អាណិកជនវៀតណាមនៅអាស៊ាននិងការរំពឹងទុកសម្រាប់ឆ្នាំ ២០២៣

(VOVWORLD) - អាស៊ានជាតំបន់មួយក្នុងចំណោមតំបន់ដែលមានអាណិកជនវៀតណាមរស់នៅយ៉ាងច្រើន ហើយភាគច្រើននៅក្នុងប្រទេសជិតខាងដូចជាកម្ពុជា ឡាវ និងថៃ។ ក្នុងប៉ុន្មានឆ្នាំកន្លង មានគំរូអាណិកជនវៀតណាមជាច្រើន ដែលមិនត្រឹមតែរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសាម៉ីប៉ុណ្ណោះទេ ថែមទាំងជាអ្នកនាំសារនៃចំណងមិត្តភាព ផ្សព្វផ្សាយសម្រស់នៃទឹកដីនិងមនុស្សវៀតណាមដល់មិត្តភក្តិក្នុងតំបន់ទៀតផង។ នៅក្នុងបរិយាកាសដ៏សោមនស្សរីករាយនៃប៉ុន្មានថ្ងៃដំបូងនៃនិទាឃរដូវ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្ត ជួបជុំនិងស្តាប់ការចែករំលែករបស់អាណិកជនវៀតណាមជាគំរូមួយចំនួននៅបណ្តាប្រទេសអាស៊ានអំពីការរំពឹងទុកសម្រាប់ឆ្នាំថ្មី ២០២៣។

“ហាង VT Namnueng ឥឡូវនេះមានបុគ្គលិកប្រហែល ៥០០ នាក់នៅ ខេត្ត Udon Thani ហើយជាង ១០០០ នាក់នៅគ្រប់ខេត្តទាំងអស់។ ប្រជាជននៅ Udon និងតំបន់ជុំវិញ ខ្ញុំក៏បង្កើតការងារធ្វើជូនពួកគេផងដែរ ដូចជាការដាំបន្លែ ដាំចេក និងផ្លែស្ពឺ ហើយក្រុមហ៊ុននឹងមកប្រមូលទិញ។ ទាក់ទិននឹងប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ ខ្ញុំមានបំណងចង់បើកនៅវៀតណាម ហើយពីវៀតណាមនាំចេញទៅបរទេស។ បច្ចុប្បន្ននេះ ខ្ញុំកំពុងស្វែងរកដៃគូដើម្បីធ្វើ មុនជំងឺកូវីដ ក៏ដំណើរការហើយ ប៉ុន្តែដោយសារជំងឺផ្ទុះឡើង ត្រូវតែលើកពេលរហូតដល់ពេលនេះ”។

អាណិកជនវៀតណាមនៅអាស៊ាននិងការរំពឹងទុកសម្រាប់ឆ្នាំ ២០២៣ - ảnh 1លោក Ho Van Lam - ម្ចាស់ពាណិជ្ជសញ្ញាណែមអាំង VT Namnueng និងជាប្រធានសមាគមសហគ្រិនថៃ-វៀតណាមនៅថៃ។ (រូបថត៖ VOV5)

នោះគឺជាការចែករំលែករបស់លោក Ho Van Lam (ឈ្មោះថៃគឺ Thong Kunthangvawat) ម្ចាស់ពាណិជ្ជសញ្ញាណែមអាំង VT Namnueng ដ៏ល្បីឈ្មោះទូទាំងប្រទេសថៃ។ កើតនិងធំដឹងក្ដីនៅថៃ ប៉ុន្តែផ្តើមចេញពីសេចក្តីស្រឡាញ់ពិសេសចំពោះមុខម្ហូបវៀតណាម គួបផ្សំនឹងរូបមន្តអាថ៌កំបាំងដែលជីតាធ្វើការនៅក្នុងផ្ទះបាយព្រះបរមរាជវាំងនៃរាជកាល Nguyen (វៀតណាម) មរតកទៅឲ្យ លោក Lam បាននាំមុខម្ហូប ណែមអាំង នៃអតីតរាជធានី Hue ក្លាយជាមុខម្ហូបដ៏ពេញនិយម មិនត្រឹមតែរបស់ប្រជាជនថៃប៉ុណ្ណោះទេ ថែមទាំងព្រះរាជវង្សានុវង្សថៃទៀតផង។ បច្ចុប្បន្ននេះ ក្រៅពីហាងដំបូងនៅខេត្ត Udon Thani ពាណិជ្ជសញ្ញា VT Namnueng បានបើកហាងនៅខេត្ត ក្រុងចំនួន ៣៩ របស់ថៃ ហើយត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី ជប៉ុន និងហុងកុង។ លើសពីនេះ ក្នុងតួនាទីជាប្រធានសមាគមសហគ្រិនថៃ-វៀតណាម លោក Lam ក៏ជំរុញយ៉ាងសកម្មនូវការបង្កើនសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងថៃនិងវៀតណាមផងដែរ។

“ក្នុងឆ្នាំ២០២៣ សង្ឃឹមថានឹងទទួលបានការជួយសម្រួលច្រើនថែមទៀតពីថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋ ដើម្បីនាំផលិតផលវៀតណាមទៅកាន់ប្រទេសថៃ។ បច្ចុប្បន្ននេះ ផលិតផលថៃត្រូវបាននាំចេញទៅវៀតណាមច្រើនហើយ។ សង្ឃឹមថា ផលិតផលរបស់ក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅវៀតណាម នឹងត្រូវបាននាំចេញទៅកាន់ថៃបន្ថែមទៀត។ សមាគមសហគ្រិនថៃ-វៀតណាម ជានិច្ចកាលត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំទំនិញវៀតណាមចូល លក់ឲ្យទាំងជនជាតិថៃនិងវៀតណាម”។

អាណិកជនវៀតណាមនៅអាស៊ាននិងការរំពឹងទុកសម្រាប់ឆ្នាំ ២០២៣ - ảnh 2វេជ្ជបណ្ឌិត Le Ba Hung នាយកមន្ទីរពេទ្យ ចាក់អង្រែ។ (រូបថត៖ VOV5)

ខុសពីស្ថានភាពរបស់ម្ចាស់ពាណិជ្ជសញ្ញា VT Namnueng លោក Ho Van Lam សម្រាប់វេជ្ជបណ្ឌិត Le Ba Hung អាណិកជនវៀតណាមនៅកម្ពុជា ទោះបីជាមិនបានកើតនិងធំធាត់នៅកម្ពុជាក៏ដោយ ក៏លោកនៅតែសម្រេចចាប់អាជីពនៅទឹកដីនេះ បន្ទាប់ពីលើកទីមួយប៉ុណ្ណោះ ដែលមិត្តម្នាក់ពឹងឲ្យទៅពិនិត្យជំងឺនៅកម្ពុជា កាលពីជាង១៦ឆ្នាំមុន។ វេជ្ជបណ្ឌិត Hung នៅពេលនោះឃើញថា លក្ខណៈក្នុងការថែទាំសុខភាពរបស់ប្រជាជនកម្ពុជាក៏ដូចជាបងប្អូនជនរួមជាតិវៀតណាមនៅកម្ពុជា នៅតែជួបការលំបាកនិងខ្វះខាតយ៉ាងខ្លាំង ដូច្នេះហើយ ទោះបីជាជួបហានិភ័យយ៉ាងណាក៏ដោយ ក៏លោកនៅតែសម្រេចបង្កើតមន្ទីរពេទ្យ ចាក់អង្រែ នៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមកនេះ មន្ទីរពេទ្យរបស់វេជ្ជបណ្ឌិតវៀតណាមលោក Le Ba Hung បាននាំមកនូវសេចក្តីរីករាយដល់អ្នកជំងឺរាប់ពាន់នាក់ ក្នុងនោះមានទាំងអ្នកជំងឺដែលមិនមានលទ្ធភាពទូទាត់ការចំណាយសុខាភិបាលទៀតផង។ ឆ្លងកាត់ដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩ វេជ្ជបណ្ឌិត Hung បានប្ដេជ្ញាចិត្តអភិវឌ្ឍន៍មន្ទីរពេទ្យ ចាក់អង្រែ ឲ្យកាន់តែមានវិជ្ជាជីវៈ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបម្រើប្រជាជនកម្ពុជានិងអាណិកជនវៀតណាមឱ្យកាន់តែប្រសើរឡើង។

“នៅឆ្នាំក្រោយ ទីមួយ គឺខ្ញុំនឹងពង្រឹង ធ្វើទំនើបកម្មប្រព័ន្ធគ្រឿងម៉ាស៊ីន ដូចជាជួសជុល កែលម្អប្រព័ន្ធថតកាំរស្មីអ៊ិច ជំនួសប្រព័ន្ធធ្វើតេស្តទាំងស្រុង តាមស្តង់ដារនៃមន្ទីរពេទ្យ ប៉ាស្ទ័រទីក្រុង ហូជីមិញ។ ទីពីរគឺ ជួលអ្នកជំនាញជាលើកទីពីរ ដើម្បីកសាងមូលដ្ឋានគ្រឹះនៃដំណើរការពិនិត្យព្យាបាលជំងឺ អនុវត្តន៍បច្ចេកវិទ្យាឌីជីថល ហើយអភិវឌ្ឍន៍យ៉ាងខ្លាំងនូវជំនាញដែលជាឧត្តមភាពរបស់យើង។ ទាក់ទងនឹងគុណភាព បុគ្គលិកត្រូវតែជ្រើសរើសយ៉ាងតឹងរ៉ឹង។ វេជ្ជបណ្ឌិតត្រូវតែចេះធ្វើអ្វី គិលានុបដ្ឋាយិកាត្រូវតែចេះធ្វើអ្វី គ្រប់បែបយ៉ាងត្រូវអនុលោមតាមលក្ខណៈវិនិច្ឆ័យ។ បច្ចុប្បន្ននេះ បុគ្គលិកជាជនជាតិកម្ពុជាមានប្រមាណ ៨៣%។ វេជ្ជបណ្ឌិតភាគច្រើនត្រូវបានបណ្ដុះបណ្ដាលនៅវៀតណាម ដូចជានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh សាកលវិទ្យាល័យវេជ្ជសាស្ត្រ Tra Vinh”។

អាណិកជនវៀតណាមនៅអាស៊ាននិងការរំពឹងទុកសម្រាប់ឆ្នាំ ២០២៣ - ảnh 3លោក Pham Van Hung (ខាងឆ្វេងបំផុត) - នាយករោងចក្រដែកថែប Khamhung Xaychalern និងបណ្ដអាណិកជនវៀតណាមជាគំរូក្នុងឱកាសវិលត្រឡប់មកប្រទេសវិញដើម្បីចូលរួមកម្មវិធី "និទាឃរដូវស្រុកកំណើត" ឆ្នាំ២០២៣។ 

ចំពោះសហគមន៍អាណិកជនវៀតណាមនៅប្រទេសឡាវ ហើយសូម្បីតែប្រជាជនក្នុងស្រុកដែរ នៅពេលនិយាយដល់ឈ្មោះ Hung “ដែក” ប្រហែលជាគ្មាននរណាម្នាក់មិនស្គាល់នោះទេ។ នោះគឺជាប្រសិទ្ធនាមជាប់នឹងលោក Pham Van Hung (ឈ្មោះឡាវគឺ Khamhung Xaychalern) នាយករោងចក្រដែកថែប Khamhung Xaychalern ដែលជារោងចក្រផលិតដែកថែបធំបំផុតនៅប្រទេសឡាវ ជាមួយនឹងភ្នាក់ងារសេងហាងធំៗចំនួន ១៤ នៅតាមខេត្តក្រុងនានា។ កើត និងធំធាត់នៅខេត្ត Thai Binh (វៀតណាម) ក្រោយពីបញ្ចប់បេសកកម្មក្នុងជួរកងទ័ព លោក Hung បានទៅកាន់ឡាវ ប្រកបការងារជាច្រើន មុននឹងចាប់ផ្តើមអាជីវកម្មផ្នែកដែកថែបកាលពីឆ្នាំ ២០០១។ ថ្វីត្បិតតែឥឡូវនេះបានក្លាយជាមហាសេដ្ឋីផ្នែកដែកក៏ដោយ ប៉ុន្តែលោក Pham Van Hung ជានិច្ចកាលមានបំណងចង់រួមវិភាគទានបន្ថែមទៀតសម្រាប់ប្រទេសឡាវ ក៏ដូចជារួមចំណែកកសាងសហគមន៍ជនវៀតណាមនៅឡាវឲ្យកាន់តែរឹងមាំ ក្លាយជាស្ពានសម្រាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។

“នៅពេលខ្ញុំវិលត្រឡប់មកប្រទេសវិញ បានមើលឃើញថា វៀតណាមរីកចម្រើនខ្លាំងណាស់។ អគារខ្ពស់ៗផុសឡើង ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ការធ្វើចរាចរណ៍ ដឹកជញ្ជូនក៏ងាយស្រួលផងដែរ។ វៀតណាមនិងឡាវ ជាប្រទេស ២ ដែលប្រកៀកស្មាជាមួយគ្នាក្នុងអំឡុងសម័យសង្រ្គាម សព្វថ្ងៃនេះមានសន្តិភាពហើយ វៀតណាមមានការអភិវឌ្ឍដូច្នេះ ពួកយើងរស់នៅឡាវពិតជាមានបំណងចង់ឲ្យបក្សទាំងពីរ រដ្ឋទាំងពីរធ្វើយ៉ាងណាជួយឧបត្ថម្ភគ្នាទៅវិញទៅមកឲ្យប្រទេសឡាវក៏អភិវឌ្ឍន៍ផងដែរ ហើយប្រទេសទាំងពីររួមគ្នាបោះជំហានយ៉ាងរឹងមាំលើផ្លូវឈានឡើងសង្គមនិយម”។

អាស៊ានជានិច្ចកាលជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសអាស៊ានត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ។ សម្រេចបានជោគជ័យនេះ គឺមានការរួមចំណែកយ៉ាងសំខាន់របស់សហគមន៍អាណិកជន វៀតណាមនៅបណ្ដាប្រទេស ក្នុងនោះមានគំរូលេចធ្លោនានាដូចជាធុរកិច្ចជន លោក Ho Van Lam វេជ្ជបណ្ឌិត លោក Le Ba Hung ឬធុរកិច្ចជនលោក Pham Van Hung។ ពួកគេនៅកំពុងខិតខំព្យាយាមលះបង់ដោយអស់ពីសមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃ តាមនោះបញ្ជាក់ពីតម្លៃនិងលក្ខណៈ សម្បត្តិដ៏ល្អប្រសើររបស់មនុស្សវៀតណាមជាមួយមិត្តភក្តិក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ