១០ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ៖ វៀតណាម-ថៃ ជំរុញយុទ្ធសាស្ត្រ “ការ តភ្ជាប់ចំនួន៣” ជាមួយនឹងកំណើនប្រកបដោយចីរភាព

(VOVWORLD) - វៀតណាម និងថៃ គឺជាប្រទេសចំនួនពីរដំបូងគេនៅក្នុងអាស៊ាន ដែលលើកកំពស់ទំនាក់ទំនងក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ ហើយជាប្រទេសតែពីរក្នុងតំបន់ដែលបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងពី ៩,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ឈានដល់ប្រមាណ ២១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ឆ្ពោះទៅគោលដៅ ២៥-៣០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ ជាពិសេស មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពអនុម័តលើយុទ្ធសាស្ត្រ “ការតភ្ជាប់ចំនួន៣” ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។ នេះជាខ្លឹមសារគួរឲ្យកត់សម្គាល់ក្នុងកិច្ចសម្ភាសន៍ជាមួយលោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម ដោយវិទ្យុសម្លេងវៀតណាមក្នុងឱកាសរំលឹកខួបលើកទី១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ (២០១៣-២០២៣)។

១០ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ៖ វៀតណាម-ថៃ ជំរុញយុទ្ធសាស្ត្រ “ការ តភ្ជាប់ចំនួន៣” ជាមួយនឹងកំណើនប្រកបដោយចីរភាព - ảnh 1លោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាមក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃ VOV៥។

“ឆ្នាំនេះគឺគម្រប់ខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ។ លើវិស័យនយោបាយ យើងមានទំនាក់ទំនងដ៏ជិតស្និទ្ធិជាមួយនឹងការផ្លាស់ប្តូរ និងជួបប្រាស្រ័យជាច្រើនលំដាប់ថ្នាក់។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាមនិងថៃជាដៃគូលេខ១ក្នុងអាស៊ាន។ លើវិស័យវិនិយោគ ថៃជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីដែលវិនិយោគនៅវៀតណាម។ ខ្ញុំជឿជាក់ថា ថៃអាចចូលក្នុងក្រុមប្រទេសទាំង ៥ ដែលវិនិយោគនៅវៀតណាមច្រើនជាងគេ ដោយសារទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានកើនឡើងជាបន្តបន្ទាប់។ ជាពិសេស ចាប់តាំងពីវៀតណាមបានប្រកាសអនុវត្តន៍ការសន្យា "សូន្យសុទ្ធ" ត្រឹមឆ្នាំ២០៥០ នៅសន្និសីទ COP26 នោះ ដែលធ្វើឲ្យគោលនយោបាយរបស់វៀតណាម ឆ្ពោះទៅរកការទាក់ទាញការវិនិយោគបៃតង និងថាមពលកកើតឡើងវិញ។ ប្រការនេះស្របតាមគំរូសេដ្ឋកិច្ចជីវសាស្ត្រ - វិលជុំ - បៃតង (BCG) របស់ថៃ។ ទាក់ទងនឹងវប្បធម៌ សង្គម និងការជួបប្រាស្រ័យរវាងប្រជាជន ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ បានជួយឲ្យប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នាថែមទៀត។ ខ្ញុំគិតថា ការផ្លាស់ប្តូរវប្បធម៌ ការធ្វើដំណើរ និងតម្រូវការទេសចរណ៍រវាងប្រទេសទាំងពីរនឹងបន្តកើនឡើងបន្ថែមទៀត”។

ជាមួយនឹងព្រឹត្តិការណ៍ខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣) នោះ ក្នុងឆ្នាំ ២០២៣ ស្ថានទូតថៃនឹងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លើវិស័យនយោបាយ ជំរុញការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះថៃ-វៀតណាម លើកទី៤ នៅ វៀតណាម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ។ លើវិស័យសេដ្ឋកិច្ច សម្របសម្រួលជាមួយសមាគមធុរកិច្ចថៃ (ThaiCham) ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ ទាក់ទងនឹងការវិនិយោគ បង្កើនការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ដោយសារក្រុមហ៊ុនថាមពលធំៗរបស់ថៃ បច្ចុប្បន្នសុទ្ធតែមានវត្តមាននៅវៀតណាម។ អំពីការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន បន្តរៀបចំសកម្មភាពផ្លាស់ប្តូរយុវជន និងសកម្មភាព Amazing Leader ដែលក្នុងនោះ អញ្ជើញថ្នាក់ដឹកនាំវ័យក្មេងវៀតណាមមកស្វែងយល់អំពីសកម្មភាពនៅថៃ។ លោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖

“ថៃនឹងជំរុញដំណើរទស្សនកិច្ច និងការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ជាពិសេស ថៃនិងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងប៉ូលីសសមុទ្រវៀតណាម និងមជ្ឈមណ្ឌលបញ្ជាការនាវាចរណ៍ថៃ (THAI-MECC) ស្តីពីការធ្វើបត្យាប័នឧក្រិដ្ឋជន។ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនសកម្មភាពពាណិជ្ជកម្មឆ្លងដែន តាមទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស ដើម្បីសម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ។ ទាក់ទិននឹងការវិនិយោគ លើកទឹកចិត្តសហគ្រាសថៃ មកបណ្តាក់ទុននៅវៀតណាម ជាពិសេសលើវិស័យថាមពលបៃតង ព្រមទាំងលើកទឹកចិត្តសហគ្រាសវៀតណាមមកធ្វើអាជីវកម្មនៅថៃផងដែរ។ ក្នុងនោះ ស្ថានទូតថៃនឹងអញ្ជើញសហគ្រាសវៀតណាមមកស្វែងយល់អំពីឱកាសវិនិយោគនៅថៃ”។

នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្ដែងការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាដើម្បីបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងថៃឱ្យកាន់តែប្រសើរឡើង តាមរយៈយុទ្ធសាស្ត្រ “ការតភ្ជាប់ចំនួនបី”៖

“យុទ្ធសាស្ត្រ "ការតភ្ជាប់ចំនួនបី" រួមមាន៖ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរ ជាពិសេសនៅក្នុងឧស្សាហកម្មជំនួយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដូចជា៖ គីមីឥន្ធនៈ កសិកម្ម គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិច; ការតភ្ជាប់ផ្នែកសេដ្ឋកិច្ចមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេស បង្កើនការធ្វើសាជីវកម្មផ្ទាល់ និងការផ្លាស់ប្តូររវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជា ជាមួយនឹងអង្គភាពចាប់ផ្ដើមអាជីវកម្មផ្នែកនវានុវត្តន៍; តភ្ជាប់យុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាព រវាងយុទ្ធសាស្ត្រកំណើនបៃតងរបស់វៀតណាម និងគំរូសេដ្ឋកិច្ចជីវសាស្ត្រ-វិលជុំ-បៃតង (BCG) របស់ថៃ”។

ក្នុងឆ្នាំ ២០២៣ វៀតណាមនិងថៃសុទ្ធតែឆ្ពោះទៅរកការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍។ តាមរយៈការតាមដានកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ លោកឯកអគ្គរាជទូត Nikorndej Balankura បានសម្តែងការជឿជាក់ថា៖ វៀតណាមនឹងវ៉ាដាច់ពីកំណើនជិត ៨% ក្នុងឆ្នាំ ២០២២។ ចំណែកប្រទេសថៃវិញ ជាមួយនឹងការបើកដំណើរការយ៉ាងពេញលេញឡើងវិញ រួមជាមួយសកម្មភាពសហប្រតិបត្តិការ ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃ នោះ ប្រទេសទាំងពីរនឹងបន្តសម្រេចបានសមិទ្ធិផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ