សហគ្រាសវៀតណាមរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ​របស់កម្មករកម្ពុជា

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! សហគ្រាសវៀតណាមបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម។  
សហគ្រាសវៀតណាមរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ​របស់កម្មករកម្ពុជា - ảnh 1កសិដ្ឋានរបស់ក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (THACO AGRI) កម្ពុជា។ 

វត្តមានរបស់សហគ្រាសវៀតណាមមិនត្រឹមតែបង្កើតឱកាសការងារជាច្រើន និងកែលម្អហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជនកម្ពុជាទៀតផង។ តាមនោះ ទំនាក់ទំនងជាអ្នកជិតខាងល្អនិងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជាត្រូវបានពង្រឹងនិងអភិវឌ្ឍន៍កាន់តែប្រសើរឡើង។ 

ទាំងនេះគឺជាការចែករំលែករបស់លោកស្រី ពៅ ចាន់ដា តំណាងគ្រួសារកម្ពុជាដែលបាន "ផ្លាស់ប្តូរជីវិត" ដោយផ្សារភ្ជាប់ជាមួយនឹងគម្រោងរបស់សារជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាមនៅទឹកដីវត្តអារ៉ាម។ កាលពីមុន គ្រួសារលោកស្រី ចាន់ដា រស់នៅខេត្តកំពង់ចាម ក្នុងស្ថានភាពលំបាកខ្លាំង ការងារមិនស្ថេរភាព ហើយជីវភាពមួយថ្ងៃឆ្អែត ស្អែកឡើងឃ្លាន។ ប៉ុន្តែចាប់តាំងពីធ្វើការនៅក្រុមហ៊ុនកៅស៊ូ Krong Buk - Ratanakiri (សារជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាម) ជីវភាពគ្រួសារលោកស្រីកាន់តែប្រសើរឡើង។

ជាកម្មការិនីម្នាក់ដែលបានផ្សារភ្ជាប់ជាមួយដើមកៅស៊ូអស់រយៈពេលជិត៦ឆ្នាំមកហើយ លោកស្រី សំ ស្រីនាថ ធ្វើការនៅក្រុមហ៊ុនកៅស៊ូ Krong Buk បានចែករំលែកយ៉ាងសប្បាយរីករាយថា៖ សារជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាម គឺជាដំបូលផ្ទះទីពីររបស់លោកស្រី។ ជីវភាពគ្រួសាររបស់លោកស្រីបានឈានចូលទំព័រថ្មីមួយដែលកាន់តែប្រសើរឡើង ចាប់តាំងពីធ្វើការនៅក្រុមហ៊ុន។   

យោងតាមលោក Truong Minh Trung អគ្គនាយករងនៃសារជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាម (VRG) អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ VRG សម្រាប់ការអភិវឌ្ឍកៅស៊ូនៅកម្ពុជា៖ ក្រោយរយៈពេល ១៧ ឆ្នាំឈរជើងនៅប្រទេសកម្ពុជា រហូតមកដល់ពេលនេះ សារជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាម មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១៦ នៅតាមខេត្តចំនួន ៧ នៃប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំកៅស៊ូជិត ៩0.000 ហិកតា បង្កការងារធ្វើសម្រាប់កម្មករ ២០.០០០នាក់ ដោយប្រាក់ចំណូលជាមធ្យមប្រហែល ៣៥០ USD - ៤០០ USD/នាក់/ខែ។ ទន្ទឹមនឹងនោះ សុខុមាលភាពសង្គមតែងតែជាគោលដៅសំខាន់មួយដែលសារជីវកម្មផ្តល់អាទិភាពអនុវត្តន៍។

“រហូតមកដល់ពេលនេះ យើងបានវិនិយោគប្រមាណ ៨៦លានដុល្លារអាមេរិក លើការងារសុខុមាលភាពសង្គម និងសកម្មភាពសហគមន៍។ យើងវិនិយោគលើវិស័យសុខាភិបាល សាសនា វប្បធម៌ សាលារៀន និងសកម្មភាពសហគមន៍។ ហើយគម្រោងវិនិយោគសម្រាប់សន្តិសុខសង្គមនិងសហគមន៍ នឹងបន្តត្រូវបានអនុវត្តន៍ទន្ទឹមជាមួយគម្រោង”។

ជាតំបន់ដីដ៏សម្បូរជីជាតិដែលមានទីតាំងនៅតាមដងទន្លេមេគង្គ បណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជាកំពុងទាក់ទាញសហគ្រាសវៀតណាមជាច្រើនមកបណ្តាក់ទុន ពង្រីកផលិតកម្ម និងអាជីវកម្ម ជាពិសេសក្នុងគម្រោងកសិកម្មនានា។ លោក Trinh Tuan Kien - អគ្គនាយករងអចិន្ត្រៃយ៍នៃតំបន់ពហុមុខងារ Koun Mom ក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (THACO AGRI) កម្ពុជា បានឲ្យដឹងថា៖ គម្រោងកសិកម្មរបស់ក្រុមហ៊ុននៅក្នុងខេត្តរតនគិរី និងខេត្តក្រចេះ មានផ្ទៃដីសរុបប្រមាណ ៣៥.០០០ ហិកតា។ បច្ចុប្បន្ន ចំនួនកម្មករក្នុងគម្រោងទាំងពីរនេះមានចំនួនជាង ១២.០០០នាក់។ ដោយឡែកក្នុងឆ្នាំនេះក្រុមហ៊ុនមានតម្រូវការជ្រើសរើសបុគ្គលិកប្រមាណ ៦ពាន់នាក់។

“សម្រាប់កម្មករដែលទើបបានជ្រើសរើស យើងបានអនុវត្តកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈពេញលេញសម្រាប់ពួកគេ; រៀបចំលំនៅឋាន ផ្តល់អាហារ ៣ ពេល/ថ្ងៃ។ ប្រាក់ចំណូលរបស់កម្មករទើបជ្រើសរើសថ្មីគឺ ២៥០ ដុល្លារ/ខែ។ហើយជារៀងរាល់ខែ យើងធ្វើការវាយតម្លៃលើជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនប្រាក់បៀវត្សរ៍សម្រាប់កម្មករ។ ទន្ទឹមនឹងនោះ ផ្តល់ជូនពួកគេនូវគន្លងអភិវឌ្ឍន៍ដើម្បីក្លាយជាអ្នកគ្រប់គ្រង ក្នុងរយៈពេលពី ១ ឆ្នាំទៅ ១ឆ្នាំកន្លះ ដោយប្រាក់ចំណូលខ្ពស់ជាង។ ក្រុមហ៊ុនក៏បានវិនិយោគលើ៖ ហាងលក់ទំនិញ សាលារៀន និងស្ថានីយ៍វេជ្ជសាស្ត្រ ដើម្បីបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករដែលកំពុងធ្វើការនៅគម្រោង Thaco Agri Cambodia”។

ក្នុងសកម្មភាពវិនិយោគនិងធ្វើអាជីវកម្មនៅទឹកដីនៃវត្តអារាម សហគ្រាសវៀតណាមតែងតែទទួលបានការគាំទ្រ និងការវាយតម្លៃខ្ពស់ពីអាជ្ញាធរមូលដ្ឋាន ដោយសារពួកគេមិនត្រឹមតែបំពេញកាតព្វកិច្ចបង់ពន្ធជូនរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសន្តិសុខសង្គមនៃមូលដ្ឋានទៀតផង។ ប្រការនេះមិនត្រឹមតែជួយលើកស្ទួយជីវភាពរស់នៅរបស់កម្មករកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ក៏ដូចរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ទាំងមូលទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ