អ្នកសាបព្រួសអក្សរវៀតណាមនៅប្រទេសឡាវ

(VOVWORLD) - មានគ្រូបង្រៀនវៀតណាមរាប់រយនាក់ ដែលកំពុងបង្រៀននៅប្រទេសឡាវ ក្នុងគោលបំណងថា កុមារវៀតណាម ទោះបីជារស់នៅក្នុងប្រទេសមិត្ត នៅតែអាចរៀនភាសាកំណើតរបស់ខ្លួនបានដែរ។ ហើយលោកគ្រូ Truong Van Phuong (កើតនៅឆ្នាំ ១៩៨៧) មកពីឃុំ Son Thuy ស្រុក Le Thuy (ខេត្ត Quang Binh) ក៏មានគោលបំណងយ៉ាងដូច្នេះ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ជំនួសឱ្យស្នាក់នៅស្រុកកំណើតដើម្បីបង្រៀន លោកគ្រូបានជ្រើសរើសឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីទៅកាន់ឡាវ បង្រៀនអក្សរជូនកុមារជនជាតិវៀតណាម នៅក្នុងខេត្តមួយដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីរដ្ឋធានីវៀងច័ន្ទ។

អ្នកសាបព្រួសអក្សរវៀតណាមនៅប្រទេសឡាវ - ảnh 1លោកគ្រូ Truong Van Phuong។

ថ្នាក់រៀនរបស់លោកគ្រូ Truong Van Phuong ស្ថិតនៅក្នុងសាលាបឋមសិក្សា Thong Nhat ទីរួមខេត្ត Thakhec ខេត្ត Khammuon (ភាគកណ្តាលប្រទេសឡាវ)។ សិស្សានុសិស្សបានរៀនដល់ថ្នាក់ទី ៥ ហើយ ប៉ុន្តែដោយសារភាគច្រើនបានកើត និងធំធាត់នៅក្នុងប្រទេសមិត្ត ដូច្នេះភាសាកំណើតហាក់ដូចជាភាសាបរទេសចំពោះប្អូនៗ។ ដោយបានបង្ហាត់បង្រៀននិងរស់នៅក្នុងប្រទេសឡាវអស់រយៈពេលជាច្រើនឆ្នាំ ហើយចាត់ទុកឡាវដូចស្រុកកំណើតទីពីរអញ្ចឹង លោកគ្រូ Phuong ជានិច្ចកាលយកចិត្តទុកដាក់អស់ពីចិត្តនៅពេលបង្រៀនអក្សរជូនកូនសិស្ស។ ពិតប្រាកដណាស់ថា ចំណេះដឹងដែលលោកគ្រូបានរៀននៅក្នុងសាលា គឺមិនគ្រប់គ្រាន់ដើម្បីបង្រៀនភាសាវៀតណាមជូនកូនសិស្សនោះទេ ប៉ុន្តែលោកគ្រូត្រូវសិក្សាច្រើនថែមទៀតពីបទពិសោធន៍ជាក់ស្តែង៖

“បើបង្រៀនតាមបែបជនវៀតណាម មិនមានប្រសិទ្ធភាពទេ ប៉ុន្តែត្រូវបង្រៀនតាមរបៀបដែលគេអាចរៀនបណ្ដើរ លេងបណ្ដើរទើបក្រេបយកវិជ្ជាបាន។ ជាពិសេស កុមារវៀតណាមនៅទីនេះ គឺជាជំនាន់ទី៥ ទី៦ ហើយ ដែលចេះភាសាវៀតណាមតិចតួចណាស់ ភាគច្រើនប្រើតែភាសាឡាវជារៀងរាល់ថ្ងៃប៉ុណ្ណោះ។ ដូច្នេះហើយ ខ្ញុំត្រូវតែពន្យល់ន័យក្នុងភាសាវៀតណាម ដោយភាសាឡាវ ហើយគួបផ្សំនឹងការប្រើប្រាស់រូបភាពឲ្យសមស្របនឹងមេរៀន ដូចជាពេលបង្រៀនអំពីពាក្យ "កុមារ" ខ្ញុំត្រូវនាំរូបភាពកុមារចេញមកបង្ហាញ”។

អ្នកសាបព្រួសអក្សរវៀតណាមនៅប្រទេសឡាវ - ảnh 2លោកគ្រូ Phuong និងកូនសិស្ស។

ក្នុងនាមជាគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់ ដូច្នេះក្រៅពីបង្រៀនអក្សរ លោកគ្រូក៏ត្រូវណែនាំកូនៗក្នុងជីវភាពប្រចាំថ្ងៃ ដោយធ្វើជាគ្រូផងនិងជាឪពុករបស់កូនសិស្សផង។ និស្ស័យមកដល់ប្រទេសឡាវក៏ចៃដន្យដែរ លោកគ្រូ Phuong បានចែករំលែកថា៖ ក្នុងឆ្នាំ ២០១១ ខេត្ត Quang Binh បានប្រកាសជ្រើសរើសគ្រូបង្រៀនទៅធ្វើការនៅប្រទេសឡាវ ហើយលោកគ្រូបានចុះឈ្មោះចូលរួម ប៉ុន្តែនៅមានការស្ទាក់ចិត្តបន្តិច។ ដោយមានការលើកទឹកចិត្ត និងការគាំទ្រពីក្រុមគ្រួសារ លោកគ្រូមានកម្លាំងចិត្តបន្ថែមទៀត ដើម្បីតាំងចិត្តជំនះលើការលំបាកនៅពេលមកដល់ប្រទេសឡាវ៖

“នៅពេលខ្ញុំទើបតែមកដល់ឡាវ ការលំបាកធំបំផុតគឺការប្រាស្រ័យទាក់ទងគ្នារវាងគ្រូនិងសិស្ស ហើយវប្បធម៌ និងទម្លាប់រស់នៅរបស់ប្រជាជនឡាវក៏មានចំណុចខុសប្លែកច្រើនពីប្រជាជន វៀតណាមដែរ ដូច្នេះបន្តិចម្តងៗទើបខ្ញុំសម្របខ្លួននឹងរបៀបរស់នៅរបស់គេ។ ថ្នាក់ដឹកនាំសមាគមអាណិកជនវៀតណាមនៅឡាវ ក៏យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមកសួរសុខទុក្ខនិងលើកទឹកចិត្តពួកយើងជារៀងរាល់ថ្ងៃ ហើយសកម្មភាពដូចជាទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា) ក៏ត្រូវបានរៀបចំសម្រាប់ពួកយើងផងដែរ”។

ប្រហែលជាពាក្យស្លោក “រៀន រៀនថែមទៀត រៀនចារៀងរហូត” គឺសមស្របណាស់សម្រាប់លោកគ្រូ Phuong។ ក្នុងនាមជាអ្នកសាបព្រោះអក្សរវៀតណាម ប៉ុន្តែអ្វីៗដែលលោកគ្រូត្រូវរៀនគឺភាសាឡាវ ស្វែងយល់ពីទំនៀមទម្លាប់របស់សហគមន៍ ដើម្បីយល់ដឹងឲ្យបានច្បាស់អំពីកូនសិស្សរបស់ខ្លួន។ ដោយមានទំនួលខុសត្រូវ សេចក្តីស្រឡាញ់ ហើយជាងនេះទៅទៀតគឺកាតព្វកិច្ចរបស់ “អ្នកសាបព្រួសអក្សរ” លោកគ្រូ Phuong ជានិច្ចកាលទទួលបានការគោរព និងសេចក្ដីស្រឡាញ់ពីកូនសិស្ស។ ជាមួយនឹងសំឡេងភាសាវៀតណាមដែលនៅតែមិនច្បាស់ Vilayphone សិស្សថ្នាក់ទី៥ សាលាបឋមសិក្សា Thong Nhat នៅតែខិតខំសម្តែងការដឹងគុណចំពោះលោកគ្រូរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក៖

“លោកគ្រូ Phuong តែងតែខិតខំព្យាយាមបង្រៀនចំណេះដឹងដល់ពួកយើង នៅពេលប្រឡងម្ដងៗ លោកគ្រូតែងតែលើកទឹកចិត្តឲ្យពួកយើងឱ្យមានកម្លាំងចិត្តបន្ថែមទៀត។ ក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា លោកគ្រូក៏ជួយឧបត្ថម្ភយ៉ាងសកម្ម។ ពួកយើងទាំងអស់គ្នា អ្នកណាក៏ស្រឡាញ់លោកគ្រូដែរ”។

ប្រហែលជាការគោរព និងស្មារតីឧស្សាហ៍ព្យាយាមរបស់សិស្សានុសិស្ស គឺជាកម្លាំងចលករដែលជួយលោកគ្រូ Phuong សម្រេចចិត្តរស់នៅយូរអង្វែងនិងកសាងគ្រួសារតូចមួយនៅទីនេះ។ លោកគ្រូនិងប្រពន្ធមានគោលបំណងចង់សាងសង់មជ្ឈមណ្ឌលបង្រៀនភាសាវៀតណាម ដើម្បីជួយសិស្សានុសិស្សដែលមានបំណងទៅសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសវៀតណាម ជួយប្អូនៗមានកន្លែងបណ្ដុះបណ្ដាលភាសាវៀតណាមប្រកបដោយរបៀបរៀបរយ ដើម្បីមានការជឿជាក់លើផ្លូវដែលប្អូនៗបានជ្រើសរើស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ