសម្ដែងសិល្បៈឲ្យខ្ញុំទស្សនា។ នោះគឺជាសម្រស់ដ៏គួរឲ្យទាក់ទាញដែលខ្ញុំមិនធ្លាប់ឃើញនៅកន្លែងណាផ្សេងទៀតឡើយ»។
កវី Naowarat Pongpaiboon។ រូបថត៖ VOV |
ក្នុងដំណើរទៅទស្សវៀតណាមទាំង ៥ ដង កវី Naowarat Pongpaiboon បានទទួលបទពិសោធន៍ដ៏សម្បូរបែប ពីភាគខាងជើងទៅភាគខាងត្បូង ពីតំបន់ព្រៃភ្នំភាគខាងជើងរហូតដល់តំបន់ដីសណ្តទន្លេ Cuu Long។ ចាប់ពីប្រាសាទ My Son វាលខ្សាច់ពណ៌សនិងពណ៌លឿងនៃសមុទ្រ Mui Ne ទន្លេ Huong ជាទីមនោរម្យនៃទីក្រុង Hue រហូតដល់ទីក្រុងហូជីមិញដ៏ទំនើបនិងមមាញឹក។ គួរឱ្យចាប់អារម្មណ៍ថា ដំណើររបស់កវីរូបនេះមិនត្រឹមតែត្រូវបានកត់ត្រាតាមរយៈចំណាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈខ្សែភាពយន្ត និងគំនូររបស់វិចិត្រករថៃទៀតផង។ ទាំងអស់នេះ ត្រូវបានកែសម្រួលនិងចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ និងឆាណែល Youtube របស់ក្រសួងវប្បធម៌ថៃ ដើម្បីជួយប្រជាជនថៃឱ្យស្វែងយល់អំពីរូបភាពនៃប្រទេសជាតិ តន្ត្រី និងសិល្បៈរបស់វៀតណាម៖
«ការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសនានា មិនគ្រាន់តែជាសកម្មភាពអាជីវកម្ម នយោបាយ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិល្បៈទៀតផង ដោយសារតែមានការតភ្ជាប់ដោយផ្ទាល់រវាងប្រជាជននិងប្រជាជននៃបណ្តាប្រទេស។ យើងមិនដែលគិតថា វៀតណាមមានបេតិកភណ្ឌសិល្បៈដ៏សម្បូរបែបដូច្នេះទេ។ ឧទាហរណ៍ នៅទីក្រុង Da Lat ខ្ញុំបានឃើញរូបសំណាករបស់កវី Han Mac Tu។ ទោះបីជាលោកបានទទួលមរណភាពជាយូរមកហើយក៏ដោយ លោកនៅតែត្រូវបានគេចងចាំនិងគោរពដោយមនុស្សជំនាន់ក្រោយ។ ប្រការនេះពិតជាកម្រមានណាស់នៅប្រទេសថៃ»។
កវី Naowarat Pongpaiboon និងអ្នកបកប្រែ។ រូបថត៖ VOV |
កំណាព្យទាំងនោះ ក៏ដូចជាកវី Naowarat Pongpaiboon ផ្ទាល់ បានក្លាយជាអ្នកនាំសារនៃកំណាព្យ ដែលនាំយករូបភាពនៃប្រទេសវៀតណាមឱ្យកាន់តែខិតមកជិតប្រជាជនថៃ និងផ្សព្វផ្សាយសារថា៖ អក្សរសិល្ប៍គឺជាខ្សែតភ្ជាប់ដួងចិត្តរបស់ប្រជាជាតិអាស៊ាន។ ដូចដែលសាស្ត្រាចារ្យរង ជ្ជបណ្ឌិត Trisilp Bunkajorn – សាកលវិទ្យាល័យ Chulalongkorn បានអត្ថាធិប្បាយ៖ «ស្នាដៃរបស់កវី Naowarat បានបង្ហាញថា អក្សរសិល្ប៍និងសិល្បៈអាច “ត្បាញ” ចំណងមិត្តភាព។ យើងអាចភ្ជាប់ទំនាក់ទំនងរវាងបណ្តាប្រទេស តាមរយៈអក្សរសិល្ប៍និងសិល្បៈ។ ខ្ញុំគិតថា នេះជាលក្ខណៈពិសេសលេចធ្លោនៃការប្រមូលកំណាព្យនេះ។ ក្នុងនោះ កំណាព្យដែលបង្ហាញអត្ថន័យខាងលើយ៉ាងពេញលេញ គឺបទ “ទំនាក់ទំនងថៃ-វៀតណាម” (Samphan Thai-Vietnam)។ បទកំណាព្យនេះ អាចត្រូវបានចាត់ទុកថា ជាកំណាព្យដែលមានអត្ថន័យស្នូល នៅក្នុងការប្រមូលកំណាព្យនេះ»។
កំណាព្យនីមួយៗ គឺជាសំឡេងតន្ត្រីដែលពោរពេញទៅដោយចំណាប់អារម្មណ៍ និងការចងចាំ - ជាកន្លែងដែលអក្សរសិល្ប៍ក្លាយជាដំណើរនៃដួងព្រលឹង ដែលនាំប្រជាជនថៃឱ្យកាន់តែខិតមកជិតប្រទេសវៀតណាម និងជួយប្រជាជនវៀតណាមមើលឃើញខ្លួនឯងតាមរយៈក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។ ពួកគេមិនត្រឹមតែទទួលអារម្មណ៍ពីប្រទេសវៀតណាមក្នងនាមជាភ្ញៀវម្នាក់នោះទេ - ប៉ុន្តែបានដាក់ចិត្តរបស់ខ្លួនទៅក្នុងរាល់កត្តាលម្អិត និងជួបគ្នាក្នុងភាសាអក្សរសាស្ត្រ និងចំណងមិត្តភាពដ៏កក់ក្តៅផងដែរ៕